កំពង់ស្ពឺ: អាជ្ញាធរខេត្ត​កំពង់ស្ពឺ​​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ជនសង្ស័យ​ជា​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ ជឿង ថេង ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ជិត​ ២០០ ​កំណាត់​ស្មើនឹង​ ៣៤ ​ម៉ែត្រគុប បន្ទាប់ពី​សមត្ថកិច្ច​បាន​រកឃើញ និង​បង្ក្រាប​បាន​បន្តបន្ទាប់​នៅ​ភូមិ​ដំបង​វេញ​ ឃុំ​សង្កែ​សាទប ស្រុក​ឱរ៉ាល់ ខេត្ត​​កំពង់ស្ពឺ ប៉ុន្ដែ​ម្ចាស់​ឈើ​នោះ​បាន​រត់គេចខ្លួន​។

លោក​ នៅ ណាក់ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ពិតជា​មាន​ការរកឃើញ​ឈើ​ជិត​ ២០០ ​កំណាត់​ស្មើនឹង​ ៣៤ ​ម៉ែត្រគុប​នោះ​​មែន​។ ​ក្នុង​នោះ​ឃាត់​រថយន្ដ​ដឹក​កុងតឺនឺរ​ ១ ​គ្រឿង​,​ រថយន្ត​តូច​ ២ ​គ្រឿង​,​អេស្កាវ៉ាទ័រ​ ១ ​គ្រឿង​ សម្រាប់​លើក​ឈើ​ដាក់​ក្នុង​ទូ​កុងតឺនឺរ និង​ម៉ូតូ​ ១ ​គ្រឿង​។

លោក​ថា​៖ «​បច្ចុប្បន្ន​វត្ថុតាង​ទាំងអស់​យើង​បាន​ប្រគល់​ជូន​ខាង​ជំនាញ​បរិស្ថាន​ដែនជម្រក​សត្វព្រៃ​ភ្នំឱរ៉ាល់​ចាត់ការ​តាម​​នីតិវិធី​បន្ដ​។ ​យើង​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​គឺ​យើង​ស្គាល់​អត្តសញ្ញាណ​ហើយ ប៉ុន្ដែ​ខ្ញុំ​មិនអាច​បង្ហាញ​សាវតារ​គាត់​បានទេ ព្រោះ​យើង​កំពុង​តាម​ចាប់ខ្លួន​»​។

លោក ហ៊ុល ម៉ារ៉ា អនុប្រធាន​ការិយាល័យ​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱរ៉ាល់​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ក្រុមការងារ​លោក​បាន​ទទួល​ឈើ​ទាំងនោះ​ពី​មន្ត្រី​ចម្រុះ​រួចហើយ ដោយ​បាន​ដឹក​ទៅ​រក្សាទុក​នៅ​ទីស្នាក់ការ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​។

លោក​ថា​៖ «​ជនសង្ស័យ​បាន​យក​ឈើ​ទាំងអស់​ទៅ​លាក់​នៅ​ទីតាំង​ផ្សេងៗ​គ្នា ដោយ​មួយ​ចំនួន​កប់​ក្នុង​ដី ខ្លះ​ទម្លាក់​ចូល​ទឹកស្រះ និង​មួយចំនួន​លាក់​ក្នុងព្រៃ​ក្រៅពី​ទីតាំង​ស្តុក​ឈើ​ដែល​យើង​រកឃើញ​ហ្នឹង​។

ឥឡូវនេះ​យើង​កំពុង​តាម​ចាប់ខ្លួន​ជនសង្ស័យ និង​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​»​។

លោក​ ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ​​ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACN-CIPO) ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ម្ចាស់​ឈើ និង​ម្ចាស់​ទីតាំង​ឈ្មោះ ជឿង ថេង រស់នៅ​ភូមិ​ផ្សារកន្ទួត ឃុំ​សង្កែសាទប ស្រុក​ឱរ៉ាល់ ​ខេត្ត​កំពង់ស្ពឺ​ជា​មន្ត្រី​យោធា​ភូមិភាគ​ទី​ ៣ ​ថ្នាក់​អនុសេនីយ៍ឯក​។

លោក​ថា​៖ «​ជនសង្ស័យ​ជា​មុខសញ្ញា​ឧក្រិដ្ឋជន​ព្រៃឈើ​ដ៏សកម្ម​ម្នាក់ ហើយ​ត្រូវបាន​តុលាការ​ខេត្តកំពត​ចេញ​ដីកា​ឃុំខ្លួន​ម្ដង​រួចហើយ បន្ទាប់មក​ជាប់ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​ម្ដងទៀត​ទាក់ទង​បទល្មើស​ព្រៃឈើ​ដែរ​។ លុះ​ចេញ​មកវិញ ជនសង្ស័យ​បាន​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ម្ដងទៀត​ក្នុង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ​នេះ ប៉ុន្ដែ​ម្ដងនេះ​បាន​រត់គេច​ខ្លួន​»​។

តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សហការ​ជាមួយ​ផ្នែក​ពាក់ព័ន្ធ​ដឹកនាំ​ដោយ​លោក សុខ ភា អភិបាលរង​ខេត្តកំពង់ស្ពឺ និង​មាន​ការសម្របសម្រួល​ពី​លោក វ៉ិត មឃៈ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​​កំពង់ស្ពឺ​បាន​ចុះ​ឆែកឆេរ​ទីតាំង​លួចលាក់​ទុក​ឈើ​ខុសច្បាប់​ ១ ​កន្លែង​កាលពី​ថៃ្ង​ ១០ ​ខែ​កក្កដា នៅ​ភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទប ស្រុក​ឱរ៉ាល់​។ ​ឈើ​នោះ​ជា​របស់​ឈ្មោះ ជឿង ថេង ភេទ​ប្រុស​អាយុ​ ៤២ ​ឆ្នាំ ធ្លាប់​ជាប់​ពាក់ព័ន្ធ​រឿង​ដឹកជញ្ជូន​អនុផល​ព្រៃឈើ​បំផ្លាញ​ស្ពាន នៅ​ខេត្ដ​កំពត និង​ធ្លាប់​ជាប់​ពន្ធនាគារ​ផង​ដែរ​។

របាយការណ៍​បន្តថា ជា​លទ្ធផល​រកឃើញ​ឈើ​លេខ​ ២ ​ចំនួន​ ៣០ ​ដើម​បង្កប់​ក្នុង​ស្រះទឹក​ដោយ​មន្ត្រី​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។ ​លុះដល់​ថ្ងៃ​ ១៣ ​កក្កដា សមត្ថកិច្ច​បាន​រកឃើញ​ឈើ​ជ្រុង​លេខ​ ២ ​ចំនួន​ ១៦១ ​កំណាត់​បន្ថែមទៀត​នៅ​ទីតាំង​ដដែល រួមទាំង​ឧបករណ៍​ប្រព្រឹត្តល្មើស ហើយ​បានប្រគល់​ជូន​ខាង​ជំនាញ​បរិស្ថាន​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

លោក ជឿង ថេង មិនអាច​​ទាក់ទង​បាន​ទេ​ពី​ម្សិល​៕