ភ្នំពេញៈ សមត្ថកិច្ច​បាន​ឃាត់​រថយន្ដ​ដឹកទំនិញ​ធុន​ធំ និង​អ្នក​បើកបរ បន្ទាប់​ពី​រថយន្ត​មួយ​នេះ បើក​ទៅ​មុខ​មិន​រួច ដោយសារ​តែ​ទើស​កល់​នឹង​ស្ពាន​ហើយ​ធ្វើ​ឲ្យ​ប៉ះ​បង្កាន់​ដៃ​ស្ពាន​អាកាស​ស្ទឹង​មានជ័យ បញ្ជូន​ទៅ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាល​ពី​ម្សិលមិញ។

លោក ស ថេត ស្នងការ​រាជធានី​ភ្នំពេញ ថ្លែងប្រាប់​ភ្នំពេញប៉ុស្ដិ៍​ថា សមត្ថកិច្ច បាន​សម្រេច​ឃាត់​រថយន្ត និង​អ្នក​បើកបរ​យក​ទៅ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី។

លោក​ថ្លែងថា៖ «យើង​អនុវត្ដ​ទៅតាម​ការ​ណែនាំ​របស់​សារាចរ​រាជធានី​ភ្នំពេញ ដោយ​បាន​ហាម​ឃាត់ រថយន្ដ​ធុន​ធំ និង​អ្នក​បើកបរ​នោះ។ ឥឡូវ​យើង​ឃាត់​ទុក​មួយរយៈ​សិន។ ខ្ញុំ​អត់​ទាន់​ដឹង​ថា ជា​រថយន្ដ​របស់​ក្រុមហ៊ុន​អី​ទេ គ្រាន់​តែ​ដឹង​ថា ជា​រថយន្ដ​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន»។

ទាក់ទង​នឹង​បម្រាម​ហាម​រថយន្ដ​ធុន​ធំ​បើក​ចូល​ក្រុង​នៅពេល​ថ្ងៃ លោក​ ស ថេត ឲ្យ​ដឹង ថា៖ «កន្លែង​ខ្លះ​វា​ធ្វើ​បាន​ល្អ​ហើយ​កន្លែង​ខ្លះ​ក៏​វា​នៅ ប៉ុន្ដែ​អា​កន្លែង​នៅ​នោះ​វា​យ៉ាង​ម៉េច ដូច​នៅ​ផ្លូវ​ចម្ការ​ដូង និង​ផ្លូវ​កប់​ស្រូវ​អី​នោះ វា​សុទ្ធ​តែ​ឃ្លាំង​សុទ្ធ​តែ​អី បើ​យើង​ហាម​មិន​ឲ្យ​គេ​ចូល​ក៏​វា​មិន​កើត​ដែរ»។

ទោះជា​យ៉ាងណា លោក ស ថេត បាន​ប្រាប់​ទៅ​ក្រុមហ៊ុន ក៏ដូចជា​អ្នក​បើកបរ​រថយន្ដ​ធុន​ធំ​ទាំង​អស់​ពេល​បើកបរ​ចូល​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​គោរព​តាម​សារាចរ​ណែនាំ និង​មើល​ពេលវេលា ដែល​ប្រជា​ពលរដ្ឋ​មមា​ញឹក​ច្រើន។

លោក​បន្ដថា៖ «ប៉ុន្ដែ​អានេះ​ចំពោះតែ​នៅជាយៗ​ក្រុង​ទេ ចំពោះ​ក្នុង​រាជធានី ត្រូវ​គោរព​តាម​សារាចរ​ណែនាំ​គោរព​តាម​ម៉ោង​ពេល​ដដែល»។

លោក​បញ្ជាក់ថា ៖«ខ្ញុំ​ដាក់​វិធានការ​តឹងរ៉ឹង​ណាស់​ចំពោះ​រឿងនេះ ប៉ុន្ដែ​ខ្លាច​បងប្អូន​យើង​ឬ មួយ​យ៉ាង​ម៉េច នៅ​ខាង​ក្រោមៗ គាត់​ចន្លោះ​ប្រហោង ព្រោះ​កងកម្លាំង មិន​មែន​ធ្វើ​តែ​ការងារ​មួយ​មុខ​នេះ​ទេ មាន​ការងារ​ច្រើន​មុខ​ណាស់។ ពេល​របូត​មួយ ពីរ ចេះ​តែ​ថា ចំណាត់ការ ទឹក​មាត់​សាប​ដូច​ទឹក​ទន្លេ ចេះ​តែ​ប្រៀប​ធៀប​បែប​នេះ។ គេ​ធ្វើបាន​ច្រើន​យើង​អត់​មើល​ឃើញ ចាំតែ​មើល​បំណាំ​គ្នា ពេល​គ្នា​ខុស​តិចតួច​នាំ​ឲ្យ​មាន​បញ្ហា»។

លោក ស ថេត បញ្ជាក់ថា លោក​នឹង​បន្ដ​រឹតបន្តឹង​ថែម​ទៀត​ចំពោះ​ករណី​ចរាចរណ៍​ផ្លូវ​គោក ពិសេស​ករណី​រថយន្ដ​ធុន​ធំ​បើកបរ​ខុស​ម៉ោង​ចូល​ក្នុង​ក្រុង​នេះ។ «ដូច​ឡាន​ដឹក​ដី ខ្ញុំ​ប្រាប់​ឲ្យ​គ្រប​ឲ្យ​ជិត ហើយ​ពេល​បើក​កុំ​ឲ្យ​បើក​លឿន ត្រូវ​បើកបរ​ប្រកាន់​ស្ដាំ​ដោយ​ខ្ញុំ​ជូន​ដំណឹង​ទៅ​ទាំង​មេ​ក្រុមហ៊ុន​និង​អ្នក​បើកបរ​មួយ​ចំនួន»។

លោក ម៉េ​ត មាស​ភក្តី អ្នក​នាំពាក្យ​សាលា​រាជធានី បាន​ថ្លែងថា ករណី​ឡាន​ធុន​ធំ​នេះ សាលា​រាជធានី​បាន​កំណត់​ជា​យន្ដការ «ម៉ោង​ប៉ុណ្ណេះ​យើង​ឲ្យ​ចូល ម៉ោង​ប៉ុណ្ណោះ យើង​មិន​ឲ្យ​ចូល តាម​ផ្លូវ​នេះ​បើកបរ​បាន តាម​ផ្លូវ​នេះ​បើកបរ​មិន​បាន គឺ​យើង​មាន​សារាចរ​ណែនាំ​អស់​ហើយ​និង​ជារឿយៗ យើង​ក៏មាន​ការ​ណែនាំ តម្រង់​ទិស​ទៅ​ដល់​សមត្ថកិច្ច​ឈរ​ជើង​នៅ​តាម​គោលដៅ​ឲ្យ​យក​ចិត្ដ​ទុក​ដាក់​ហើយ»។

លោក​ថា ចំពោះ​រថយន្ដ​ធុន​ធំ​អាច​បើកបរ​នៅក្នុង​ក្រុង​បានតែ​ក្នុង​អំឡុង​ពី​ម៉ោង ៩ យប់​ដល់​ម៉ោង ៦ ព្រឹក​ប៉ុណ្ណោះ ក្រៅ​ពី​ម៉ោង​នេះ មិន​អនុញ្ញាត​ឲ្យ​បើកបរ​នៅ​ក្នុង​ក្រុង​ទេ។

លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​បាន​លើក​ឡើង​ថា អាជ្ញាធរ​គួរ​តែ​មាន​ចំណាត់ការ​តឹងរ៉ឹង និង​ផាក​ពិន័យ​ឲ្យ​បាន​ធ្ងន់ធ្ងរ ចំពោះ​ក្រុមហ៊ុន​ដែល​មាន​រថយន្ដ​ធុន​ធំ ដែល​នៅ​តែ​បន្ដ​បើកបរ​ចូល​ក្រុង​ខុស​ពេល​វេលា និង​មិន​គោរព​ច្បាប់។ លោក​មើល​ឃើញ​ថា កន្លង​មក​នេះ សមត្ថកិច្ច​បាន​មាន​ចំណាត់​ការ​ចេញ​សារាចរ​ណែនាំ និង​បង្កើត​ក្រុម​ការងារ​ជា​បន្ដ​បន្ទាប់​ក្នុងការ​សម្រួល ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ។

កាលពី​ម្សិលមិញ​រថយន្ត​កែច្នៃ​ធុន​ធំ​វែង ១ គ្រឿង​ដោយ មាន​ដឹក​ទូ​កុងតឺន័រ​ផង​នោះ បាន​បើកបរ​ពី​លិច​ទៅ​កើត​ដល់​ចំណុច​ស្ពាន​អាកាស​ស្ទឹង​មានជ័យ ក៏បាន​កឿង​ជាប់​មិន​អាច​ទៅ​មុខ​រួច​ព្រោះ​ទើស​នឹង​ទូ​កុងតឺន័រ ក៏​បើក​ត្រឡប់​ថយ​ក្រោយ​វិញ​បណ្ដាល​ឲ្យ​ប៉ះ​បង្កាន់​ដៃ​ស្ពាន​មួយ​ផ្នែក ហើយ​សមត្ថកិច្ច​ក៏បាន​ឃាត់​រថយន្ត​នេះ​បញ្ជូន​ទៅ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ៕