ភ្នំពេញៈ មន្ត្រី​នគរបាល​ម្នាក់​ដែល​ត្រូវបាន​គេ​អះអាង​ថា បាញ់សម្លាប់​ខ្លួន​នៅ​បុរី​ប៉េងហួត​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​កាលពី​ថ្ងៃទី​ ២៣ កញ្ញា ត្រូវបាន​សមត្ថកិច្ច​បញ្ជាក់​តាម​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​ថា មាន​ជំងឺ​ក្រពះ​ដែល​វា​ស្រប​នឹង​មន្ត្រី​នគរបាល​ផ្នែក​ធ្វើ​កោសល្យវិច័យ ក៏​អះអាង​ថា​ជា​ករណី​ធ្វើ​អត្តឃាត​ខ្លួនឯង​ដែរ​។

លោក​ មួង សុធា ប្រធាន​នាយកដ្ឋាន​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ករណី​មន្ត្រីនគរបាល​ឈ្មោះ​ សេង សុវណ្ណ ជា​នាយរង​ការិយាល័យ​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ដែល​ស្លាប់​នោះ​គឺជា​ករណី​អត្តឃាត​ខ្លួនឯង​។

លោក​ប្រាប់​យ៉ាងខ្លី​ថា​៖ «​គឺជា​អំពើ​អត្តឃាត​ដោយ​អាវុធ ហើយ​ជនរងគ្រោះ បាញ់​ត្រូវចំ​សៀតផ្កា​តែ​ ១ ​គ្រាប់​ទេ​»​។

ដោយឡែក​លោក​វរសេនីយ៍ឯក មុំ ចេក នាយសេនាធិការ​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ឲ្យ​ដឹងថា ពាក់ព័ន្ធ​ការធ្វើអត្តឃាត​របស់​មន្ត្រី​នគរបាល​បាញ់សម្លាប់​ខ្លួនឯង​នេះ លោក​បាន​ចុះ​ទៅ​ដល់​ទីតាំង​កើតហេតុ និង​បានឃើញ​ទិដ្ឋភាព​ជនរងគ្រោះ​មែន​។ កន្លែង​កើតហេតុ​មាន​ទីតាំង​ស្ថិត​នៅ​បុរី​ប៉េងហួត​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។

ពាក់ព័ន្ធ​នឹង​ហេតុការណ៍​នេះដែរ​លោក​អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ​មួយរូប​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ប្រាប់​ពី​ម្សិលមិញ​ថា ជនរងគ្រោះ​មាន​ឈ្មោះ​ សេង សុវណ្ណ ​អាយុ​ ៣៧ ​ឆ្នាំ​ជា​វរសេនីយ៍ទោ​មាន​តួនាទី​ជា​នាយរង​ការិយាល័យ​គ្រប់គ្រង​មុខសញ្ញា និង​តាម​ចាប់​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​។

ចំពោះ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល​ ៧ ​យប់​ថ្ងៃទី ២៣ ខែ​កញ្ញា ឆ្នាំ​ ២០១៩ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​ ១១A ផ្លូវ​ P០៣ ស្ថិត​ក្នុង​បុរី​ប៉េងហួត ភូមិ​បឹងឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

ជនរងគ្រោះ​ប្រើ​កាំភ្លើងខ្លី​ ១ ​ដើម​បាញ់សម្លាប់​ខ្លួនឯង​នៅក្នុង​រថយន្ដ​ហើយ​មាន​កាំភ្លើង​ម៉ាក​ GLock19AUSTRIA ​លេខ​ LLT659 ​ផលិត​នៅ​ប្រទេស​ អូទ្រីស​។ លោក​ប្រាប់​តាម​សម្តី​សាច់ញាតិ​របស់​ជនរងគ្រោះ​ថា​នៅ​វេលា​ម៉ោង​ ៧ ​យប់​ថ្ងៃទី​ ២៣ កញ្ញា ២០១៩ មុន​កើតហេតុ ជនរងគ្រោះ​ សេង សុវណ្ណ បាន​ទូរស័ព្ទ​ប្រាប់​បងប្រុស​របស់​ខ្លួន​ឈ្មោះ​ សេង សាវឿន ឲ្យ​ទៅ​យក​ខ្លួន​ (​ជនរងគ្រោះ​) ​នៅ​ផ្ទះ​បុរី​ប៉េងហួត ភូមិ​បឹងឈូក សង្កាត់​និរោធ​។

លុះ​ពេល​បងប្រុស​របស់​ជនរងគ្រោះ​ទៅ​ដល់​ផ្ទះ​របស់​ប្អូនប្រុស​ហើយ​ក៏​ចូល​ទៅក្នុង​ផ្ទះ ខណៈ​នោះ​គាត់​ក៏​បានឃើញ​រថយន្ត​ពណ៌​ស​ ១ ​គ្រឿង កំពុង​ចត​នៅមុខ​ផ្ទះ និង​កំពុង​បញ្ឆេះ​តែ​គាត់​មិន​ចាប់អារម្មណ៍​ព្រោះ​ប្រញាប់​ទៅ​ជួប​ប្អូន​។ ពេល​ចូល​ដល់​ខាងក្នុង​ផ្ទះ គាត់​បាន​ដើររក​ជនរងគ្រោះ​តាំងពី​ជាន់​ក្រោម​ដល់​ជាន់​ទី​ ២ តែ​រក​មិនឃើញ​ហើយ​ក៏​ចេញ​ទៅ​មើល​ក្នុង​រថយន្ត​ដែល​កំពុង​បញ្ឆេះ​នោះ​ស្រាប់​តែ​ឃើញ​ជនរងគ្រោះ​មាន​ប្រឡាក់​ឈាម​អង្គុយ​នៅក្នុង​រថយន្ត​ផ្នែក​ខាងក្រោយ​។

លោក​បន្តទៀត​ថា​តាម​សម្តី​បងប្រុស​របស់​ជនរងគ្រោះ​ថា ជនរងគ្រោះ​មាន​ជំងឺ​ប្រចាំកាយ​ជាង​ ១ ​ឆ្នាំ​កន្លង​មក​ហើយ​គឺ​ជំងឺ​ចំហ​សន្ទះ​ក្រពះ​។ ក្រុមគ្រួសារ​ក៏​ធ្លាប់​បាន​យក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅក្នុង​ប្រទេស និង​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​ទៀត​ផង តែ​មិន​ជា ហើយ​ក្រោយពី​ដើរ​ព្យាបាល​អស់​លទ្ធភាព​នោះ​ជនរងគ្រោះ​តែងតែ​និយាយ​ប្រាប់​បងប្អូន​ថា​គាត់​មិន​ចង់​រស់​ទៀត​ទេ​៕