កណ្ដាលៈ ក្រុមគ្រួសារ និង​សមត្ថកិច្ច​ឃុំ​រកាកោង​ ១ ស្រុក​មុខកំពូល ខេត្តកណ្ដាល កំពុង​បន្ត​ស្វែងរក​យុវតី​ ២ ​នាក់​ដែល​បាន​បាត់​ខ្លួន​ដោយសារ​លិច​កាណូត​ក្នុង​ទន្លេ​កាលពី​ថ្ងៃទី​ ២៦ ខែ​មករា​។

លោក​ វង្ស សំអែល នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​រកាកោង​ ១ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា យុវតី​រងគ្រោះ​ឈ្មោះ យឿន ស្រីពេជ្រ អាយុ​ ១៨ ​ឆ្នាំ​មាន​លំនៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​​ភ្នំពេញ និង​មិត្តភក្តិ​នាង ឈ្មោះ ស្រី ណា អាយុ​ ១៨ ​ឆ្នាំ​បាន​បាត់​ខ្លួន​ភ្លាមៗ​ក្រោយពី​កាណូត​ដែល​ពួកនាង​បាន​ជិះ​ជាមួយ​មិត្តភក្ដិ​សរុប​គ្នា​ ១២ ​នាក់​ឆ្ពោះ​ទៅ​កោះ​ស្នេហា​។

លោក​ថា​៖ «​ក្រោយ​ឧបទ្ទវ​ហេតុនេះ​អ្នកភូមិ​បាននាំគ្នា​ចុះជួយ​សង្គ្រោះ​ពួកនាង​ផងដែរ ប៉ុន្តែ​ដោយសារ​អ្នក​រួមដំណើរ​ច្រើនពេក​ពួកនាង​ដែល​មិនចេះ​ហែល​ទឹក​ក៏បាន​លិច​បាត់​ទៅក្នុង​ទន្លេ ហើយ​ទំនង​ជា​ត្រូវ​ទឹក​ហូរ​កួច​ទៅ​កន្លែង​ផ្សេង​...»​។

លោក យឿន សម្ភារៈ ជា​ឪពុក​យុវតី​រងគ្រោះ យឿន ស្រីពេជ្រ ថា​មុន​ចេញ​ពី​ផ្ទះ​នាង​បាន​ប្រាប់ថា ទៅលេង​កោះ​ស្នេហា​ដែល​ជា​ភូមិកំណើត​គូ​ដណ្ដឹង​នាង​។

លោក​ថា​៖ «​ខ្ញុំ​រន្ធត់ចិត្ត​ណាស់​ពេល​ដឹង​​ថា កាណូត​នាង​ជិះ​បាន​លិច ហើយ​នាង​ និង​មិត្តភក្ដ​ស្រី​នាង​ម្នាក់ទៀត​បាន​បាត់​ខ្លួន​»​។

«​ខ្ញុំ​គ្មាន​សង្ឃឹម​ថា​នាង​អាច​នៅមាន​ជីវិត​ទេ​ព្រោះ​នាង​មិនចេះ​ហែល​ទឹក​ឡើយ​»​។

លោក​សម្ភារៈ​បាន​បន្តថា លោក​ និង​អ្នកភូមិ​រួមទាំង​អាជ្ញាធរ​មូលដ្ឋាន បាននាំគ្នា​មុជទឹក​រាវរក​សព​ពួក​នាង​តាំងពី​ល្ងាច​ថ្ងៃអាទិត្យ​រហូត​មក​ទល់​ល្ងាច​ថ្ងៃ​ចន្ទ [​ម្សិលមិញ​] ​នេះ​ដោយ​ប្រើប្រាស់​ខ្យល់​អុកស៊ីហ្ស៊ែន​ជា​ជំនួយ​ផង​ និង ប្រើ​អួន​អូស​រក​ផង រួមទាំង​រៀបចំ​ពិធី​សែនព្រេន​តាម​ប្រពៃណី​ផង ប៉ុន្តែ​នៅតែ​មិនឃើញ​ទៀត​។

ជុំវិញ​ករណីនេះ​គេ​នៅ​មិនទាន់​ដឹងថា ម្ចាស់​កាណូត​ទទួលខុស​ត្រួវ​ ឬ​យ៉ាងណាទេ ប៉ុន្តែ​បើ​តាម​លោក សយ សែ ដែល​ជា​កូន​ម្ចាស់​ទូក​ឈ្មោះ​ សន សយ អាយុ​ ៥១ ​ឆ្នាំ​រស់នៅ​ភូមិ​ពាម ឃុំ​រកាកោង​ ១ ថា ករណីនេះ​បង្កឡើង​ដោយ​ក្រុម​ជនរងគ្រោះ​។

លោក​ថា​៖ «​ក្រុម​ជនរងគ្រោះ​មាន​គ្នា​ ១២ ​នាក់​ (​ប្រុស​ ៨ ​ស្រី​ ៤) ​ពួកគេ​ភាគច្រើន​បាន​ស្រវឹងស្រា ហើយ​ឪពុក​ខ្ញុំ​គាត់​បាន​បដិសេធ​​ដឹក​ពួកគេ ព្រោះ​ខ្លាច​គ្រោះថ្នាក់​។ ពុកខ្ញុំ ថែម​ទាំង​រើ​ម៉ាស៊ីន​ពី​ទូក​យកទៅ​ទុក​»​។

បើតាម​លោក សែ ក្រុម​ជនរងគ្រោះ​បាន​សែង​ម៉ាស៊ីន​កាណូត​នោះ​ទៅ​ដាក់​លើ​​ទូក រួច​នាំគ្នា​ជិះ​បាន​ជាង​ ១០ ​ម៉ែត្រ​​ ក៏ត្រូវ​លិច​​ចូល​ទៅក្នុង​ទន្លេ​តែម្ដង​។ លោក​បាន​បន្តថា កាណូត​នោះ​តាម​ធម្មតា​អាច​ផ្ទុក​មនុស្ស​បាន​ពី​ ៦ ​នាក់​ដល់​ ១០ ​នាក់ ប្រសិន​បើ​អ្នកជិះ​អង្គុយ​ស្ងៀម ប៉ុន្តែ​ក្រុម​ជនរងគ្រោះ​មាន​គ្នាច្រើន លើសពី​ការផ្ទុក​របស់​វា​៕