បាត់ដំបង/ពោធិ៍សាត់ៈ សមត្ថកិច្ច​ និង​​ក្រុម​គ្រួសារ​​នៅ​តែ​បន្ត​ស្វែងរក​បុរស​ ២ នាក់​ ដែល​បាន​បាត់​ខ្លួន​ក្នុង​គ្រោះជំនន់​ទឹកភ្លៀង និង​ការហូរ​ច្រោះ​បាក់​ដី​ពី​លើ​ភ្នំ ក្នុង​ស្រុក​សំឡូត​កាលពី​ព្រឹក​ម្សិលមិញ ហើយ​បាន​ប្រទះ​ឃើញ​​ពោះវៀន​មនុស្ស​ជាច្រើន​កំណាត់​ដាច់​ជាប់​​មែក​ឫស្សី​នៅ​តាមដងអូរ ដែលគេ​ជឿ​ថា​ជា​បំណែក​នៃ​សរីរាង្គ​របស់​ជនរងគ្រោះ​ដែល​បាត់​ខ្លួន​នោះ​ ខណៈ​កម្ពស់​ទឹក​ស្ទឹង​ពោធិ៍សាត់​បាន​ហក់​ឡើង​លើស​ពី​កម្រិត​ប្រកាសអាសន្ន​។

កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ជំនន់​ទឹកភ្លៀង និង ការហូរ​ច្រោះ​បាក់ដី​ពី​លើ​ភ្នំ​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង​បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​យ៉ាង​ហោច​ម្នាក់​រងរបួស​ធ្ងន់ និង​ ២ ​នាក់​ទៀត​ ដែល​រស់នៅ​ភូមិ​អូរត្រែង ឃុំ​តាតោក​ រួម​មាន​ឈ្មោះ ឆាង កុល អាយុ​ ២៥ ឆ្នាំ និង​ឈ្មោះ ថាន់ វី អាយុ​ ២០ ឆ្នាំ​បាន​បាត់​ខ្លួន។

លោក ប៊ុន ហូយ មេភូមិ​អូរត្រែង​បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​ក្រុម​គ្រួសារ​សាច់ញាតិ​ជនរងគ្រោះ​ និង​ក្រុម​កម្លាំង​សមត្ថកិច្ច​ចម្រុះ​មូលដ្ឋាន​ស្រុក​សំឡូត​សរុប​ជាង ២០ ​នាក់​បាន​រកឃើញ​មួក ​និង​ស្បែក​ជើង​ចំនួន​ ២ ​ចំហៀង​ដែល​គេស្គាល់​ថា ជារបស់​ជនរងគ្រោះ​ដែល​បាន​បាត់​ខ្លួន​​នៅ​ក្នុង​ហេតុការណ៍​ដ៏អាក្រក់​នោះ។ មិន​តែ​ប៉ុណ្ណោះ គេ​បាន​ប្រទះ​ឃើញ​ពោះវៀន​ជាច្រើន​កំណាត់ ដាច់​ជាប់​មែក​ឫស្សី​ដែល​ស្ថិត​នៅ​តាម​ដង​អូរ​នៅ​ចំណុច​​អូរពាមតា ស្ថិត​នៅ​ជាប់​ព្រំប្រទល់​ដែនថៃ​។

លោក​ ហូយ ​ថ្លែង​ថា​៖ «យោង​តាម​លទ្ធផល​ដែល​យើង​បាន​រកឃើញ​នៅ​ព្រឹក​ [ថ្ងៃ​ពុធ​] នេះ យើង​ជឿថា​ពួកគេ​ទាំង​ ២ បាន​ស្លាប់​ដោយ​សារដី​ភ្នំ​រអិល​បាក់​សង្កត់​លើ​ក្នុង​គ្រា​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ជា​ទឹកជំនន់​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នោះ​ម្ល៉េះ»។

ទោះ​ជា​បែប​ណា​ក្ដី​ក្រុម​សមត្ថកិច្ច​ និង​ក្រុម​គ្រួសារ​ជនរងគ្រោះ​នៅ​តែ​បន្ត​ការ​រុក​រកពួក​គេ​នៅ​តាម​ដង​អូរជាប់​ព្រំដែន​ថៃ ខណៈ​អាកាស​ធាតុ​នៅ​តែ​បន្ត​មាន​ភាពអាប់អួ និង​មាន​ភ្លៀងធ្លាក់​ខ្លាំង​នៅ​ភាគ​ខាង​លើ​នៃ​ភ្នំ​សំកុះ​។

ទាក់ទិន​បញ្ហា​អាកាសធាតុ​នេះ​ដែរ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​នៅ​ថ្ងៃម្សិលមិញ​បាន​ប្រកាស​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ជាប់​មាត់​សមុទ្រ និង​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​ថៃ រួម​ទាំង​ខេត្ត​មួយ​ចំនួន​ដែល​ស្ថិត​ក្នុង​តំបន់​វាល​ទំនាប បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង និង​ទឹក​ដែល​ហូរធ្លាក់​ពី​លើ​ភ្នំ។

សេចក្ដី​ជូន​ដំណឹង​នោះ​គូសបញ្ជាក់​ថា ​ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយប៉ាយ​នៅ​ទូទាំង​ប្រទេស​រហូត​ដល់​ថ្ងៃ​ទី ២៣ ​ខែ​កញ្ញា​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ពិសេស​ខេត្ត​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវាញ និង​ជួរ​ភ្នំដង​រែក។ ករណី​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ផ្នែក​ខាង​លើ​នៃ​ជួរ​ភ្នំទាំង​ ២ នេះ​អាច​នឹង​បង្ក​ជា​ទឹកជំនន់​នៅ​ផ្នែក​ខាង​ក្រោម​ដែល​ចាំបាច់​ត្រូវ​មាន​ការត្រៀម​បង្ការ​ជាមុន​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ជាយថា​ហេតុ។

កាលពី​ម្សិលមិញ​កម្ពស់​ទឹក​ស្ទឹង​ពោធិ៍សាត់​បាន​ហក់​ឡើង​ផុត​ពី​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ០,២៥ ​ម៉ត្រែ ខណៈ​កម្រិត​ប្រុងប្រយ័ត្ន ៥,០០ ​ម៉ែត្រ និង​បាន​បង្ក​ការជន់​លិច​ផ្លូវ​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​ពោធិ៍សាត់ ប៉ុន្តែ​​នៅ​មិនទាន់​បង្កផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​​ការរស់​នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ឡើយ​ទេ​។ នេះ​បើ​តាម​លោក ចាប នាង អភិបាល​ក្រុង​ពោធិ៍សាត់។

លោក​នាង​ថ្លែង​ថា៖ ​«គ្រាន់តែ​មួយ​យប់​កម្ពស់​ទឹក​ស្ទឹង​ពោធិ៍សាត់​បាន​ជន់​ឡើង​រហូត​ដល់​ជិត​មួយ​ម៉ែត្រ​ធ្វើឲ្យ​ផ្លូវ​ក្នុង​ក្រុង​មួយ​ចំនួន​រងការជន់​លិច​ជា​បន្ត​​បន្ទាប់។ ប៉ុន្តែ​ក្រុម​សមត្ថកិច្ច​យើង​បាន​ចុះ​អន្តរាគមន៍​ច្រកដី​ក្នុង​បាវ​ហើយ​ទប់​ជា​ទំនប់​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពល​ដើរ​ឆ្លង​កាត់​»។

ជាមួយ​គ្នា​នេះ​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធាន​ទឹក​ និង​ឧតុនិយម​ខេត្ត​ពោធិ៍សាត់​បាន​ពន្យល់​ថា​ការហក់​ឡើង​នៃ​កម្ពស់​ទឹក​ស្ទឹងពោធិ៍សាត់​ដ៏ឆាប់​រហ័ស​នេះ​គឺ​បណ្ដាល​មកពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់ៗ​គ្នា​នៅ​ផ្នែក​ខាង​លើ​នៃ​តំបន់​ជួរ​ភ្នំ​ក្រវាញ​ធ្វើឲ្យ​ទឹក​ហូរ​ធ្លាក់​ពី​លើ​ភ្នំ​ចាក់​ចូល​ទៅ​ក្នុង​ស្ទឹង​ពោធិ៍សាត់ តាមរយៈ​ស្ទឹង​ចំនួន​ ៣ រួម​មាន​ស្ទឹង​ធំ ស្ទឹង​អារ៉ែង និង​ស្ទឹងព្រៃខ្លុង។

ចំណែក​នៅ​ឯខេត្ត​កោះកុង​ជំនន់​ទឹកភ្លៀង​កាលពី​ថ្ងៃ​អង្គារ​បាន​បង្ក​ឲ្យ​មាន​ការហូរ​បាក់​ស្រុត​កំណាត់​ផ្លូវជាតិ​លេខ ៤៨ ​ជាច្រើន​កន្លែង។

ជាមួយ​គ្នា​នេះ​អាជ្ញាធរ​ខេត្ត​បាន​សម្រេច​ផ្អាក​ការធ្វើ​ចរាចរណ៍​ជា​បណ្ដោះអាសន្ន​ឆ្លងកាត់​លើ​កំណាត់​ផ្លូវ​ដែល​រងការ​ខូចខាត​ដើម្បី​ធ្វើការ​ជួស​ជុល​ជា​បន្ទាន់​ឡើង​វិញ​។ នេះ​បើ​តាម​លោក ឫទ្ធី កណ្ណារ៉ា អ្នក​នាំពាក្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កោះកុង​កាលពី​ម្សិលមិញ​៕