ភ្នំពេញៈ យ៉ាងហោចណាស់មានមនុស្ស ៧ នាក់បានដួលសន្លប់ក្នុងនោះក៏មានសមត្ថកិច្ចផងដែរដោយសារប៉ះពាល់ផ្លូវដង្ហើមពីការធ្លាយឧស្ម័នអាម៉ូញ៉ាក់ចេញពីរោងសិប្បកម្មផលិតទឹកកកអនាម័យមួយនៅខណ្ឌមានជ័យដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយពលរដ្ឋខ្លះត្រូវបានជម្លៀសឱ្យចេញពីទីតាំងនោះខណៈសមត្ថកិច្ចក៏បានឃាត់ខ្លួនម្ចាស់សិប្បកម្មមកសួរនាំពីមូលហេតុផងដែរ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១០ ព្រឹកកាលពីម្សិលមិញនៅមុខផ្សារ PC ក្នុងភូមិត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
អធិការរងនគរបាលខណ្ឌមានជ័យលោក ហួរ ម៉េងវ៉ាង ប្រាប់ភ្នំពេញប៉ុស្តិ៍ថាការធ្លាយឧស្ម័នអាម៉ូញ៉ាក់ដោយសារជាងផ្សារបំពង់ធ្វេសប្រហែសក្នុងការជួសជុល។ លោកបានបន្តថា៖ «ជាងនោះបានមកផ្សារបំពង់ទុយោចាស់ហើយអត់បានបិទឧស្ម័ននោះក៏បានផ្ទុះប្រហោងធ្លាយចេញមកហើយបណ្តាលឱ្យធ្លាយជាច្រើនកន្លែង»។ យ៉ាងណាក៏ដោយលោកថាសមត្ថកិច្ចក៏បានឃាត់ម្ចាស់សិប្បកម្ម និងជាងជួសជុលដើម្បីសួរនាំ និងកសាងសំណុំរឿងទៅតុលាការចាត់តាមនីតិវិធី។ លោកថា៖ «ព្រោះមនុស្ស ៧ នាក់បានសន្លប់អ៊ីចឹងបានឃាត់ខ្លួនពួកគាត់ទៅប៉ុស្តិ៍បឹងទំពុនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការយើងមិនអនុញ្ញាតឱ្យគាត់ត្រឡប់ទៅផ្ទះវិញទេ»។
ប្រធានការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក ព្រហ្ម យ៉ន ថ្លែងថាការប្រតិបត្តិការលើកនេះមានភាពលំបាកដោយសារប្រភេទឧស្ម័នអាម៉ូញាក់ធ្វើឱ្យប៉ះពាល់ដល់ដង្ហើមទើបបណ្តាលឱ្យមានអ្នកសន្លប់។ លោកថា៖ «យើងជួបការលំបាកដោយសារសាយភាយឧស្ម័នដែលធ្វើឱ្យពិបាកចូលទប់ស្កាត់ទោះយើងខំប្រឹងប្រែង SCVA យ៉ាងណាក៏ដោយ ក៏មិនអាចទប់ឈ្នះដែរព្រោះការធ្លាយមានទំហំធំសាយភាយពេញអាកាសដោយសារឧស្ម័ននេះធ្វើឱ្យប៉ះពាល់ដល់ផ្លូវដង្ហើម អ៊ីចឹងវាបណ្តាលឲ្យកងកម្លាំងរបួស ៤ នាក់ និងពលរដ្ឋ ៣ នាក់សន្លប់»។
លោក ព្រហ្ម យ៉ន ឱ្យដឹងថាប្រតិបត្តិការនេះបានប្រើពេលពន្លត់អស់រយៈពេល ៤ ម៉ោង និងប្រើឡានទឹកអស់ ១២ គ្រឿងបាញ់ទឹកអស់ ១៥ ឡាន។
បើតាមលោក ព្រហ្ម យ៉ន តាំងពីដើមឆ្នាំ ២០១៦ មានអគ្គិភ័យចំនួន ៧១ ករណីបណ្តាលឱ្យមនុស្សស្លាប់ ២ នាក់របួស ១៥ នាក់ខណៈលោកអំពាវនាវឱ្យម្ចាស់អាជីវកម្មរោងចក្រ និងសិប្បកម្មទាំងអស់មានការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ៕