កំពង់ស្ពឺៈ អាជ្ញាធរខេត្តកំពង់ស្ពឺ និងអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិនៅថ្ងៃទី ២២ មិថុនា បានចុះរុះរើឡដុតធ្យូងខុសច្បាប់ស្ថិតនៅភូមិអូរអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់ដោយមានឡដែលបានកម្ទេច និងឡដែលនឹងត្រូវកម្ទេចចំនួន ១១៧ ឡព្រមទាំងតម្រូវឲ្យម្ចាស់ឡធ្វើកិច្ចសន្យា និងបានធ្វើលិខិតព្រមានបញ្ឈប់សកម្មភាពទាំងអស់នេះ។
តាមរបាយការណ៍របស់មន្ត្រីការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ (ACNCIPO) ឲ្យដឹងពីម្សិលមិញថា នៅថ្ងៃទី ២២ ខែមិថុនា មន្ទីរបរិស្ថានខេត្តបានចូលរួមជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុក ដឹកនាំ ដោយលោក នី នរៈ អភិបាលរងស្រុកឱរ៉ាល់ដោយមានការចូលរួមពីអង្គការ ACNCIPO បានចុះកម្ទេចទីតាំងឡដុតធ្យូងអនាធិបតេយ្យចំនួន ១១៧ ឡ។ តាមរបាយការណ៍ចំនួននេះសរុបទាំងអាជ្ញាធរទុកពេលឲ្យម្ចាស់ឡកម្ទេចឡដោយខ្លួនឯង។
ទីតាំងឡដែលត្រូវកម្ទេចនោះស្ថិតនៅចំណុចភូមិសាស្ត្រភូមិអូរអញ្ចា និងចំណុចភូមិសាស្ត្រភូមិដូងស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺដែលជាទីតាំងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។
របាយការណ៍ខាងលើបន្តថា ជាលទ្ធផលទី១ នៅចំណុចភូមិអូរអញ្ចាមានឡដុតធ្យូងចំនួន ១០១ ឡ (វាយកម្ទេចចោលចំនួន ៣៧ ឡ និងធ្វើកិច្ចសន្យាទុករយៈពេល ១៥ ថ្ងៃ ឲ្យម្ចាស់រើធ្យូងចេញឲ្យអស់កម្ទេចចោលដោយខ្លួនឯងចំនួន ៦៤ ឡ)។ ទី២ នៅភូមិដូងមានឡដុតធ្យូងចំនួន ១៦ ឡ (វាយកម្ទេចចោលចំនួន ៤ ឡ និងធ្វើកិច្ចសន្យាដូចគ្នាទុករយៈពេល ១៥ ថ្ងៃ ឲ្យកម្ទេចដោយខ្លួនឯងចំនួន ១២ ឡ)។
លោក នៅ ណាក់ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានថ្លែងកាលពីថ្ងៃទី ២២ មិថុនា ថាមន្ត្រីជំនាញរបស់លោកសហការជាមួយមន្ត្រីមូលដ្ឋានបានបង្កើតជាគណៈកម្មការមួយចុះទៅធ្វើប្រតិបត្តិការរុះរើឡដុតធ្យូងខុសច្បាប់។ ក្នុងប្រតិបត្តិការនេះ អាជ្ញាធររុះរើ និងបំផ្លាញចោលនូវឡដុតធ្យូង និងខ្ទមដែលពលរដ្ឋមួយចំនួនបាននាំគ្នាទៅប្រកបអាជីវកម្មខុសច្បាប់នៅតំបន់នោះ។
លោកបន្តថា មន្ត្រីជំនាញមិនបានឃាត់ខ្លួនមនុស្សទេ ដោយគ្រាន់តែធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពអាជីវកម្មដុតធ្យូង និងកាប់បំផ្លាញព្រៃឈើ។ ជាពិសេសអាជ្ញាធរត្រូវតែទប់ស្កាត់សកម្មភាពរំលោភទន្ទ្រានដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ព្រោះពួកគាត់បាននាំគ្នាមកសាងសង់ខ្ទមតូចៗសម្រាប់ស្នាក់នៅ ដើម្បីប្រកបអាជីវកម្មដុតធ្យូង។
លោក នៅ ណាក់ ថ្លែងថា៖ «រីឯឡដុតធ្យូងទាំងអស់ យើងចុះរុះរើបំផ្លាញដោយខ្លួនឯងផ្ទាល់មួយចំនួន ហើយមួយចំនួនទៀតពួកគាត់សន្យារុះរើដោយខ្លួនគាត់»។
លោក ហ៊ុល ម៉ារ៉ា អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្រុកឱរ៉ាល់ ថ្លែងពីម្សិលមិញថា ឡដុតធ្យូងចំនួន ១១៧ ឡត្រូវបានអាជ្ញាធររុះរើមួយចំនួន និងពលរដ្ឋស្នើសុំរុះរើដោយខ្លួនឯងមួយចំនួន ដោយសារពួកគាត់នៅមិនទាន់យកធ្យូងចេញពីឡអស់។ ដូច្នេះគាត់សុំទុកពេលឲ្យពួកគាត់ ១៥ ថ្ងៃ ដើម្បីយកធ្យូងចេញពីឡនេះ។
លោកបញ្ជាក់ថា៖ «យើងបានទុកពេលពួកគាត់ចំនួន ១៥ ថ្ងៃ ដើម្បីរុះរើ ហើយប្រសិនបើគាត់នៅតែមិនព្រមរុះរើតាមកិច្ចសន្យាទេ មន្ត្រីឧទ្យានុរក្សពួកខ្ញុំនឹងចុះទៅរុះរើម្ដងទៀត។ ប៉ុន្ដែយើងមិនបានប្ដឹង ឬចាត់វិធានការទៅតុលាការទេ ព្រោះពួកគាត់យល់ព្រមតាមការសម្របសម្រួលជាមួយអាជ្ញាធរ។ យើងគ្រាន់តែធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងព្រមានគាត់អនុវត្តតាមផ្លូវច្បាប់»។
លោក ជា ហ៊ាន ប្រធានអង្គការ (ACN-CIPO) ថ្លែងពីម្សិលមិញថា សមត្ថកិច្ចចម្រុះស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងមន្ត្រីអង្គការលោកជាង ៣០ នាក់បានចុះទៅរុះរើ និងបំផ្លាញឡធ្យូង និងខ្ទមមួយចំនួនដែលសាងសង់ដោយខុសច្បាប់នៅភូមិអូរអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់។
លោកថាក្នុងអំឡុងពេលចុះប្រតិបត្តិការក៏មានការតវ៉ា និងរារាំងសកម្មភាពរបស់មន្ត្រីអនុវត្តច្បាប់ដែរ ប៉ុន្ដែមន្ត្រីជំនាញបានព្យាយាមសម្របសម្រួលជាមួយពួកគាត់។ ភ្លាមៗនោះ សមត្ថកិច្ចបានផ្សព្វផ្សាយពីការប្រកបមុខរបរដុតធ្យូងដោយខុសច្បាប់ ការកាប់បំផ្លាញព្រៃឈើ និងការតាំងលំនៅដោយខុសច្បាប់។ មន្ត្រីជំនាញបានតម្រូវឲ្យពួកគាត់ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដុតធ្យូង និងការកាប់ព្រៃឈើខុសច្បាប់បន្តទៀត ព្រមទាំងព្រមានអនុវត្តច្បាប់ទៅលើពួកគាត់។
លោក ហ៊ាន ប្រាប់ថា៖ «ពួកគាត់ទើបតែមកធ្វើឡដុតធ្យូងហ្នឹងថ្មីៗទេ ហើយអ្នកខ្លះក៏ជិត ១ ខែមកហើយ ដោយពួកគាត់បានទិញឈើពីគេផ្សេងនៅតំបន់ជួរភ្នំក្រវាញកណ្ដាល ខេត្តកោះកុង ដឹកយកមកដុតធ្វើអាជីវកម្មធ្យូងនៅតំបន់ភ្នំឱរ៉ាល់នេះ ព្រោះតំបន់នេះមិនមានព្រៃឈើច្រើនទេ»។
លោក សោម ពុទ្ធតារា មេបញ្ជាការកងរាជអាវុធហត្ថស្រុកឱរ៉ាល់ថា៖ «កងរាជអាវុធហត្ថស្រុកឱរ៉ាល់ពួកខ្ញុំបានទៅចូលរួមប្រតិបត្តិការនេះដែរតែរបាយការណ៍នានាខ្ញុំអត់ដឹងទេ តែខ្ញុំមានមន្ត្រីជំនាញចម្រុះទៅគ្នាច្រើនដែរ អាចសាកសួរទៅគាត់ទៅ ព្រោះគាត់ដឹងច្រើនជាងខ្ញុំ»៕