ព្រះសីហនុៈ អង្គការ​អង្គភាព​ការពារ​កុមារ​ (CPU) ​និង​នគរបាល​​ខេត្ត​ព្រះសីហនុ​កំពុង​ស៊ើប​ករណី​ឃាតកម្ម​លើ​កុមារី​អាយុ​ ១១ ​ឆ្នាំ​ម្នាក់​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បន្ទាប់ពី​អ្នកភូមិ​ប្រទះឃើញ​ស្លាប់​កាលពី​ថ្ងៃទី​ ២២ ​ខែ​សីហា ហើយ​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​រក​ការពិត​។

លោក កុល ផាលី ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា សមត្ថកិច្ច​ខេត្ត​នៅពេល​នេះ​កំពុង​ស៊ើបអង្កេត​យ៉ាង​យកចិត្ត​ទុកដាក់​នៅ​ទីតាំង​ឃាតកម្ម​នោះ​។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​ការសន្និដ្ឋាន​របស់​​សមត្ថកិច្ច​ទេ ថ្វីបើ​មាន​ការធ្វើ​​កោសល្យវិច័យ​សាកសព​រួច​ក្ដី​។

លោក ផាលី បាន​បញ្ជាក់​ថា​៖ «​នេះ​វា​ជា​ការងារ​ជំនាញ​របស់​ប៉ូលិស បាទ​។ មិន​ទាន់​បាន​ជូន​លោក​ប្អូន​បាន​ទេ​»​។

តាម​គណនី​ហ្វេសប៊ុក​របស់​ CPU កាលពី​ថ្ងៃ​សៅរ៍​បាន​ប្រកាស​ថា សមត្ថកិច្ច​ខេត្ត​ និង​ CPU ​បាន​បង្កើត​ក្រុមការងារ​មួយ​ឈ្មោះ​ “LIMA19” ដើម្បី​ស៊ើប​ពី​ឃាតកម្ម​នេះ​។

លោក​ James McCabe នាយក​ប្រតិបត្តិការ CPU បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា ក្រុម​​ការងារ​កំពុង​ស៊ើប​ពី​ករណីនេះ​។

លោក​ថា​៖ «CPU និង​កម្លាំង​ការងារ​នេះ​បាន​ចុះ​ទៅ​កន្លែង​​កើតហេតុ​ម្តងទៀត​កាលពី​ម្សិលមិញ (​ថ្ងៃ​សៅរ៍​)»​។

បើ​តាម​ហ្វេសប៊ុក​ CPU ដែល​សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​ឱ្យ​ដឹង​ថា​កាលពី​ថ្ងៃទី​ ១៧ សីហា កុមារី​ឈ្មោះ​ អឿន ស្រីនុច ត្រូវ​បាន​ប្រទះឃើញ​លើក​ចុងក្រោយ​នៅ​ជិត​ផ្ទះ​នាង​ក្នុង​ភូមិ​ព្រៃនប់​ ១ ស្រុក​ព្រៃនប់​នៅ​ម៉ោង ​៥.៣០ ​នាទី​​ពេល​នាង​មកពី​កន្លែង​លេង​ទឹក​​ជាមួយ​មិត្តភក្តិ​។ ប៉ុន្តែ​មួយថ្ងៃ​បន្ទាប់​ក៏​បាត់​ដំណឹង​។

CPU បាន​បញ្ជាក់ថា​៖ «​ស្អែក​ឡើង​ម្តាយ​នាង​បាន​រាយការណ៍​ប្រាប់ថា ក្មេងស្រី​នេះ​បាន​បាត់​ខ្លួន​»​។

CPU បន្ត​ថា​បន្ទាប់មក​នៅ​ថ្ងៃទី​ ២២ ខែ​សីហា​ស្រាប់តែ​អ្នកភូមិ​បាន​ប្រទះឃើញ​សព​កុមារី​រូប​នេះ​ដេកស្លាប់​ផ្កាប់មុខ​ក្នុង​ទឹក ហើយ​ត្រូវ​បាន​ស្រង់​ឡើង​លើ​គោក​។

មន្ត្រី​ជំនាញ​បាន​ទៅ​ដល់​កន្លែង​​កើតហេតុ​នៅ​ថ្ងៃទី​ ២៣ សីហា ហើយ​បាន​វះកាត់​សាកសព​។

បើ​តាម CPU មន្ត្រី​ជំនាញ​បាន​សន្និដ្ឋាន​ថា ជា​អំពើ​ឃាតកម្ម ហើយ​ភិនភាគ​សាកសព​គឺ​​ជា​កុមារី អឿន ស្រីនុច មែន​។

ហ្វេសប៊ុក CPU បញ្ជាក់​ថា​៖ «​ក្នុង​ពេល​បច្ចុប្បន្ន យើង​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ស្វែងរក​ការពិត​ពាក់ព័ន្ធ​នឹង​ករណី​នេះ​»​។

ជាមួយ​គ្នា​នេះ CPU ​បាន​អំពាវនាវ​ដល់​សាធារណជន​ឱ្យ​ទាក់ទង​នគរបាល​ខេត្ត​ព្រះសីហនុ​​ ឬ​អង្គការ CPU តាម​ទូរស័ព្ទ​ 077 247247 បើ​មាន​ព័ត៌មាន​​បន្ថែម​ពី​កុមារី​ អឿន ស្រីនុច​»៕