ភ្នំពេញៈ ​ក្រុមចោរឆក់​ចំនួន​ ១១ ​នាក់​ត្រូវបាន​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បង្ហាញ​មុខ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ ១០ កុម្ភៈ​ដើម្បី​ឲ្យ​សាធារណជន​ស្គាល់ បន្ទាប់ពី​នគរបាល​ខណ្ឌដូនពេញ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​នៅ​រាជធានី-ភ្នំពេញ និង​នៅ​ខេត្តកណ្តាល ថ្វីបើ​ក្នុង​នោះ​មាន​ខ្លះ​ជា​អនីតិជន​ដែល​ច្បាប់​តម្រូវ​ឲ្យ​បិទមុខ​ក្ដី​។

លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យ​ និង​ជា​អគ្គស្នងការរង​នគរបាលជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​​ថ្ងៃ​អង្គារ​ថា ច្បាប់​បានចែង​ឲ្យ​បិទបាំង​មុខ​ចំពោះ​ក្មេង​ជា​អនីតិជន​ពិតមែន​ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​។ ​ក៏ប៉ុន្តែ​បើ​​យក​សិទ្ធិមក​និយាយ​ច្រើនពេក​ក៏​ពិបាក​ដែរ ព្រោះ​ជន​នោះបាន​បង្ក​ការខាតបង់​ដល់​ជនរងគ្រោះ​ខ្ពស់​។ ​ប្រសិនបើ​ជនល្មើស​​ជា​អនីតិជន​ឆក់​របស់របរ​នោះ​វា​មិនសូវ​អី​ទេ តែ​ជួនកាល​ធ្វើឲ្យ​ម្ចាស់ទ្រព្យ​ស្លាប់​ ឬ​ពិការ​ដែលជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​។

លោក​បន្តថា​៖ «​បំណង​យើង​មិនមែន​ចង់​បំពាន​សិទ្ធិ​អនីតិជន ចង់​បំពាន​ច្បាប់​ទេ តែ​សំខាន់​ចង់​ឲ្យ​ជន​នោះ​រាងចាល ចង់​ឲ្យ​ប្រជាពលរដ្ឋ​ចាប់អារម្មណ៍​ថា​មុខ​​សញ្ញា​ហ្នឹង​ធ្លាប់​បង្កបញ្ហា​អ៊ីចឹង​គាត់​អាច​មាន​ការប្រុងប្រយ័ត្ន​...​ករណី​បងប្អូន​សមត្ថកិច្ច​បង្ហោះ​គឺ​មានន័យ​អ៊ីចឹង​។ ​នេះ​បើតាម​ខ្ញុំ​យល់​ធ្វើ​បែបនេះ​កុំ​ឲ្យ​ថ្ងៃក្រោយ​ដើរ​ឆក់​គេ​ទៀត​»​។

លោក​បន្តថា ប្រសិន​បើ​សមត្ថកិច្ច​មិន​ធ្វើ​បែប​នេះ​ប្រៀប​ដូច​មិន​បាន​ចាប់​ជនល្មើស​ ឬ​ដូច​តែ​ចាប់​ហើយ​លែងចោរ​វិញ ដែល​មិន​បាន​ធ្វើឲ្យ​ជន​នោះ​កែប្រែ​ទេ​។

គ្រាន់តែ​បង្ហោះ​រូបថត​បង្ហាញ​មុខ​ឲ្យ​សាធារណជន​ដឹង និង​ប្រយ័ត្ន​គឺ​មិនមែន​ធ្វើ​ទារុណកម្ម​ទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​ការពិត​ត្រូវតែ​មាន​ការបិទ​មុខ​ពេល​ផ្សព្វផ្សាយ​តែបើ​បិទមុខ​ទៅ​ប្រជាពលរដ្ឋ​លោក​មិន​ស្គាល់​ហើយ​សមត្ថកិច្ច​ក៏​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ស្គាល់​ជនល្មើស​ផងដែរ បើ​យើង​ស្គាល់មុខ ហើយ​ប្រុងប្រយ័ត្ន​ទៅ​ក៏​អត់​ផ្តល់ឱកាស​ឲ្យ​ជនល្មើស​ឆក់​យើង​បានដែរ​»​។

ជុំវិញ​ការឃាត់ខ្លួន​ក្រុម​ចោរឆក់​​កាបូប​ និង​ទូរស័ព្ទ​នេះ លោក​វរសេនីយ៍ឯក​ ទៀង ច័ន្ទសារ អធិការ​នគរបាល​ដូនពេញ​បាន​ប្រាប់​កាលពី​ថ្ងៃ​អង្គារ​ថា ការបង្ក្រាប​នេះ​គឺ​បន្ទាប់ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ពលរដ្ឋ​។ ​បន្ទាប់មក​​សមត្ថកិច្ច​ជំនាញ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ ២ ​នាក់ ​នៅ​ថ្ងៃទី​ ៦ ​ខែកុម្ភៈ ទី​១- ​ឈ្មោះ គឹម ស្រេង ភេទ​ប្រុស អាយុ​ ២១ ​ឆ្នាំ​ ស្នាក់នៅ​ភូមិ ក្រោលគោ សង្កាត់​គីឡូម៉ែត​លេខ ៦​។ ទី​២- ​ឈ្មោះ ឈឹម ហេងឡុង ភេទ​ប្រុស អាយុ​ ៣០ ​ឆ្នាំ​ ស្នាក់នៅ​សង្កាត់​ផ្សារ​ដើមថ្កូវ​ដោយ​ពួកគេ​ធ្លាប់​បាន​ឆក់​ ២៣ ​លើក ។

លោក​បន្តថា​ឆ្លងតាម​ចម្លើយ​ជនសង្ស័យ​ ២ ​នាក់​នោះ​នៅ​យប់​រំលង​អធ្រាត្រ​ឈានចូល​​ថ្ងៃទី​ ៨ ​កុម្ភៈ សមត្ថកិច្ច​បាន​បន្ត​ឃាត់ខ្លួន​បាន​ ៣ ​នាក់​ទៀត​ និង​​ម៉ូតូ​ ២ ​គ្រឿង​ដែល ​ទី​១- ​ឈ្មោះ រឿន សុផានិត ភេទ​ប្រុស អាយុ​ ១៨ ​ឆ្នាំ ទី​២- ​ឈ្មោះ​ ស៊ន វាសនា ភេទ​ប្រុស អាយុ​ ១៨ ​ឆ្នាំ​ ទាំង​ ២ ​នាក់​នេះ​មាន​លំនៅ​មិន​ពិតប្រាកដ និង​ទី​៣- ​ឈ្មោះ ថោង បញ្ចបាន ភេទ​ប្រុស​អាយុ​ ១៨ ​ឆ្នាំ​ មាន​លំនៅ​ក្នុង​សង្កាត់​បឹងទំពុន​ខណ្ឌ​មានជ័យ​។ ​ពួកគេ​​ទាំង​ ៣ ​នាក់​បាន​ឆក់​ ៣៦ ​លើក ។

លោក​បាន​បន្តថា លុះដល់​ម៉ោង​ ២៣ និង​ ៥០ ​នាទី​យប់​ថ្ងៃ​​ដដែល សមត្ថកិច្ច​របស់​លោក​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ ៣ ​នាក់​បន្ថែមទៀត​ដែល​ទី​១- ​ឈ្មោះ​ ជី ពេជ្រវាសនា ភេទ​ប្រុស អាយុ​ ១៨ ​ឆ្នាំ ​មាន​​លំនៅ​មិន​ពិតប្រាកដ ទី២- ​ឈ្មោះ គង់ ពុទ្ធា ភេទ​ប្រុស​អាយុ​ ១៨ ​ឆ្នាំ​ មាន​លំនៅ​មិន​ពិតប្រាកដ និង​ទី​៣- ​ឈ្មោះ ផេង សុក្រវីរៈ ភេទ​ប្រុស អាយុ​ ១៧ ​ឆ្នាំ ជា​សិស្ស​ស្នាក់នៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។ អ្នក​ទាំង​ ៣ ​នាក់​ធ្លាប់បាន​ឆក់​ ៤៧ ​លើក​។

លោក ច័ន្ទសារ ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​ចាប់​ក្រុម​ខាងលើ សមត្ថកិច្ច​លោក​បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម​ខេត្តកណ្តាល​ឃាត់ខ្លួន​បាន​ម្នាក់​ឈ្មោះ វុទ្ធី វណ្ណនុត ភេទ​ប្រុស អាយុ​ ១៧ ​ឆ្នាំ​កាល​ថ្ងៃទី​ ៩ ​កុម្ភៈ​ ក្នុង​ស្រុក​ល្វាអែម​។ រីឯ​ ២ ​នាក់​ទៀត​រួមមាន ឈ្មោះ ពិសិដ្ធ សំណាង ហៅ​អាពីន ភេទ​ប្រុស អាយុ​ ១៤ ​ឆ្នាំ​ ជា​សិស្ស​ស្នាក់​នៅផ្ទះ​លេខ​ ៤៩E៣Z ​ផ្លូវ ​១៣៦ ​សង្កាត់​ផ្សារកណ្តាល​ ១ ខណ្ឌដូនពេញ​ឃាត់ខ្លួន​នៅមុខ​ផ្ទះ និង​ឈ្មោះ​ សូត្រ រដ្ឋមុនិន្ទ ហៅ​ អាមុ ភេទ​ប្រុស អាយុ​ ១៤ ​ឆ្នាំ​ជា​សិស្ស​ស្នាក់នៅ​ផ្លូវ​ ៩៣ ​ភូមិ​ចុងខ្សាច់ សង្កាត់​ទួលសង្កែ​ ១ ខណ្ឌ​ឫស្សីកែវ​ឃាត់ខ្លួន​បាន​នៅ​ខណ្ឌ​ឫស្សីកែវ​។ ពួកគេ​ទាំង​ ៣ ​នាក់​ធ្លាប់បាន​ឆក់​ ៦៤ ​លើក​។

លោក​បញ្ជាក់ថា ជនសង្ស័យ​ទាំង​ ១១ ​នាក់​នេះ​ ជា​ក្រុម​ឆក់​​យ៉ាងសកម្ម​នៅក្នុង​រាជធានីភ្នំពេញ​ ហើយ​សមត្ថកិច្ច​លោក​​នឹង​បញ្ជូន​ពួកគេ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្រោយពី​បញ្ចប់​នីតិវិធី​រួចរាល់​៕