ភ្នំពេញៈ ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​បញ្ជូន​មក​សា​លាដំ​បូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ​ បន្ទាប់​ពី​ចាប់​បញ្ជូន​ពីខេ​ត្តកំពង់​ឆ្នាំង​កាល​ពី​ថ្ងៃ​ ១៩​ មក​រា ពា​ក់​​ព័ន្ធ​ករណី​ជំរិត​ក្មេង​សិស្ស​សាលា​ទារ​ប្រាក់​ពី​ឪ​ពុក​ម្តាយ​នៅ​ខណ្ឌ​ឫស្សី​កែវ រាជ​ធានី​ភ្នំពេញ​ ប្រព្រឹត្ត​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​មុន​ ។

ជន​សង្ស័យ​មាន​ឈ្មោះ ស្រេង បូរី អាយុ​​ ២៣ ​ឆ្នាំ​ដែល​មាន​មុខ​របរនិង​ទីកន្លែង​មិន​ពិត​ប្រាកដ ត្រូវ​បាន​នគរបាល​ក្រ​សួងម​ហាផ្ទៃស​ហកា​រជា​មួ​យស​ម​ត្ថកិ​ច្ច​ខេ​ត្តកំ​ព​ង់ឆ្នាំ​ង​ឃា​ត់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​សៅរ៍​នៅ​ភូមិ​ស្រែព្រីង សង្កាត់​កំពង់​ឆ្នាំង ក្រុង-ខេត្ត​កំពង់ឆ្នាំង ហើយបានប្រគល់ឲ្យនគរបាលខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ ការ​ឃាត់​ខ្លួន​នេះ បន្ទាប់​ពី​រូបគេ​បាន​លួង​លោម​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ ឈុន សុ​វណ្ណា​រ័ត្ន អាយុ​ ១៣​ ឆ្នាំ ជា​សិស្សថ្នាក់​ទី ៨ នៅ​​វិទ្យាល័យ​ឫស្សី​កែវកាលពី​ព្រឹក​ថ្ងៃ ២០ វិច្ឆិកា ឆ្នាំមុន ខណៈ​ក្មេង​នោះ​​ចេញ​ពីសា​លារ​ង់​ចាំ​រថយន្ត​ក្រុង​នៅ​ចំណត​រថយន្ត​ក្រុង​តាមផ្លូវ​ជាតិ​លេខ​៥​ក្រុម​១ ​ភូមិ​សាមគ្គី​ សង្កាត់​-ខណ្ឌ ឫស្សីកែវ រាជ​ធានី​ភ្នំពេញ។

នាយក​វិទ្យា​ល័យ​ឫស្សី​កែវ លោក ​ចៅ វិ​រៈ​យុទ្ធ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាងខ្លី​ថា ករណី​នេះមិន​ពាក់ព័ន្ធ​ខាង​សាលា​ទេ ព្រោះក្មេង​បាន​បាត់​ខ្លួន​នៅ​ក្រៅ​សា​លា។ ប៉ុន្តែ លោក​អះអាង​ថា ក្រោយ​ពី​បាត់​ខ្លួនបាន​១​ថ្ងៃ ក្មេង​ប្រុស​រូបនេះក៏បាន​ចូលរៀន​ធម្មតា​វិញ។

លោក​បញ្ជាក់​ថា៖ «សា​លា​មាន​ភារៈ​ការពារ​សិស្ស​ក្នុង​សាលានិង​ធ្វើ​យ៉ាងណា​ឲ្យ​សិស្ស​មក​រៀន។ ប៉ុន្តែ​មុនបាត់​ខ្លួន​នោះគាត់​បាន​ត្រឡប់​ទៅ​ផ្ទះ​ហើយ ហើយ​ការ​លួង​លោម​គាត់គឺ​នៅ​ក្រៅ​សាលា រឿង​ហ្នឹង​កើត​ឡើង​យូរ​ដែរ​ហើយ គាត់​បាន​ចូល​រៀន​វិញ​តាំងពីថ្ងៃបន្ទាប់»។

លោក អ៊ីវ ឈុន​ផេង អធិការ​រង​នគរបាល​ខណ្ឌ​ឫស្សី​កែវ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីម្សិល​មិញ​ថា​ ជន​សង្ស័យ​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូងរាជធានីភ្នំពេញនៅ​ថ្ងៃ​ ​២២​ មករា​នេះ ដើម្បី​ចោទ​ប្រកាន់​ បន្ទាប់​ពីគេ​បាន​សារភាព​។

លោក​បញ្ជាក់​ថា៖ «ស្អែក​ព្រឹក (ថ្ងៃទី ២២ មករា) នឹង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត ហើយ​ចោទ​ប្រកាន់​ពីបទ​ជំរិត​ទារ​ប្រាក់ និង​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់។

តាម​ចម្លើយ​សារ​ភាព​ ជនស​ង្ស័​យ​ ឈ្មោះ ស្រេង បូរី បាន​ប្រាប់​ស​ម​ត្ថ​កិ​ច្ច​ថា រូបគេ​ពិត​ជា​បាន​លួង​លោម​ក្មេង​ប្រុស​នោះដើ​ម្បី​គំរាម​ទារ​ប្រាក់​ពី​ឪពុក​ម្តាយ​របស់​គេ​មែន​ ហើយ​ថា កា​រធ្វើ​បែ​ប​នេះ​ព្រោះ​ខ្លួ​ន​​គេ​គ្មាន​ប្រាក់ ។

ជន​សង្ស័​យរូ​បនេះ​ថា​៖ «នាំ​គាត់​ទៅ​ដើរលេ​ង អត់​មាន​ដាក់​ថ្នាំ ដាក់​អី​ទេ គឺ​លួង​លោម​គាត់​តាម​សម្រួល ​អត់​មាន​ធ្វើ​បាប​គាត់​ទេ។ ដំបូង​នាំទៅ​ញុំ​អី ជិះ​ឡា​នក្រុងទៅ​កន្លែង​ឲ្យ​ចំណី​ត្រី ជិះ​រហូត​ដល់​យប់ ក៏​ទៅ​ដេក​នៅផ្ទះ​សំ​ណា​ក់​​១នៅក្បែ​រ​ស្ពាន​លី​យ៉ុង​ផាត ​(មិន​ចាំ​ឈ្មោះ)។

តាម​របាយ​ការណ៍​ស៊ើប​អង្កេត​បឋម​របស់​សមត្ថកិច្ច​ខណ្ឌ​ឫស្សី​កែវ​បាន​ឲ្យ​ដឹង​ថា​ ជន​សង្ស័យ​បាន​ប្រើ​លេខ​ទូរស័​ព្ទ ០៩៦ ៨៧២ ៨២៥ ៥ តេ​មក​ប្រាប់​ក្រុម​គ្រួសារ​ថា បើ​ចង់​ឲ្យ​កូន​ទៅផ្ទះ​វិញ​ផ្ញើ​លុយ ២០០០$ មក។

បន្ទាប់​មក​ក្រុមគ្រួ​សារ​បាន​តថ្លៃ​គ្នា​តាម​ទូរ​ស័​ព្ធ​សល់ ៥០០$។ លុះ​ថ្ងៃ​ទី ២១​ ខែ​វិច្ឆិកា​ក្រោយ​បាត់​ខ្លួន​ក្មេង​ប្រុស​នោះ​ឪពុក​ម្ដាយ​ជន​រង​គ្រោះ​បាន​ផ្ញើ​លុយ​តាម Wing ៥០០$ តែ​បាន​មួយ​សន្ទុះ​ ជន​សង្ស័យ​បាន​ទារ​ប្រាក់ ២០០$ បន្ថែម​ទៀត​​​ តែ​គ្រួសារ​ជន​រង​គ្រោះ​បាន​សុំត្រឹម ៥០$។ក្រោយ​គ្រួសារ​ជន​រង​គ្រោះ​ផ្ញើលុយ ៥០$ បាន​ប្រមាណ ៣០ នាទី​ ​ក៏​ឃើញ​ក្មេង​នោះ​វិល​មក​ផ្ទះ​វិញ។

បើតាម​លោក​អ៊ីវ ឈុន​ផេង អធិ​ការ​រង​​នគរ​បាល​ខណ្ឌ​ឫស្សី​កែវ បាន​បញ្ជាក់​ថា ក្រៅ​ពី​ចាប់​ជំរិត​ទារប្រាក់​នេះ ជនស​ង្ស័​យបានសា​រភា​ព​ដែ​រថា​គេធ្លា​ប់​​បន្លំ​ខ្លួន​រត់​ចេញពី​ពន្ធនា​គារ​បាន​សម្រេច​ប​ន្ទា​ប់​ពី​​ជាប់​ឃុំ​​បាន​ ១​ ឆ្នាំ​កាល​ពី​​ឆ្នាំ​ ២​០​១​៧ ក្រោយ​​តុលា​កា​រ​​កាត់​ទោ​ស​​​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ។

យ៉ាង​ណា ​លោក សន កែវ អ្នកនាំពាក្យ​អគ្គ​នាយ​ក​ដ្ឋាន​ពន្ធ​នាគា​រ​នៃ​ក្រសួង​មហាផ្ទៃបាន​ទទួល​ស្គាល់ថា​កន្ល​ងទៅ​​​ពិត​ជា​មាន​ករណី​អ្នក​ទោស​លួច​ចេញពី​ពន្ធនា​គារ​​​មែន ​តែ​ក្នុង​ ក​រណី​​​ជន​សង្ស័យ ឈ្មោះ ស្រេង បូរី​នេះ លោក​ពុំទា​ន់​ដឹង​នោះទេ ដោយ​លោកថា​ នឹង​ស្រាវជ្រា​វ​លម្អិត​ពី​ករណី​នេះ។

លោក​បញ្ជាក់​ថា៖ «កន្លងទៅ​ក៏មាន​​​អ្នក​ជាប់ឃុំ​លួច​រត់រួច​អ៊ឺ​ចឹ​ង​ដែរ តែ​ក៏​តាម​ចាប់​បាន​មកវិញ តែមាន​តិច​តួច​យើង​ចាប់​អត់​បាន។...ប៉ុន្តែ​ករណី​គាត់​ហ្នឹង អាច​ខ្ញុំ​ចាំ​មិន​ច្បាស់ អ៊ឹ​ចឹ​ង​ដើម្បី​ដឹង​ព័ត៌មាន​ច្បាស់ ខ្ញុំ​សួរ​ជំនាញ​សិន»៕