The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សមត្ថកិច្ច​ បញ្ជូន​ជនសង្ស័យ​សម្លាប់​ប្រពន្ធ​ទៅ​តុលាការ

សមត្ថកិច្ច​ បញ្ជូន​ជនសង្ស័យ​សម្លាប់​ប្រពន្ធ​ទៅ​តុលាការ

Content image - Phnom Penh Post
បុរស​ដែល​កាប់សម្លាប់​ប្រពន្ធ​ខ្លួនឯង​។ រូបថត កម្ពុជា​ថ្មី

សមត្ថកិច្ច​ បញ្ជូន​ជនសង្ស័យ​សម្លាប់​ប្រពន្ធ​ទៅ​តុលាការ

កំពង់ចាមៈ សមត្ថកិច្ច​នគរបាល​ខេត្ត​កំពង់ចាម​កាលពី​ម្សិលមិញ​បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត បន្ទាប់ពី​ចាប់ខ្លួន​បាន​កាលពី​ថ្ងៃទី​​ ១៩ ​តុលា ​ភ្លាមៗ​ក្រោយពេល​សម្លាប់​ប្រពន្ធ​នៅ​ភូមិ​ដី​លើ ឃុំ​ពាមកោះស្នា ស្រុក​ស្ទឹងត្រង់​។

លោក ចាន់ ហោ នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា បុរស​សង្ស័យ​​កាប់​ប្រពន្ធ​ស្លាប់​ដែល​នគរបាល​ស្រុក​​ស្ទឹងត្រង់​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នោះ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​​សាលាដំបូង​ខេត្ត​កំពង់ចាម​ហើយ​នៅ​រសៀល​នេះ​ (​ថ្ងៃទី​ ២១ ​តុលា​)​។

លោក​ថា​៖ «​ជនសង្ស័យ​ខាង​ការិយាល័យ​ព្រហ្មទណ្ឌ​របស់​ខ្ញុំ​ទុក​មិនយូរ​ទេ​ពេល​បញ្ជូន​មកដល់​។ ​ខ្ញុំ​គ្រាន់តែ​ពិនិត្យ​បន្ថែម​លើ​របាយការណ៍​មកពី​ស្រុក​ក៏​បញ្ជូនទៅ​តុលាការ​»​។

លោក ប៉ាក ជាតិ អធិការនគរបាល ស្រុក​ស្ទឹងត្រង់​ប្រាប់​កាលពី​ម្សិលមិញ​ថា ជនសង្ស័យ​នោះ​ឈ្មោះ អុជ ផន អាយុ​ ៥៧ ​ឆ្នាំ​។ រីឯ​ស្ត្រី​រងគ្រោះ ឈ្មោះ បូ នី អាយុ​ ៦១ ​ឆ្នាំ​ពួកគេ​រស់នៅ​ក្នុងភូមិ ឃុំ ស្រុក​កើតហេតុ​ខាងលើ​។

លោក​ប្រាប់ថា​៖ «​ខ្ញុំ​បញ្ជូន​គាត់​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​នៅ​ថ្ងៃទី​ ២១ ​តុលា​។ ​រឿង​នេះ​មកពី​ទាស់សម្តី​គ្នា​តិចតួច​ទេ​»​។

លោក ប៉ាក ជាតិ បញ្ជាក់​តាម​សម្តី​សាក្សី​ថា​មុន​កើតហេតុ​នៅ​ម៉ោង ៩ ​យប់​ថ្ងៃទី​ ១៩ ​តុលា ជនសង្ស័យ​ជា​ប្តី​បាន​ប្រើ​ប្រពន្ធ​ឱ្យ​ទៅ​ទិញ​ទឹកកក ប៉ុន្តែ​ស្ត្រី​​រងគ្រោះ​ទៅ​បាត់​ជាង​ ១ ​ម៉ោង​ ទើប​មក​​ផ្ទះ​វិញ​។ ពេលនោះ​ជនសង្ស័យ​បាន​ស្តីបន្ទោស​ក៏​ទាស់សម្តី​គ្នា​រហូត​មានការ​វាយតប់​គ្នា​។

លោក​បន្តថា ពេល​កំពុង​ឈ្លោះ​គ្នា​នោះ​ស្ត្រី​រងគ្រោះ​បាន​ស្ទុះ​យក​កូនកាំបិត​មក​អារ.ក​ជនសង្ស័យ​ធ្វើឱ្យ​មុត​ចេញ​ឈាម តែ​ជនសង្ស័យ​រើរួច​ក៏​ស្ទុះ​ទៅ​យក​កាំបិតផ្គាក់​មក​អារ.ក​ស្ត្រី​រងគ្រោះ​វិញ​ដាច់​បំពង់​ខ្យល់​រហូត​ស្លាប់​នៅលើ​ផ្ទះ​។

ប៉ុន្តែ​ក្រោយពី​ពលរដ្ឋ​នៅក្បែរ​ផ្ទះកើតហេតុ​រាយការណ៍​នគរបាល​ប៉ុស្តិ៍​ឃុំ​ពាមកោះស្នា​ក៏​ចុះ​ទៅ​ឃាត់​ជនសង្ស័យ​តែម្តង​។

លោក ប៉ាក ជាតិ ថ្លែង​ថា​ជនសង្ស័យ និង​ស្ត្រី​រងគ្រោះ​មាន​កូន​ ៦ ​នាក់ ប៉ុន្តែ​កូនៗ​មាន​ប្តី​ប្រពន្ធ​អស់​ហើយ ដោយ​សុទ្ធតែ​រស់នៅ​បែក​ពី​ឪពុកម្តាយ​។

លោក​ថា បើ​តាម​អ្នកភូមិ​ថា ស្ត្រី​រងគ្រោះ​ចូលចិត្ត​ផឹកស្រា ចំណែក​បុរស​សង្ស័យ​មាន​ស្មារតី​ភ្លេចភ្លាំង​ច្រើន​។ ​កាលពី​ ៣ ​ទៅ​ ៤ ​ខែ​មុន ​ជនសង្ស័យ​បាន​ផឹកថ្នាំ​កណ្តុរ​ធ្វើ​អត្តឃាត​តែ​ត្រូវ​បាន​ប្រពន្ធ​ (​ស្ត្រី​រងគ្រោះ​) ​និង​អ្នកភូមិ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទាន់ពេល​។

លោក​បាន​ប្រាប់ថា ក្រោយ​កើតហេតុ​កូនៗ​របស់​ជនសង្ស័យ​បាន​មកសុំ​សមត្ថកិច្ច​ឲ្យ​ដោះលែង​ឪពុក​ពួកគេ តែ​ដោយសារ​ជា​បទល្មើស​ជាក់ស្តែង និង​ជា​បទល្មើស​ឃាតកម្ម​ផង​នោះ សមត្ថកិច្ច​ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់​៕

អត្ថបទគួរចាប់អារម្មណ៍