កំពតៈ សមយុទ្ធ​បាញ់​គ្រាប់ពិត​ឈ្មោះ​ហនុមាន​មាស ២០១៩ ដែល​មាន​ការ​ចូល​រួម​ពី​កង​ទ័ព​តាមអង្គ​ភាព​នា​នា​ចំនួន​ ២,៣៣២​ នាក់ និង​មាន​រយៈ​ពេល​ ៦ ថ្ងៃចាប់​ពី​ថ្ងៃ​ទី ៣ ដល់​ទី​ ៨ ឧសភា ​នៅ​ទីលាន​បាញ់​គ្រាប់​ពិត​តេជោ​សែន​ជុំ​គិ​រី​ដែល​ស្ថិត​នៅ​ក្នុង​ភូមិត្រ​ពាំងវែង​ ឃុំ​ត្រពាំង​វែង​ ស្រុក​ជុំ​គិរី​ ខេត្ត​កំពត​នោះ បាន​បិទ​បញ្ចប់​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​ម្សិល​មិញ​ ជា​មួយ​នឹង​អ្វី​ដែល​មន្ត្រី​យោ​ធានិយាយ​ថា​ ទទួល​បាន​កម្រិត​ពិន្ទុ​ខ្ពស់។​

យោធា​ដែល​ចូល​រួម​បង្ហាញ​សមត្ថ​ភាព​ក្នុង​សម​យុទ្ធ​លើកនេះគឺ​មក​ពី​តាម​បណ្ដា​អង្គភា​ព​ជំនាញ​នា​នា ​ដូច​ជា​ វិទ្យា​ស្ថាន​កង​ទ័ព​ជើង​គោក បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស ទ័ព​ជើង​អា​កាស ​បញ្ជា​ការ​ដ្ឋាន​ការ​ពារ​អា​កាស ​វិទ្យាស្ថាន​កង​ទ័ព​ជើង​គោក ​បញ្ជា​ការ​ដ្ឋាន​បញ្ជូន​សារ​ កង​ពល​តូច​លេង​ ៧០ កង​ពល​តូច​ទ័ព​ពិសេស​ឆត្រ​យោង​លេខ ៩១១ ​បញ្ជា​ការ​ដ្ឋាន​វិស្វក​ម្មជា​ដើម ​និង​បាន​បាញ់​គ្រាប់​កាំ​ភ្លើង​ធំ​ពិត​ជា​ច្រើន​ប្រភេទ​រួមទាំង​ការ​ប្រើ​ប្រាស់​រថពាស​ដែក ​៩​ គ្រឿង ​រថ​ក្រោះ​ ៩​ គ្រឿង​ រថយន្ត​ពេទ្យ ​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​ រ​ថយន្ត​ដឹក​ជញ្ជូន ​និង​ឧទ្ធម្ភាគ​ចក្រ​ជាដើម។

សម​យុទ្ធ​ហនុ​មាន​មាស​នេះ ត្រូវ​បាន​ប្រ​កាស​បើក​ដោយ​លោក​ឧ​ត្ត​ម​សេ​នីយ៍​ឯក ហ៊ុន ម៉ា​ណែត អគ្គមេ​​បញ្ជាការ​រង​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជាកា​រ​នៃ​បញ្ជា​កា​រដ្ឋាន​កង​ទ័ព​ជើង​គោក ​និង​ត្រូវ​បានប្រកា​សបិទ​វិញ​ដោយ​នាយ​ឧ​ត្ត​ម​សេនី​យ៍ ​វង្ស​ ពិ​សេន អគ្គ​មេប​ញ្ជាការ​​នៃកង​យោធ​ពល​ខេមរ​ភូមិន្ទ​ ហើយ​នេះ​​គឺជា​លើក​ទី៤ នៃ​ការធ្វើ​សម​យុទ្ធ​ហនុ​មាន​មាស​ដែល​លើក​ទី១ ​ធ្វើឡើ​ង​ក្នុង​ឆ្នាំ​ ២០១០ លើក​ទី​២ ក្នុង​ឆ្នាំ​ ២០១៣​ និង​លើក​ទី៣ ក្នុង​ឆ្នាំ ២០១៨។

លោក ឈុំ សុជាតិ មន្ត្រី​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ធ្លាប់​បាន​បញ្ជាក់​មុនពេល​បើក​សមយុទ្ធ​ថា សម​យុទ្ធ​ទាំង ៤​ លើក​នេះគឺ​ដើម្បី​លើក​កម្ពស់​សមត្ថ​ភាព គុណ​ភាព និង​ផ្ដល់​ចំណេះ​ដឹង​ទៅ​ដល់​កង​ទ័ព ទាំង​ក្នុង​ពេល​ហ្វឹក​ហ្វឺ​ន និង​ទាំង​ក្នុង​ពេល​ប្រយុទ្ធ​ ប៉ុន្តែ​សម​យុទ្ធ​នេះ មិន​មែន​ដើម្បី​គំរាម​កំហែង​ដល់​នរ​ណា​ឡើយ ក្រៅ​តែ​ពី​ហ្វឹកហ្វឺន​ដើម្បី​ពង្រឹង​សមត្ថភាព​កងទ័ព។

លោក ឈុំ សុជាតិ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពីម្សិល​មិញ​ទៀត​ថា សម​យុទ្ធ​ហនុ​មាន​មាស​លើក​ទី៤ នេះ គឺមាន​ប្រ​តិបត្តិការ​វាយ​បក​ចូល​ដណ្ដើម​ទីតាំង​ដែល​បាត់​បង់​ទៅ​សត្រូវ​មក​គ្រប់គ្រ​ង​វិញ ហើយ​នេះ​គឺ​ជាការ ខុស​គ្នា​ពី​សម​យុទ្ធ​នាគ​មាស​លើក​ទី៣ ​រវាង​យោធា​កម្ពុជា-ចិន​ ធ្វើឡើង​កាលពី​ខែមីនា ដែលមាន​ប្រតិ​បត្តិការ​ជួយ​សង្គ្រោះ​ចំណាប់​ខ្មាំង​និង​វាយ​សម្រុក​ដណ្ដើម​ទីតាំង​របស់​សត្រូវ។

លោក​បន្ត​ថា សមយុទ្ធ​ដែលបានបញ្ចប់​កាលពីម្សិលមិ​ញ​នេះទទួល​បាន​ការ​ដាក់​ពិន្ទុ​ល្អ​ពី​ ៨០-៩០ ភាគរយ​ពី​ខាង​គណៈ​កម្មកា​រ ហើយ​កា​រដាក់​ពិន្ទុ​គឺ​អាស្រ័យ​ទៅលើ​លទ្ធ​ផល​ចំនួន​ ៣ ​យ៉ាង​ ទី​១ កងទ័ព​បាន​ចេញ​ធ្វើ​ប្រតិ​បត្តិ​ការ​ដោយ​គ្មាន​អ្នករងរបួស ទី២ កងទ័ព​បាន​អនុវត្ត តាម​បទ​បញ្ជា​បាន​ត្រឹម​ត្រូវ​នៅ​ពេល​ចេញ​ប្រតិ​បត្តិការ​ និង​ទី៣​ កង​ទ័ព​ជើង​អា​កាស ​និង​ជើង​គោក​បាន​សហការ​គ្នា​ល្អ​នៅ​ក្នុង​សមរភូមិ។​

លោក​បានបញ្ជាក់ថា៖ «លើក​នេះ​គឺមាន​កម្រិត​ល្អ​ជាង​មុនហ្វឹក​ហ្វឺន​ច្រើន​លើកយើងឃើញ​ថា ការ​សហ​ប្រតិ​បត្តិ​ការ​រវាង​កង​កម្លាំង​ចម្រុះ​ បាន​សហ​ការ​បាន​ល្អ បើ​ស្ទង់​សម​ត្ថភាព​កងទ័ព​យើងគឺ​ធ្វើបាន​រហ័ស ​និង​ធ្វើ​ត្រឹម​ត្រូវ​តាម​ពេលវេលា​ដែល​បាន​កំណត់​ នេះ​គឺ​កម្រិត​មួយ​ដែល​យើង​អាច​វាយ​តម្លៃ​ថា ជា​កម្រិត​រីក​ចម្រើន»។

ទោះ​ជា​យ៉ាង​ណា​ លោក ឈុំ សុជាតិ មិន​អាច​បង្ហាញ​អំពី​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ចំណាយ​នៅក្នុង​ស​មយុទ្ធ​ទាំង ​៦ ថ្ងៃនេះ​ទេ ហើយ​លោក​ក៏​មិន​ទាន់​បានដឹង​ថា សមយុទ្ធ​ហនុមាន​មាស​លើក​ទី៥ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​ណា​ដែរ៕