The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សមយុទ្ធ​យោធា​កម្ពុជា-អាមេរិក CARAT បញ្ចប់​ដោយ​ជោគជ័យ

សមយុទ្ធ​យោធា​កម្ពុជា-អាមេរិក CARAT បញ្ចប់​ដោយ​ជោគជ័យ

សមយុទ្ធ​យោធា CARAT រវាង​ទ័ព​ជើង​ទឹក​កម្ពុជា និង​សហរដ្ឋ​អាមេរិក នៅ​មូលដ្ឋាន​រាម។
សមយុទ្ធ​យោធា CARAT រវាង​ទ័ព​ជើង​ទឹក​កម្ពុជា និង​សហរដ្ឋ​អាមេរិក នៅ​មូលដ្ឋាន​រាម។ រូបថត តាំង វីដា

សមយុទ្ធ​យោធា​កម្ពុជា-អាមេរិក CARAT បញ្ចប់​ដោយ​ជោគជ័យ

ព្រះ​សីហនុៈ សមយុទ្ធ​យោធា​ឈ្មោះ​ថា ប្រតិបត្តិ​ការ​ត្រៀម​ជា​ស្រេច​លើ​ផ្ទៃ​ទឹក (CARAT) រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ ទី២៧ រហូត​ដល់​ថ្ងៃ ទី៣០ ខែ​តុលា ឆ្នាំ​២០១៤ ត្រូវ​បាន​ភាគី​មេ​បញ្ជាការ​កង​នាវា​នៃ​ប្រទេស​ទាំង​ពីរ អះអាង​ថា បញ្ចប់​បាន​ដោយ​ភាព​ជោគ​ជ័យ និង​ការ​យោគ​យល់ និង​ការ​សិក្សា​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក។

សមយុទ្ធ​ដែល​មាន​ឈ្មោះ​ថា ប្រតិបត្តិ​ការ​ត្រៀម​ជា​ស្រេច​លើ​ផ្ទៃ​ទឹក (CARAT) លើក ទី៥ នេះ បាន​ចាប់​ផ្ដើម​នៅ​មូលដ្ឋាន​ជើង​ទឹក​រាម​ដោយ​មាន​ការ​ចូល​រួម​ពី​កងទ័ព​ជើង​ទឹក​របស់​សហរដ្ឋ​អាមេរិក​ជាង ៤០០ នាក់​និង​កងទ័ព​កម្ពុជា ប្រមាណ​ជាង ២០០ នាក់។ កងទ័ព​ជើង​ទឹក និង​បុគ្គលិក​របស់​អាមេរិក​ត្រូវ​បាន​បញ្ជូន​មក​តាម​រយៈ​នា​វា​ពិឃាត​ម៉ាស្ទីន (USS MASTIN DDG89) របស់​អាមេរិក ដែល​ចូល​មក​សំចត​លើ​ផ្ទៃ​សមុទ្រ​នៃ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ ទី២៥ ខែ​តុលា ឆ្នាំ​២០១៤។

នៅ​លើ​សមុទ្រ​នាវា​ឈ្មោះ USS Mustin (DDG 89) ដែល​មាន​បុគ្គលិក​ជាង ៣៥០ នាក់​ជា​កង​នាវា​ពិឃាត​លេខ ៧ និង​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង បាន​ធ្វើ​ការ​ហ្វឹក​ហ្វឺន​ជាមួយ​នាវា​ល្បាត ២ គ្រឿង​របស់​កងទ័ព​ជើង​ទឹក​កម្ពុជា ដែល​មាន​ជាង ៦០ នាក់។ ក្រៅ​ពី​ការ​ហាត់​បើក​បរ​និង​លំហាត់​បាញ់​កាំភ្លើង​លើ​សមុទ្រ​ចំណុច​សំខាន់ៗ រួម​មាន​ការ​ផ្លាស់​ប្តូរ​ផ្នែក​ឡើង​នាវា​ឆាក​នៃ​ការ​ឡើង​កាន់​កាប់​នាវា លំហាត់​ផ្នែក​រុក​រក និង​ការ​ជួយ​សង្គ្រោះ។

ក្រោយ​បញ្ចប់​កិច្ច​សមយុទ្ធ​នេះ លោក ឯក អ៊ិន សុខេមរា មេ​បញ្ជាការ​កង​នាវា​ល្បាត​លេខ ៦ របស់​កម្ពុជា មាន​ប្រសាសន៍​ថា ការ​ហ្វឹក​ហ្វឺន​សមយុទ្ធ​នេះ គឺជា​ការ​រំឭក​ឡើង​វិញ​នូវ​មេរៀន និង​ជំនាញ​ដែល​កងទ័ព​ជើង​ទឹក​កម្ពុជា ធ្លាប់​បាន​រៀន​សូត្រ​កន្លង​មក ហើយ​ក៏​ជា​ឱកាស​សម្រាប់​ការ​រៀន​សូត្រ​នូវ​មុខ​ជំនាញ​ប្លែកៗ និង​ការ​ប្រើ​ប្រាស់​ឧបករណ៍​ទំនើបៗ​ពី​សហរដ្ឋ​អាមេរិក​ជា​របស់​ប្រទេស​លោក​ខាង​លិច។

លោក​ថា៖ «ជុំវិញ​ការ​ទំនាក់​ទំនង បើ​និយាយ​ពី​ភាសា​យើង​ជួប​ការ​លំបាក​ខ្លះ​គ្នា យើង​មួយ​ចំនួន​រៀន​អង់គ្លេស​បាន​ច្រើន ប៉ុន្តែ​ពាក់​ព័ន្ធ​លើ​ការងារ​ជំនាញ​យើង​រាង​ស្ទើរ​បន្តិច នាវាចរ​ត្រូវ​ការ​ពាក្យ​ពេចន៍​នាវាចរ​ច្រើន ដើម្បី​ស្វែង​យល់ ហើយ​យើង​ត្រូវ​តែ​ចេះ​អ៊ីចឹង​បើ​សិន​ជា​អ្នក​ធ្លាប់​ជួប​ប្រទះ​ហ្វឹក​ហ្វាត់​ហើយ​មិន​ពិបាក​ទេ តែ​បើ​យើង​ហាត់​បាន​ស្ទើរ គឺ​ជួប​ផល​វិបាក​ហើយ»។

លោក អ៊ិន សុខេមរា បាន​វាយ​តម្លៃ​ថា ការ​ហ្វឹក​ហាត់​នេះ​បាន​ផ្តល់​នូវ​ផល​ប្រយោជន៍​ច្រើន​ដល់​កងទ័ព​ជើង​ទឹក​ជំនាញ ដើម្បី​ពង្រឹង​សមត្ថភាព និង​ផ្លាស់​ប្តូរ​បទ​ពិសោធ​រវាង​គ្នា​ទៅ​វិញ​ទៅ​មក៖ «កងទ័ព​ជើង​ទឹក​ត្រូវ​តែ​មាន​ការ​ហ្វឹក​ហាត់​ជានិច្ច...ប្រយោជន៍​ដែល​ទទួល​បាន គឺ​បាន​ជោគ​ជ័យ គ្រប់​លំដាប់​នៃ​កម្មវិធី​លំហាត់»។

លោក​វរនាវី​ឯក Fred Kacher មេ​បញ្ជាការ​នៃ​កង​នាវា​ពិឃាត​ក្រុម​លេខ ៧ បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ហ្វឹក​ហ្វឺន​នេះ​បាន​បង្ហាញ​ថា ទាហាន​ជើង​ទឹក​កម្ពុជា និង​អាមេរិក សុទ្ធ​តែ​បាន​អនុវត្ត​កាតព្វកិច្ច​ប្រកប​ដោយ​វិជ្ជាជីវៈ និង​មាន​សមត្ថភាព​ខ្ពស់។

លោក​ថា៖ «ទាំង​អស់​នេះ ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ជាក់​ថា ពួក​យើង​បាន​ឡើង​ទៅ​កាន់​កម្រិត​មួយ​ទៀត​នៃ​កិច្ច​សហ​ប្រតិបត្តិការ​និង​ការ​ពង្រឹង​សមត្ថភាព​ទាហាន​ជើង​ទឺក​នៃ​ប្រទេស​ទាំង​ពីរ ខ្ញុំ​សប្បាយ​ចិត្ត​ចំពោះ​រឿង​នេះ ហើយ​មាន​ជំនឿ​ចិត្ត​ថា ពួក​យើង​នឹង​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​នៅ​ឆ្នាំ​ខាង​មុខ​និង​ឆ្នាំ​បន្ត​បន្ទាប់​ទៀត»។

លោក Fred Kacher បាន​ឲ្យ​ដឹង​ទៀត​ថា បញ្ហា​ប្រឈម​នៃ​កិច្ច​ហ្វឹក​ហ្វឺន​នេះ​គឺ​មិន​ខុស​ពី​កិច្ច​សហការ​ជាមួយ​ប្រទេស​ដទៃ​នោះ​ទេ ប៉ុន្តែ លោក​បាន​សង្កេត​ឃើញ​ថា ទាហាន​ជើង​ទឹក​កម្ពុជា គឺ​ប្រឹង​ប្រែង​ខ្លាំង​និង​មាន​ភាព​រួស​រាយ «ជាក់​ស្តែង ពួក​យើង​បាន​ជម្នះ​នូវ​របាំង​នៃ​ការ​ប្រើ​ប្រាស់​ភាសា វប្បធម៌ ក្នុង​ការ​ទំនាក់​ទំនង...វា​ត្រូវ​តែ​មាន​អ្វី​ដែល​ជា​ឧបសគ្គ ដែល​យើង​ត្រូវ​តែ​ជម្នះ»។

ចំណុច​ខុស​គ្នា​តូច​មួយ​ដែល​ភាគី​ហ្វឹក​ហ្វឺន​របស់​ប្រទេស​ទាំង​ពីរ​រក​ឃើញ​និង​ត្រូវ​បាន​ចាត់​ទុក​ថា មាន​ប្រយោជន៍​សម្រាប់​សិក្សា​ពី​គ្នា​ទៅ​វិញ​ទៅ​មក​នោះ គឺ​ការ​ប្រើ​ប្រាស់​ភាសា​សម្រាប់​ការ​ឆ្លើយ​ឆ្លង​គ្នា​ពី​នាវា​មួយ​ទៅ​នាវា​មួយ​ទៀត ដោយ​ទាហាន​ជើង​ទឹក​កម្ពុជា ប្រើ​ប្រាស់​ទង់​ដៃ ចំណែក​ឯ​ទាហាន​អាមេរិក​វិញ គឺ​ប្រើ​ប្រាស់​នូវ​សំឡេង។

កាល​ពី​ថ្ងៃ ទី២៧ ខែ​តុលា ភារធារី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក​ស្រី ជូលី ជុង មាន​ប្រសាសន៍​បើក​កម្មវិធី​ថា សមយុទ្ធ​យោធា «កា​រ៉ាត់» នេះ​នឹង​ផ្តល់​ឲ្យ​សិក្ខាកាម​ដែល​បាន​ចូល​រួម​ទាំង​អស់​យល់​អំពី​ការ​ប្រឈម​ផ្សេងៗ​ដែល​កើត​មាន​នៅ​ក្នុង​លម្ហ​សមុទ្រ​ដោយ​មាន​ការ​ការពារ​ដែន​សមុទ្រ​ការ​ការពារ​តំបន់​ធម្មជាតិ​ការពារ​មិន​ឲ្យ​មាន​ការ​ធ្វើ​នេសាទ​ខុស​ច្បាប់ ដែល​នឹង​បង្ហាញ​ឲ្យ​ឃើញ​ពី​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា-អាមេរិក កាន់​តែ​ខ្លាំង​ក្លា​ឡើង​ថែម​ទៀត។

សមយុទ្ធ​យោធា​សម្រាប់ ឆ្នាំ​២០១៤ នេះ​បាន​នាំ​មក​នូវ​កម្មវិធី​លំហាត់​ហ្វឹក​ហ្វឺន​មាន​ទិដ្ឋភាព​ចម្រុះ​រវាង​កង​ទ័ព​ជើង​ទឹក កង​ទ័ព​ជើង​អាកាស កង​រាជ​អាវុធហត្ថ មន្ត្រី​អនុវត្ត​ច្បាប់​សន្តិសុខ​សមុទ្រ កង​មុជ​ទឹក នាយ​នាវី​ផ្នែក​ពេទ្យ រួម​ជាមួយ​មធ្យោបាយ​គ្រឿង​បំពាក់​នាវា ឧទ្ធម្ភាគចក្រ​និង​ដំណើរ​ការ​បាញ់​គ្រាប់​ពិត​ផង​ដែរ។ ការ​ហ្វឹក​ហ្វឺន​នេះ ក៏​ត្រូវ​បាន​រាប់​បញ្ចូល​ផង​ដែរ​នូវ​កិច្ច​សហ​ប្រតិបត្តិ​ការ​ឆែក​ឆេរ​នាវា ការ​មុជ​ទឹក​កិច្ច​ការ​រុក​រក​ដើម្បី​សង្គ្រោះ និង​ការ​សិក្សា​ផ្នែក​ច្បាប់​សមុទ្រ​ដើម្បី​ពង្រឹង​នូវ​សមត្ថភាព​ការពារ​ដែន​សមុទ្រ។

សមយុទ្ធ​យោធា CARAT បាន​បង្កើត​ឡើង​រយៈ​ពេល ២០ ឆ្នាំ​មក​ហើយ ក្នុង​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​រវាង​អាមេរិក ជាមួយ​បណ្តា​ប្រទេស​ក្នុង​អាស៊ី​ប៉ាស៊ីហ្វិក និង​អាស៊ី​អាគ្នេយ៍ ដែល​ក្នុង​នោះ​កម្ពុជា បាន​ចូល​រួម​តាំង​ពី ឆ្នាំ​២០១០ មក​ដោយ​អនុវត្ត​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​គោល​បំណង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​តំបន់​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេ​ភាគី កសាង​មិត្តភាព​សមត្ថភាព​ជំនាញ​អាជីព ពី​កម្រិត​ទ្រង់​ទ្រាយ​តូច និង​ឈាន​ទៅ​រក​ទម្រង់​ទ្រង់​ទ្រាយ​កាន់​តែ​ទូលំ​ទូលាយ៕

អត្ថបទគួរចាប់អារម្មណ៍