ភ្នំពេញៈ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ នៅ​តែ​រក្សា​ជំហរ​ប្រមូល​ផ្តុំ​សម្តែង​មតិ នៅ​មុខ​សាលា​រាជធានី​ដដែល ក្នុង​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល ដោះលែង​អតីត​មេ​ដឹកនាំ​បក្ស​ប្រឆាំង​ លោក កឹម សុខា ដើម្បី​រក្សា EBA បន្ទាប់​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​តាម​ការ​គ្រោង​ទុក​​នៅ​ពាក់​កណ្តាល​ខែ​នេះ​។

ថ្លែង​ក្នុង​សន្និសីទ​កា​សែត​នៅ​ការិយាល័យ​សមាគម​គ្រូ​បង្រៀន កាល​ពី​ម្សិលមិញ លោក រ៉ុង ឈុន ទីប្រឹក្សា​សមាគម​គ្រូ​បង្រៀន​ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​លើក​ឡើង​ថា ជំហរ​ប្រមូល​ផ្តុំ​សម្តែង​មតិ​នៅ​តែ​រក្សា​ដដែល​ ដោយ​គ្រាន់​តែ​លើក​ពេល​រហូត​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី ព្រោះ​តែ​ថ្នាក់​ដឹកនាំ​មាន​បេសកកម្ម​។

ជាមួយ​នឹង​ការ​ប្រកាស​នេះ​លោក​ក៏​បង្ហាញ​ការ​សោកស្តាយ​ចំពោះ​អាជ្ញាធរ​ដែល​បាន​បដិសេធ​សំណើ​របស់​សមាគម​ដែល​សុំ​ជួបជុំ​សម្តែង​មតិ​របស់​កម្មករ​ក្រុម​គ្រូ​បង្រៀន ដោយ​ចាត់​ទុក​ថា​ ជា​ការ​បិទ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ ជា​ច្បាប់​កំពូល​របស់​កម្ពុជា និង​ប្រាស​ចាក​ពី​កតិកា​សញ្ញា​ស្តីពី​សិទ្ធិ​មនុស្ស​សកល​។

លោក រ៉ុង ឈុន ​បញ្ជាក់​ថា៖ «យើង​ទាមទារ​រក​ដំណោះស្រាយ​មួយ រឿង EBA ព្រោះ​យើង​ដឹង​ហើយ​ថា ឱសានវាទ​ នឹង​មក​ដល់​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​នេះ ដែល​សហភាព​អឺរ៉ុប​ គេ​បាន​កំណត់ ហើយ​នៅ​ថ្ងៃទី ១៥ ខាង​មុខ​ហ្នឹង គឺ​ជា​ថ្ងៃ​បញ្ចប់ ហើយ​គេ​នឹង​វាយ​តម្លៃ​នៅ​ក្នុង​ការ​ស្រាវជ្រាវ គេ​នឹង​បញ្ចប់​របាយការណ៍​របស់​គេ ដោយ​គេ​នឹង​ចេញ​សេចក្តី​សម្រេច​ដក មិន​ដក​នៅ​ខែ ​កុម្ភៈ ឆ្នាំ ២០២០។ ដូច្នេះ​ពេល​វេលា​ហ្នឹង​កាន់​តែ​កៀក​ទៅៗ​ហើយ​បាន​ជា​យើង​ជូន​ដំណឺង​ទៅ​សាលា​រាជធានី​ភ្នំពេញ ថា​នឹង​ធ្វើ​ការ​ប្រមូល​ផ្តុំ ​ដើម្បី​ធ្វើ​ការ​សម្តែង​មតិ»​។

ក្រៅ​ពី​បង្ហាញ​ជំហរ​ប្រមូល​ផ្ដុំ​គ្នា​នេះ​ កាល​ពី​ម្សិលមិញ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​​មួយ​ដោយ​បារម្ភ​ចំពោះ​រដ្ឋាភិបាល​ដែល​នៅ​បន្ត​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ ការ​ឃុំឃាំង​មេ​ដឹកនាំ​បក្ស​ប្រឆាំង និង​បញ្ហា​គួប​ផ្សំ​ជា​ច្រើន​ទៀត ដែល​ធ្វើ​ឲ្យ​កម្ពុជា​ប្រឈម​កាន់​តែ​ខ្លាំង​នឹង​ការ​កាត់​ផ្តាច់​ EBA របស់​អឺរ៉ុប និង GSP របស់​អាមេរិក​។

សេចក្តី​ថ្លែងការណ៍​នោះ បាន​បញ្ជាក់​ថា៖​ «ធ្វើ​ឲ្យ​កម្មករ​រាប់​សែន​នាក់ ទទួល​ផល​វិបាក​សង្គម​ រងគ្រោះ​ដោយ​ផ្ទាល់​បាត់បង់​ការងារ និង​បាត់​អត្ថប្រយោជន៍​នានា​ ។ ពលរដ្ឋ​រាប់​លាន​នាក់​ទៀត ក៏​ក្លាយ​ជា​ជន​រងគ្រោះ​ដោយ​ប្រយោល​ពី​ផល​វិបាក​សង្គម​មួយ​នេះ​។ក្នុង​នោះ​រួមមាន ​ក្រុម​គ្រួសារ​មន្ត្រី​រាជ​ការ​ កង​កម្លាំង និង​អ្នក​លក់​ដូរ​ផង​ដែរ​។ ពេល​នោះ​កម្ពុជា ប្រឈម​ការ​បាត់បង់​ចំណូល​ជាតិ​មួយ​ចំណែក​ធំ ហើយ​បញ្ហា​សង្គម​ក៏​កាន់​តែ​មាន​វិបត្តិ​ធ្ងន់ធ្ងរ»។

លោក ម៉េត មាស​ភក្តី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ មិន​អាច​សុំ​​អត្ថាធិប្បាយ​បាន​ទេ​ កាល​ពី​ម្សិលមិញ។ ប៉ុន្តែ​លោក ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ បាន​ចាត់​ទុក​ថា សកម្មភាព​របស់​សមាគម​គ្រូ​បង្រៀន​ពេល​នេះ​គឺ​ជា​ចេតនា​អាក្រក់ ​និង​មិនមែន​ជា​សកម្ម-ភាព​​នៃ​ការ​បញ្ចេញ​មតិ​នោះ​ទេ។

លោក​ថា៖ «មេ​ដឹកនាំ​របស់​សមាគម​​នេះ គឺ​បាន​ធ្វើ​សកម្មភាព​ជា​ច្រើន​នៅ​ក្រៅ​ប្រទេស ​ដែល​រួម​ជាមួយ​សកម្មភាព​ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នាយក​រដ្ឋមន្ត្រី ឬ​រដ្ឋាភិបាល ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ក្នុង​ពេល​ថ្មីៗ​នេះ និង​ចូលរួម​សកម្មភាព​ដែល​ធ្វើ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ងើប​ឈរ​ឡើង​តតាំង​ជាមួយ​រាជ​រដ្ឋាភិបាល​ហើយ​ធ្វើ​ឲ្យ​ពលរដ្ឋ​បះបោរ ​ដូច្នេះ​គឺ​ជា​សកម្មភាព​មួយ​ដែល​មិន​អាច​ទទួល​យក​បាន​​ទេ​»។

លោក​ក៏​បាន​ព្រមាន​ចាត់​វិធានការ​ផង​ដែរ​ថា​៖ «រដ្ឋាភិបាល ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​សណ្តាប់​ធ្នាប់​សាធារណៈ និង​ចាត់​វិធានការ​គ្រប់​បែប​យ៉ាង​ ដើម្បី​ធានា​សណ្តាប់ធ្នាប់​សាធារណៈ ​សន្តិភាព ​ស្ថិរភាព​របស់​សាធារណៈ។ អ៊ីចឹង​ជន​ណា​ប្រកាស​បែប​នេះ គឺ​នឹង​ចាត់​វិធានការ​បញ្ចូន​ទៅ​កាន់​តុលាការ»​ ៕