
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បំពេញបេសកកម្មនាពេលកន្លងមក។ រូបថត TYDA Page
ភ្នំពេញៈ ក្រុមប្រឹក្សាភិបាលនៃគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបានច្រានចោលនូវកម្មវិធីយុទ្ធនាការម្នាក់ ១ ដុល្លារ ដើម្បីទ្រទ្រង់ដល់សកម្មភាពរបស់ក្រុមគ្រូពេទ្យដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការព្យាបាល និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩។
ការច្រានចោលនេះ បន្ទាប់ពីលេចចេញនូវខិត្តប័ណ្ណមួយបន្តចែកចាយនៅលើបណ្តាញសង្គមដែលមានខ្លឹមសារថា «យុទ្ធនាការម្នាក់ ១ ដុល្លារ ចែករំលែកក្តីគោរពដឹងគុណដល់វីរគ្រូពេទ្យកម្ពុជា ដែលបានខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃ ដើម្បីកម្ពុជា និងបានចូលរួមយ៉ាងសកម្មបំផុតប្រយុទ្ធប្រឆាំង និងព្យាបាលយកឈ្នះលើការរាលដាលជំងឺកូវីដ ១៩ នៅកម្ពុជា។
អនុប្រធានក្រុមប្រឹក្សាភិបាលនៃគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោលោកស្រី ពេជ ចន្ទមុន្នី បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនដោយបានចាត់ទុកខិត្តប័ណ្ណនោះជាព័ត៌មានក្លែងក្លាយ។ «សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) មិនមានយុទ្ធនាការម្នាក់ ១ ដុល្លារនេះទេ»។
លោក ហ៊ុយ យ៉ាឡេង ផលិតករ និងជាម្ចាស់ផលិតកម្ម កថាជ័យភាពយន្ត និងជាអ្នកគ្រប់គ្រងកម្មវិធី ១ ម៉ោង ដើម្បីសង្គមជាតិដែលបានផ្តួចផ្តើមកម្មវិធីនេះបានចេញលិខិតសុំទោសចំពោះក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោដែលចុះថ្ងៃទី ១៥ ខែមីនា។
ដោយបានយក Logo មកប្រើនៅលើ Poster ផ្សព្វផ្សាយកម្មវិធី យុទ្ធនាការម្នាក់ ១ ដុល្លារ ចែករំលែកក្តីគោរពដឹងគុណដល់ វីរគ្រូពេទ្យកម្ពុជា ដើម្បីទ្រទ្រង់ដល់សកម្មភាពរបស់ TYDA ដោយមិនបានសុំការអនុញ្ញាតពីក្រុមប្រឹក្សាភិបាលជាមុន។
នៅលើហ្វេសប៊ុកផ្លូវការរបស់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានបង្ហោះសារជាបន្តបន្ទាប់ដោយថ្លែងអំណរគុណដល់សប្បុរសជនដែលបានឧបត្ថម្ភជាថវិកា និងសម្ភារមួយចំនួនដោយផ្ទាល់ សម្រាប់ប្រើប្រាស់ជាចាំបាច់ក្នុងអំឡុងពេលក្រុមគ្រូពេទ្យដែលកំពុងបំពេញភារកិច្ចមនុស្សធម៌ប្រកបដោយមោទនភាពក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩។
កាលពីឆ្នាំ ២០២០ គ្រូពេទ្យស្ម័គ្រចិត្តរបស់ TYDA ចំនួន ៤២២ នាក់ បានចូលរួមជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១២ ផ្តួចផ្តើមដោយលោក ហ៊ុន ម៉ាណែត និងភរិយារបស់លោក៕