ភ្នំពេញៈ សមាគមគ្រូ​បង្រៀន​ដ៏​លេច​ធ្លោ​​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី ​១៤ ​ខែ​មីនានេះ​ បាន​អំពាវ​នាវ​ដល់​អង្គ​ការ​​​អន្ដរ​ជាតិ​នានា​ ឱ្យ​ជួយ​ធ្វើ​អន្ត​រាគ​មន៍​ក្នុង​រឿង​អតីត​សមា​ជិក​គណ​បក្សប្រ​​ឆាំង ​១៣ ​រូប​​ ដែល​ត្រូវ​បាន​បាត់​បង់​ការ​ងារ​ដោយ​សារ​ក្រ​សួង​អប់រំ​លុប​ឈ្មោះ​ពួក​គេ​ដោយ​គ្មាន​មូល​ហេតុ​ត្រឹម​ត្រូវ​។

លោក​ស្រី​ អ៊ុក​ ឆាយាវី​ ប្រធា​ន​សមា​គម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​​ហៅ​កាត់​ថា(CITA) បាន​ហៅ​ការ​បញ្ឈប់​នេះ​​ថា​ ជា«រឿង​នយោ​បាយ»។ នេះ​បើ​តាម​លិ​ខិ​តមួយ​ដែល​បាន​ផ្ញើ​ទៅ​សហ​ភាព​សហ​ជីព​អន្តរ​ជាតិ (ITUC) អង្គ​ការ​ពល​កម្ម​អន្តរ​ជាតិ​និង​អង្គ​ការ​អប់រំ​អន្ត​រ​ជាតិ។

លោក​ស្រី​ ឆាយាវី​ បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​នោះ​ថា៖«ស្រ​ដៀង​គ្នា​នេះ​គ្រូ​បង្រៀន​ ក៏បាន​បញ្ជាក់​ថា ​[ក្រសួង​អប់រំ] មិន​បាន​ហៅ​ពួក​គេ​ទៅ​សាក​សួរ​នោះ​ទេ​ ប៉ុន្តែ​គឺ​បាន​បញ្ឈប់​ពួក​គេ​ដោយ​គ្មាន​ហេតុ​ផល​ច្បាស់​លាស់​តែ​ម្តង»។លោក​ស្រី​បាន​បន្ថែម​ថា​ ការ​ប​ញ្ឈប់​នេះ​គឺ​ជា«ការ​សង​សឹក​នយោ​បាយ» ដោយ​សារ​តែ​អ្នក​ទាំង​នោះ​ជា​អតីត​មន្ត្រី​របស់​គណ​បក្ស​ប្រឆាំង​និង​ជា​សមា​ជិក​សហ​ជីព​។

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​លោក​ រស់​ សា​លីន​ មិន​អាច​ទាក់​ទង​បាន​ទេ​ កាល​ពី​ព្រឹក​មិញ​។

បើតាម​លោក​ស្រី​ ឆាយាវី​ ទាំង​ក្រសួង​អប់រំ​ និង​ខុទ្ទ​កា​ល័យ​នាយក​រដ្ឋមន្ត្រី​​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​កា​រអំពាវ​នាវ​របស់​សហ​គម​ CITA ឲ្យ​ទ​ទួល​យក​ពួក​គេ​ធ្វើ​ការ​វិញ​នោះ​ទេ​។ ប៉ុន្តែនៅថ្ងៃពុធនេះ លោក​ស្រី​ ឆាយាវី​ បាន​ឲ្យ​ដឹងថា​ សមា​ជិក​នឹង​ព្យាយាម​ម្តង​ទៀត​ដើម្បី​ឲ្យ​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ក្រសួង។

លោក​ស្រី​បាន​ថ្លែង​ថា៖«ប្រសិន​បើ​វា​នៅតែ​មិន​អាច​ដោះ​ស្រាយ​បាន​ទេ ​នោះ​យើង​នឹង​ប្រមូល​​ផ្តុំគ្នា​នៅ​មុខ​ផ្ទះ​របស់​លោក​នាយ​ក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ដើម្បី​ស្នើ​សុំ​ឲ្យ​គាត់​ជួយ​អន្ត​រាគម​ន៍»។

ជា​ញឹក​ញាប់​សមា​គម​ CITA តែង​តែ​រិះគន់​គោល​នយោ​បាយ​របស់​រដ្ឋា​ភិ​បាល​នៅ​ក្នុង​វិស័យ​អប់​រំ​ហើយ​សមា​ជិក​រប​ស់​ខ្លួន​ក៏​តែង​តែ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​គណ​បក្ស​កាន់​អំណាច​ថា​ជា​អ្នក​គាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​។

លោក​ស្រី Monina Wong មន្ត្រី​របស់​អង្គ​ការ ITUC ប្រចាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ បាន​ថ្លែង​តា​មរយៈ​សារ​មួយ​ថា​ ទាំង​សហ​ភាព​សហ​ជីព​អន្តរ​ជាតិ​ITUC និង​ដៃគូ​​អប់រំ​អន្តរ​ជាតិ​«គាំទ្រ»​ឲ្យ​មាន​ការទ​ទួល​យក​ [គ្រូ]​ ទាំង​នោះ​ត្រ​ឡប់​ចូល​ធ្វើ​ការ​វិញ»​៕ ​NS