ភ្នំពេញៈ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា លោក​ឡេង ខៀវ បាន​ស្នើ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ជួយ​អន្តរាគមន៍​ចាត់​វិធានការ​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​គាស់កកាយ​ធ្វើឱ្យ​ដាច់​បំពង់​តបណ្តាញ​ទឹកស្អាត​ក្រោម​ដី ដោយ​ធ្វើ​យ៉ាងណា​ត្រូវ​ទទួល​ខុសត្រូវ​លើ​ការខូចខាត​ផ្សេងៗ ដោយសារ​សកម្មភាព​របស់​ក្រុមហ៊ុន​នេះ​។

លោក ឡេង ខៀវ បានស្នើ​បែបនេះ​ក្នុង​ជំនួប​ផ្ដល់​ថវិកា​ដែល​ទទួលបាន​ពី​សមាជិកសមាគម​ទឹកស្អាត​កម្ពុជា ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​១៩ ជាមួយ​លោក​ ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​កាលពី​ថ្ងៃទី​ ២០ ខែមេសា​។

លោក​ស្នើថា​៖ «​សុំឱ្យ​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការគាស់កកាយ​ធ្វើឲ្យ​ដាច់​បំពង់​តបណ្តាញ​ទឹកស្អាត​ក្រោម​ដី​។ ការទទួល​បាន​ហិរញ្ញប្បទាន​ ឬ​កម្ចី​សម្រាប់​ជា​ទុន​អភិវឌ្ឍន៍​លើ​វិស័យ​ទឹកស្អាត​។ ការបន្ធូរបន្ថយ​ ឬ​ការលើកលែង​ពន្ធ​លើ​មុខសញ្ញា​មួយ​ចំនួន​ក្នុង​វិស័យ​ទឹកស្អាត​។ ពន្លឿន​ការចេញ​អាជ្ញាប័ណ្ណ​លើ​វិស័យ​ទឹកស្អាត​ និង​ការបង្កើត​មូលនិធិ សេវា​ទឹកស្អាត ដើម្បី​ជួយ​ឧបត្ថម្ភ​សេវាកម្ម និង​ពង្រីក​សេវាករ​នៅ​ជនបទ​ជាដើម​»​។

លោក​ ចម ប្រសិទ្ធ ចាត់ទុក​ការស្នើ​ទាំងនេះ​ជា​ចំណុច​សំខាន់​ដែល​ត្រូវយក​ចិត្ត​ទុកដាក់​ផងដែរ​។ ប៉ុន្តែ​លោក​បញ្ជាក់​ថា បញ្ហា​មួយចំនួន​ក្រសួង​ក៏បាន​ធ្វើជា​ជំហានៗ​រួចហើយ​ដែរ​។ លោក​រដ្ឋមន្ដ្រី​ថ្លែង​ថា​៖ «​យើង​នឹង​ខិតខំ​ដោះស្រាយ​ជា​បន្តបន្ទាប់​ទៀត​ដើម្បី​ទទួលផល​ជា​វិជ្ជមាន​ និង​ប្រសិទ្ធភាព​ការងារ​កាន់តែ​ប្រសើរ​»​។

ពី​ម្សិលមិញ​លោក​ ឡេង ខៀវ ​បាន​បញ្ជាក់ទៀត​ថា ការស្នើសុំ​ក្រសួង​ក្នុង​ការជួយ​អន្តរាគមន៍​លើ​ក្រុមហ៊ុន​ឱ្យមាន​ការទទួល​ខុសត្រូវ​ចំពោះ​ករណី​គាស់​កកាយ​ធ្វើ​ឱ្យដាច់​បំពង់​តបណ្តាញ​ទឹកស្អាត​ក្រោម​ដី​នេះ គឺ​ក្រោយពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត​ជាច្រើន​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ដ​ស្នើ​មក​សមាគម​ឱ្យជួយ​អន្តរាគមន៍​លើ​បញ្ហា​នេះ​។ ព្រោះ​នៅពេល​ក្រុមហ៊ុន​ធ្វើ​ផ្លូវ ធ្វើ​លូ គាស់កកាយ​ធ្វើឱ្យ​ដាច់​បំពង់​តបណ្តាញ​ទឹកស្អាត​ក្រោម​ដី​មិន​ដែល​មាន​ការទទួល​ខុសត្រូវ​ឡើយ​។

លោក​បាន​បន្តថា​៖ «​ក្នុងនោះ​យើង​ក៏បាន​ស្នើសុំ​ឱ្យមាន​ការជូន​ដំណឹង​ដល់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​នៅក្នុង​តំបន់​ដែល​ក្រុមហ៊ុន​ជួសជុល​ផ្លូវត្រូវ​ជួសជុល ដើម្បី​មាន​ការរៀបចំ​ទុក​ជាមុន​ចៀសវាង​ការគាស់​កាយ​ទៅ​ដាច់​បណ្ដាញ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​»​។

លោក​ថ្លែងថា​៖ «​យើង​ក៏​ស្នើឱ្យ​មានការ​ទទួលខុសត្រូវ​សង​សំណង​ផងដែរ បើ​ក្រុមហ៊ុន​ជួសជុល​ផ្លូវ​គាស់​កាយ​ទៅ​ធ្វើឱ្យ​ដាច់​បំពង់​តបណ្តាញ​ទឹកស្អាត​ក្រោម​ដី ព្រោះ​កន្លងមក​មិនដែល​មាន​ការទទួល​ខុសត្រូវ​នោះទេ​។ ករណី​គាស់​កាយ​ទៅធ្វើ​ឱ្យដាច់​បំពង់​តបណ្តាញ​ទឹកស្អាត​ក្រោម​ដី​បាន​ប៉ះពាល់​ចំពោះ​ការផ្គត់ផ្គង់​ទឹក​ដល់​ប្រជាពលរដ្ឋ និង​ខាតបង់​ថវិកា​រាប់ម៉ឺន​ដុល្លារ​»​។

តប​តាម​ការអំពាវនាវ​របស់​រាជរដ្ឋាភិបាល និង​ដើម្បី​ចូលរួម​ជាមួយ​ក្រសួង​ឧស្សាហកម្ម​ក្នុង​ការបង្ការ និង​ទប់ស្កាត់​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ សមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា​បាន​ផ្តួចផ្តើម​រៃអង្គាសប្រាក់​តាម​គោលការណ៍​ស្ម័គ្រ​ចិត្ត​ក្នុង​ក្របខ័ណ្ឌ​របស់​សមាគម​ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ ២៨ ខែមីនា ដល់​ថ្ងៃទី​ ១៣ ខែ មេសា ឆ្នាំ​ ២០២០​។

ជា​លទ្ធផល​សមាគម​ទទួលបាន​ការគាំទ្រ​ជាច្រើន​ពី​សមាជិក​សមាគម​របស់​ខ្លួន​ក្នុង​ការចូលរួម​បរិច្ចាគ​ប្រាក់​ផ្ទាល់ខ្លួន​។ ថវិកា​សរុប​ចំនួន​ ៦ ៤១៥ ​ដុល្លារ​អាមេរិក និង​ ៥ ២៣៨ ០០០ ​រៀល​ សម្រាប់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ជំងឺ​កូវីដ​ ១៩​ នេះ​ផងដែរ​។

ក្រសួង​ឧស្សាហកម្ម​បញ្ជាក់​ថា សមាគម អ្នកផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា​បាន​អនុវត្តតាម​ការណែនាំ​របស់​ក្រសួង​ដោយបាន​ធ្វើការងារ​លើ​ការផលិត​វីដេអូ​ឃ្លីប​ផ្សព្វផ្សាយ​ដល់​សមាជិក​ស្តីពី​ការបង្កើត និង​ការធ្វើ​អនាម័យ​ពង្រឹង​ការគ្រប់គ្រង​គុណភាព​សុវត្ថិភាព​នៃ​ការផ្គត់ផ្គង់​ទឹកស្អាត​តាម​តម្រូវការ​ប្រជាជន​ក្នុង​តំបន់​គោលដៅ​របស់​ខ្លួន​ស្រប​តាម​ស្តង់ដា​ថ្នាក់ជាតិ​ផងដែរ​៕