ភ្នំពេញៈ សមាគម​ធនាគារ​ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​នៅ​តែ​បន្ត​ប្រកាន់​ជំហរ​ឲ្យ​អង្គការ​ចំនួន​ ៤ ​កែតម្រូវ​របាយការណ៍​ដែល​ពួកគេ​ផ្សាយ​ថា​ «​ការនាំ​ឲ្យ​មាន​ចំណាកស្រុក ការធ្វើឲ្យ​ខូចខាត​ទ្រព្យសម្បតិ្ត​ទ្រព្យ​ដាក់បញ្ចាំ និង​ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌក​» ក្រោយពី​អង្គការ​មិន​បាន​កែតម្រូវ​។ ស្ថាប័នហិរញ្ញវត្ថុ​ទាំង​ ២ ​ដែល​ស្នើឲ្យ​កែតម្រូវ​នេះ​ចាត់ទុក​របាយការណ៍​របស់​ក្រុម​អង្គការ មិន​ឆ្លុះបញ្ចាំង​ការពិត​។

បន្ទាប់ពី​អង្គការ​ទាំង​ ៤ រួមមាន​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស​ (​លីកាដូ​) សម្ព័ន្ធ​សហជីព​កម្ពុជា មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស និង​សមាគម​ធាងត្នោត​បាន​ចេញផ្សាយ​របាយការណ៍​ជា​បន្តបន្ទាប់​ចាប់ពី​ខែ​ឧសភា​ឆ្នាំ​មុន រហូត​ដល់​ខែមិថុនា​ឆ្នាំ​នេះ ស្ដីពី​បញ្ហា​ខាង​លើ​មក​សមាគម​ធនាគារ​ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ និង​លិខិត​ចំហ​កាលពី​ថ្ងៃទី​ ១៣ ​និង​ ១៥ ខែកក្កដា ដោយ​ស្នើ​ឲ្យ​កែតម្រូវ​ឡើងវិញ​។

លោក គា បូរាណ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ថ្ងៃ​ទី​ ២១ កក្កដា ​ថា​ ក្នុង​នាម​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​គឺ​មិន​មាន​អ្វី​ត្រូវ​ឆ្លើយតប​ចំពោះ​ការមិន​បាន​កែតម្រូវ​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង​ ៤ ​បែប​នេះ​ទេ ព្រោះ​បាន​ប្រាប់​ជំហរ​តាមរយៈ​សេចក្ដី​ថ្លែងការណ៍​រួម និង​លិខិត​ចំហ​រួចហើយ​។

លោក​ថ្លែងថា​៖ «​យើង​បាន​បង្ហាញ​ប្រាប់​ហើយ​ថា ព័ត៌មាន​ដែល​យើង​បានឃើញ និង​សម្ភាស​​អតិថិជន​ដោយផ្ទាល់​គឺ​ខុសពី​អ្វីដែល​អង្គការ​សង្គម​ស៊ីវិល​ទាំង​ ៤ បាន​ធ្វើ​ទាំងស្រុង​។ ដូច្នេះ​យើង​អាច​ប្រាប់​ទៅ​មនុស្ស​ទូទៅ​ថា​យើង​បាន​រកឃើញ​បែបនេះ ហើយ​វា​ជាការ​ទទួល​ខុសត្រូវ​របស់​ខាង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការធ្វើ​របាយការណ៍​នេះ​»​។

ស្រដៀង​គ្នា​នេះ លោក អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពីថ្ងៃ​ទី​ ២១ កក្កដា​ ដែរ​ថា លោក​មិនមាន​អ្វី​ឆ្លើយតប​ចំពោះ​អង្គការ​សង្គម​ស៊ីវិល​ទាំង​ ៤ ដែល​មិនបាន​កែតម្រូវ​នោះឡើយ​។ លោក​ថា​៖ «​នៅក្នុង​លិខិត​របស់​យើង​បាន​បញ្ជាក់​សេចក្ដី​គ្រប់គ្រាន់​ហើយ​។ ខ្ញុំ​មិន​ចង់​អធិប្បាយ​អ្វី​បន្ថែម​លើ​ពី​ខ្លឹមសារ​ដែល​ចែង​ក្នុង​លិខិត​នោះទេ​។ លិខិត​របស់​យើង​បាន​បញ្ជាក់​ច្បាស់​ហើយ ខ្ញុំ​ប្រកាន់​ជំហរ​ទាំងស្រុង​តាម​លិខិត​»​។

តាម​សេចក្ដី​ថ្លែងការណ៍​រួម​របស់​សមាគម​ធនាគារ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​ខាងលើ​លើកឡើង​ថា​៖ «​អត្ថបទ​ [​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​] ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​មិន​គ្រប់​ជ្រុងជ្រោយ​នេះ​បាន​ផ្ដល់​ឱកាស​ឱ្យ​ជនខិលខូច​មួយចំនួន​យក​ទៅ​ផ្សព្វផ្សាយ​បន្ត​ក្នុង​ចេតនា ញុះញង់ បង្កចលាចល​ដល់​សង្គម​ជាតិ​នាំ​ឱ្យ​ប៉ះពាល់​កិត្ដិយស សេចក្ដីថ្លៃថ្នូរ របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ដែល​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ ព្រមទាំង​សន្ដិសុខ​ជាតិ​»​។

ប៉ុន្ដែ​ជា​ការឆ្លើយតប​នឹង​ការស្នើសុំ​កែតម្រូវ​របស់​សមាគម​ធនាគារ និង​សមាគម​ហិរញ្ញវត្ថុ​កម្ពុជា​កាលពី​ថ្ងៃទី​ ១៦ ខែ​កក្កដា អង្គការ​សង្គម​ស៊ីវិល​ទាំង​ ៤ បាន​ចេញ​សេចក្តី​ប្រកាស​បដិសេធ​សំណើ​នេះ ហើយ​បាន​អះអាង​ថា ព័ត៌មាន និង​រឿងរ៉ាវ​ក្នុង​របាយការណ៍​ដែល​បាន​ចុះផ្សាយ​នោះ​គឺ​នៅ​តែ​មាន​ភាពច្បាស់លាស់ ត្រឹមត្រូវ​ដដែល​ដោយ​មិនអាច​កែប្រែ​បានទេ​។

អង្គការ​សង្គម​ស៊ីវិល​ទាំង​ ៤ ​បញ្ជាក់​ថា​៖ «​ជា​ជំហរ​រួម​យើងខ្ញុំ​សូម​បដិសេធ​សំណើ​របស់​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ និង​សមាគម​ធនាគារ​នៅ​កម្ពុជា​ក្នុងការ​កែប្រែ​ទៅលើ​របាយការណ៍​ទាំង​ ៣ ​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​កម្ចី​ឥណទាន​ខ្នាតតូច​នៅ​កម្ពុជា​»​។

អង្គការ​សង្គម​ស៊ីវិល​ទាំង​ ៤ ​អះអាង​ថា ព័ត៌មាន និង​រឿងរ៉ាវ​របស់​បុគ្គល​នៅក្នុង​របាយការណ៍​ដែល​បាន​ចុះផ្សាយ​នេះ​គឺ​នៅតែ​មាន​ភាពច្បាស់លាស់​ត្រឹមត្រូវ​ដដែល​ដោយ​មិនអាច​កែប្រែបាន​។

អង្គការ​ទាំង​ ៤ បញ្ជាក់​ថា​៖ «​យើងខ្ញុំ​នឹង​បន្ត​ការពារ​ឯកជន​ភាពបុគ្គល​ដែល​សម្រេចចិត្ត​ចែករំលែក​រឿងរ៉ាវ​របស់​ពួកគាត់​ជាមួយ​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​យើងខ្ញុំ​ក្នុង​លក្ខខណ្ឌ​លាក់បាំង​អត្តសញ្ញាណ​។ យើងខ្ញុំ​សូម​លើកទឹកចិត្ត​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​ធនាគារ​នៅ​កម្ពុជា​ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​ឱ្យ​អាន​របាយការណ៍​ទាំងនេះ​ឱ្យបាន​លម្អិត​ដើម្បី​ឈ្វេងយល់​កាន់តែ​ច្បាស់​អំពី​គោលបំណង វិធីសាស្ត្រ និង​ការរកឃើញ​ផ្សេងៗ​នៅក្នុង​របាយការណ៍​»​។

លោក​ អំ សំអាត នាយករង​ទទួលបន្ទុក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ ប្រាប់ពី​ថ្ងៃ​ទី​ ២១ កក្កដា​ថា អង្គការ​សង្គម​ស៊ីវិល​ទាំង​ ៤ ​នៅ​តែ​រក្សា​ការស្រាវជ្រាវ និង​របាយការណ៍​ដដែល​។ ជាមួយ​នេះ​លោក​លើក​ទឹកចិត្ដ​បន្ថែម​ដល់​ស្ថាប័ន​សមាគម​ធនាគារ​ និង​ហិរញ្ញវត្ថុ​ទាំង​ ២ និង​ស្ថាប័ន​ពាក់ព័ន្ធ​មេត្ដា​អាន​ និង​មើល​ឡើងវិញ​លើ​របាយការណ៍​ដែល​បានចេញ​ផ្សាយ​នេះ​។

លោក​បញ្ជាក់​ថា​៖ «​មើល​ឱ្យបាន​ដិតដល់​ឱ្យ​យល់​បាន​ដឹង​អំពី​គោលបំណង​ពិតប្រាកដ​នៅក្នុង​របាយការណ៍​នេះ​។ របាយការណ៍​យើង​មិនមាន​ចរិត​ញុះញង់​មិន​បម្រើ​ឱ្យ​ផលប្រយោជន៍​គណបក្ស​នយោបាយ​ណាមួយ​ទេ​។ របាយការណ៍​យើង​ចង់​បង្ហាញ​អំពី​ភាពប៉ះពាល់​ទៅលើ​វិស័យ​សិទ្ធិមនុស្ស​មួយ​ចំនួន​ដែល​កើត​ចេញ​ពី​ផ្នែក​ខ្លះ​នៃ​កម្ចី​មីក្រូហិរញ្ញវត្ថុ​»៕