ភ្នំពេញ: សមាគម​ធាង​ត្នោត​​ បាន​ចេញ​របាយការណ៍​មួយ ​អំពី​ការ​គ្រប់​គ្រង​កាក​សំណល់​​ ក្នុង​សហគមន៍​ក្រី​ក្រ​​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​ ដោយ​ផ្តល់​អនុសាសន៍​​ ឲ្យ​មាន​ការ​កែ​លម្អ​​​អភិបាល​កិច្ច​​​ ដើម្បី​បម្រើ​​សហគមន៍​ក្រី​ក្រ​បា​ន​​ប្រសើរ​ជាង​មុន​ក្នុង​ការ​ប្រមូល​សំរាម​និង​ក៏​បាន​លើ​ក​ឡើង​ពី​ការ​ស្លាប់​របស់​កម្មករ​ក្រុម​​ហ៊ុន​ស៊ីនទ្រី​ ១៤ នាក់​ក្នុង​ពេល​ដែល​​ពួកគេ​កំពុង​បំពេញ​ការ​ងារ​។

របាយការណ៍​​ដែល​មាន​ ៤០​ ទំព័រ​ ជា​ភាសា​អង់គ្លេស​នេះ​ គឺ​ជា​លទ្ធ​ផល​នៃ​ការ​​ចុះ​សិក្សា​ស្រាវ​ជ្រាវ​ ដែល​ធ្វើ​ឡើង​ នៅ​ក្នុង​ខណ្ឌ​ចំនួន​ ១២ ​​ក្នុង​រាជ​ធានី​​ភ្នំ​ពេញ ​តាម​រយៈ​​កម្រងសំណួរ​ ការ​សម្ភាស ​ការ​ពិភាក្សា​ទៅ​លើ​ក្រុម​គោល​ដៅ ​និង​​ការ​សម្ភាស​មនុស្ស​សំខាន់​ៗ​ មន្រ្តី​សង្កាត់​​និង​ការ​ពិនិត្យ​ឯកសារ។

​របាយការណ៍​​ដែល​មាន​ចំណ​ង​ជើង​ថា «​​អភិបាល​កិច្ច​​ទីក្រុង:​​ ការ​គ្រប់​គ្រង​កាកសំណល់​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​»​ បាន​ផ្តោត​ពិសេស​ទៅ​លើ​​សហគមន៍​ក្រី​ក្រ​ ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​។ ​របាយការណ៍​នេះ​ បាន​រក​ឃើញ​ថា ​៩៩​​ នៃ​សហ​គមន៍​​ក្រី​ក្រ​​ចំនួន​​ ២៧៧​ ក្នុង​ទីក្រុង ឬ​ស្មើ​នឹង​ ៣៥,៧% ក្នុង​រាជ​ធានី​ភ្នំ​ពេញ​​​ នៅ​មិន​ទាន់​ទទួល​បាន​ការ​គ្រប់​គ្រង​កាក​សំណល់។

របាយការណ៍​នេះ​ បាន​រក​ឃើញ​ថា ​បុព្វ​ហេតុ​សំខាន់​​ នៃ​ការ​គ្រប់​គ្រង​​កាក​សំណល់​​​នៅ​មាន​កម្រិត​ខ្សោយ​សម្រាប់​សហគមន៍​ក្រី​ក្រ​​ គឺ​ដោយ​សារ​ការ​ខ្វះ​​តម្លា​ភាព​ ​សម​ធម៌ គណ​នេយ្យ​ភាពភាព​អាច​​ឆ្លើយ​តប​។ របាយការណ៍​នេះ ​ក៏​បាន​រក​ឃើញ​​ការ​ខ្វះ​ការ​គោរព​ជីវិត​របស់​កម្មករ​​​ កិច្ច​សន្យា​របស់​ក្រុម​ហ៊ុន​ស៊ីនទ្រី​​ ដែល​បាន​នាំ​ឲ្យ​មាន​ការ​ស្លាប់​​ ១៤ ​នាក់​​​ក្នុង​រយៈ​កាល​ ៤ ​ឆ្នាំ​ចុង​ក្រោយ​នេះ​​។

របាយការណ៍​ ​បានបន្ត​ថា​៖ «​ប្រសិ​ន​បើ​មិន​មាន​អភិបាលកិច្ច​ឆ្ពោះ​ទៅ​មុខ​ប្រសើរ​ជាង​មុន​ ​​អាជ្ញា​ធរ​មូល​ដ្ឋាន​ ​​រាជ​រដ្ឋាភិបាល​កម្ពុជា​ និង​ក្រុម​ហ៊ុន​ស៊ីនទ្រី​​ នឹង​បន្ត​​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​និង​កម្មករ​មាន​គ្រោះ​ថ្នាក់​ ​ហើយ​បន្ទាប​លទ្ធ​ភាព​​របស់​ពួក​គេ​ក្នុង​ការ​ផ្តល់​​សេវា​ប្រមូ​ល​​សំរាម»។

លោក Isaac Daniels ទីប្រឹក្សា​កម្មវិធី​​របស់​សមាគម​ធាង​ត្នោត​ ​បាន​ថ្លែង​ថា ការសិក្សា​ស្រាវ​ជ្រាវ​នេះ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​រក​ឲ្យ​ឃើញ​​អំពី​មូល​ហេតុ​​អ្វី​​​ ដែល​ការ​គ្រប់​គ្រង​កាក​សំណល់ ​​មិន​មាន​ប្រសិទ្ធ​ភាព​​នៅ​ក្នុង​សហគមន៍​ក្រី​ក្រ​​ជិត​ ១០០ សហគមន៍ក្នុង​រាជធានី​ភ្នំ​ពេញ។

លោក​បញ្ជាក់​ថា​៖​ «​យើង​ចង់​ដឹង​ថា ​តើ​វា​ជា​បញ្ហា​​បច្ចេក​ទេស​​ ឬ​បញ្ហា​អភិបាលកិច្ច​​។ ​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​យើង​បង្ហាញ​​ថា ​បញ្ហា​ជា​ច្រើន​​​ជា​មួយ​ការ​គ្រប់​គ្រង​កាក​សំណ​ល់ ​​​គឺ​ពាក់​ព័ន្ធ​​នឹង​អភិបាល​កិច្ច»។

របាយការណ៍​នេះ​​លើក​ឡើង​​ថា​ ផ្ទះ​មួយ​​បង់​ប្រាក់​ចំនួន​ ១​ដុល្លារ ​ក្នុង ​១ ​ខែ​ ដែល​ភ្ជាប់​ទៅ​នឹង​វិក្កយ​បត្រ​អគ្គិសនី​ ​ប៉ុន្តែ​ អ្នក​ប្រើ​ប្រាស់​ជា​ច្រើនបាន​បដិសេធ​​មិន​ព្រម​បង់​​ថ្លៃ​សេវា​របស់​ក្រុម​ហ៊ុន​ស៊ីនទ្រី​។ ​ក្រុម​ហ៊ុន​ស៊ីនទ្រី​មានបុគ្គលិក​​ចំនួន​ ២៣៥៩ នាក់​ ​ក្នុង​នោះ​​កម្មករ​ចំនួន​​ ១៦៧៨​ នាក់​​ជា​អ្នកប្រមូល​សំរា​ម​តាម​មូល​ដ្ឋាន​។

ក្រុម​ហ៊ុន​មាន​រថយន្ត​ចំនួន​ ៤២៦​ គ្រឿង និង​រទេះ​ចំនួន​ ២៧៣​។ ជាង​នេះ​ទៀត​ កម្មករ​​ក្រុម​ហ៊ុន​ស៊ីនទ្រី​ចំនួន​ ១៤ នា​ក់​ ​បាន​ស្លាប់​នៅ​កន្លែង​ការ​ងារ​​ក្នុង​រយៈ​កាល​ ៤ ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​ហើយ​របាយការណ៍​នេះ​បន្ត​ថា ក្នុង​រយៈ​កាល​ ៣ ឆ្នាំ​​​ចុង​ក្រោយ​នេះ ​មាន​​ឧប្បត្តិហេតុ​​របួស​ចំនួន​ ៣៨០​ ករណី​​ ក្នុង​​នោះ​​គ្រោះ​ថ្នាក់​​​ពី​រថយន្ត​​ដល់​កម្មករ​ចំនួន​ ២៨៥​ ករណី ​ហើយ​របួស​ជិត​ ៩០​ ករណី​​បណ្តាល​មក​ពី​​​ការ​រលាត់​ស្បែក ការ​រលា​ក និង​ការ​ដួល។

របាយការណ៍​នេះ ​បាន​លើក​ឡើង​​នូវ​អនុសាសន៍​​មួយ​ចំនួន​​​ សម្រាប់​សាលា​ក្រុង​ដូច​ជា ​ការ​ចេញ​របាយការណ៍​​វឌ្ឍនភាព​ ការ​វាយ​តម្លៃ​ ​ព័ត៌​មាន​ថវិកា​ ​និង​កិច្ច​សន្យា​ជា​មួយ​ក្រុម​ហ៊ុន​ស៊ីនទ្រី​ ​ការ​អប់​រំ​សាធារណជន​​អំពី​​របៀប​​រៀប​ចំ​​កាក​សំណល់​​ សម្រាប់​ការ​ប្រមូល​ ក្នុង​ចំណោ​ម​​ចំណុច​ដទៃ​ៗ​ទៀត​។ ​របាយ​ការណ៍​នេះ​បាន​ផ្តល់​អនុសា​សន៍​​ឲ្យ​ក្រុម​ហ៊ុន​ស៊ីនទ្រី​​​ មាន​លក្ខណៈ​ឆ្លើយ​តប​ជាង​មុន​​ នៅ​ក្នុង​សហគមន៍​ក្រី​ក្រ​ក្នុង​ទីក្រុង​​ ​ប្រើ​ប្រាស់​រទេះ​សំរាម​​ នៅ​ក្នុង​​សហគមន៍​ណា ​ដែល​រថយន្ត​មិន​អាច​ចូល​បាន​ ​ធានា​ឲ្យ​មាន​​ការ​ប្រើ​ប្រាស់​សម្លៀក​បំពាក់​​ការ​ពារ​សម្រាប់​កម្មករ។

លោក Daniels បាន​ថ្លែង​ថា​៖​ «​​អ្វី​ដែល​យើង​បាន​រក​ឃើ​ញ​​គឺ​ថា ​វិធី​មួយ​​ដើម្បី​កែ​លម្អ​​អភិ​បាល​​នៃ​ការ​គ្រប់​គ្រង​សំរាម​​ គឺ​ឲ្យ​រដ្ឋា​ភិបាល​កែ​លម្អ​ការ​ប្រា​​ស្រ័យ​ទាក់​ទង​​របស់​ខ្លួន​​និង​ការ​​ផ្តល់​លទ្ធ​ភាព​ទៅ​ដល់​សហ​គមន៍​ក្រី​ក្រ​ក្នុង​ទីក្រុង​​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​​ជា​មួយ​គ្នា​។ ​អភិបាល​កិច្ច​ត្រូវ​កែ​លម្អ​នៅ​ក្នុង​វិស័យ​មួយ​ចំនួ​ន​​ ជា​ពិសេស​តម្លា​ភាព​ ​ដោយ​សារ​មិន​មាន​លទ្ធ​ភាព​ទទួល​បាន​​ព័ត៌​មាន ​អំពី​កិច្ច​សន្យា ​និង​របាយការណ៍ វា​នៅ​តែ​ពិបាក​ខ្លាំង​ណាស់​ក្នុង​ការ​វាយ​តម្លៃ​​ការ​គ្រប់​គ្រង​កាក​សំណល់​​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ»។

លោក ខៀវ វុទ្ធី តំណាង​ក្រុមហ៊ុន​ស៊ីនទ្រី ​ដែល​​ទទួល​​បន្ទុក​​នៅ​ក្នុង​ប្រតិបត្តិការ​ប្រមូល​សំរាម​នៅ​ក្នុង​ខណ្ឌ​ទាំង​ ១២​ បាន​ឲ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​របស់​លោកធ្លាប់​ចែក​​អាវ​ចំណាំង​ប្លាត​​​ពេល​យប់​ដល់​កម្មករ​ ​ប៉ុន្តែ​ពួក​គេ​មិន​ពាក់​។ ​ប៉ុន្តែ​នៅ​ដើម​ឆ្នាំ​នេះ ​ក្រុម​ហ៊ុន​ផ្តល់​សម្លៀក​បំពាក់​​ដល់​ពួក​គេ​ម្តង​ទៀត ​​​បន្ទាប់​ពី​ការ​លើក​កម្ពស់​ការ​យល់​ដឹង​។

លោក​បាន​ថ្លែង​ថា ក្រុម​ហ៊ុន​​ ក៏​បាន​ផ្តល់​ម៉ាស់​​​និង​ស្បែក​ជើង​ដល់​ពួក​គេ​ ​ប៉ុន្តែ​កម្មករ​ចូល​ចិត្ត​ធ្វើ​តាម​វិធី​ផ្ទាល់​ខ្លួន​របស់​​ពួក​គេ​។ សម្រាប់​សហគមន៍​​​​ក្រី​ក្រ​ ​លោក​បាន​ថ្លែង​ថា ក្រុម​ហ៊ុន​​មាន​​​រថយន្ត​ប្រចាំ​ការ​ ២ ​លើក​​ក្នុង​មួយ​សប្តាហ៍​ ដោយ​ចុច​ស៊ី​ផ្លេឲ្យ​ប្រជា​ពល​រដ្ឋ​ក្នុង​​សហគមន៍​​​នោះ​យក​​សំរាម​​មក​ដាក់​ចូល​រថយន្ត​​នៅ​ពេល​រថយន្ត​ទៅ​ដល់។ ​

លោក​បាន​ថ្លែង​ថា​៖ «​ឥឡូវ​នេះ សហគមន៍​ដែល​យើង​មិនអាច​មាន​លទ្ធ​ភាព​ទៅ​ដល់ ​គឺ​សហគមន៍​អណ្តូង។ ឥឡូវ​នេះ​ យើង​មាន​កន្លែង​មួយ​សម្រាប់​ពួក​គេ​ ​ប៉ុន្តែ​ពួក​គេ​មិន​ដាក់​សំរាម​នៅ​ទី​នោះ​​​។ ដូច្នេះ យើង​មាន​រថយន្ត​ប្រចាំ​ការ​។ ​ក្នុង​ ១ ​សប្តាហ៍​ យើង​ប្រចាំ​ការ​​​ ២ ​ដង​។ ​នៅ​ពេល​យើង​ទៅ​ ដល់ ​យើង​​ចុច​ស៊ី​ផ្លេ ​ហើយ​ពួក​គេ​បាន​យក​សំរាម​មក​​។ នេះ​អាច​កាត់​បន្ថយ​ការ​បោះ​​សំរាម​ចោល​អនាធិបតេយ្យ​​។ យើង​រង់​ចាំ​រហូត​ដល់​​​ប្រជា​ពល​រដ្ឋ​គ្រប់​គ្នា​យក​សំរាម​​មក​ដាក់​នៅ​ក្នុង​រថយន្ត​»។

លោក វុទ្ធី ​ថ្លែង​​ថា ក្រុម​ហ៊ុន​ស៊ីនទ្រី​​​ ធ្វើ​ការ​ជិត​ស្និទ្ធ​ជា​មួយ​សាលា​រាជ​ធានី​​ និង​​មន្រ្តី​​របស់​សាលា​រាជ​ធានី​​ដើម្បី​តាម​ដាន​​សេវា​​របស់​ក្រុមហ៊ុន និង​ពន្យល់​ប្រជា​ពល​រដ្ឋ​ ឲ្យ​យល់​​បន្ថែម​​ទៀតអំពី​កា​ក​​សំណល់​​​ និង​ពិន័យ​អ្នក​ដែល​​បំពាន​ច្បា​ប់​​ស្តីពី​កាក​សំណល់​។

ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​កម្មករ​នៅ​កន្លែង​ការ​ងារ​ លោក វុទ្ធី ​មិន​បាន​បដិសេធ ​ហើយ​បាន​​​​បន្ទោស​ទៅ​លើ​បញ្ហា​ចរាចរណ៍។ «​ទី​១​ ​ខណៈ​ពួក​គេ​កំពុង​ធ្វើការ​ នៅ​លើ​ដង​ផ្លូវ​ ​ម៉ូតូ​ ឡាន​បុក​​ពួក​គេ​ ​បើ​ទោះ​បី​ជា​មាន​ការ​ដាក់​រនាំង​សម្រាប់​ពួក​គេ​ក៏​ដោយ»។ ​

លោក​​បញ្ជាក់​​ថា គ្រោះ​ថ្នាក់​ភាគ​ច្រើន​បំផុត​ គឺ​នៅ​ចន្លោះ​ពី​ពាក់​កណ្តាល​យប់​ ដល់​ម៉ោង​ ៥ ​ព្រឹក។ លោក​​ថ្លែង​ថា​៖ «​​ចាប់​តាំង​ពី​ខ្ញុំ​ធ្វើ​ការ​នៅ​ ទី​នេះ​ ​មិន​តិច​ជាង ​៣០ ​ឬ​ ៤០ ​នាក់​ទេ​ ដែល​បាន​ស្លាប់​។ ទី​ ១​ អ្នក​បើក​បរ​ចេញ​ពី​​បា​រ៍ស្រវឹង​។ ទី​ ២ ​អ្នក​បើក​បរ​បើក​ក្នុង​ល្បឿ​ន​លឿន​ពេក​​ ឬ​​ប្រហែស»។

លោក មេត មាស​ភក្តី ​អ្នកនាំ​ពាក្យ​សាលា​រាជ​ធានី​ បាន​ថ្លែង​ថា លោក​មិន​អាច​ធ្វើ​អត្ថា​ធិ​ប្បាយ​​ពី​មុន​ពេល​​អាន​របាយការណ៍​នោះ​​បាន​ទេ៕