ភ្នំពេញៈ លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីម្សិលមិញ បានជួបពិភាក្សាជាមួយសមាគមបញ្ជូន និង រើសកម្មករចំនួនបីមកពីប្រទេស ម៉ាឡេស៊ី បំណងដើម្បីជំរុញឲ្យពលករខ្មែរទៅធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ី។
ទោះជាយ៉ាងណាក៍ដោយ លោក ហ៊ូ វុទ្ធី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីម្សិលមិញ បានបដិសេដមិនផ្តល់ឈ្មោះសមាគមនទាំងបីនោះទេ រួមទាំងសមាគមនក្នុងស្រុកនៅកម្ពុជា។
លោកបានថ្លែងថា សមាគមនបញ្ជួននិងរើសកម្មករចំនួនបីដែលបានជួបជាមួយរដ្ឋមន្រ្តីនិងកំពុងធ្វើការជាមួយសមាគម បញ្ជួននិងរើសកម្មករចំនួនពីរនៅកម្ពុជាដើម្បីជំរុញការជ្រើសរើសពលករនិងបញ្ជួនឲ្យបានលឿន។
លោក វុទ្ធី ថ្លែងថា៖«គេមកផ្សព្វផ្សាយអញ្ចឹងគេមកក្នុងវិស័យឯកជនទេសមាគមអ្នករើសពលករហ្នឹងវាមាន៣សមាគមគេមកធ្វើការជាមួយសមាគមខ្មែរមានពីរសមាគម។គេមកដើម្បីជម្រុញការជ្រើសរើសពលករទៅកាន់ម៉ាឡេស៊ី»។
លោក វុទ្ធី អះអាងថាភាគីម៉ាឡេគេមកផ្សព្វផ្សាយ ថែមជំរុញឲ្យធ្វើការជ្រើសរើសទៅឲ្យបានលឿនដោយម៉ាឡេស៊ី បានបន្ថែមប្រាក់ឈ្នួលថែមទៀត ពីមុនមកប្រាក់ឈ្នួលអបបរិមារបស់គេត្រឹមតែ៩០០រីងគីតទេ ឥឡូវគេឡើងដល់១១០០រីងគីត។
លោក ថ្លែងថា៖«គេត្រូវការកម្មករគ្រប់ប្រភេទពីយើងទៅ អ្នកធ្វើការនៅតាមរោងចក្រ តាមហាង តាមផ្ទះ ហើយតាមជាក់ស្តែងត្រូវការអ្វីគេរើសទៅ»។
លោក ហ៊ូ វុទ្ធីបានបញ្ជាក់ថាបុច្ចប្បន្នមានកម្មករកម្ពុជាកំពុងធ្វើការនៅម៉ាឡេស៊ីប្រមាណជាង៣០០០នាក់នេះមិនរាប់បញ្ចូលទាំងកម្មករមិនមានភាពស្របច្បាប់ហើយក្រសួងកំពុងសិក្សាកម្មករខ្មែរដែលគ្មានភាពស្របច្បាប់នៅម៉ាឡេស៊ី។
លោកបន្ត៖«នេះមិនមែនជាចំនួនសរុបទេ។មានកម្មករយើងគាត់ទៅដោយមិនមានច្បាប់ម៉ាឡេស៊ី។អ្នកខ្លះទៅហើយមិនត្រូវតាមច្បាប់ទម្លាប់អ្នកខ្លះទៅនៅយឺតពេល ឥឡូវយើងកំពុងសហការជាមួយម៉ាឡេស៊ីដើម្បីសិក្សាឡើងវិញត្រូវរៀបចំដើម្បីឲ្យគាត់បាន ភាពស្របច្បាប់។
បើយោងតាមហ្វេសប៊ុករបស់ក្រសួងការងារ បច្ចុប្បន្នមានទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាដែលទទួលបានការអនុញ្ញាតពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានចំនួន ១០៣ភ្នាក់ងារ ឱ្យធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅបរទេស ក្នុងនោះប្រទេសម៉ាឡេស៊ី មានចំនួន ៦៩ ក្រុមហ៊ុនគិតត្រឹម ខែតុលា ឆ្នាំ២០១៨៕