The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សមាគម​បណ្ដាញ​យុវជន​ បាន​ធ្វើ​យុទ្ធនាការ​បញ្ឈប់​ការបៀតបៀន​តាម​អនឡាញ




សមាគម​បណ្ដាញ​យុវជន​ បាន​ធ្វើ​យុទ្ធនាការ​បញ្ឈប់​ការបៀតបៀន​តាម​អនឡាញ

Content image - Phnom Penh Post
ជំរំ​ឌីជីថល គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ពលរដ្ឋ​ឌីជីថល​វ័យក្មេង​ដែល​អនុវត្ត​ដោយ​បណ្តាញ​យុវជន​កម្ពុជា​ ដើម្បី​លើកកម្ពស់​អនាម័យ និង​សុវត្ថិភាព​ឌីជីថល​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ដែល​ត្រូវបាន​ដាក់ឈ្មោះថា «​ជំរំ​ឌីជីថល​»​។ ជំរំ​ឌីជីថល

សមាគម​បណ្ដាញ​យុវជន​ បាន​ធ្វើ​យុទ្ធនាការ​បញ្ឈប់​ការបៀតបៀន​តាម​អនឡាញ

ភ្នំពេញៈ ជំរំ​ឌីជីថល គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ពលរដ្ឋ​ឌីជីថល​វ័យក្មេង​ដែល​អនុវត្ត​ដោយ​បណ្តាញ​យុវជន​កម្ពុជា​ ដើម្បី​លើកកម្ពស់​អនាម័យ និង​សុវត្ថិភាព​ឌីជីថល​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ដែល​ត្រូវបាន​ដាក់ឈ្មោះថា «​ជំរំ​ឌីជីថល​»​។

ជំរំ​ឌីជីថល​ត្រូវបាន​បង្កើតឡើង​ដោយមាន​គោលបំណង​ជួយ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា​ឱ្យ​យល់ដឹង​កាន់តែច្បាស់​អំពី​ការប្រើប្រាស់​អ៊ីនធឺណិត​ដោយ​សុវត្ថិភាព ត្រឹមត្រូវ និង​អាច​ការពារ​ខ្លួន​ពី​ការវាយប្រហារ​តាម​អ៊ីនធឺណិត​។ សមាគម​បណ្តាញ​យុវជន​កម្ពុជា​បានធ្វើ​យុទ្ធនាការ​មួយ​ទាក់ទង​នឹង «​ការបញ្ឈប់​ការ​បៀតបៀន​តាម​អនឡាញ​» ដោយមាន​ការសហការ​ជាមួយនឹង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រុមហ៊ុន​ Smart ដែល​យុទ្ធនាការ​នេះ​ចាប់​ផ្តើមឡើង​ពីថ្ងៃ​ទី​ ១៨ ដល់​ថ្ងៃទី​ ២៤ ខែមករា ឆ្នាំ​ ២០២១​។

កញ្ញា ផេង ផលធិតា មន្ត្រី​គម្រោង​ជាន់ខ្ពស់​នៃ​គម្រោង​ពលរដ្ឋ​ឌីជីថល​វ័យក្មេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា យុទ្ធនាការ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​បង្កើន​ការយល់ដឹង​អំពី​ការបៀតបៀន​តាម​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា និង​លើកទឹកចិត្ត​ឱ្យ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា​រួមគ្នា​បញ្ឈប់​ការបៀតបៀន​តាម​ប្រព័ន្ធ​អនឡាញ និង​ហ៊ាន​និយាយប្រាប់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បៀតបៀន​តាម​អនឡាញ​។

កញ្ញា​បាន​ប្រាប់ថា​៖ «​បានជា​ជំរំ​ឌីជីថល​បង្កើត​យុទ្ធនាការ​នេះ​ឡើង​ដោយ​សហការ​ជាមួយ​ក្រសួង​អប់រំ និង​ក្រុមហ៊ុន​ស្មាត ដោយសារតែ​ការមើល​ឃើញថា មនុស្ស​ជាច្រើន​មិនបាន​យល់ដឹង​ពី​ការ​បៀតបៀន​តាម​អនឡាញ​ទូលំទូលាយ​ឡើយ ហើយ​ពួកគេ​គិតថា ការធ្វើ​អត្ថាធិប្បាយ លេងសើច ចំអក​ឡកឡាយ ការវាយប្រហារ ការចែករំលែក ការជជែក ឬ​ការតាមដាន រាល់​សកម្មភាព​អ្នកដទៃ​តាម​បណ្ដាញ​សង្គម វា​ជា​រឿង​លេងសើច​ធម្មតា​។ ការពិត​រឿងនេះ​មិនមែនជា​រឿង​ធម្មតា​ឡើយ​ប្រសិនបើ​​មិនបាន​ចាត់វិធានការ​ទាន់ពេល វា​នឹង​បង្ក​ផលប៉ះពាល់​ខ្លាំង រួមទាំង​គំរាមកំហែង​ទៅដល់​ផ្លូវចិត្ត​ទៅលើ​អ្នក​ដែល​ទទួលបាន​រឿង​ទាំងនេះ​»​។

មន្ត្រី​គម្រោង​ជាន់ខ្ពស់​នៃ​គម្រោង​ពលរដ្ឋ​ឌីជីថល​វ័យក្មេង បាន​បន្តថា យុទ្ធនាការ​នេះ ធ្វើឡើង​តាមរយៈ​អនឡាញ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ជំរំ​ឌីជីថល និង​ទំព័រ​ផ្លូវការ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ដោយ​មាន​ជា​វីដេអូ​ចែករំលែក​បទពិសោធ​ពិត​នៃ​ការ​បៀតបៀន​តាម​អនឡាញ​ពី​សំណាក់​តារាចម្រៀង ចិត្ត កញ្ចនា តារាសម្ដែង ឌី សូនីតា និង​លោក អេឡិច ហ្សូរ៉ា ក៏​ដូចជា​ពី​អ្នក​ដែល​ជួប​រឿងនេះ​ផ្ទាល់​ផងដែរ​។

កញ្ញា​បាន​លើកឡើងថា​៖ «​យើង​ក៏មាន​ជា​វីដេអូ​ពន្យល់​អំពី​ការ​បៀតបៀន​តាម​អន​ឡាញ និង​សារៈសំខាន់ៗ​ពី​អ្នកចូលរួម ហើយក៏​មានការ​ផ្សាយ​ផ្ទាល់​ ១ ​ម៉ោង​ពេញ​លើ​គេហទំព័រ​ជា​ផ្លូវការ ជំរំឌីជីថល និង​ទំព័រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ផងដែរ​»​។

នៅលើ​គេហទំព័រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បង្ហោះ​ដោយ​ភ្ជាប់​ជាមួយនឹង​វីដេអូ​ថា​៖ «​សូម​គិត​មុននឹង​បង្ហោះ​អ្វីមួយ​លើ​អនឡាញ ហើយ​កាន់តែ​ត្រូវ​ប្រុងប្រយ័ត្ន​មុនពេល​បង្ហាញ​សកម្មភាព​អ្នក​នៅលើ​អ៊ីនធឺណិត​»​។

ក្រសួង​លើកឡើងថា​៖ «​ធ្លាប់​គេ​ចំអក​តាម Comment គេ យក​យើង​ទៅលេង​សើច​អត់​? ឃើញ​ហើយ​ដេក​ឈឺចិត្ត ដេក​អន់ចិត្ត តែ​នោះ​មិនមែនជា​ដំណោះស្រាយ​ល្អ​ទេ បើ​ថា​អ្នក​ស្គាល់គ្នា គួរតែ​ក្លាហាន​ហ៊ាន​និយាយថា យើង​ពិតជា​មិន​ពេញចិត្ត​នៅពេល​គេ​ធ្វើបែបនេះ ព្រោះ​ពេលខ្លះ​គេ​អាច​នឹងមិន​ដឹងថា​នោះ​ជាការ​បៀតបៀន​តាម​អនឡាញ និង​ជះ​ផលប៉ះពាល់​ខ្លាំង​មកលើ​យើង​នោះទេ​»​។ ក្រសួង​បន្តថា ការ​បៀតបៀន​អនឡាញ​មាន​ច្រើន​ទម្រង់ ហើយ​វា​ប៉ះពាល់​ខ្លាំង​លើសពី​អ្វីដែល​អ្នក​គិត ចូលរួម​ជាមួយ​យុទ្ធនាការ "Be Nice On the Internet" ដើម្បី​បញ្ឈប់​ការបៀតបៀន​តាម​ប្រព័ន្ធ​អនឡាញ​ទាំងអស់​គ្នា​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា យុទ្ធនាការ «Be Nice On the Internet» នេះ​នឹង​ចូលរួម​ទប់ស្កាត់​ការ​បៀតបៀន​តាម​ប្រព័ន្ធ​អនឡាញ​ដោយ​លើកទឹកចិត្ត​អ្នកប្រើប្រាស់​បណ្តាញ​អនឡាញ​ទាំងឡាយ​ឲ្យ​មានការ​ប្រើប្រាស់​ពាក្យពេចន៍​វិជ្ជមាន ប្រកបដោយ​ឥរិយាបថ​គោរព​គ្នា និង​មិន​ប៉ះពាល់​គ្នា​ដោយ​ចេតនា ឬ​​អចេតនា​។ ក្រសួង​អប់រំ យុវជន និង​កីឡា​សហការ​ជាមួយ​ជំរំ​ឌីជីថល​ដោយ​ចូលរួម​ផ្សព្វផ្សាយ​ខ្លឹមសារ​នៃ​យុទ្ធនាការ​នេះ​លើ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​ក្រសួង ដើម្បី​លើកកម្ពស់​ការយល់ដឹង ដែលជា​ចំណុច​ចាប់ផ្ដើម​នៃ​ការកែប្រែ​ឥរិយាបថ​របស់​អ្នកប្រើប្រាស់​បណ្ដាញ​អនឡាញ​។

លោក រស់ សុវាចា ថ្លែងថា​៖ «​ក្រសួង​សូម​អំពាវនាវ​ឱ្យ​អ្នកប្រើប្រាស់​បណ្តាញអន​ឡាញ មាន​ក្តី​សន្ដោស​ប្រណី​គ្នា​ទៅវិញទៅមក ផ្ដល់​ភាពជា​គំរូ​ផ្សព្វផ្សាយ​អំពើ​ល្អ លើក​ទឹកចិត្ត​គ្នា​ទៅវិញទៅមក​នៅតាម​ប្រព័ន្ធ​អនឡាញ​។ សូម​យុវជន យុវនារី​យក​បណ្ដាញ​សង្គម​ជា​វេទិកា​ផ្លាស់ប្ដូរ​យោបល់​សិក្សា​រៀនសូត្រ កម្សាន្ត​បែប​វិជ្ជមាន ជួយ​យកអាសា​គ្នា​ទៅវិញទៅមក ចៀស​ឆ្ងាយ​ពី​អំពើ​ល្មើស​ច្បាប់​នានា ដើម្បីឱ្យ​សង្គម​កម្ពុជា​កាន់តែ​មាន​ភាពសុខសាន្ត​»៕

អត្ថបទគួរចាប់អារម្មណ៍