
កម្មករ-កម្មការិនីបានធ្វើដំណើរចេញពីរោងចក្រ។ ហុង មិនា
ភ្នំពេញៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានអំពាវនាវទៅដល់ម្ចាស់ និងនាយករោងចក្រ ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ ពិចារណាផ្តល់ប្រាក់ឧបត្ថម្ភក្នុងចំនួនណាមួយដល់កម្មករនិយោជិត ដែលប្រាក់ឧបត្ថម្ភនេះ សម្រាប់ការជួយបន្ថែមពីលើការឧបត្ថម្ភផ្សេងៗទៀតពីរាជរដ្ឋាភិបាល។
យោងតាមសេចក្តីអំពាវនាវរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាកាលពីថ្ងៃទី ២២ ខែមេសា បានឱ្យដឹងថា ដោយសារវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរទទួលរងផលប៉ះពាល់យ៉ាងខ្លាំង។ រោងចក្រដែលរងផលប៉ះពាល់ ប្រឈមមុខនឹងការខាតបង់ផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ ខណៈកម្មករនិយោជិតរងគ្រោះក៏ប្រឈមមុខនឹងការថយចុះនូវប្រាក់ចំណូល ដោយសារការព្យួរកិច្ចសន្យាការងារ។
សមាគមបានលើកឡើងថា៖ «ទោះយ៉ាងណាក្តី ដោយមើលឃើញភាពលំបាកដែលកម្មករនិយោជិតរបស់យើងកំពុងជួបប្រទះក្នុងអំឡុងពេលដ៏លំបាកនេះ សមាគមសូមអំពាវនាវដល់សមាជិកទាំងអស់ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ពិចារណាផ្តល់ប្រាក់ឧបត្ថម្ភក្នុងចំនួនណាមួយដល់កម្មករនិយោជិតរបស់លោក-លោកស្រី»។
សមាគមបានបន្តថា ប្រាក់ឧបត្ថម្ភនេះគឺដើម្បីជួយបន្ថែមពីលើការឧបត្ថម្ភផ្សេងៗ ដែលផ្តល់ដោយរាជរដ្ឋាភិបាលក្នុងការជួយសម្រួលជីវភាពប្រចាំថ្ងៃរបស់កម្មករនិយោជិតរហូតដល់ការបិទខ្ទប់ត្រូវបានបញ្ចប់។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃចន្ទ ទី ២៦ ខែមេសា ដោយបានអំពាវនាវទៅដល់ថៅកែរោងចក្រជួយឧបត្ថម្ភថវិកាបន្ថែមទៅដល់កម្មករ-កម្មការិនីទៅតាមលទ្ធភាពរបស់រោងចក្រនីមួយៗ ហើយលោកក៏បានស្នើឱ្យកម្មករនិយោជិតមានការអត់ធ្មត់ និងអធ្យាស្រ័យចំពោះស្ថានការលំបាកនេះ។
លោកមានប្រសាសន៍ថា៖ «យើងស្នើសុំឱ្យបងប្អូន មានការយោគយល់ ហើយយ៉ាងណាក៏ដោយក្នុងអំឡុងពេលនេះ យើងឃើញថារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការជួយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគទៅដល់បងប្អូនរបស់យើងផងដែរ»។
លោក កាំង ម៉ូនីកា បានបញ្ជាក់ថា នៅក្នុងនេះដែរខាងសមាគមក៏យល់ពីកាតព្វកិច្ច និងការទទួលខុសត្រូវសង្គមក្នុងការគិតគូរនូវប្រាក់ឧបត្ថម្ភមួយចំនួនដោយឈរលើគោលការណ៍មនុស្សធម៌ ហើយខាងសមាគមក៏បានអំពាវនាវទៅដល់រោងចក្រកាត់ដេរដែលជាសមាជិករបស់សមាគមមានការពិចារណាខ្ពស់ទៅលើគោលការណ៍មនុស្សធម៌ ដោយធ្វើការឧបត្ថម្ភសាច់ប្រាក់បន្ថែមតាមសមត្ថភាពរៀងៗខ្លួន។
លោកបានបន្តថា៖ «យើងដឹងហើយថា នេះជាការឈរលើគោលការណ៍មនុស្សធម៌ ដូចនេះប្រាក់ឧបត្ថម្ភមានតិច ឬច្រើនអាស្រ័យលើសមត្ថភាពរបស់រោងចក្រមួយៗហើយក៏អាស្រ័យលើទឹកចិត្តរបស់ថៅកែនីមួយៗផងដែរ»។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីណែនាំមួយកាលពីថ្ងៃទី ១៩ ខែមេសា ដោយក្រសួងបានណែនាំឱ្យម្ចាស់ ឬនាយករោងចក្រ សហគ្រាសសិប្បកម្ម និងក្រុមហ៊ុន ដែលត្រូវបានផ្អាកសកម្មភាពអាជីវកម្មក្នុងអំឡុងពេលបិទខ្ទប់នេះ ត្រូវបើកប្រាក់ឈ្នួលដើមខែមេសា (ប្រាក់ឈ្នួលសម្រាប់ថ្ងៃទី ០១ ដល់ថ្ងៃទី ១៤ ខែមេសា) ជូនកម្មករនិយោជិត ប្រសិនបើមិនទាន់បានផ្តល់នាពេលកន្លងមក ប៉ុន្តែការបើកផ្តល់នេះត្រូវធ្វើនៅក្រោយពេលចប់វិធានការបិទខ្ទប់។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងនៅក្នុងការផ្សាយផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជាកាលពីថ្ងៃទី ២៣ ខែមេសា ថា ការការពារនូវផលប្រយោជន៍ក៏ដូចជាសិទ្ធិរបស់កម្មករនិយោជិតនៅក្នុងអំឡុងពេលនៃការបិទខ្ទប់នេះមិនមានការបន្ធូរបន្ថយទេ គឺក្រសួងនៅតែបន្តធ្វើការណែនាំទៅដល់ក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងអស់រក្សាកិច្ចសន្យាការងារដល់កម្មករទាំងអស់ក្នុងអំឡុងពេលនេះ។
លោកបានមានប្រសាសន៍ថា៖ «ក្រសួងនឹងការពារនូវការងាររបស់បងប្អូន ហើយប្រាក់ឈ្នួលដែលបងប្អូននឹងទទួលបាន ពិសេសប្រាក់ឈ្នួលរយៈពេល ២ សប្តាហ៍នៃខែមេសានេះ គឺក្រសួងបានបញ្ជា និងកំណត់ច្បាស់លាស់ហើយគឺត្រូវតែបើកផ្តល់ជូនបងប្អូន»។
លោក ហេង សួរ បានបញ្ជាក់ថា ក្រសួងមិនបានអនុញ្ញាតឱ្យរោងចក្រ សហគ្រាសណាមួយនៅបន្តដំណើរទេ លើកលែងតែរោងចក្រ និងសិប្បកម្មដែលទាក់ទងនឹងការផលិតគ្រឿងឧបភោគបរិភោគ ដូចជាផលិតមី និងរោងចក្រផលិតបរិក្ខារពេទ្យដែលក្រសួងអនុញ្ញាតឱ្យនៅដំណើរការ។ ក្រៅពីនោះ មិនមានរោងចក្រណាមួយនៅដំណើរការនោះទេ ដោយសាររោងចក្រអាចនឹងទទួលនូវការពិន័យរបស់ក្រសួងផង និងទទួលនូវការដាក់ទណ្ឌកម្មពីរដ្ឋបាលរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលផងដែរ៕