ភ្នំពេញៈ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាស្នើឱ្យរដ្ឋាភិបាលមានវិធានការពិសេសបន្ថែមជាបន្ទាន់ ដើម្បីជួយសង្គ្រោះវិស័យទេសចរណ៍ដែលបាន និងកំពុងទទួលរងគ្រោះ បន្ទាប់ពីសហគ្រាសទេសចរណ៍ប្រមាណជាង ៣ ពាន់កន្លែងបានបិទទ្វារដោយសារវិបត្តិកូវីដ ១៩ នៅតែបន្តអូសបន្លាយ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឱ្យដឹងថា កន្លងមកទោះបីអាជីវកម្មត្រូវបានបិទ ប៉ុន្តែនៅមានលទ្ធភាពជួយដល់បុគ្គលិកជំនាញដើម្បីរក្សាទុកក្រែងពេលស្ថានការណ៍ប្រសើរឡើងវិញពិបាករកអ្នកជំនាញទេសចរណ៍មកធ្វើការ។ ហេតុនេះម្ចាស់អាជីវកម្មទេសចរណ៍ក៏យកទុនមកបង្វិលជួយពួកគេ តែដល់វិបត្តិចេះអូសបន្លាយយូរពេកធ្វើឱ្យម្ចាស់អាជីវកម្មអស់លទ្ធភាពក៏រំសាយបុគ្គលិកតែម្តង។
លោកស្រីថ្លែងថា៖ «ម្ចាស់សហគ្រាសអស់លទ្ធភាពក្នុងការជួយទំនុកបម្រុងដល់បុគ្គលិកហើយ អ៊ីចឹងគាត់ក៏រំសាយ អ៊ីចឹងទៅយើងឃើញថា អ្នកជំនាញទេសចរណ៍ទាំងអស់ហ្នឹងគាត់ពិបាកមែនទែន ដោយសារអត់ប្រាក់ចំណូល គាត់ព្យាយាមរកអ្វីដែលគាត់អាចរកបាន ខ្លះទៅធ្វើគ្រូទាយ ខ្លះធ្វើអ្នកកាត់ឆុង [មើលហុងស៊ុយ ] រត់ម៉ូតូឌុប លក់ផ្ទះល្វែង អ៊ីចឹងទៅ» ។
បើតាមលោកស្រី ឆាយ ស៊ីវលីន មានអាជីវកម្មទេសចរណ៍ជាង ៣ ពាន់ទីតាំងត្រូវបានបិទដែលធ្វើឱ្យអ្នកជំនាញទេសចរណ៍ខ្ចាត់ខ្ចាយ រីឯការខូចខាតមិនដឹងថា បានអ្វីមកស្តារឡើងវិញទេ។ ក៏ប៉ុន្តែមានអាជីវកម្មនេះប្រមាណ ៦០០ ទីតាំង ព្យាយាមបើកឡើងវិញ តែខ្លះក៏បិទទៅវិញដែរ។
លោកស្រី ស៊ីវលីន បានបញ្ជាក់ថា៖ «ក្នុងនាមស្ថាប័ន ១ តំណាងឱ្យឯកជន ខ្ញុំចង់បានការអើពើពីរដ្ឋាភិបាលបន្ថែមទៀត។ ពិតមែនហើយកន្លងមកមានការជួយសង្គ្រោះដែរ តាមរយៈការមិនយកពន្ធលើកលែង បសស និងជួយបៀវត្សរ៍ខ្លះដែរ ប៉ុន្តែនៅតែមិនគ្រប់គ្រាន់ដោយសារស្ថានការណ៍អូសបន្លាយយូរពេក...»។
លោក តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍បានថ្លែងថា ដោយសារវិបត្តិកូវីដ ១៩ រដ្ឋាភិបាលបានបន្តអនុគ្រោះដល់អាជីវកម្មទេសចរណ៍ជាច្រើនដូចជា មិនយកកម្រៃអាជ្ញាប័ណ្ណ និងការលើកលែងទៀតសម្រាប់ប្រតិបត្តិករទេសចរណ៍ដែលមានកាតព្វកិច្ចក្នុងការបង់ពន្ធ។
លោក សុភ័ក ថ្លែងថា៖ «ឆ្នាំ ២០២១ នេះក្នុងអំឡុង ៣ ខែដំបូង រាជរដ្ឋាភិបាលក៏បានប្រកាសបន្តលើកលែងដូចគ្នាទាំងការមិនយកកម្រៃ សេវាថ្លៃអាជ្ញាប័ណ្ណអីហូរហែ និងការឧបត្ថម្ភដល់កម្មករនិយោជិតដែលបម្រើការក្នុងគោលដៅដែលយើងបានកំណត់» ។
បើតាមលោក តុប សុភ័ក ក្រសួងទេសចរណ៍ក៏បានរៀបចំផែនការស្តារឡើងវិញទាំងក្នុងពេលវិបត្តិកូវីដក៏ដូចជា ក្រោយវិបត្តិកូវីដ ១៩ ប៉ុន្តែសម្រាប់ពេលនេះ មានតែការជំរុញទេសចរក្នុងស្រុកប៉ុណ្ណោះ ព្រោះទេសចរក្រៅប្រទេសគឺស្ទើរតែសូន្យ។
លោក ទៀ គីឡេង ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា បានថ្លែងថា បញ្ហាកូវីដ ១៩ នៅតែមិនទាន់ច្បាស់លាស់ ថ្វីដ្បិតតែមានព័ត៌មានថា មានវ៉ាក់សាំងក្ដី ប៉ុន្តែតាមទីភ្នាក់ងារតួទេសចរណ៍ផ្សេងៗ មិនទាន់ដំណើរការវិញទេ ធ្វើឱ្យមគ្គុទេ្ទសក៍ទេសចរណ៍នៅតែអត់មានការងារធ្វើ។ រីឯការឧបត្ថម្ភកន្លងមកមានតែបុគ្គលិកសណ្ឋាគារ ភោជនីយដ្ឋាន និងរោងចក្រ ប៉ុន្តែរំលងមគ្គុទ្ទេសក៍ទេសចរណ៍។
លោកថា៖ «ទឹកប្រាក់មិនច្រើនប៉ុន្មានទេ ក៏ប៉ុន្តែអាចឱ្យអ្នកដែលរងផលប៉ះពាល់រយៈពេលវែងបានដោះស្រាយបានបន្តិចបន្តួចអ៊ីចឹងទៅដែរ ហេតុនេះខ្ញុំស្នើឱ្យមានការគិតដល់មគ្គុទ្ទេសក៍ទេសចរណ៍ផង»។
លោក ង៉ូវ គីមស្រេង ជាមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិននៅខេត្តសៀមរាបបានឱ្យដឹងថា ពេលមានវិបត្តិកូវីដ ១៩ គឺមានការលំបាកខ្លាំងដោយសារគ្មានភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តធ្វើឱ្យបាត់ចំណូលប៉ះពាល់ជីវភាព និងការដោះបំណុល។
លោកថា៖ «របរដូចពួកខ្ញុំដែលធ្វើការសម្រាប់តែជូនភ្ញៀវដើរលេងនេះ អត់មានជាក្រុមហ៊ុនមានអីទេ ចាំតែក្រុមហ៊ុនរៀបចំភ្ញៀវឱ្យដល់អត់ការងារអ៊ីចឹងយើងដូច [កាប់បំពង់] រង់ចាំទឹកភ្លៀងអ៊ីចឹង»។
លោក ម៉ាន់ ហៃមី អាជីវករលក់វត្ថុអនុស្សាវរីយ៍នៅខេត្តសៀមរាបបានឱ្យដឹងថា អាជីវកម្មលោកបានបិទទ្វារក្រោយមានវិបត្តិកូវីដ ១៩ ដោយសារបាត់អតិថិជនធ្វើឱ្យគ្មានប្រាក់ចំណាយលើការជួលទីតាំង។
លោកថា៖ «អត់មានភ្ញៀវអ៊ីចឹងយើងមិនអាចទប់ថ្លៃឈ្នួលបានទេ ព្រោះអីយើងមិនមានផ្ទះខ្លួនឯង អ៊ីចឹងយើងជួលហាងគេ យើងជួលដីធ្លីគេអ៊ីចឹងទៅយើង ទប់អត់ជាប់ ត្រូវបង្ខំចិត្តបិទអាជីវកម្មតែម្តង»។
យ៉ាងណាក្ដីលោក តុប សុភ័ក បញ្ជាក់ថា មគ្គុទ្ទេសក៍ទេសចរណ៍នៅតែអាចបម្រើការងារខ្លួនបានដដែល ប៉ុន្តែត្រូវប្តូរមកនាំភ្ញៀវខ្មែរវិញ។ ហេតុនេះវិស័យឯកជនពេលមានរៀបចំកញ្ចប់ទស្សនកិច្ចភ្ញៀវ សូមឱ្យប្រើមគ្គុទ្ទេសក៍ដើម្បីឱ្យពួកគាត់រកចំណូលបាន៕