ភ្នំពេញៈ​ សមាគម​អ្នក​និពន្ធ​ខ្មែរ និង​ក្រុម​អ្នក​ស្រឡាញ់​អក្សរ​សាស្រ្ដ​ជាតិ​ បាន​ស្ម័គ្រ​ចិត្ដ​រួមគ្នា​​ផ្ដើម​បង្កើត​គម្រោង​ «កម្មវិធី​ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល» ​ដើម្បី​ត្រួត​ពិនិត្យ ​និង​កែ​សម្រួល​កំហុស​​អក្ខរាវិរុទ្ធ​ខ្មែរ​​ឲ្យ​មាន​ភាព​ត្រឹមត្រូវ​ ​ឆ្លើយ​តប​ទៅ​នឹង​ការ​ឆ្ពោះ​ទៅ​កាន់​បដិវត្ដន៍​ឧស្សាហកម្ម​​ទី​៤ (ទំ​នើបកម្ម​បច្ចេកវិទ្យា​ចុង​ក្រោយ) ​របស់​កម្ពុជា​។​

លោក​ ព្រឿង​ ប្រណីត​ ប្រធាន​សមាគម​អ្នក​និពន្ធ​ខ្មែរ និង​ជា​ប្រធាន​គ្រប់គ្រង​គម្រោង​កម្មវិធី​ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​បើក​បង្ហាញ​គម្រោង​នេះ​ កាល​ពី​​ម្សិលមិញ​ថា ការ​បង្កើត​កម្មវិធី​ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ​នេះ ដើម្បី​ធ្វើ​ឲ្យ​អក្សរសាស្រ្ដ​ជាតិ​ខ្មែរ​រឹតតែ​មាន​​ភាព​ទំនើប​ទាន់​សម័យ ​និង​ជួយ​សម្រួល​ដល់​ដំណើរ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ភាសា​ខ្មែរ ​និង​ការ​បោះ​ពុម្ព​ផ្សាយ​នៅ​កម្ពុជា ពិសេស​នៅ​ក្នុង​វិស័យ​អប់រំ​ ចំពោះ​បញ្ហា​កំហុស​អក្ខរាវិរុទ្ធ​ខ្មែរ​។​

ដោយ​សង្កេត​ឃើញ​ផល​វិបាក​នៃ​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​របស់​អ្នក​ប្រើប្រាស់​ទូទៅ​មាន​កំហុស​ ហើយ​មិន​ច្បាស់​លាស់​ក្នុង​ការ​ប្រើប្រាស់​ ទាំង​ក្រសួង​ស្ថាប័ន​ បុគ្គល​ អ្នក​អាជីព​ ហើយ​លំបាក​ក្នុង​ការ​បើក​វចនានុក្រម​ ឬ​ពិបាក​ទុក​ដាក់​វចនានុក្រម​តាម​ ទើប​សមាគម​អ្នក​និពន្ធ​ខ្មែរ​ សហការ​ជា​មួយ​បញ្ញវន្ដ ​១ ​ក្រុម​បង្កើត​កម្មវិធី​នេះ​ឡើង​។​

លោក​បាន​បន្ដ​ថា​៖ ​«​ការ​បង្កើត​កម្មវិធី​នេះ​ក្នុង​គោល​បំណង​លើក​កម្ពស់​ អភិរក្ស ​និង​អភិវឌ្ឍ​ភាសា​ខ្មែរ​ ឱ្យ​មាន​សុក្រឹត​ និង​សង្គតិភាព ​ដើម្បី​បន្ថែម​ភាព​ងាយស្រួល​ភាសា​ខ្មែរ ​ដើម្បី​បំពេញ​បន្ថែម​ទំនើប​ភាសា​ជាតិ​នៅ​ក្នុង​វិស័យ​នានា ក្នុង​ស្ថាប័ន​ជាតិ ​និង​អន្ដរជាតិ​រួម​ចំណែក ​ទំនើបកម្ម​​ដោយ​ប្រព័ន្ទ​ឌីជីថល​ (Digitalization)​»​។​

លោក​ ប្រណីត ​បន្ថែម​ថា៖ ​«​ដំបូង​យើង​បង្កើត​កម្មវិធី​នេះ​ឡើង​ក្នុង​គំនិត​ថា​ ដើម្បី​កុំ​ឲ្យ​ក្រុម​អ្នក​និពន្ធ​សរសេរ​ខុស ចង់​​ឲ្យ​អ្នក​និពន្ធ​សរសេរ​អក្ខរាវិរុទ្ធ​ខ្មែរ​លែង​មាន​ខុស​ទៀត ​ប៉ុន្ដែ​ក្រោយ​មក​ យើង​ក៏​មាន​គំនិត​មួយ​ទៀត​ថា ​ចង់​ឲ្យ​អ្នក​​នៅ​ជុំវិញ​យើង​សរសេរ​ភាសា​អក្ខរាវិរុទ្ធ​ខ្មែរ​លែង​ខុស​ដែរ ​ទើប​យើង​ចាប់​ផ្ដើម​បង្កើត​គម្រោង​កម្មវិធី​នេះ​ឡើង​សម្រាប់​ទាំង​អស់​គ្នា​តែ​ម្ដង​ បើ​សិន​ជា​មិន​មាន​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ នឹង​​បន្ដ​ជះ​ឥទ្ធិពល​ដល់​អ្នក​ជុំវិញ​ខ្លួន ​ពិសេស​យុវវ័យ ​និង​ក្មេងៗ​ជំនាន់​ក្រោយ​នឹង​មាន​កំហុស​លើ​ការ​សរសេរ​ភាសា​​ខ្មែរ​នេះ​រឹតតែ​ខ្លាំង​ឡើង​»។​

លោក ​ដាញ់ ​ហុង​ ​អ្នក​គ្រប់គ្រង​បច្ចេកទេស​នៃ​ការ​បង្កើត​គម្រោង​នេះ​ និង​ជា​អ្នក​សរសេរ​កម្មវិធី​នេះ​ដោយ​ផ្ទាល់​ផង​នោះ ​បាន​លើក​ឡើង​ថា​ កម្ម​វិធី​ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ​នេះ ​ព័ត៌មាន​ ​ឬ​ទិន្នន័យ​អក្ខរាវិរុទ្ធ​ដែល​ប្រើប្រាស់​ទាំង​ស្រុង នឹង​ដក​ស្រង់​ចេញ​ពី​វចនានុក្រម​ខ្មែរ​បោះពុម្ព​លើក​ទី​៥ ​វចនានុ​ក្រម​អក្ខរាវិរុទ្ធ​ខ្មែរ​ សទ្ទានុក្រម​ វចនានុក្រម ​បច្ចេកសព្ទ ​ឬ​វាក្យសព្ទ ​របស់​ក្រសួង​ស្ថាប័ន​នានា ​ដែល​បាន​ឆ្លង​កាត់​ការ​ប្រជុំ​អនុម័ត​ដាក់​ឲ្យ​ប្រើប្រាស់​ពាក្យ​ដោយ​វិទ្យាស្ថាន​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​។​

កម្មវិធី​នេះ​ជា​ប្រភេទ​កម្មវិធី ​វេបអ៊ែប​ (Web App) ​ដោយ​គ្រាន់​តែ​ភ្ជាប់​បណ្ដាញ​អ៊ីនធឺណិត​ នឹង​អាច​ចូល​ទៅ​ប្រើប្រាស់​បាន ដោយ​ចូល​ទៅ​កាន់​តំណ​ភ្ជាប់ khmerwriters.com ​រួច​បញ្ចូល​អត្ថបទ​ភាសា​ខ្មែរ​ទៅ​ក្នុង​កម្មវិធី​ នោះ​កម្មវិធី​នេះ​នឹង​ត្រួត​ពិនិត្យ​ ​កែ​តម្រូវ​រាល់​អក្ខរាវិរុទ្ធ​ដែល​សរសេរ​ខុស​នោះ​​។

លោក​ ប៉ា ​ចន្ទរឿន ​នាយក​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្ដន៍​ និង​សីលធម៌​កម្ពុជា ​និង​ជាទី​ប្រឹក្សា​គ្រប់គ្រង​គម្រោង​កម្មវិធី​នេះ​ថ្លែង​ថា​ គម្រោង​នេះ គឺ​ត្រូវ​ការ​​ពេល​វេលា​​ចំនួន ​២ ឆ្នាំ​ និង​ថវិកា​ប្រមាណ ​៤ ​ម៉ឺន​ដុល្លារ​ ដើម្បី​ធ្វើ ​និង​ត្រូវ​ការ​រយៈពេល​ ១០ ​ឆ្នាំ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​បន្ថែម​ទៀត​។​

លោក​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ការងារ​ដែល​កំពុង​ធ្វើ​កម្មវិធី​នេះ​បច្ចុប្បន្ន​សុទ្ធ​តែ​ជា​អ្នក​ស្ម័គ្រ​ចិត្ដ​ ដោយ​ធ្វើ​មិន​គិត​ពី​ផល​កម្រៃ​អ្វី​ឡើយ​ ហើយ​នៅ​ពេល​បញ្ចប់​គម្រោង​កម្មវិធី​នេះ​នឹង​ដាក់​ឲ្យ​សាធារណជន​ប្រើប្រាស់​ដោយ​ឥតគិត​ថ្លៃ​។

លោក​ ម៉ៅ ​ស៊ុយពិសិដ្ឋ ​មន្រ្ដី​តំណាង​ពី​ក្រសួង​អប់រំ យុវជន​ និង​កីឡា ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌​មាន​បង្ហាញ​គម្រោង​កម្មវិធី​នេះ​ដែរ​​កាល​ពី​ម្សិលមិញ​​ថ្លែង​ថា​ កម្មវិធី​នេះ​ពិត​ជា​ល្អ​ និង​អាច​ជួយ​កែ​សម្រួល​ផ្នែក​អក្ខរាវិរុទ្ធ​ខ្មែរ​បាន​ច្រើន​។

លោក​ ម៉ៅ ស៊ុយពិសិដ្ឋ បាន​ថ្លែង​ផង​ដែរ​ថា​៖ ​«ការ​បង្កើត​កម្មវិធី​នេះ​ វា​បាន​ជួយ​សម្រួល​ឲ្យ​យើង ​ក្នុង​ការ​កែប្រែ​ពី​ការ​សរសេរ​អក្សរ​ខ្មែរ​ដែល​​ខុស​ឲ្យ​បែរ​ជា​ត្រឹមត្រូវ​ឡើង​វិញ។​ ថ្វី​ដ្បិត​ថា​ នេះ​គឺ​​ជា​ជំហាន​ដំបូង​មិន​ទាន់​ដាក់​ឲ្យ​ដំណើរការ ប៉ុន្ដែ​វា​ក៏​ជា​ការ​រីក​ចម្រើន​ដែរ​ ពិសេស​បាន​ជួយ​កែ​តម្រូវ​ច្រើន​លើ​ផ្នែក​ពាក្យ​»​៕​