ភ្នំពេញៈ ទោះបី​ជា​មាន​បញ្ហា​ជាច្រើន​កើតឡើង បន្ទាប់ពី​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ក្តី ប៉ុន្តែ​ចំនួន​អ្នក​នយោបាយ​ជា​ស្ត្រី​នៅ​ក្នុង​គណបក្ស​កាន់​អំណាច​បាន​កើន​អាសនៈ​នៅ​ក្រុមប្រឹក្សាឃុំ សង្កាត់ ទោះបី​ជា​វា​នៅ​តែ​មាន​កម្រិត​ទាប​ក្តី ហើយ​អង្គការ​ការពារ​សិទិ្ធស្ត្រី​ទាមទារ​ឱ្យ​មាន​ការកែលម្អ​ឲ្យ​មាន​និរន្តរភាព​លើ​បញ្ហា​នេះ​។

យោង​តាម​លទ្ធផល​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ចុង​សប្តាហ៍​មុន​បាន​ឲ្យ​ដឹងថា មាន​សមាជិក​ព្រឹទ្ធសភា​ជា​ស្ត្រី​តែ ៨ រូប​ប៉ុណ្ណោះ​ក្នុង​ចំណោម​សមាជិក​ព្រឹទ្ធសភា ៥៨ រូប​ដែល​ទើប​ជាប់​ឆ្នោត​ថ្មី​។

បន្ទាប់ពី​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​អាសនៈ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ស្ទើរ​តែ​ទាំងអស់​ចំនួន ៥០០៧ របស់​អតីត​គណបក្ស​ប្រឆាំង​បាន​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​។

យោង​តាម​តួនាទី និង​ចំនួន​ភាគរយ​នៃ​ក្រុមប្រឹក្សាឃុំ សង្កាត់​ជា​ស្ត្រី​គឺ​បាន​កើនឡើង​ពី​ចំនួន ១៩៤០ ​នាក់​បន្ទាប់ពី​ការបោះឆ្នោត​ឃុំ សង្កាត់​កាលពី​ឆ្នាំ​មុន​ដល់​ ២៣២៣ ​នាក់ បន្ទាប់ពី​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ នេះ​បើ​យោង​តាម​ចំនួន​មិន​ទាន់​ចេញ​ផ្សាយ​របស់ គ.ជ.ប ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ថ្ងៃ​អាទិត្យ​។

ប៉ុន្តែ​តួលេខ​នេះ​នៅ​តែ​មាន​កម្រិត​ទាប​នៅ​ឡើយ​គឺ​មាន​ត្រឹម​តែ​ ២០,០៧ ​ភាគរយ​ប៉ុណ្ណោះ​។ នៅក្នុង​ឆ្នាំ ២០១២ មាន​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ជា​ស្ត្រី​ចំនួន ២០៣៨ នាក់​។ លើស​ពី​នេះ​ទៀត​ចំនួន​នេះ​គួរតែ​ខ្ពស់​ជាង​នេះ​នៅ​ក្នុង​លេខ​រៀង​ទី​ ១ ​។

ស្ត្រី​មួយ​ចំនួន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​មុន​ពេល​បោះឆ្នោត​ឃុំ សង្កាត់​ថា ពួកគាត់​ត្រូវ​បាន​គេ​រុញ​ឲ្យ​ចុះ​ឈ្មោះ​នៅ​លេខ​រៀង​ក្រោម​គេ​នៅ​លើ​បញ្ជី​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ពី​សមភាគី​បុរស​ដែល​ជា​បេក្ខជន​ដូច​ពួកគេ​ដែរ ធ្វើ​ឲ្យ​ចំនួន​ស្ត្រី​មាន​ការ​ប្រែប្រួល​នៅ​ក្នុង​ការបោះឆ្នោត​នោះ​។

ម្នាក់​ក្នុង​ចំណោម​នោះ​គឺ​លោកស្រី​ ថុង សំអឿន ​ដែល​ជា​បេក្ខជន​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។ បន្ទាប់ពី​ឈ្មោះ​លោកស្រី​ត្រូវ​បាន​គេ​ទម្លាក់​ពី​លេខ​រៀង​ទី​មួយ​នៅ​លើ​បញ្ជី​បោះឆ្នោត​នោះ នៅ​ទីបំផុត​លោកស្រី​បាន​ត្រឹម​ក្លាយ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ធម្មតា​ប៉ុណ្ណោះ បន្ទាប់ពី​ការបោះឆ្នោត​ឃុំ សង្កាត់ កាលពី​ខែ​មិថុនា ឆ្នាំ​ ២០១៧​។

លោកស្រី​ សំអឿន រៀបរាប់​ថា​ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក៏ដោយ​នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ លោកស្រី​បាន​ឡើង​ឋានៈ​ទៅ​ជា​ជំទប់​ឃុំ ទទួល​បន្ទុក​ផ្នែក​សន្តិសុខ និង​សណ្តាប់ធ្នាប់​នៅក្នុង​ឃុំ​របស់​លោកស្រី​។

លោកស្រី​លើក​ឡើង​ថា​៖ «​ដោយសារ​តែ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ២ ​រូប​មកពី​ឃុំ​នោះ​បាន​លាលែង​ពី​តំណែង​ឥឡូវ​នេះ​ខ្ញុំ​បាន​ចូល​ទៅ​កាន់​តំណែង​នោះ​»​។

លោកស្រី​មិន​អាច​ទទួល​បាន​តំណែង​ជា​មេឃុំ​ទេ ប៉ុន្តែ​បើ​លោកស្រី​នៅ​ឈរ​លេខ​រៀង​ទី​មួយ​ក្នុង​បញ្ជី​ឈ្មោះ​បេក្ខជន​នោះ​លោកស្រី​នឹង​ទទួល​បាន​តំណែង​ជា​មេឃុំ​។

ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏ដោយ​បើ​ក្រឡេក​មើល​មុខ​តំណែង​ខ្ពស់ៗ​ជាង​នេះ​គេ​ឃើញ​ថា​ចំនួន​មេឃុំ​ជា​ស្ត្រី​ស្ទើរ​តែ​មិន​មាន​អ្វី​ផ្លាស់ប្តូរ​នោះ​ទេ គឺ​បន្ទាប់ពី​ការបោះឆ្នោត​ឃុំ សង្កាត់ កាល​ខែ​មិថុនា​ឆ្នាំ​មុន​មាន​ចំនួន ១២៨ នាក់​ហើយ​បន្ទាប់ពី​កា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​តែ ១៣០ នាក់ ប៉ុណ្ណោះ​ដែល​ស្មើនឹង ៧,៩ ​ភាគរយ​។

លោកស្រី រស់ សុភាព នាយិការ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​បាន​ថ្លែង​ថា គំនិត​របស់​អ្នកនយោបាយ​បុរស​ត្រូវ​តែ​ផ្លាស់ប្តូរ ដើម្បី​ដាក់​បញ្ចូល​ស្ត្រី​តាំងតែ​ពី​ដំបូង​។

លោកស្រី​ថ្លែង​ថា​ ​ជា​ញឹកញាប់​ស្ត្រី​ត្រូវ​បាន​គេ​ប្រគល់​តំណែង​ទាបៗ​ឲ្យ​គឺ​មិនមែន​តំណែង​​ដែល​មាន​ឋានៈ​ខ្ពស់ៗ​នោះ​ទេ​។ ហេតុ​ដូចនេះ​ហើយ​នៅ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​នោះ ស្ត្រី​កាន់តែ​ច្រើន​ដែល​មកពី​តំណែង​ទាបៗ​អាច​បំពេញ​តំណែង​នោះ​បាន​។

លោកស្រី​ថ្លែង​ថា​៖ «​យើង​មិន​ចង់​រង់ចាំ​ឱកាស​ទេ ប៉ុន្តែ​យើង​ចង់​ឃើញ​ឱកាស​សមរម្យ​សម្រាប់​ស្ត្រី​»​។

អ្នក​នយោបាយ​ជា​ស្ត្រី​ម្នាក់​ទៀត​គឺ​លោកស្រី ជួង សៅនី បាន​រៀបរាប់​ថា លោកស្រី​មិន​បាន​ជាប់​ឆ្នោត​ទេ​នៅក្នុង​ការបោះឆ្នោត​កាលពី​ខែ​មិថុនា ប៉ុន្តែ​ឥឡូវ​នេះ​លោកស្រី​បាន​ក្លាយ​ជា​ជំទប់​ឃុំ​គោកបន្ទាយ ក្នុង​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​។ ស្ត្រី​ដែល​ទើប​មាន​អាយុ ២៨ ឆ្នាំ​រូប​នេះ​បាន​រៀបរាប់​ថា​៖ «​ខ្ញុំ​ពិតជា​រីករាយ​ណាស់​។ ខ្ញុំ​មិន​ខ្វល់​ថា ខ្ញុំ​ទទួល​បាន​តំណែង​នេះ​ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​អី​នោះ​ទេ​ដរាប​ណា​ខ្ញុំ​អាច​ចូលរួម​អភិវឌ្ឍ​ឃុំ​របស់​ខ្ញុំ​បាន​»​។

លោកស្រី​ សៅនី បាន​ពន្យល់​ថា​លោកស្រី​ទទួល​ខុសត្រូវ​លើ​ផ្នែក​អប់រំ និង​សុខភាព​ហើយ​លោកស្រី​នឹង​ប្រមែប្រមូល​យុវជន​នៅក្នុង​ឃុំ​របស់​លោកស្រី​ឲ្យ​ចូលរួម​ដោយ​ផ្អែក​លើ​បទពិសោធ​របស់​លោកស្រី​ដែល​ធ្លាប់​ធ្វើការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅក្នុង​ឃុំ​នេះ​។

លោកស្រី ធីតា ឃឹះ នាយិកា​អង្គការ​សីលការ​បាន​ថ្លែង​ថា ការកើនឡើង​នេះ​គឺ​មាន​សារៈសំខាន់​ណាស់​ជាពិសេស​នៅ​ថ្នាក់មូលដ្ឋាន​ដើម្បី​តំណាង​ផលប្រយោជន៍​របស់​ស្ត្រី​ និង​កុមារ​។ ​លោកស្រី​សន្មត​ថា ការ​កើនឡើង​នេះ​ក៏​ដោយសារ​តែ​ការធ្លាក់ចុះ ការ​ប្រកួតប្រជែង​ពី​សមភាគី​បុរស​ដែល​មិន​ចង់​ធ្វើឲ្យ​មាន​គម្លាត​។

លោកស្រី​ឲ្យ​ដឹង​ថា​៖ «​ឥឡូវ​នេះ​ស្ត្រី​មាន​ការ​ប្រកួតប្រជែង​កាន់តែ​តិចជាង​មុន ខណៈ​ដែល​ឥឡូវ​នេះ​មាន​គណបក្ស​កំពុង​កាន់​អំណាច​តែ​មួយ​នោះ​»​។ ប៉ុន្តែ​លោកស្រី​បាន​ចង្អុល​បង្ហាញ​ថា​ទោះបី​ជា​ចំនួន​នេះ​បាន​កើនឡើង​នៅ​ថ្នាក់ឃុំ សង្កាត់​មួយ​ចំនួន​ក្តី ប៉ុន្តែ​វា​ក៏​បាន​ថយ​ចុះ​នៅ​ថ្នាក់ជាតិ​ និង​ព្រឹទ្ធសភា​។

ជាក់ស្ដែង​យោង​តាម​តួលេខ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​កាលពី​ថ្ងៃ​សៅរ៍​បាន​បង្ហាញ​ថា​មាន​សមាជិក​ព្រឹទ្ធសភា​ជា​ស្ត្រី​តែ ៨ រូប​ប៉ុណ្ណោះ​ក្នុង​ចំណោម​សមាជិក​ព្រឹទ្ធសភា​ទើប​ជាប់​ឆ្នោត​ថ្មី​ចំនួន ៥៨ រូប​បើ​ប្រៀបធៀប​ទៅ​អាណត្តិ​មុន គឺ​ស្ត្រី​មាន​ចំនួន ១០ រូប​។

លោកស្រី សឺន កេតសិរីលក្ខណ៍ មន្ត្រី​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ ខុម ហ្វ្រែល ​បាន​ស្វាគមន៍​ចំពោះ​ការកើនឡើង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ជា​ស្ត្រី​នេះ​ថា វា​ជា​ការ​ចាំបាច់​។

លោកស្រី​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទៅ​នឹង​អ្វី​ដែល​បាន​កើតឡើង​ពាក់ព័ន្ធ​ទៅ​នឹង​ការរំលាយ​គណបក្ស​សង្គ្រោះជាតិ​នោះ​ទេ ប៉ុន្តែ​ក្រុម​ស្ត្រី​របស់​យើង​នឹង​នៅ​តែ​បន្ត​ធ្វើ​ដំណើរ​របស់​យើង​ទៅ​មុខ​ទៀត​ដើម្បី​ធ្វើការ​តស៊ូ​មតិ​នឹង​ដើម្បី​លើក​កម្ពស់​ស្ត្រី​នៅក្នុង​ការ​ធ្វើការ​សម្រេច​ចិត្ត​»​។

លោកស្រី សិរីលក្ខណ៍ ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ការ​កើនឡើង​នេះ​នៅ​មិនទាន់​គ្រប់គ្រាន់​នោះ​ទេ ដោយ​លោកស្រី​បាន​លើក​ឡើង​ថា ស្ត្រី​ជាច្រើន​ត្រូវ​បាន​រើសអើង​នៅ​កន្លែង​ធ្វើការ​របស់​ពួកគេ ឧទាហរណ៍​ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទទួល​ខុសត្រូវ និង​ប្រើ​សិទ្ធិ​អំណាច​ដែល​ជា​ទូទៅ​ពួកគេ​ត្រូវ​មាន​នៅ​ក្នុង​តួនាទី​នោះ​។ លោកស្រី​បញ្ជាក់​ថា​៖ «​យើង​ព្រួយបារម្ភ​អំពី​ករណី​នេះ​»៕ NS