បន្ទាយមានជ័យៈ អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យកំពុងសាកសួរមន្ត្រីជាសមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតម្នាក់ពីម្សិលមិញ បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនជននេះពាក់ព័ន្ធនឹងការនាំមនុស្សចំនួន ៥ នាក់ ឆ្លងដែនចូលប្រទេសថៃប្រព្រឹត្តនៅភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែតកាលពីថ្ងៃទី ២៩ មីនា។
លោក ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ជនសង្ស័យឈ្មោះ យឹម នៅ អាយុ ៤៧ ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតមានលំនៅភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត។ ជនសង្ស័យកំពុងត្រូវបានព្រះរាជអាជ្ញាសាកសួរពីម្សិលមិញ មុននឹងបញ្ជូនជននេះទៅចៅក្រមស៊ើបសួរ។
លោកថ្លែងថា៖ «ករណីនេះខាងព្រះរាជអាជ្ញាបន្តសាកសួរគាត់នៅឡើយ ហើយបន្ទាប់ពីសួរចប់ត្រូវបញ្ជូនទៅចៅក្រមស៊ើបសួរទៀតទើបដឹង។ តែដល់រសៀល ថ្ងៃនេះ [ថ្ងៃទី ៣០ មីនា] មន្ត្រីខ្ញុំមិនទាន់ត្រឡប់ពីតុលាការវិញទេ»។
បើតាមលោក ព្រហ្ម ថេង ដែលទទួលបានចម្លើយពីជនសង្ស័យនោះគឺ ជនសង្ស័យឈ្មោះ យឹម នៅ មានក្មួយស្រីបង្កើតចំនួន ៣ នាក់។ ក្មួយស្រីរបស់គាត់ម្នាក់ក្នុងចំណោម ៣ នាក់មានប្តីជាជនជាតិថៃ និងមានប្អូនថ្លៃជាជនជាតិថៃម្នាក់ទៀតដែលសរុបមនុស្សទាំងអស់ ៥ នាក់។ មនុស្សទាំង ៥ នាក់នោះបានទៅស្នាក់នៅផ្ទះរបស់គាត់ ហើយពួកគេចង់ត្រឡប់ទៅប្រទេសថៃវិញ។ ប៉ុន្តែបើទៅតាមច្រកអន្តរជាតិប៉ោយប៉ែត គឺទៅមិនបានទេ ព្រោះពួកគេគ្មានលិខិតឆ្លងដែន។
ដោយយល់ឃើញថា ពួកគេជាសាច់ញាតិផងនោះ ជនសង្ស័យឈ្មោះ យឹម នៅ ក៏ឱ្យពួកគេជិះរថយន្តផ្ទាល់ខ្លួនប្រភេទ Camry របស់គាត់ និងដឹកទៅដាក់នៅព្រំដែនច្រករបៀងស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយក៏រត់ឆ្លងដែនចូលទឹកដីថៃបាត់ទៅ។
លោក ព្រហ្ម ថេង បន្តតាមសម្តីជនសង្ស័យថា នៅពេលដល់ច្រករបៀងនោះ ឈ្មោះ យឹម នៅ បានឈប់រថយន្តដើម្បីឱ្យក្មួយៗរបស់គាត់ឆ្លងដែនចូលទឹកដីថៃ។ ប៉ុន្តែភ្លាមៗនោះត្រូវបានកម្លាំងសមត្ថកិច្ចអាវុធហត្ថ ដែលល្បាតតាមច្រករបៀងឃើញ ក៏រត់សំដៅមករកគាត់ [ជនសង្ស័យ] ដើម្បីចាប់មនុស្សទាំង ៥ នាក់នោះ។ ក៏ប៉ុន្តែដោយសារពួកគេឃើញសមត្ថកិច្ចមុនក៏នាំគ្នារត់ចូលទឹកដីថៃបាត់អស់ទៅ សូម្បីតែសាក់កាដូសម្លៀកបំពាក់ក៏ពួកគេយកទៅមិនទាន់ផង។ រីឯជនសង្ស័យឈ្មោះ យឹម នៅ ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាននៅពេលនោះតែម្តងទៅ៕