កំពត:​ សមត្ថកិច្ច​ខេត្ត​កំពត ​នឹង​បញ្ជូន​ជន​សង្ស័យ ២ នាក់​ ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ឈូក​ម្នាក់​ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​តាកែន​ម្នាក់ ​ទៅ​សាលា​ដំបូង​ខេត្ត​កំពត​នៅ​ថ្ងៃ​នេះ ​បន្ទាប់​ពី​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ នៅ​ថ្ងៃទី ​១៣ ខែ ​សីហា ដែល​ពាក់ព័ន្ធ​ក្លែងបន្លំ​ឯកសារ​ប្លង់​ដី​របស់​ពលរដ្ឋ​ រស់នៅ​ភូមិ​វាល​ក្រសាំង​ ឃុំ​តាកែន​ ស្រុក​ឈូក ​ខេត្ត​កំពត​។​

លោក​ ម៉ៅ ​ច័ន្ទមធុរិទ្ធ​ ស្នងការ​នគរបាល​ខេត្ត​កំពត​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិលមិញ​ថា​ ជន​សង្ស័យ​ទាំង ​២ ​នាក់​​នេះ ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កំពុង​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅ​ឡើយ​ជុំវិញ​ករណី​ក្លែង​បន្លំ​ឯកសារ​ប្លង់​ដី​របស់​ពលរដ្ឋ​នៅ​ទីតាំង​ខាង​លើ ​ដោយ​នៅ​ថ្ងៃទី​ ១៥​ សីហា​នេះ ​សមត្ថកិច្ច​នឹង​បញ្ជូន​​ទៅ​សាលា​ដំបូង​ខេត្ត​កំពត ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ច្បាប់​។​

ជន​សង្ស័យ​ទាំង ​២ នាក់​នេះ ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​កំពត​ បាន​ឃាត់​ខ្លួន នៅ​ថ្ងៃទី ​១៣​ ខែ ​សីហា​​ ​នៅ​ភូមិ​វាល​ក្រសាំង​ ឃុំ​តាកែន​ ស្រុក​ឈូក ​ក្រោយ​ពី​ពួក​គាត់​បាន​ឃុបឃិត​គ្នា​ក្លែងបន្លំ​ឯកសារ​ប្លង់​ដី ​ដើម្បី​រំលោភ​​យក​ដី​របស់​ពលរដ្ឋ​មួយ​គ្រួសារ​នៅ​ក្នុង​ភូមិ​ឃុំ​ជាមួយ​គ្នា។ ​អំពើ​ក្លែង​នេះ​បាន​ធ្វើ​ឲ្យ​បាត់បង់​ដីធ្លី​របស់​ពលរដ្ឋ​ម្នាក់​ឈ្មោះ ទ្រួន​ អេង​ ជា​ម្ចាស់​ប្លង់​ដី​ពិត​ប្រាកដ ​(ប្លង់​រឹង​)​ នៅ​ភូមិ​វាល​ក្រសាំង​ ឃុំ​តាកែន​ ស្រុក​ឈូក​ ខេត្ត​កំពត​។​

លោក​បញ្ជាក់​ថា​៖ ​«​ពេល​យើង​សាកសួរ​រួច​រាល់​ហើយ ​គឺ​នៅ​ថ្ងៃទី ​១៥ ​សីហា​នេះ ​យើង​នឹង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ឲ្យ​ស្រប​តាម​នីតិវិធី​ច្បាប់ ​ហើយ​គេ​សម្រេច​យ៉ាង​ណា ​ខ្ញុំ​មិន​ទាន់​ដឹង​ទេ​»​។​

លោក ​ខៀវ​ រិ​ទ្ធិភ័ណ្ឌ ​អភិបាល​ស្រុក​ឈូក​ កាល​ពី​ម្សិលមិញ​ មិន​ទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​​​បាន​ទេ​។​

តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​ បាន​ឲ្យ​ដឹង​ថា ​ជន​សង្ស័យ ​ទី១​-​ឈ្មោះ ​ហង់ ប៊ូញ ​ភេទ​ប្រុស​ អាយុ​៤៧ ​ឆ្នាំ ​រស់នៅ​​ភូមិ​កោះ​ស្លា ​ឃុំ​ត្រពាំង​ភ្លាំង​ ស្រុក​ឈូក​ ខេត្ត​កំពត​ មុខ​របរ​សមាជិក​ក្រុមប្រឹក្សា​ស្រុក​​ឈូក ​ខេត្ត​កំពត។​ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ពី​បទ​ក្លែង​លិខិត​សាធារណៈ ​ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​វាល​ក្រសាំង​ ឃុំ​តាកែន​ ស្រុក​ឈូក។

ទី២-​ឈ្មោះ ​ឃុត​ វ៉ាន ​ភេទ​ប្រុស ​អាយុ ​៤៦ ​ឆ្នាំ រស់នៅ​​ភូមិ​ជ័យតាស្វាយ​ ឃុំ​តាកែន​ ស្រុក​ឈូក ​មុខ​របរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​​តាកែន ​ស្រុក​ឈូក​ ពី​បទ​ក្លែង​លិខិត​សាធារណៈ ​ដោយ​ប្រើ​វិធី​ (លុប​ កែ​ទីតាំង​ដី​ ពី​ភូមិ​កោះស្លា ​ឃុំ​ត្រពាំង​ភ្លាំង​ មក​ដាក់​ជា​ភូមិ​វាល​ក្រសាំង​ ឃុំ​តាកែន​ ស្រុក​ឈូក​ រួច​បោះ​ត្រា ​និង​ឲ្យ​មេឃុំ​តាកែន​ ចុះ​ហត្ថលេខា​ត្រួត​​លើ​លិខិត​របស់​មេឃុំ​ត្រពាំង​ភ្លាំង​ ដែល​បាន​ចុះ​ហត្ថលេខា​រួច​ហើយ​)​៕​