ភ្នំពេញៈ សមាជិកក្រុមប្រឹក្សា និងមេភូមិចំនួន ៤២ នាក់ ក្នុងសង្កាត់ចោមចៅ១ បានផ្ដិតមេដៃដាក់ពាក្យស្នើសុំអន្តរាគមន៍ដល់អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យសុំឲ្យមានការផ្លាស់ប្ដូរចៅសង្កាត់របស់ពួកគេ ដែលជាកូតាជាប់ឆ្នោតរបស់អតីតគណបក្សសង្គ្រោះជាតិដោយហេតុមានភាពមិនប្រក្រតីច្រើនក្នុងភាពជាអ្នកដឹកនាំ។
យោងតាមពាក្យស្នើសុំអន្តរាគមន៍ដែលមានស្នាមមេដៃចុះថ្ងៃទី ៦ វិច្ឆិកា ឆ្នាំ ២០២០ ដែលចែកចាយដល់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា លោក កង វង ចៅសង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញគ្មានភាពជាអ្នកដឹកនាំ និងអសីលធម៌ក្នុងការដឹកនាំ បក្ខពួកនិយម និងមានភាពពុករលួយនៅក្នុងប្រព័ន្ធការងារ។
ពាក្យស្នើសុំនេះបានឲ្យដឹងថា៖ «យើងខ្ញុំទាំងអស់គ្នាជាសមាជិកក្រុមប្រឹក្សាសង្កាត់ចោមចៅទី១ គណៈបញ្ជាការឯកភាពសង្កាត់ចោមចៅទី១ និងមេភូមិទាំងអស់នៅក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញសុំផ្លាស់ប្ដូរលោក កង វង ដែលជាចៅសង្កាត់ចោមចៅទី១ (ព្រោះ) យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីនៅក្រោមឱវាទមានការអស់ជំនឿទុកចិត្តលើលោកចៅសង្កាត់»។
ពាក្យស្នើដដែលនេះបញ្ជាក់ថា៖ «ម្យ៉ាងវិញទៀតចាប់តាំងពីលោក កង វង ចូលរួមជីវភាពបក្សជាមួយគណបក្សប្រជាជនកម្ពុជាមក (រយៈពេល ៣ ឆ្នាំ) លោកពុំទាន់បានជួយកសាងសមាជិកបក្សថ្មីបាន ០១ ក្រុមបក្សនៅឡើយទេ»។
លោក កង វង ត្រូវបានចោទប្រកាន់ដូចជា មានអាកប្បកិរិយា និងសីលធម៌មិនសមរម្យ ដោយតែងតែជេរប្រមាថ តិះដៀល និងមើលងាយមកលើមន្ត្រីក្រោមឱវាទ។ មានការប្រកាន់បក្ខពួកនិយម ដែលនាំឲ្យបែកបាក់សាមគ្គី និងឯកភាពផ្ទៃក្នុង។ មិនចេះបែងចែកភារកិច្ចដល់សមាជិកក្រុមការងារ និងមន្ត្រីក្រោមឱវាទ។ មានភាពពុករលួយ (ប្រាក់ចំណូល និងសម្ភារផ្សេងៗ បានធ្វើការបែងចែកដោយអត្តនោម័ត)។
ទិសដៅការងារអ្វីមួយមិនមានដាក់ក្នុងកិច្ចពិភាក្សានៅក្នុងអង្គប្រជុំគឺធ្វើការងារដោយអត្តនោម័តដោយខ្លួនឯង។ ចរិតគ្មានភាពជាអ្នកដឹកនាំរដ្ឋបាលសាធារណៈ និងសហគមន៍។ ចំពោះការងារសាធារណៈមានការយឺតយ៉ាវ និងពន្យារពេលវេលាឲ្យយូរដើម្បីទារប្រាក់ពីប្រជាពលរដ្ឋ។ ចំពោះការងារបក្ស ចៅសង្កាត់ចោមចៅ១ មិនបានយកចិត្តទុកដាក់ និងសហការជាមួយគណៈកម្មការបក្សសង្កាត់ឲ្យបានល្អប្រសើរនោះទេ។
ទោះជាយ៉ាងណាក៏ដោយលោក កង វង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញដោយអះអាងថា ក្នុងនាមជាថ្នាក់ដឹកនាំលោកបានបំពេញតួនាទីអស់ពីសមត្ថភាពហើយ ដើម្បីបម្រើផលប្រយោជន៍ប្រជាជននៅក្នុងសង្កាត់ ប៉ុន្តែការចោទប្រកាន់បែបនេះជារឿងធម្មតាដែលតែងតែកើតមានរវាងថ្នាក់ដឹកនាំ និងអ្នកក្រោមឱវាទដែលនេះជាវិវាទការងារប៉ុណ្ណោះ។
លោក វង ថ្លែងថា៖ «ខ្ញុំយកពេលវេលានៅជាមួយប្រជាពលរដ្ឋ មិនដែលយកពេលណាទៅទំនេរទេ ព្រោះចៅសង្កាត់មានតួនាទីបំពេញតម្រូវការប្រជាពលរដ្ឋ។ ខ្ញុំមិនមែនស្រឡាញ់អំណាច ក្តាប់អំណាចខ្ញុំតែម្នាក់ឯងទេ ព្រោះការឡើងមកកាន់តំណែងនេះមិនដែលប្រើប្រាស់លុយ ក៏មិនដែលធ្វេសប្រហែស ហើយការបែងចែកប្រាក់រង្វាន់ទៅកូនចៅគឺខ្ញុំ បែងចែកទៅតាមឋានៈ និងតួនាទីហើយបើកូនចៅណា គាត់មិនបានធ្វើការគឺគាត់មិនបានទទួលនូវប្រាក់រង្វាន់នោះទេ»។
លោកថ្លែងថា៖ «ចំពោះការស្នើផ្លាស់ប្តូរតួនាទីនេះ ខ្ញុំគ្មានការខឹងសម្បានោះឡើយ ហើយការសម្រេចយ៉ាងណាគឺអាស្រ័យទៅលើថ្នាក់ដឹកនាំ ខ្ញុំជឿជាក់ថា ថ្នាក់ដឹកនាំនឹងមានការសម្រេចចិត្តត្រឹមត្រូវហើយខ្ញុំក៏គ្មានការសោកស្តាយដែលក្លាយជាផ្នែកមួយក្នុងការបម្រើសង្គមដែរ»។
លោក វង បានឲ្យដឹងថា កូតាចៅសង្កាត់ចោមចៅទី១ បានមកពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០១៧ តែក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយក៏បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងបានដឹកនាំសង្កាត់ចាប់តាំងពីឆ្នាំ ២០១៧ រហូតមកទល់បច្ចុប្បន្ន។
លោក វង ថ្លែងថា៖ «ថ្នាក់ដឹកនាំគណបក្សប្រជាជនគឺពួកគាត់មានការយកចិត្តទុកដាក់ ហើយមានមនុស្សធម៌ និងខ្វល់ខ្វាយលើកូនចៅគ្រប់រូប។ ចំពោះការងាររបស់ខ្ញុំនៅពេលនេះគឺអាស្រ័យទៅលើការសម្រេចរបស់ថ្នាក់ដឹកនាំបែបម៉េចគឺជារឿងរបស់គាត់។ ចំពោះខ្ញុំមានពេលវេលា ១ ថ្ងៃបំពេញការងារ ១ ថ្ងៃ បម្រើប្រជាពលរដ្ឋ»។
លោក ស៊ូ សារ៉ាត សមាជិកក្រុមប្រឹក្សាសង្កាត់ដែលបានចូលរួមផ្តិតមេដៃ ខណៈលោកបានផ្អាកធ្វើការងារមួយរយៈដោយសារបញ្ហាសុខភាពបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ការស្នើនេះបានដាក់ជូនគណៈប្រតិភូគណបក្សប្រជាជនកម្ពុជាប្រចាំខណ្ឌកាលពីថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២០ ហើយនឹងបន្តដាក់ទៅអភិបាលខណ្ឌពោធិ៍សែនជ័យក្នុងពេលខាងមុខ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ឲ្យមានការផ្លាស់ប្តូរចៅសង្កាត់រូបនេះ។
លោកបានរៀបរាប់ថា៖ «ពួកខ្ញុំដាក់ស្នើជំហានទី១ គឺស្នើខាងគណៈកម្មការបក្សខណ្ឌដោះស្រាយឲ្យមានការផ្លាស់ប្តូរគាត់ ហើយបើអត់មានវិធានការ យើងដាក់ស្នើទៅបន្តទៀតរហូតទាល់តែអាចដោះដូរចៅសង្កាត់រូបនេះបាន ព្រោះសកម្មភាពវាតឹងដើមទ្រូងខ្លាំងពេក។ ខ្ញុំធ្វើការជិត ៤០ ឆ្នាំហើយ បើនិយាយទៅគឺបញ្ហាគាត់មានច្រើន»។
លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា គណៈអភិបាលមិនទាន់បានទទួលលិខិតសុំអន្តរាគមន៍នោះទេ។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានបញ្ជាក់ថា ជាទូទៅតាមគោលការណ៍រដ្ឋបាល មន្ត្រីក្រោមឱវាទមានសិទ្ធិស្នើសុំផ្លាស់ប្តូរថ្នាក់ដឹកនាំដោយលើកមូលហេតុសមស្របតាមរយៈក្រសួងមហាផ្ទៃ។ តំណែងជាចៅសង្កាត់គឺទទួលបានដោយការបោះឆ្នោតពីប្រជាពលរដ្ឋ ដូច្នេះការផ្លាស់ប្តូរបែបណានោះ ថ្នាក់ដឹកនាំត្រូវតែបង្កើតគណៈកម្មការវាយតម្លៃមួយឲ្យបានត្រឹមត្រូវ ដើម្បីឲ្យប្រាកដថា ការសម្រេចរបស់ក្រសួងមហាផ្ទៃលើករណីនេះគឺសុក្រឹត និងយុត្តិធម៌។
លោក ច័ន្ទរឿន បានថ្លែងឲ្យដឹងទៀតថា៖ «ប្រសិនបើ កិច្ចការនេះគឺជាការងាររដ្ឋបាលរាល់សំណើនៃការផ្លាស់ប្តូរ ឬតែងតាំងត្រូវធ្វើតាមបែបបទរដ្ឋបាលហើយ មិនអាចធ្វើតាមខ្សែបក្សទេ។ ព្រោះចៅសង្កាត់កើតឡើងដោយការបោះឆ្នោតតាមអាណត្តិប្រព័ន្ធរដ្ឋបាល ដូច្នេះមិនអាចធ្វើការដោះដូរ ឬតវ៉ាតាមខ្សែបណ្តាញរបស់គណបក្សទេ។ ប្រសិនបើមានការដោះដូរតាមខ្សែបណ្តាញរបស់គណបក្ស ហើយលោកចៅសង្កាត់ជាអតីតសមាជិកគណបក្សជំទាស់ពីមុនមក នេះប្រហែលជាអាចពាក់ព័ន្ធនឹងរឿងនយោបាយ ច្រើនជាងរឿងរដ្ឋបាល»៕