ភ្នំពេញៈ ឥស្សរជន​គណបក្ស​ប្រឆាំង​របស់​កម្ពុជា​ដែល​កំពុង​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ក្នុង​ប្រទេស​ថៃ​ត្រូវ​បាន​នគរបាល​ថៃ​ចុះ​ទៅ​ត្រួតពិនិត្យ​ក្នុង​រយៈកាល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ដោយ​បង្ក​ឲ្យ​មាន​ការ​ភ័យខ្លាច​អំពី​ការ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​។

អ្នក​នយោបាយ​កម្ពុជា​រាប់សិប​នាក់​បាន​គេច​ចេញ​ពី​ប្រទេស​កម្ពុជា ក្រោយ​ពី​គណបក្ស​សង្គ្រោះជាតិ​របស់​ពួកគេ​ត្រូវ​បាន​រំលាយ​ទាំង​បង្ខំ​កាលពី​ថ្ងៃ​ទី​ ១៦ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧ បន្ទាប់ពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា ដែល​ជា​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏ធំ​មួយ​នេះ​។

សកម្មជន​ម្នាក់​ក្នុង​ចំណោម​ពួកគេ​គឺ​លោក​ គង់ ម៉ាស់ ដែល​នឹង​ត្រូវ​ធ្វើ​ជា​បេក្ខជន​សម្រាប់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​នៅក្នុង​ការ​បោះឆ្នោត​ជាតិ​នា​ឆ្នាំ​នេះ​មុន​ពេល​គណបក្ស​របស់​លោក​ត្រូវ​បាន​រំលាយ​ថ្លែង​ថា កាលពី​ថ្ងៃ​សៅរ៍​នគរបាល​ថៃ​បាន​ចូល​បន្ទប់​របស់​លោក​ដើម្បី​ពិនិត្យ​ឯកសារ​អ្នក​គាំទ្រ​បក្សប្រឆាំង​កម្ពុជា​ ប៉ុន្តែ​លោក​មិន​បាន​នៅ​ផ្ទះ​ទេ​ពេល​នោះ​។

លោក​ថ្លែង​ពី​ម្សិលមិញ​ថា​៖ «​ក្នុង​រយៈកាល​ប៉ុន្មាន​ថ្ងៃ​នេះ​ក្នុង​ទីក្រុង​បាងកក មាន​ការ​ប៉ុនប៉ង​បំភិត​បំភ័យ​ធ្ងន់ធ្ងរ​មក​លើ​សកម្មជន​របស់​យើង​ដែល​កំពុង​ស្នើសុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​»​។

លោក​បន្ត​ថា​៖ «​កម្លាំង​ប្រដាប់​អាវុធ​របស់​ថៃ​នៅ​តែ​ប្រចាំការ​តាមដាន​នៅពេល​យើង​ទៅ​ក្រៅ​ និង​ត្រឡប់​មក​វិញ​។ ពួកគេ​ឈប់​ឡាន​មួយ​នៅ​ទីនោះ និង​បន្ត​ឃ្លាំ​មើល​យើង​»​។ លោក​អះអាង​ថា រថយន្ត​ដែល​ប្រចាំការ​នៅ​មុខ​អាផាតមិន​របស់​លោក​គឺ​មាន​ស្លាក​លេខ​យោធា​។

លោក​បាន​ថ្លែង​ទៀត​ថា​៖ «​ពួកគេ​ពិនិត្យ​សព្វគ្រប់ សូម្បីតែ​ទូរស័ព្ទ​របស់​យើង​... ហើយ​ពួកគេ​ពិនិត្យ​រក​ឯកសារ​ដូចជា​លិខិត​ឆ្លងដែន​។ បន្ទាប់ពី​ពួកគេ​ពិនិត្យ​រួច ពួកគេ​ថតរូប​ជា​ភ័ស្តុតាង​។ ពួកគេ​បាន​ចាកចេញ​ទៅ​វិញ​ដោយសារ​យើង​មាន​ឯកសារ​គ្រប់គ្រាន់​»​។

តាម​តួលេខ គឺ​មាន​ចំនួន​ផ្សេង​គ្នា ប៉ុន្តែ​បើ​តាម​ចំនួន​ប៉ាន់​ប្រមាណ​ជាង​ ១០០ ​នាក់​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​ពាក់កណ្តាល​នៃ​ពួកគេ​កំពុង​សុំ​សិទ្ធិ​ជ្រកកោន​ជា​ជន​ភៀសខ្លួន​។

លោក ម៉ាស់ បាន​ថ្លែង​ថា ចំនួន​នេះ​គឺ​ជិត​ ២០០ ​នាក់​ហើយ​ប្រមាណ​ ៦០ ​ភាគរយ​នៃ​ពួកគេ​បាន​ចាប់ផ្តើម​ដំណាក់កាល​ទី​មួយ​នៃ​ការ​ស្វែងរក​សិទ្ធិ​ជ្រកកោន​ពី​អង្គការ​សហប្រជាជាតិ​។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ឡុង បុត្តា បាន​ថ្លែង​ថា ពួកគេ​ជាង​ ១០ ​នាក់​បាន​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​អូស្ត្រាលី​ ឬ​នូវែល​សេឡង់​។

ការ​ធ្វើ​បត្យាប័ន​អ្នកស្រី សំ សុខា ដែល​ជា​ជន​ភៀសខ្លួន​កម្ពុជា​ដែល​ត្រូវ​បាន​កាត់ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​ ២ ​ឆ្នាំ​ពាក់ព័ន្ធ​នឹង​ករណី​គប់​ស្បែកជើង​ទៅលើ​ស្លាក​គណបក្ស​កាន់​អំណាច បាន​ធ្វើឲ្យ​មាន​ការ​ភ័យខ្លាច​កាន់តែ​ខ្លាំង​ឡើង​ថា រដ្ឋាភិបាល​នឹង​ស្វែងរក​ការ​បញ្ជូន​សកម្មជន​គណបក្ស​ប្រឆាំង​ត្រឡប់​មក​វិញ​។

ការ​ចុះ​ទៅ​ត្រួតពិនិត្យ​របស់​នគរបាល​ថៃ​ត្រូវ​បាន​បញ្ជាក់​ដោយ​អតីត​ចៅសង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ ដែល​កាលពី​ដំបូង​បាន​គេច​ខ្លួន​ទៅ​ប្រទេស​ថៃ ប៉ុន្តែ​បាន​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ​។ ថ្លែង​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ លោក​បាន​បញ្ជាក់​ថា លោក​បាន​ទាក់ទង​ជិតស្និទ្ធ​ជាមួយ​សហការី​នៅ​ទីក្រុង​បាងកក​ដែល​ត្រូវ​បាន​ចុះ​ត្រួតពិនិត្យ​ដោយ​អាជ្ញាធរ​ថៃ​ផង​ដែរ​។

លោក​បាន​ថ្លែង​ថា​៖ «​ពួកគេ​បាន​និយាយ​ជាមួយ​ខ្ញុំ​អំពី​បញ្ហា​នេះ​ពួកគេ​និយាយ​ថា ពួកគេ​ពិតជា​បារម្ភ​... ពួកគេ​ភ័យខ្លាច​ការ​បញ្ជូន​មក​វិញ​ហើយ​ចាប់​ដាក់​ពន្ធនាគារ​»​។

លោក​បន្ត​ថា​៖ «​ពួកគេ​និយាយ​ថា នគរបាល​ថៃ​មក​ពិនិត្យ​ថា​តើ​ទិដ្ឋាការ​របស់​ពួកគេ​ផុតកំណត់​ឬ​អត់​? ពួកគេ​តឹងរ៉ឹង​ណាស់ នៅ​ពេល​ទិដ្ឋាការ​របស់​ពួកគេ​ផុតកំណត់​»​។ លោក​បន្ត​ថា ភាគច្រើន​បំផុត​នៃ​សហការី​របស់​លោក​គឺ​ប្រើ​ទិដ្ឋាការ​ទេសចរណ៍​ដែល​មាន​រយៈពេល​ ២ ​ខែ​។ ដោយ​ឥឡូវ​នេះ ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ លោក​ក៏​បារម្ភ​ផង​ដែរ​អំពី​សុវត្ថិភាព​របស់​លោក​។

លោក​បាន​ថ្លែង​ថា​៖ «​ប្រសិន​បើ​ពួកគេ​មិន​ចូលចិត្ត​យើង ពួកគេ​អាច​ធ្វើអ្វី​មួយ​ដើម្បី​ចោទប្រកាន់​យើង​»​។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ​លោក Werachon Sukondhaptipak មិន​បាន​ឆ្លើយតប​សំណើសុំ​អត្ថាធិប្បាយ​កាលពី​ម្សិលមិញ​ ខណៈ​មន្ត្រី​ក្រសួង​ការបរទេស​ថៃ​ដទៃៗ​ទៀត​មិន​អាច​ទាក់ទង​បាន​។

អ្នក​នាំពាក្យ​នគរបាល​ជាតិ​លោក គៀត ច័ន្ទថារិទ្ធ ថ្លែង​ថា នគរបាល​កម្ពុជា​មិន​បាន​ស្នើសុំ​បត្យាប័ន​អ្នកស្រី សំ សុខា ទេ ប៉ុន្តែ​អាជ្ញាធរ​កម្ពុជា​តាមដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​។

លោក​បាន​ថ្លែង​ថា​៖ «​យើង​មិន​ស្នើសុំ​ទេ ប៉ុន្តែ​តាមដាន នៅពេល​យើង​ដឹង​ថា អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​គាត់​ដោយសារ​រស់នៅ​ខុស​ច្បាប់ ហើយ​បញ្ជូន​ត្រឡប់​មក​វិញ យើង​រង់ចាំ​ទទួល​គាត់ នគរបាល​ពួកគេ​មាន​បច្ចេកទេស​របស់​ពួកគេ​»​។

លោក ច័ន្ទថារិទ្ធ បាន​ថ្លែង​បន្ត​ថា​៖ «​យើង​មិន​ស្នើសុំ ប៉ុន្តែ​យើង​កំពុង​តាមដាន វា​ជា​ជំនាញ​មួយ​»​។

នៅ​ពេល​សួរ​ថា​តើ​អាជ្ញាធរ​កម្ពុជា​ស្នើសុំ​រដ្ឋាភិបាល​ថៃ​ពិនិត្យ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​លាក់ខ្លួន​ឬ​អត់ លោក ចាន់ថារិទ្ធិ បដិសេធ​មិន​ឆ្លើយ​សំណួរ​ត្រង់​។

លោក​បាន​ថ្លែង​ថា​៖ «​អ្នក​គួរតែ​យល់​ហើយ​ថា ប្រទេស​ថៃ​ជា​ប្រទេស​សេរី មិនមែន​ជា​ប្រទេស​កុម្មុយនីស្ត ប្រសិន​បើ​យើង​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ឬ​សិទ្ធិមនុស្ស ពួកគេ​នឹង​មិន​ចាប់​ឲ្យ​យើង​ទេ ពួកគេ​នឹង​មិន​និយាយ​ជាមួយ​យើង​លើ​បញ្ហា​នោះ​»​។

លោក​បន្ត​ថា​៖ «​ប្រសិន​បើ​វា​ជា​ករណី​ហេតុផល​នយោបាយ ថៃ​ពួកគេ​នឹង​មិន​ធ្វើការ​ជាមួយ​យើង​ទេ យើង​យល់​អំពី​គោលនយោបាយ​របស់​ពួកគេ​ហើយ​យើង​នឹង​មិន​និយាយ​ទៅ​កាន់​ពួកគេ​អំពី​រឿង​នយោបាយ​។ យើង​មិន​ថោក​និយាយ​ទៅ​ពួកគេ​»​។

ទោះ​យ៉ាង​ណា​ក្តី​លោក ច័ន្ទថារិទ្ធ បាន​ថ្លែង​ថា ការ​ពិនិត្យ​ទៅ​លើ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​គឺ​គ្រាន់​តែ​ជា ​«​ការ​អនុវត្ត​ច្បាប់​»​។

«​ប្រទេស​ថៃ​ក្នុង​ទសវត្សរ៍​ចុងក្រោយ ប្រទេស​របស់​ពួកគេ​អភិវឌ្ឍ​... ដូច្នេះ​កម្មករ ឬ បរទេស​ទៅ​ប្រទេស​ថៃ​ច្រើន​ប្រសិន​បើ​យើង​ប្រៀបធៀប​មក​កម្ពុជា យើង​មិន​អាច​ប្រៀបធៀប​តែ​មួយ​ផ្នែក​ជាមួយ​ថៃ​បាន​ទេ ដូចជា​ពលករ​ខុស​ច្បាប់ ដូច្នេះ​ថៃ​ពួកគេ​មាន​វិធានការ​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ចំពោះ​ការ​ពង្រឹង​ច្បាប់ ដូច​ពលករ​កម្ពុជា​របស់​យើង ពួកគេ​បញ្ជូន​មក​កម្ពុជា​វិញ​រាប់ពាន់​នាក់​»​។

លោក​បាន​បន្ថែម​ថា​៖ «​វា​ជា​គោលនយោបាយ​របស់​ពួកគេ​ដើម្បី​គ្រប់គ្រង​ប្រជាជន​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ ប្រសិន​បើ​អ្នក​ចង់​ដឹង​ជាង​នេះ សូម​សួរ​ថៃ​ខ្លួនឯង​»​។

លោកស្រី ចក់ សុភាព នៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ថ្លែង​ថា​ «​នៅក្នុង​បរិបទ​នយោបាយ​កម្ពុជា​បច្ចុប្បន្ន​មនុស្ស​ជាច្រើន​ត្រូវ​បាន​ឃុំខ្លួន​ ដោយសារ​តែ​ការ​ប្រើប្រាស់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ជា​ការ​សោកស្តាយ​ណាស់​គឺជា​ការពិត​មួយ​»​។ លោកស្រី​បាន​ថ្លែង​បន្ត​ថា​៖ «​នេះ​ជា​ដំណើរ​វិវឌ្ឍន៍​គួរ​ឲ្យ​បារម្ភ​»​។

ការ​ភ័យខ្លាច​របស់​លោកស្រី​ត្រូវ​បាន​បន្ទរ​ដោយ Andrea Giorgetta នាយក​ប្រចាំ​អាស៊ី​នៃ​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស​ (FIDH) ដែល​ជា​អ្នក​ឃ្លាំ​មើល​សិទ្ធិមនុស្ស​សកល​បាន​ថ្លែង​ថា​៖ «​ការពិត​ដែល​ប្រទេស​ថៃ​ទំនង​ជា​សកម្ម​ក្នុង​ការ​ស្វែងរក​សកម្មជន​នយោបាយ​កម្ពុជា​ដែល​សុំ​សិទ្ធិ​ជ្រកកោន​នៅក្នុង​ដែនដី​របស់​ខ្លួន​ដើម្បី​និរទេស​ពួកគេ​មក​ប្រទេស​កម្ពុជា​គឺជា​បញ្ហា​ស៊ីជម្រៅ​មួយ និង​ឆ្លុះ​បញ្ចាំង​ពី​ការ​មិន​គោរព​ច្បាប់​អន្តរជាតិ​ទាំង​ស្រុង​របស់​របប​យោធា​ថៃ​»​។

លោក​បន្ត​ថា​៖ «​កិច្ចសហប្រតិបត្តិការ​នយោបាយ​ខ្លាំង​ឡើង​រវាង​ទីក្រុង​បាងកក និង​ទីក្រុង​ភ្នំពេញ​ក៏​មាន​ន័យ​ផង​ដែរ​ថា សកម្មជន​នយោបាយ​ថៃ​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​ក្នុង​ប្រទេស​កម្ពុជា​ ឥឡូវ​នេះ​អាច​ប្រឈម​មុខ​នឹង​ការ​និរទេស​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ បន្ទាប់ពី​មាន​ការ​ព្រមព្រៀង​គ្នា​រវាង​រដ្ឋាភិបាល ផ្តាច់ការ​ទាំង​ ២»៕ PS