ភ្នំពេញៈ សមាជិក​ជាច្រើន​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​គ្រោង​ស្នើឱ្យ​ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ដែលជា​ព្រះអនុជ​របស់​ព្រះមហាក្សត្រ យាង​មក​ធ្វើ​ជា​ព្រះប្រធាន​គណបក្ស​ជំនួស​សម្ដេច​ក្រុមព្រះនរោត្តម រណឫទ្ធិ ដោយ ពួកគេ​អះអាង​ថា ព្រះអង្គ​រណឫទ្ធិ​ដែល​មិនអាច​ដឹកនាំ​បក្ស​បន្តទៀត បានសម្រេច​ព្រះទ័យ​ឱ្យ​ព្រះអង្គម្ចាស់​នរោត្តម ចក្រាវុឌ្ឍ ធ្វើ​ជា​ប្រធាន​ស្តីទី​គណបក្ស ខណៈ​សមាជិក​ភាគច្រើន​មិន​គាំទ្រ​ព្រះអង្គម្ចាស់​។

មន្ត្រី​ជាន់ខ្ពស់​ម្នាក់​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​អះអាង​ថា​ខ្លួន​ជា​អ្នក​តំណាង​ឱ្យ​សមាជិក សមាជិកា​ទាំង​ ២៥ ​ខេត្ត​/​ក្រុង ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ២៦ វិច្ឆិកា ថា សមាជិក​សមាជិកា​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ឯកភាពគ្នា​គ្រោង​ដាក់សំណើ​ទៅ​ព្រះអង្គ​ម្ចាស់ក្សត្រី អរុណរស្មី ដើម្បី​យាង​ព្រះអង្គ​មក​ធ្វើជា​ព្រះប្រធាន គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជំនួស​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ វិញ​។

លោក​បាន​បន្តថា ការសម្រេច​បែប​នេះ​ដោយសារ​សមាជិក​បក្ស​ទាំងអស់​បាន​កត់សម្គាល់​ថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​និង​កំពុង​ប្រឈួន​ខ្លាំង ដោយ​មិន​អាច​ដឹកនាំ​គណបក្ស​បន្តទៀត​បានទេ​។ ចំណែក​ព្រះអង្គម្ចាស់​នរោត្តម ចក្រាវុឌ្ឍ ក៏​មិន​អាច​ដឹកនាំ​គណបក្ស​បាន​ដែរ ព្រោះ​ព្រះអង្គ​មិនទាន់​បាន​សិក្សា​ស៊ីជម្រៅ​លើ​បញ្ហា​នយោបាយ​ថែមទាំង​មិនទាន់​មាន​បទពិសោធ​ក្នុង​វិស័យ​នយោបាយ​នេះដែរ​។

លោក​បញ្ជាក់ថា​៖ «​ក្រោម​ការដឹកនាំ​របស់​ព្រះអង្គម្ចាស់ ចក្រាវុឌ្ឍ កន្លង​មក​នេះ​ព្រះអង្គ​បាន​បំផ្លាញ​រចនាសម្ព័ន្ធ​បក្ស​ជាច្រើន​បណ្ដេញ​សមាជិក​បក្ស​ចាស់ៗ​ចោល​បើក​ដៃ​ឱ្យ​អ្នកផ្សេង​អុកឡុក​ផ្ទៃក្នុង​បក្ស ថែម​ទាំង​បាន​រៀបចំ​ផែនការ​លក់​ទីស្នាក់ការ​បក្ស​ជា​បន្តបន្ទាប់​។ ដូច្នេះ​មាន​តែ​ព្រះអង្គម្ចាស់ក្សត្រី អរុណរស្មី​ទេ​ដែល​អាចដឹកនាំ​បន្តបាន ព្រោះ​ព្រះអង្គ​ក៏​ធ្លាប់​ដឹកនាំ​គណបក្ស​នេះ​កន្លងមក​ដែរ​»​។

ទោះយ៉ាងណា​លោក​មិនទាន់​អាច​បញ្ជាក់​ពេលវេលា​ជាក់លាក់​ថា ក្រុម​សមាជិក​នឹង​ត្រូវ​ដាក់សំណើ​សុំ​យាង​ព្រះអង្គម្ចាស់​នរោត្តម អរុណរស្មី មក​ធ្វើជា​ព្រះប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅពេល​ណា​នោះទេ​។

លោក​ សុ ផាន់ណា សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ប្រចាំខេត្ត​សៀមរាប​ថ្លែងថា លោក​បានឮ​ពាក្យ​ចចាមអារ៉ាម​នេះដែរ ប៉ុន្ដែ​លោក​នឹង​មិន​ជំទាស់​ទៅលើ​ការដាក់​ស្នើឱ្យ​ព្រះអង្គម្ចាស់ក្សត្រី អរុណរស្មី យាង​មក​ធ្វើជា​ព្រះប្រធាន​គណបក្ស​ម្ដងទៀត​នោះទេ ព្រោះ​ព្រះអង្គ​ក៏​ធ្លាប់​ដឹកនាំ​គណបក្ស​នេះ​ពី​មុន​មក​ដែរ​។

លោក​បញ្ជាក់ថា​៖ «​បើ​គេ​ស្នើ​អ៊ីចឹង​ហើយ ខ្ញុំ​ក៏​មិន​ជំទាស់​ដែរ ព្រោះ​បើ​មតិ​ភាគច្រើន​គាត់​គិតថា ព្រះអង្គម្ចាស់ក្សត្រី អរុណរស្មី មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ដឹកនាំ​បក្ស​នេះ ហើយ​កន្លង​មក​ក៏​គាត់​ធ្លាប់​ដឹកនាំ​យើង​ទាំងអស់​គ្នា​ដែរ គឺ​ឃើញ​ថា​មិន​មាន​បញ្ហា​អ្វី​កើតឡើង​ទេ​»​។

ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី បាន​មាន​ព្រះបន្ទូល​នៅ​ថ្ងៃទី​ ២៦ វិច្ឆិកា​ថា ព្រះអង្គ​មិនមាន​ព្រះទ័យ​ចូលប្រឡូក​ក្នុង​វិស័យ​នយោបាយ​វិញ​ទេ​។ ប៉ុន្ដែ​ព្រះអង្គ​ជំរុញ​ឱ្យ​សមាជិក​សមាជិកា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទាំងអស់ គួរតែ​នាំ​គ្នា​រួបរួម​គ្នា ស្រឡាញ់គ្នា រាប់អាន​គ្នា ធ្វើ​ការងារ​ជាមួយគ្នា​។ ជាពិសេស​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្នុង​បក្ស​ត្រូវ​ប្រើ​ចិត្តធម៌ និង​អត់ឱន​ឲ្យ​គ្នា​ទៅវិញទៅមក​ឱ្យបាន​ច្រើន​ចៀសវាង​ការបែកបាក់​សាមគ្គី​។

ព្រះអង្គម្ចាស់​មាន​ព្រះបន្ទូល​ថា សព្វថ្ងៃនេះ​ព្រះអង្គ​មាន​ព្រះទ័យ​ចង់ឃើញ​សមាជិក​បក្ស​ចេះ​រួបរួម​គ្នា​ធ្វើការ​ជា​ធ្លុង​មួយ ដើម្បី​បម្រើ​ជាតិ​កម្ពុជា​ឱ្យមាន​ការរីក​ចម្រើន​បន្ថែម​ទៀត​។ ចំណែក​ព្រះអង្គ​ផ្ទាល់​សុំ​ត្រឹមតែ​នៅក្បែរ​ព្រះកាយ សម្ដេច​យាយ សម្តេចម៉ែ ដើម្បី​បម្រើ​ទ្រង់ ក៏ដូចជា​ចង់​បញ្ចេញ​កម្លាំង​ព្រះកាយ​មួយ​ចំនួន​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅ​ទី​ឆ្ងាយៗ​ផងដែរ​។

ព្រះអង្គម្ចាស់ក្សត្រី អរុណរស្មី បាន​បញ្ជាក់ថា​៖ «​បញ្ហា​ខ្ញុំ​នាពេល​នេះ​គឺ​ខ្ញុំ​ចង់​ទៅ​បម្រើ​រាស្ត្រ​ដោយផ្ទាល់​តាម​មូលដ្ឋាន​ដោយ​ធ្វើការងារ​ជា​លក្ខណៈ​មនុស្សធម៌ និង​ចង់​នៅ​ជិត​ព្រះកាយ​សម្ដេចម៉ែ ដើម្បី​បម្រើ​ទ្រង់​។ ចំណែក​ការងារ​នយោបាយ ឬ​គណបក្ស​នេះ ខ្ញុំ​ទុក​ឱ្យ​សម្ដេច​ក្រុមព្រះ​ជា​អ្នក​ចាត់ចែង​។ បើ​មិន​អ៊ីចឹង​ទេ គឺ​សមាជិក​ទាំងអស់ គាត់​ជា​អ្នកធ្វើ​ជា​អ្នកដឹកនាំ​ទៅ ខ្ញុំ​សុំ​នៅ​ឆ្ងាយ​ពី​នយោបាយ​»​។

ព្រះអង្គម្ចាស់​នរោត្តម ចក្រាវុឌ្ឍ ព្រះប្រធាន​ស្ដីទី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ពី​ម្សិលមិញ​នៅ​មិនទាន់​អាច​ទាក់ទង​ដើម្បី​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បាន​ទេ​៕