ភ្នំ​ពេញៈ ​សមា​ជិក​ព្រឹទ្ធ​សភា ​៣៩ ​រូប​ ដែល​មាន​វត្តមាន​នៅ​វិមាន​ព្រឹទ្ធ​សភា​ក្នុង​សម័យ​ប្រ​ជុំពេញ​អង្គ​នៅ​ថ្ងៃ​ទី​ ១១ ​ខែ​ មីនា​ ឆ្នាំ​ ២០២១ ​នេះ​ ​បាន​អនុម័ត​ជា​ឯក​ច្ឆន្ទ​​នូវ​សេច​ក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​វិធាន​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំ​ងឺ​កូវីដ​​ ១៩​ និង​ជំងឺ​ឆ្លង​កាច​សាហាវ​ និ​ង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ផ្សេង​ទៀត​ ​ដោយ​​គ្មាន​ការ​កែ​ប្រែ។​

​សេច​ក្ដី​ព្រាង​ច្បាប់​នេះ​មាន ​៦​ ជំពូក​ និង​ ១៨​ មាត្រា​ រៀប​ចំ​ឡើង​ដើម្បី​កំណត់​គោល​បំណង វិសាល​ភាព ​និង​វិធាន​ការ​ ទោស​ប្ប​ញ្ញត្តិ ​និង​សមត្ថ​កិច្ច​ដែល​ត្រូវ​អនុវត្ត​។ ​គោល​ដៅ​នៃ​ច្បាប់​នេះ​គឺ​ដើម្បី​ការពារ​អាយុ​ជីវិត​​ប្រជា​ពលរដ្ឋ​ សុខ​ភាព​សាធារ​ណៈ ​សណ្ដាប់​ធ្នាប់​សាធារណៈ​ ព្រម​ទាំង​ការ​កាត់​បន្ថយ​ឲ្យ​បាន​ជា​អតិ​បរមា​នូវ​ផល​ប៉ះ​ពាល់​នៃ​ជំងឺ​ឆ្លង​ចំពោះ​វិស័យ​សង្គម ​សេដ្ឋកិច្ច​នៅ​កម្ពុជា។​ ​នេះ​បើ​តា​ម​សេច​ក្ដី​ប្រកាស​ព័ត៌​មាន​របស់​ព្រឹទ្ធ​សភា។​

លោក​ ​កើត​ រិទ្ធ​ ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ បាន​ថ្លែង​ក្នុង​វិមាន​ព្រឹទ្ធ​សភា​ថា​ ច្បាប់​នេះ​ធ្វើ​ឡើង​ក្នុង​បរិបទ​ដែល​ពិភព​លោក​ ​និង​កម្ពុជា​កំពុង​រង​គ្រោះពី​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវី​ដ​ ១៩។​ ប្រទេស​ខ្លះ​បាន​បង្កើត​ច្បាប់​ថ្មី ​ហើយ​ប្រទេស​ខ្លះ​ប្រើ​ច្បាប់​ចាស់​របស់​ខ្លួន​ដោយ​ធ្វើ​ការ​កែ​ប្រែ​​វិធាន​ការ​ថ្មី​ឲ្យ​ស្រប​ទៅ​តាម​ស្ថាន​ភាព​ ហើយ​ក៏​មាន​ប្រទេស​មួយ​ចំនួន​បាន​ដាក់​វិធាន​ការ​តឹង​រ៉ឺង​បំផុត​ដើម្បី​ទប់​ស្កាត់​ជំងឺ​នេះ។

លោក​ថ្លែង​ថា៖​ ​«​ប្រទេស​ណា​ដែល​អាច​អនុវត្ត​វិធាន​ការ​ទប់​ស្កាត់​​បាន​តឹង​រ៉ឹងជាង​គេ​ ប្រទេស​នោះ​អាច​គ្រប់​គ្រង​ការ​ឆ្លង​រាល​ដាល​ ហើយ​បច្ចុប្បន្ន​ ប្រទេស​នោះ​អាច​ស្រាក​ស្រាន្ត​​ពី​ការ​ឆ្លង​រាល​ដាល​ធ្ងន់​ធ្ងរ​នៃ​ជំងឺ​នេះ។ ​ប្រទេស​ខ្លះ​ចាប់​ផ្ដើម​ប្រើ​ច្បាប់​គ្រា​អាសន្ន​ ប្រទេស​ខ្លះ​ប្រើ​ប្រាស់​វិធី​សាស្ត្រ​បិទ​ខ្ទប់​ប្រទេស​ក្នុង​រយៈ​ពេល​មួយ​កំណត់​»​៕