ភ្នំពេញៈ សមាជិក​ព្រឹទ្ធសភា​ ៣៩ ​រូប​ ដែលមាន​វត្តមាន​នៅ​វិមាន​ព្រឹទ្ធសភា​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​នៅ​ថ្ងៃទី​ ១១ ខែ​ មីនា ឆ្នាំ​ ២០២១ បានអនុម័ត​ជា​ឯកច្ឆន្ទ​នូវ​សេចក្ដីព្រាងច្បាប់​ស្ដីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ដោយ​គ្មាន​ការកែប្រែ​។

សេចក្ដី​ព្រាងច្បាប់​ដែល​មាន​ឈ្មោះ​ពេញ​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ​១៩ និង​ជំងឺឆ្លង​កាចសាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត​ដោយ​គ្មាន​ការកែប្រែ​ដោយ​មាន​សំឡេង​ ៣៩ ​នៃ​សមាជិក​ព្រឹទ្ធសភា​ដែលមាន​វត្តមាន​។

សេចក្ដី​ព្រាងច្បាប់​នេះ​មាន ៦ ​ជំពូក និង​ ១៨ ​មាត្រា​រៀបចំ​ឡើង​ដើម្បី​កំណត់​គោលបំណង វិសាលភាព និង​វិធានការ ទោសបញ្ញត្តិ និង​សមត្ថកិច្ច​ដែល​ត្រូវអនុវត្ត​។ គោលដៅ​នៃ​ច្បាប់​នេះ​គឺ​ដើម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ សុខភាព​សាធារណៈ សណ្ដាប់ធ្នាប់​សាធារណៈ ព្រមទាំង​ការកាត់បន្ថយ​ឱ្យ​បានជា​អតិបរមា​នូវ​ផលប៉ះពាល់​នៃ​ជំងឺ​ឆ្លង​ចំពោះ​វិស័យ​សង្គម​សេដ្ឋកិច្ច​នៅ​កម្ពុជា​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធសភា​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បានឱ្យ​ដឹងថា​៖ «​សេចក្ដីព្រាងច្បាប់​នេះ​បង្ហាញ​ពី​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការលើក​កម្ពស់​ការទទួល​ខុសត្រូវ​ចំពោះ​ភាពរស់រាន​មានជីវិត​របស់​ប្រជាពលរដ្ឋ និង​ការថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​កំពុង​ប្រឈម​នឹង​ការគំរាមកំហែង​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ផ្សេងទៀត​»​។

លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ថ្លែង​ក្នុង​វិមាន​ព្រឹទ្ធសភា​ថា ច្បាប់​នេះ​ធ្វើឡើង​ក្នុង​បរិបទ​ដែល​ពិភពលោក និង​កម្ពុជា​កំពុង​រងគ្រោះ​ពី​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩​។ ប្រទេស​ខ្លះ​បាន​បង្កើត​ច្បាប់​ថ្មី ហើយ​ប្រទេស​ខ្លះ​ប្រើ​ច្បាប់​ចាស់​របស់ខ្លួន​ដោយ​ធ្វើការ​កែប្រែ​វិធានការ​ថ្មី​ឱ្យ​ស្រប​ទៅតាម​ស្ថានភាព ហើយ​ក៏មាន​ប្រទេស​មួយចំនួន​បានដាក់​វិធានការ​តឹងរ៉ឹង​បំផុត​ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ​។

លោក​ថ្លែងថា​៖ «​ប្រទេស​ណា​ដែល​អាចអនុវត្ត​វិធានការ​ទប់ស្កាត់​បាន​តឹងរ៉ឹង​ជាងគេ ប្រទេស​នោះ​អាច​គ្រប់គ្រង​ការឆ្លង​រាលដាល ហើយ​បច្ចុប្បន្ន​ប្រទេស​នោះ​អាច​ស្រាកស្រាន្ត​ពី​ការឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ​។ ប្រទេស​ខ្លះ​ចាប់ផ្ដើម​ប្រើ​ច្បាប់​គ្រាអាសន្ន ប្រទេស​ខ្លះ​ប្រើប្រាស់​វិធីសាស្ត្រ​បិទ​ខ្ទប់​ប្រទេស​ក្នុង​រយៈពេល​មួយ​កំណត់​»​។

លោក​បន្តថា នៅពេល​ជំងឺ​នេះ​ផ្ទុះឡើង​នៅ​ចុងឆ្នាំ​ ២០១៩ កម្ពុជា​បាន​ត្រៀមលក្ខណៈ​ដោយបាន​បង្កើត​ច្បាប់​ក្នុង​ការដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ខណៈ​ដែល​ប្រទេស​ផ្សេង​បានដាក់​ប្រទេស​របស់​ពួកគេ​ក្នុង​គ្រាអាសន្ន​រួច​បាត់​ទៅហើយ​។ តែ​ការប្រើប្រាស់​ច្បាប់​គ្រាអាសន្ន​មិន​ប្រាកដថា ធ្វើឱ្យ​ការឆ្លង​រាលដាល​មាន​ការថមថយ​នោះទេ តែ​វា​បែរជា​ធ្វើឱ្យមាន​មហន្តរាយ​ផ្នែក​សេដ្ឋកិច្ច​។ ដូច្នេះហើយ​បានជា​ច្បាប់​គ្រា​មាន​អាសន្ន​មិន​ត្រូវបាន​ប្រើប្រាស់ តែ​ត្រូវ​មានច្បាប់​ថ្មី​មួយទៀត​។

សេចក្ដី​ព្រាងច្បាប់​កូវីដ​១៩ បានចែង​ពី​ការដាក់ទោសទណ្ឌ​ទាប​បំផុត​ពី​ ៦ ខែ រហូតដល់​ធ្ងន់​បំផុត​ ២០ ​ឆ្នាំ អាស្រ័យ​ទៅ​តាម​បទល្មើស ហើយ​ការពិន័យ​ជា​ប្រាក់​អាចមាន​ចាប់ពី​ ២ ​លាន​រៀល រហូត​ដល់​ ២០ ​លាន​រៀល​។

ការដាក់ទោស​ទណ្ឌ​នេះ​ត្រូវ​បាន​លោក កើត រិទ្ធ ពន្យល់​ដូច្នេះ​ថា​៖ «​ហើយ​ចំពោះ​ទោស​បញ្ញត្តិ​វិញ យើង​និយាយ​ជារួម គឺ​បង្កើត​ដើម្បី​ដាក់ទោស​ចំពោះ​ជនខិលខូច និង​ជនទុច្ចរិត​ដែល​ចង់​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាជន និង​សុខភាព​សាធារណៈ​តែប៉ុណ្ណោះ​។ សម្រាប់​ប្រជាពលរដ្ឋ​ដែល​គោរព​ត្រឹមត្រូវ​តាម​វិធានការ​របស់​រដ្ឋាភិបាល ធានា​បាន​មិនឱ្យ​មាន​ការឆ្លង​រាលដាល​ធ្វើឱ្យ​សហគមន៍​អាច​វិលត្រឡប់​ទៅ​ប្រក្រតី​ឡើងវិញ​ច្បាប់​នេះ​មិន​យកទៅ​អនុវត្ត​ចំពោះ​ពួកគាត់​ទេ​»​។ «​ធ្វើ​ច្បាប់​មួយ​ដើម្បី​ការពារ​អាយុជីវិត​របស់​ប្រជាជន និង​សុខភាព​សាធារណៈ​តើ​ខុស​ត្រង់ណា​? ​ធ្វើ​ច្បាប់​មួយ​ដើម្បី​ដាក់ទោស​លើ​ជនខិលខូច លើ​ជនទុច្ចរិត​ដែល​ចង់​បង្ក​គ្រោះថ្នាក់​ដល់​សង្គម​កម្ពុជា ជាពិសេស​ចង់​បំផ្លាញ​អាយុជីវិត និង​សុខភាព​ប្រជាជន តើ​ខុស​ត្រង់ណា​?»​។

ទោះយ៉ាងណា​លោក គង់ មុនីកា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ​បាន​ថ្លែងថា ការធ្វើ​ច្បាប់​នេះ​មិន​ខុស​ទេ ប៉ុន្តែ​វា​ខ្វះ​ការផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​បាន​យល់ដឹង​។ ទោះយ៉ាងណា​លោក​ថា ច្បាប់​នេះ​នឹង​ក្លាយជា​បន្ទុក​បន្ថែមទៀត​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​ជួបប្រទះ​នូវ​បញ្ហា​ជីវភាព​ធ្ងន់ធ្ងរ​។ រាជរដ្ឋាភិបាល​គួរ​ចាប់ផ្តើម​គិតគូរ​បន្ថែមទៀត​ដើម្បី​ស្វែងរក​វិធីសាស្ត្រ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ជីវភាព​ប្រជាពលរដ្ឋ​ទូទៅ​។

លោក​ យ៉ង់ សាំងកុមារ សហស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មិន​ជំទាស់​នឹង​ការធ្វើ​ច្បាប់​នេះ​ទេ ប៉ុន្តែ​អ្វីដែល​ចែង​ក្នុង​ច្បាប់​អំពី​ការដាក់ពិន័យ​វា​ធ្ងន់ធ្ងរ​ពេក ជាប់គុក​រាប់​ឆ្នាំ​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​ពី​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​បង្កើត​គណបក្ស​កែទម្រង់​កម្ពុជា​បាន​ថ្លែងថា ច្បាប់​នេះ​មិនអាក្រក់​ទេ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​ការអនុវត្ត ប្រសិន​បើ​ការអនុវត្ត​បាន​ត្រឹមត្រូវ​ប្រកប​ដោយ​យុត្តិធម៌ មិន​ប្រកាន់​និន្នាការ​ ឬ​មាន​ទិសដៅ​បង្ក្រាប​លើ​ជន​មួយក្រុម​ណាមួយ​ទេនោះ ច្បាប់​នេះ​មិនមាន​បញ្ហា​អ្វី​ទេ ច្បាប់​នេះ​អាចមាន​គុណភាព​ល្អ​។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ថ្លែងថា ច្បាប់​នេះ​ធ្វើឡើង​ជាការ​ប្រញាប់​ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការឆ្លង​កូវីដ ​១៩​។ ច្បាប់​នេះ​ក៏​នឹងមាន​វិធានការ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​បាន​យល់ដឹង ហើយ​សង្គម​ស៊ីវិល​ក៏​អាច​ផ្ដល់យោបល់​ និង​ធាតុ​ចូល​បានដែរ​នាពេល​ក្រោយ​។ ប៉ុន្តែ​ច្បាប់​ប្រញាប់​នេះ​មិន​អាច​រង់ចាំ​ការផ្ដល់​យោបល់​ទើប​អាចអនុវត្ត​ទេ ក្នុង​ស្ថានភាព​បច្ចុប្បន្ន​៕

វីដេអូ៖