ភ្នំពេញៈ សមាជិក​រដ្ឋសភា​ទាំងអស់​ចំនួន​ ១២៣ រូប​ដែល​ភាគច្រើន​មកពី​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ម្សិលមិញ​បាន​បោះឆ្នោត​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​វិសោធនកម្ម​ច្បាប់​ចំនួន ៤ ដែល​ស្នើ​ដោយ​រាជរដ្ឋាភិបាល ជា​ច្បាប់​ដែល​អង្គការ​ជាតិ និង​អន្តរជាតិ​ចាត់ទុក​ថា​ជា​ការ​ «​គំរាម​កំហែង​ធ្ងន់ធ្ងរ និង​ជា​គ្រោះមហន្តរាយ​សម្រាប់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​» ​នៅ​កម្ពុជា​។

វិសោធនកម្ម​ច្បាប់​ចំនួន ៤ ដែល​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​កាលពី​ម្សិលមិញ រួម​មាន​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​សេចក្តី​ព្រាង​ច្បាប់​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​ការ​បន្ថែម​ទោស​លើ​ការ​ប្រមាថ​ព្រះមហាក្សត្រ សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ រួម​ទាំង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់ព្រម លើ​កិច្ចព្រមព្រៀង​ស្តីពី​ការ​ជំរុញ​ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា វៀតណាម ឡាវ​ផង​ដែរ​។

កិច្ចប្រជុំ​ពេញអង្គ​របស់​រដ្ឋសភា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ដោយ​មាន​ការ​ចូលរួម​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​សមាជិក​រដ្ឋសភា​ទាំងអស់​ចំនួន ១២៣ រូប​ព្រម​ទាំង​មាន​តំណាង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ឡើង​បកស្រាយ​ការពារ​សេចក្តី​ព្រាង​ច្បាប់​របស់​ខ្លួន​។

ព្រះអង្គ​ម្ចាស់​នរោត្តម រណឫទ្ធិ ដែល​គណបក្ស​របស់​ព្រះអង្គ​ទទួល​បាន​អាសនៈ​ចំនួន ៤១ ក្នុង​ចំណោម​អាសនៈ​ទាំងអស់​ចំនួន​ ៥៥ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រដ្ឋសភា បន្ទាប់ពី​គណបក្ស​ប្រឆាំង​ដ៏ធំ​មួយ​នេះ ត្រូវ​បាន​រំលាយ​ចោល​យ៉ាង​ចម្រូង​ចម្រាស​មាន​បន្ទូល​ បន្ទាប់ពី​បោះឆ្នោត​គាំទ្រ​ថា ព្រះអង្គ​យល់​ស្រប​ចំពោះ​ការ​អនុម័ត​ច្បាប់​ទាំងនេះ ព្រោះ​ច្បាប់​ទាំង​នេះ​នឹង​ជួយ​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ហើយ​គណបក្ស​របស់​ព្រះអង្គ​នឹង​ព្យាយាម​ចូលរួម​ឃ្លាំ​មើល​ការ​អនុវត្ត​ច្បាប់​នេះ ព្រោះ​តុលាការ​ជា​អ្នក​អនុវត្ត​តាម​នីតិវិធី​។

ព្រះអង្គ​មាន​បន្ទូល​បញ្ជាក់​ថា​៖ «​យើង​មិន​ប្រឆាំង​ការ​អនុម័ត​ច្បាប់​នេះ​ទេ ព្រោះ​វា​ជា​ប្រយោជន៍​រួម​សម្រាប់​ជាតិ​ខ្មែរ​ទាំងមូល យើង​ព្យាយាម​បង្រួប​បង្រួម​ជាតិ​ជាមួយ​រដ្ឋាភិបាល ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​មាន​ការ​រីកចម្រើន​ជឿនលឿន​ថែម​ទៀត​»​។

ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ពេល​ចុះ​វត្តមាន​ចូលរួម​ប្រជុំ​រដ្ឋសភា​កាលពី​ម្សិលមិញ​។ហុង មិនា

តាម​សេចក្ដី​ប្រកាស​ហេតុ​អំពី​សេចក្ដី​ព្រាង​ច្បាប់​ធម្មនុញ្ញ​ស្ដីពី​វិសោធនកម្ម​មាត្រា​ ៣៤ ថ្មី មាត្រា​ ៤២ មាត្រា​ ៤៩ មាត្រា ៥៣ និង​មាត្រា​ ១១៨ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​ ៩ ខែ​កុម្ភៈ ឆ្នាំ​ ២០១៨ បាន​បង្ហាញ​ថា សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ ដែល​រៀបចំ​កែប្រែ​ថ្មី​ចំនួន ៥ មាត្រា​ត្រូវ​បាន​រាជរដ្ឋាភិបាល​អនុម័ត​កាលពី​ថ្ងៃ​ទី​ ២ ខែ​កុម្ភៈ ឆ្នាំ​ ២០១៨ ក្នុង​នោះ​មាត្រា ៣៤ ថ្មី មាត្រា​ ៤២ មាត្រា​ ៤៩ មាត្រា​ ៥៣ និង​មាត្រា​ ១១៨ ​ថ្មី​ជាដើម​។

មាត្រា​ ៣៤ ​ថ្មី​ (​មួយ​) កថាខណ្ឌ​ទី​ ៥ នៃ​សេចក្តី​ព្រាង រដ្ឋាភិបាល​បាន​ប្តូរ​ពាក្យ​ «​បន្ថយ​» ទៅ​ជា «​ដក​»​។

ក្នុង​មាត្រា​ ៣៤ ថ្មី​ (​មួយ​) ​កថាខណ្ឌ​ទី​ ៥ នៃ​សេចក្តី​ព្រាង​សរសេរ​ថា បទប្បញ្ញត្តិ​ដក​សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ត្រូវ​បាន​កំណត់​ក្នុង​ច្បាប់​។ មាត្រា ១១៨ ថ្មី​ (​មួយ​) កថាខណ្ឌ​ទី ២ នៃ​សេចក្តី​ព្រាង​រដ្ឋាភិបាល​បាន​លុប​ពាក្យ​រដ្ឋលេខាធិការ​ចេញ​ពី​មាត្រា​ចាស់​។ ក្នុង​មាត្រា​ ១១៨ ថ្មី​ (​មួយ​) កថាខណ្ឌ​ទី ២ នៃ​សេចក្តី​ព្រាង​សរសេរ​ថា គណៈរដ្ឋមន្ត្រី​ត្រូវ​បាន​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី​ ១ ​រូប អម​ដោយ​ឧបនាយក​រដ្ឋមន្ត្រី​ព្រម​ទាំង​មាន​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ជា​សមាជិក​។

ជាមួយ​គ្នា​នេះ​មាត្រា ៤២ ថ្មី​នៃ​សេចក្តី​ព្រាង​រដ្ឋាភិបាល​បាន​បន្ថែម​មួយ​កថាខណ្ឌ​ទៀត​ថា​៖ «​គណបក្ស​នយោបាយ​ត្រូវ​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ ហើយ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ណា​មួយ ទោះ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ក្តី នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ឡើយ​»​។

មាត្រា ៤៩ ថ្មី​នៃ​សេចក្តី​ព្រាង​រាជរដ្ឋាភិបាល​បាន​បន្ថែម​មួយ​កថាខណ្ឌ​ទៀត​ថា​«​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ត្រូវ​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ ហើយ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ណា​មួយ​ទោះ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ក្តី​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ឡើយ​»​។

ចំណែកឯ​ក្នុង​មាត្រា ៥៣ ​ថ្មី​នៃ​សេចក្តី​ព្រាង​រដ្ឋាភិបាល​បាន​បន្ថែម​មួយ​កថាខណ្ឌ​ទៀត​ថា «​ព្រះរាជាណាចក្រ​កម្ពុជា​ប្រឆាំង​ដាច់​ខាត ការ​ជ្រៀតជ្រែក​ពី​បរទេស​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន ទោះ​ក្រោម​រូបភាព​ណា​ក៏ដោយ​»​។

រីឯ​ការ​រៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​វិញ គឺ​ដើម្បី​ធានា​ការពារ​ការ​គោរព​រដ្ឋធម្មនុញ្ញ​បកស្រាយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់ និង​សម្រេច​អំពី​ករណី​វិវាទកម្ម​ទាក់ទង​នឹង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ហើយ​ដែល​វិវាទ​ទាំង​នេះ​ត្រូវ​បាន​កំណត់​ថា​ជា​សមត្ថកិច្ច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ដោយ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​។

លោកស្រី មូរ សុខហួរ អតីត​អនុប្រធាន​គណបក្ស​ប្រឆាំង​ដ៏ធំ​របស់​កម្ពុជា ដែល​ឥឡូវ​ត្រូវ​បាន​រំលាយ​ថ្លែង​ថា​រដ្ឋសភា​បែប​នេះ​ «​មិន​ស្រប​ច្បាប់​» ដោយ​លោកស្រី​សំអាង​ថា តំណាងរាស្ត្រ ៥៥ រូប​ក្នុង​ចំណោម​តំណាងរាស្ត្រ​ទាំងអស់​មិន​ត្រូវ​បាន​ជាប់​ឆ្នោត​ដោយ​ការ​បោះឆ្នោត​។

លោកស្រី​បាន​ថ្លែង​​ថា​៖ «​កម្ពុជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​វិបត្តិ​រដ្ឋធម្មនុញ្ញ​ដ៏ជ្រៅ​ នៅ​ពេល​ដែល​រដ្ឋធម្មនុញ្ញ​អាច​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​តាម​ចិត្ត និង​សម្រាប់​អត្ថប្រយោជន៍​តែ​មួយ​គត់​របស់​គណបក្ស​នយោបាយ​»​។

លោក Phil Robertson អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំ​អាស៊ី​បាន​យល់​ស្រប និង​ហៅ​ការអនុម័ត​ច្បាប់​នេះ​ថា​ជា​ «​គ្រោះមហន្តរាយ​សម្រាប់​សេរីភាព​នៃ​ការ​បញ្ចេញមតិ​» ​នៅ​កម្ពុជា​។

លោក​បាន​ថ្លែង​តាម​អ៊ីមែល​ថា​៖ «​គួរ​ឲ្យ​ក្រៀមក្រំ​តាមរយៈ​ការ​តាមដាន​ប្រវត្តិ​របស់​ពួកគេ​មិនមាន​ឱកាស​ណា​ដែល​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​មិន​ប្រើ​ច្បាប់​នេះ​ដើម្បី​ប្រឌិត​ករណី​ប្រឆាំង អ្នក​ប្រឆាំង​នយោបាយ​ខ្លួន​ក្នុង​វិធី​ដែល​នឹង​បង្ក​បញ្ហា​កាន់តែ​ខ្លាំង​ឡើង សម្រាប់​ប្រជាជន និង​ព្រះមហាក្សត្រ​កម្ពុជា​»​។

លោក​ថ្លែង​បន្ត​ថា​តុលាការ​នឹង​បកស្រាយ​ពាក្យពេចន៍​នោះ​ក្នុង​លក្ខណៈ​ទូលំ​ទូលាយ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

លោក​បញ្ជាក់​ថា​៖ «​អ្វី​ដែល​ជា​ការ​បារម្ភ​ពិសេស គឺ​ការ​ពង្រីក​ចំនួន​ងារ​ជាច្រើន​ពី​ព្រះមហាក្សត្រ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ខុទ្ទកាល័យ​របស់​លោក​បានផ្តល់​ឲ្យ​។ វា​មិនមែន​ជា​ពេលវេលា​ស្រមៃ​ថា គណបក្ស​ប្រជាជន​កម្ពុជា​អាច​ព្យាយាម​ប្រើប្រាស់​កិច្ចខិតខំ​ប្រឹងប្រែង​ទាំង​មូល​នេះ​ជា​លក្ខណៈ​នយោបាយ ដើម្បី​ព្យាយាម​ការពារ​ពួកគេ​នៅ​ចំណុច​ណា​មួយ​នា​ពេល​ខាង​មុខ​នោះ​ទេ​»​។

ប៉ុន្តែ​លោក ឡេង ប៉េងឡុង អ្នក​នាំពាក្យ​រដ្ឋសភា​បាន​ឲ្យ​ដឹង​ថា ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ គឺ​សម្រាប់​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល មិន​សំដៅ​លើ​បុគ្គល ឬ​បក្ស​ណា​មួយ​នោះ​ទេ ហើយ​ «​យើង​មិន​បាន​ចាប់​អារម្មណ៍​ចំពោះ​មនុស្ស​មួយ​ចំនួន​តូច​ដែល​មិន​ទាន់​យល់​ច្បាស់​ពី​កម្ពុជា ហើយ​ចាំតែ​រិះគន់ និង​ទិតៀន​គេ​នោះទេ​»​។

លោក​បញ្ជាក់​ថា​៖ «​យើង​បាន​អនុម័ត​រួចរាល់​ហើយ ដោយ​យើង​ធ្វើ​សម្រាប់​បម្រើ​ផលប្រយោជន៍​របស់​មហាជន​កម្ពុជា​ជា​រួម គឺ​មិន​សំដៅ​បម្រើ​ផលប្រយោជន៍​បុគ្គល​ទេ​។ ចំពោះ​អ្នក​ដែល​រិះគន់​គេ រិះគន់​ទៅ​យើង​មិន​ចាប់​អារម្មណ៍​ទេ ប៉ុន្ដែ​ចំពោះ​អ្នក​ថា គ្មាន​អ្នក​ប្រឆាំង​នោះ គឺ​ដោយសារ​តែ​គេ​មើលឃើញ​ថា ជា​ច្បាប់​មាន​ប្រយោជន៍​ទើប​គេ​មិន​ជំទាស់​»​។

ទោះបី​យ៉ាង​ណា​លោកស្រី ចក់ សុភាព នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ថ្លែង​ថា វិសោធនកម្ម​នេះ​គឺជា «​ការ​បង្ក​ឲ្យ​មាន​ការ​ភ័យខ្លាច​សំខាន់​មួយ​» ​ដែល​បង្ក​ឲ្យ​មាន​ «​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ទៅ​ដល់​សិទ្ធិ និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​ការ​បង្កើត​អង្គការ​សមាគម​»​។

លោកស្រី​ថ្លែង​តាម​អ៊ីមែល​ថា​៖ «​វា​អាច​មាន​ផលប៉ះពាល់​រារាំង​មិន​ឲ្យ​មាន​ទម្រង់​ណា​មួយ​នៃ​ការ​រិះគន់​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ហើយ​វា​ទំនង​ជា​មាន​គោលដៅ​លុប​បំបាត់​អ្វី​ដែល​នៅ​សល់​ចុងក្រោយ​សម្រាប់​ការ​ពិភាក្សា​ដោយ​សេរី និង​ចំហ​នៅ​ក្នុង​សង្គម​កម្ពុជា​»៕ PS