ភ្នំពេញៈ សមាជិ​ក​រដ្ឋ​សភា​ដែលមាន​សំឡេង​ភាគ​ច្រើន ​មក​ពី​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា ​នៅ​ថ្ងៃ​នេះ ​បាន​អនុម័ត​ជា​ឯក​ច្ឆន្ទ​លើ សេចក្តី​ព្រាង ​វិសោធ​នកម្ម​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញចំ​នួន​ ៥​ មាត្រា ​ទាក់ទង​ជាមួយ​នឹង​ គណ​បក្ស​នយោបាយ​ និង​ ប្រ​ជា​ពល​រដ្ឋ​ ​គ្រប់​រូប​មិន​ត្រូវ​ធ្វើ​សកម្ម​ភាព​ណា​មួយ​ ទោះ​ដោយ​ផ្ទាល់​ ឬ​ ដោ​យ​ប្រ​យោល​ក្ដី​ នាំ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រ​យោជន៍​របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​និង​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ រួម​ទាំង​ប្រ​ឆាំង​ដាច់​ខាត​ការ​ជ្រៀត​ជ្រែកពី​បរទេស​ចូល​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។

យោង​តាម​សេចក្ដី​ថ្លែង​ហេតុ​អំ​ពី​សេចក្ដី​ព្រាង​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ​ ស្ដី​ពី​វិសោធ​នក​ម្ម​ មាត្រា​ទាំង ​៥ ដែល​បាន​ចុះ​ហត្ថ​លេខា​ដោយ​ លោក​ ​ហ៊ុន​ សែន​ នា​យក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី ​៩ ខែ​កុម្ភៈ ​ហើយ​បាន​ថ្លែង​ទៅ​កាន់​សមាជិក​រដ្ឋ​សភា​នៅ​ថ្ងៃ​នេះ ​បាន​ឲ្យដឹង​ថា​៖ «គណបក្ស​នយោ​បាយ ​ត្រូវ​តម្កល់​ផល​ប្រ​យោជន៍​ជាតិ​ជា​ធំ ហើយ​មិន​ត្រូវ​ធ្វើ​សកម្ម​ភាព​ណា​មួយ ​ទោះ​ដោយ​ផ្ទាល់ឬ​ដោយ​ប្រ​យោលក្ដី​នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ផល​ប្រ​យោជន៍​របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ និង ​ប្រ​ជា​ពលរដ្ឋ​ខ្មែរ​ឡើយ»។​

សេច​ក្ដី​ថ្លែង​ហេតុ​ដដែល​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​គ្រប់​រូបត្រូវ​តម្កល់​ផល​ប្រ​យោជន៍​ជាតិ​ជា​ធំ​ ហើយ​មិន​ត្រូវ​ធ្វើ​សកម្ម​ភាព​ណាមួយ​ទោះ​ដោយ​ផ្ទាល់​ ​ឬ​ដោយ​ប្រ​យោល​ក្ដី​ នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជានិង​ប្រ​ជា​ពលរដ្ឋ​ខ្មែរ​ឡើយ»។

ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់នេះ​ក៏មាន​បំ​ណង​ប្រ​ឆាំង​ដាច់​ខាតការ​ជ្រៀត​ជ្រែក​ពី​បរទេស​ចូល​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ផងដែរ​ ទោះ​ជាក្រោម​រូប​ភាព​ណា​ក៏ដោយ​។

ការ​អនុម័ត​ច្បាប់​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ការ​ចាប់​ខ្លួន​ លោក​ កឹម សុខា​ អតី​ត​ប្រ​ធាន​គណ​បក្ស​សង្គ្រោះ​ជាតិ និង​រំ​លាយ​ចោល​គណបក្ស​នេះ​ ជាមួយ​នឹង​ការ​ហាមឃាត់​អ្នក​នយោ​បាយ​នៃ​គណ​បក្ស​នេះ​ចំ​នួន​ជាង​ ១០០ នាក់ ​មិន​ឲ្យ​ធ្វើ​នយោបា​យ៥ឆ្នាំ មូល​ហេតុ​ដោយ​ជាប់​ចោទ​រួម​គំ​និត​ជា​មួយ​បរទេស​ដើម្បីផ្ដួល​រំ​លំ​រាជ​រដ្ឋា​ភិបាល៕