ភ្នំពេញៈ សាលា​ដំបូង​រាជធានី​​ភ្នំពេញ​កាលពី​រសៀល​ម្សិលមិញ​បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​សមាជិក​រណសិរ្ស​រំដោះជាតិ​ខ្មែរ (KNLF) ម្នាក់​​ដោយ​សម្រេច​ដាក់​ពន្ធនាគារ​កំណត់​ ១៨ ​ខែ និង​ពិន័យ​ប្រាក់​ ៣ ​លាន​រៀល​ចូល​ថវិការដ្ឋ​ទាក់ទង​នឹង​ករណី​ធ្វើ​សន្និសីទ​សុំឱ្យ​​រដ្ឋាភិបាល​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ឱ្យ​ដោះលែង​អ្នក​ទោស​នយោបាយ​។

សាលក្រម​ដែល​មាន​ជនជាប់ចោទ​ឈ្មោះ ធុយ វី ត្រូវ​បាន​ប្រកាស​ដោយ​ចៅក្រម​ជំនុំជម្រះ​លោកស្រី ស៊ លីនណា បន្ទាប់ពី​បាន​បើក​សវនាការ​សួរ​ដេញដោល​កាលពី​ថ្ងៃ​ ១៧ ឧសភា សប្តាហ៍​មុន​។

ចៅក្រម ស៊ លីនណា បាន​អាន​សេចក្តី​សម្រេច​ដោយ​ថ្លែង​ថា​៖ «​កាលពី​ថ្ងៃទី​ ១៦ ឧសភា ឆ្នាំ​ ២០១៧ ជនជាប់ចោទ​បាន​ធ្វើ​សន្និសីទ​កាសែត​ដើម្បី​ទម្លាក់​កំហុស​លើ​រាជរដ្ឋាភិបាល​ដោយ​ទាមទារ​ឲ្យ​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។ ការធ្វើ​សន្និសីទ​នេះ​គឺ​ដើម្បី​បញ្ឆេះ​កំហឹង​មហាជន​ធ្វើឲ្យ​មាន​ភាពវឹកវរ​ដល់​សង្គម​»​។

លោកស្រី ចៅក្រម បាន​បន្ត​ថា​៖ «​ដូច្នេះ​តុលាការ​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ ធុយ វី អាយុ ២៩ ឆ្នាំ ដាក់​ពន្ធនាគារ​ ១៨ ​​ខែ និង​ពិន័យ​ប្រាក់​ចំនួន​ ៣ ​លាន​រៀល​ចូល​ថវិការដ្ឋ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​មាត្រា​ ៤៩៤ និង​ ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ ជនជាប់ចោទ​អាច​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់​»​។

ក្រោយ​ពេល​ប្រកាស​សាលក្រម ធុយ វី បាន​និយាយ​យ៉ាង​ខ្លី​ថា ការសម្រេច​នេះ​អយុត្តិធម៌​សម្រាប់​លោក​ហើយ​ថា​ខ្លួន​នឹង​ប្តឹង​ឧទ្ធរណ៍​តទៅ​ទៀត​។

ធុយ វី ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​ ១៦ ខែ​ឧសភា ឆ្នាំ​ ២០១៧ នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ នៅពេល​ដែល​ខ្លួន​បាន​សុំ​ធ្វើ​សន្និសីទ​កាសែត​នៅ​ស្នាក់ការ​អង្គការ​មួយ​ឈ្មោះ​ថា​ «​ឧត្តមស្នងការ​អន្តរសាសន៍​» ​ដោយ​មាន​សេចក្តីប្រកាស​ព័ត៌មាន​សុំ​ឲ្យ​រដ្ឋាភិបាល​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដោះលែង​អ្នក​ទោស​នយោបាយ សកម្មជន​ដីធ្លី​លើកលែង​ទោស​ដល់​លោក សម សេរី ដែល​ជា​មេដឹកនាំ​រណសិរ្ស KNLF សុំ​បង្កើត​គណបក្ស​នយោបាយ និង​សុំ​ឲ្យ​អង្គការ​សហប្រជាជាតិ​រៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា​។

លោក សម សេរី មេដឹកនាំ KNLF ដែល​កំពុង​ស្ថិត​នៅ​ប្រទេស​ដាណឺម៉ាក​បាន​ប្រតិកម្ម​នឹង​ការផ្ដន្ទាទោស​នេះ ដោយ​លោក​ថ្លែង​ថា​លោក​មាន​ការសោកស្តាយ​ហើយ​ថា​តុលាការ​មិន​មាន​ភាព​ឯករាជ្យ ប៉ុន្តែ​ធ្វើការ​សម្រេច​ដោយ​ផ្អែក​លើ​ជំហរ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

លោក​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​៖ «​ខ្ញុំ​មិន​ទាន់​ឃើញ​មាន​មាត្រា​ណា​មួយ​ដែល​ចែង​ថា​ធ្វើ​សន្និសីទ​សារព័ត៌មាន​ខុស​ច្បាប់ ពីព្រោះ​ថា​មុន​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន អង្គការ​អន្តរសាសន៍​បាន​សុំ​អនុញ្ញាត​ច្បាប់​ត្រឹមត្រូវ ហើយ​ក្រសួង​មហាផ្ទៃ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ទៀត ដូច្នេះ​វា​អយុត្តិធម៌​ណាស់​សម្រាប់​សហការី​របស់​ខ្ញុំ ធុយ វី ត្រូវ​ជាប់ទោស​គ្រាន់​តែ​ការសម្ដែង​មតិ​ដោយ​សន្តិវិធី​»​។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់ទុក​ក្រុម​រណសិរ្ស​នេះ​ថា​ជា​ក្រុម​ភេរវជន​។ យោង​តាម​លោក សម សេរី មាន​សមាជិក​រណសិរ្ស​ចំនួន​ ១៨ ​រូប​ហើយ​ត្រូវ​បាន​ចាប់​ខ្លួន និង​កាត់ទោស​ដាក់​ពន្ធនាគារ​៕