ភ្នំពេញៈ ឥស្សរជន​នយោបាយ​ដែល​ជា​សមាជិក​រដ្ឋសភា​លោក ឡូយ សុផាត ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា កម្ពុជា​ប្រាកដ​ជាមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការផ្គត់ផ្គង់​ស្បៀងអាហារ​ក្នុង​ស្រុក បើ​គ្មាន​វិស័យ​កសិកម្ម​ទ្រទ្រង់​សេដ្ឋកិច្ច​ក្នុង​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ​នេះ​ទេ​។ ជាមួយ​គ្នា​នេះ​តំណាង​កសិករ​ចង់​ឱ្យ​មាន​ការផ្សព្វផ្សាយ​ទីផ្សារ​ផលិតផល​កសិកម្ម និង​បច្ចេកទេស​កសិកម្ម​ឱ្យ​បាន​ទូលំទូលាយ​។

ក្នុង​វេទិកា​កសិករ​ថ្នាក់ជាតិ​លើក​ទី៩ ក្រោម​ប្រធានបទ​ «​កសិករ​ខ្នាតតូច​ក្នុង​បរិបទ​កូវីដ​ ១៩» នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​​ទី​ ២១ តុលា លោក​ ឡូយ សុផាត សមាជិក​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​ផែនការ​វិនិយោគ​កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​នៃ​រដ្ឋសភា​ថ្លែង​ថា ប្រសិនបើ​គ្មាន​វិស័យ​កសិកម្ម ទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា​ទេ​ក្នុង​វិបត្តិ​ជំងឺ​កូវីដ​ ១៩ កម្ពុជា​អាច​នឹងមាន​បញ្ហា​។

លោក​ សុផាត ថ្លែងថា​៖ «​របត់​សង្គម​ដល់​ពេល​ដែល​ត្រូវ​គិតគូរ​ពី​ចំណេះដឹង បើសិន​យើង​មាន​ចំណេះដឹង​តិចជាងគេ យើង​មិន​អាច​ពង្រីក​វិស័យ​កសិកម្ម​កម្ពុជា​បានទេ​។ ក្នុង​វិបត្តិ​កូវីដ​១៩ បើ​គ្មាន​វិស័យ​កសិកម្ម​ទ្រទ្រង់​សេដ្ឋកិច្ច​ទេ កម្ពុជា​យើង​ប្រាកដ​ជា​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការផ្គត់ផ្គង់​ស្បៀងអាហារ​ក្នុងស្រុក​ដែល​មាន​បន្លែ ត្រី សាច់ ជាដើម​»​។

បើ​តាម​លោក​ ឡូយ សុផាត កសិករ​ទូទៅ ជាពិសេស​កសិករ​ខ្នាតតូច​គួរតែ​មាន​ការផ្លាស់ប្តូរ​ទស្សនៈ​ទម្លាប់​របស់​កសិករ ការផលិត​ការកែច្នៃ​។ ពិសេស​បណ្តុះបណ្តាល ចំណេះដឹង ជំនាញ និង​បច្ចេកទេស​កែច្នៃ​ឱ្យអស់​លទ្ធភាព​សម្រាប់​គ្រប់​ផលិតផល​ដែល​អាច​កែច្នៃ​បាន​ដើម្បី​បង្កើន​តម្លៃបន្ថែម​ទៅលើ​ផលិតផល​តាម​តម្រូវការ​ទីផ្សារ​។

លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ឱ្យ​ដឹងថា ក្នុង​ពេល​មាន​កូវីដ​ ១៩ វិស័យ​កសិកម្ម​មួយចំនួន​ពិតជា​ទទួលរង​ផលប៉ះពាល់​ក្នុង​ការប្រកួត​ប្រជែង​មែន​។ ប៉ុន្តែ​មួយចំនួន​នៅ​មាន​លទ្ធភាព​ធ្វើបាន ហេតុនេះ​វា​ជា​ឱកាស​សម្រាប់​វិស័យ​កសិកម្ម​រៀបចំ​ខ្លួន​ក្នុង​ការប្រកួតប្រជែង​ក៏ដូចជា​នាំចេញ​។

លោក សុង សារ៉ន បន្ថែម​ថា​នៅក្នុង​បរិបទ​សព្វថ្ងៃ​ទំនិញ​មួយចំនួន​ដូចជា ការផលិត​កែច្នៃ​នៅ​កម្ពុជា​មិនទាន់​បាន​ធ្វើឡើង​ល្អប្រសើរ​នៅ​ឡើយ​។ ទំនិញ​នោះ​រង​ផលប៉ះពាល់​ខ្លាំង​ទាក់ទង​តម្លៃ​។

លោក​ សារ៉ន ថ្លែង​ថា​៖ «​ទំនិញ​ដែល​យើង​បាន​ធ្វើ​ល្អប្រសើរ​មាន​ដូចជា ស្រូវ អង្ករ ព្រោះ​មាន​រោងចក្រ​កែច្នៃ វេចខ្ចប់​មាន​សម្ទុះ​ក្នុង​ការនាំចេញ​មាន​ការកើនឡើង​តម្លៃ​មាន​ភាពល្អប្រសើរ​។ ប៉ុន្តែ​ទំនិញ​មួយចំនួន​ក្នុង​វិស័យ​កសិកម្ម​យើង ដែល​មិន​មាន​លទ្ធភាព​កែច្នៃ​គឺ​យើង​ត្រូវ​នាំចេញ វត្ថុធាតុដើម នាំឱ្យ​ទទួល​រង​ប៉ះពាល់​ខ្លាំង ដូចជា​ស្វាយ និង​ស្វាយចន្ទី​ជាដើម​»​។

បើតាម​អ្នកជំនួញ​រូបនេះ កសិករ​ខ្នាតតូច​ដែលមាន​ដី​តិចជាង​ ១ ​ហិកតា មិន​អាច​បន្ត​ធ្វើ​ស្រែ​បាន​ទេ​ក្នុង​វិបត្តិ​កូវីដ​ ១៩ ​គួរតែ​រៀបចំ​ការប្រមូល​ផ្តុំ​ជា​សហគមន៍ ដើម្បី​ដាំ​នូវ​កសិផល​ផ្សេងៗ​ដូចជា បន្លែ ឬ​ដំណាំ​ណា​ដែល​អាច​បង្វែរ​ជា​ទឹកប្រាក់​លឿន ជាពិសេស​ដំណាំ​ដែល​មាន​ការប្រើប្រាស់​ទឹក​តិច ព្រោះ​ការធ្វើ​ស្រែ​គឺ​ត្រូវការ​ទឹក​ច្រើន​ដែល​នាំឱ្យ​ជួប​បញ្ហា​មួយចំនួន​។

ទោះ​យ៉ាងណា​លោកស្រី​ យ៉ាន់ ស្រីយ៉ាត តំណាង​កសិករ​ស្ត្រី​ឆ្នើម​លើកឡើង​ថា ព័ត៌មាន​ទីផ្សារ​ផលិតផល​កសិកម្ម និងបច្ចេកទេស​កសិកម្ម​មិនទាន់​មាន​ការផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ​ទៅ​ដល់​កសិករ​នៅ​ឡើយ ជាពិសេស​កសិករ​ខ្នាតតូច​។ ក្រោយពី​ការទទួល​រង​ផលប៉ះពាល់​ដោយ​កូវីដ​ ១៩​ ទៅលើ​ដំណាំ​កសិកម្ម​របស់​កសិករ​ខ្នាតតូច​ក៏​នៅ​មាន​បញ្ហា​ប្រឈម​បន្ថែម​ទាក់ទង​នឹង​អាកាសធាតុ​ផងដែរ​។

លោកស្រី​និយាយ​ថា​៖ «​យើង​គួរតែ​មាន​ការពង្រឹង​ការសិក្សា​ស្វែងយល់​ពី​គ្នា​ទៅវិញ​ទៅមក​រវាង​កសិករ និង​កសិករ និង​អ្នកពាក់ព័ន្ធ​នានា​ដើម្បី​ពង្រឹង​សមត្ថភាព​បន្សុំា​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដែល​បណ្តាល​មកពី​គ្រោះមហន្តរាយ​នៃ​ការប្រែប្រួល​អាកាសធាតុ​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​»​។

លោក​ តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា ថ្លែង​ថា​សម្រាប់​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​គឺជា​អង្គការ សមាជិកភាព ដែល​បច្ចុប្បន្ន​មាន​អង្គការ​ជាតិ និង​អន្តរជាតិ​ចំនួន​ ៩៦ ​ជា​សមាជិក និង​មាន​លេខាធិការដ្ឋាន​ចំនួន​ ៨​។ មាន​អង្គការ​ជាតិ និង​អន្តរជាតិ​ចំនួន​ ៣៩២ ​កំពុង​ធ្វើការ​យ៉ាងសកម្ម​ជាមួយ​កសិករ និង​ស្ថាប័នរដ្ឋ និង​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ​។

លោក​ថ្លែងថា​៖ «​យើង​បានធ្វើការ​យ៉ាងសកម្ម​ជាមួយ​ប្រជាកសិករ សភាជាតិ រាជរដ្ឋាភិបាល​ ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​ក្នុង​ការកសាង សមត្ថភាព​ចែករំលែក​ព័ត៌មាន​។ ការសិក្សា ស្រាវជ្រាវ ការអនុវត្ត​នៅ​ទីវាល​ជាក់ស្តែង និង​ការជជែក​ពិភាក្សា​អំពី​ការអនុវត្ត និង​ការអភិវឌ្ឍ​គោលនយោបាយ​ត្រង់​ទៅត្រង់​មក​ជាមួយ​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដើម្បី​រួមចំណែក​រក​ដំណោះស្រាយ​សមស្រប​សំដៅ​ឆ្ពោះ​ទៅ​រក​ការសម្រេច​បាន​នូវ​ការអភិវឌ្ឍ ប្រកប​ដោយ​សមធម៌ បរិយាប័ន្ន និង​ចីរភាព​»៕

វីដេអូ៖