សៀមរាបៈ សមាជិកសភាម៉ាឡេស៊ី Larry Sng បានមកដល់ខេត្តសៀមរាប កាលពីថ្ងៃពុធ ខណៈការមកដល់របស់លោកត្រូវបានរិះគន់ដោយអង្គការក្រៅរដ្ឋាភិបាលមួយ ថា ជា​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់ ទីក្រុង​គូឡាឡាំពួ​ក្នុងការ«ប្រើឥទ្ធិពលទៅលើច្បាប់កម្ពុជា»។

ស្ថានទូតម៉ាឡេស៊ី ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែមករា បានស្នើសុំ«កិច្ចសហប្រតិបត្តិការពីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងព្រះរាជាណាចក្រកម្ពុជា និង​អាជា្ញ​ធរ​ពាក់​ព័ន្ធ​របស់​កម្ពុជា​ដោះ​លែង​ជនជាតិម៉ាឡេស៊ីទាំង ៤៧ នាក់ដែលត្រូវបានឃុំខ្លួន»។

ទោះយ៉ាងណាក្តី មន្រ្តីស៊ើបអង្កេតសិទ្ធិមនុស្សជាន់ខ្ពស់ នៅអង្គការអាដហុក លោក សឹង សែនករុណា បានរិះគន់កិច្ចខិតខំប្រឹងប្រែងការទូត របស់រដ្ឋាភិបាលម៉ាឡេស៊ី ពីព្រោះ«គ្មានរដ្ឋាភិបាលដទៃណា គួរ​មាន​ឥទ្ធិ​ពល​លើ​ច្បាប់​កម្ពុជាទេ»។

លោក សែនករុណា បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា៖ «ពេលខ្លះ កម្ពុជានិរទេសឧក្រិដ្ឋជនបរទេស ហើយយើងមិនដែលដឹងថា តើពួកគេ ទទួលបានយុត្តិធម៌ នៅក្នុងប្រទេសកំណើតរបស់ពួកគេ ឬអត់នោះទេ»។

ប៉ុន្តែ Sng បានច្រានចោលការអះអាងនេះ។ លោកបានថ្លែងថា៖ «យើងគោរពច្បាប់របស់ប្រទេស ហើយយើងមកទីនេះ ដើម្បីស្វែងយល់អំពីស្ថានភាពរបស់អ្នកជាប់ឃុំទាំងនោះ ដើម្បី​ឲ្យ​យើង​អាច​ពាំនាំ​ស្ថាន​ភាព​នេះ​ទៅ​ប្រាប់[ក្រសួងការបរទេសវិញ] និងរដ្ឋាភិបាលរបស់យើង ដើម្បីពិនិត្យមើលជម្រើសប្រភេទណា ដែលអាចមាននៅក្នុងស្ថានភាពដូចនេះ។

លោកបានថ្លែងបន្តថា៖ «ដូច្នេះ វាជាភាពបន្ទាន់ ដែលរដ្ឋាភិបាលម៉ាឡេស៊ី និងកម្ពុជា ត្រូវពិភាក្សាគ្នាជាប់ជានិច្ច ដើម្បីឲ្យយើងអាចយល់អំពីស្ថានភាពនេះប្រសើរឡើង និងផ្តល់ជំនួយប្រភេទណា ថា​តើ​ផ្នែក​ច្បាប់​ឬ​ដំបូន្មាន​ទៅ​អ្នក​ជាប់ឃុំទាំ​ង​នោះ ដើម្បីឲ្យពួកគេ អាចទទួលបាន ការជំនុំជម្រះដោយយុត្តិធម៌… ឬនាំពួកគេត្រឡប់ទៅប្រទេសម៉ាឡេស៊ីវិញ អាស្រ័យលើការសម្រេចរបស់អាជ្ញាធរកម្ពុជា»។

លោក Sng តំណាងរាស្រ្តសម្រាប់ក្រុង Julau នៅក្នុងរដ្ឋ Sarawak ជាកន្លែងដែលអ្នកជាប់ឃុំ ៤៤ នាក់ក្នុងចំណោមអ្នកជាប់ឃុំ ៤៧ នាក់ មានស្រុកកំណើតនៅទីនោះ បានថ្លែងថា លោក​កំពុង​ចុះ​ទៅ​ពន្ធនា​គារ​ខេត្ត​បន្ទាយ​មាន​ជ័យ នៅក្នុងឋានៈជាផ្លូវការរបស់លោក ដើម្បីវាយតម្លៃស្ថានភាព ដែលក្រុមនោះ កំពុងប្រឈម និងដើម្បីដឹងថា តើពួកគេ មកប្រទេសកម្ពុជាដូចម្តេច។

លោក Sng បានថ្លែងបន្ទាប់ពីកិច្ចប្រជុំថា៖ «ខ្ញុំបានប្រាប់[អ្នកដែលជាប់ឃុំ] កុំឲ្យបារម្ភ ដោយសារទាំងអាជ្ញាធរម៉ាឡេស៊ី និងអាជ្ញាធរកម្ពុជា កំពុងធ្វើការងារយ៉ាងជិតស្និទ្ធ ដើម្បីធានាឲ្យមានការដោះលែងពួកគេ»។

លោក Sng បានថ្លែងបន្តថា មុនពេលជួបពួកគេម្នាក់ម្តងៗ តំណាងម្នាក់ ពីស្ថានទូម៉ាឡេស៊ី និងរូបលោក បានផ្តល់«ការលើកទឹកចិត្ត និងក្តីសង្ឃឹម ទៅអ្នកជាប់ឃុំទាំងនោះថា រដ្ឋាភិបាលម៉ាឡេស៊ី កំពុង​ខិតខំ​អស់​ពី​សមត្ថ​ភាព​ដើម្បី​ធានាឲ្យមានការដោះលែងពួកគេ»។

គណៈប្រតិភូបានត្រឡប់ទៅទីក្រុងគូឡាឡាំពួនៅថ្ងៃទី ១៤ ខែកុម្ភៈ ដើម្បីជួបឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin និងសមាជិកគ្រួសារដើម្បី«ស្វែងរកភាពច្បាស់លាស់បន្ថែមទៀត ពី[ក្រសួងការបរទេស]​អំពី​ចំណាត់ការអ្វី ដែលត្រូវធ្វើឡើងតាមរយៈច្រកការទូត»។

លោក Sng បានប្រាប់អ្នកយកព័ត៌មានថា អ្នកជាប់ឃុំទាំងនោះ«ត្រួវបានយកចិត្តទុកដាក់យ៉ាងល្អ និងទទួលបានអាហារយ៉ាងល្អ»។

លោកបានបន្ថែមថា ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានគោរពចំពោះបែបបទនៃការទទួលទានអាហាររបស់អ៊ិស្លាម ដោយទិញអាហារសម្រាប់អ្នកជាប់ឃុំ ម៉ូស្លីម ពីលុយហោប៉ៅខ្លួនឯង ប៉ុន្តែអ្នកជាប់ឃុំមួយចំនួន មានស្បែកកន្ទួល និងក្រម៉រ ដោយតម្រូវឲ្យមានគ្រូពេទ្យអម ដើម្បីចេញវេជ្ជបញ្ជា។

អ្នកជាប់ឃុំទាំងនោះ បានអះអាងថា ពួកគេ ត្រូវបានលួងលោមឲ្យមកប្រទេសកម្ពុជា ដោយទីភ្នាក់ងារជ្រើសរើសពលកររបស់ចិនមួយ ដែលសន្យាថា នឹងផ្តល់ប្រាក់ខែខ្ពស់ សម្រាប់ការងារលក់គ្រឿងអេឡិចត្រូនិក ឬ​នៅ​ក្នុង​ឧស្សាហកម្មបដិសណ្ឋារកិច្ច។

បន្ទាប់ពីទីភ្នាក់ងារនេះ មិនគោរពតាមការសន្យារបស់ខ្លួន ក្រុមនេះ ដោយសារតែស្ថិតនៅក្នុងស្ថានភាពលំបាកបានចាប់ផ្តើមធ្វើការឲ្យអង្គការមួយ ដែលមានការពាក់ព័ន្ធនឹងការជួញដូរមនុស្ស។ នេះបើយោងតាម លោក Mohd Azra មន្រ្តីពិសេសរបស់ លោក Nurul Izzah Anwar តំណាងរាស្រ្តសម្រាប់ទីក្រុង Permatang Pauh រដ្ឋ Penang។

Azra បន្ទាប់ពីមានសំណើពីសមាជិកគ្រួសារ បានចុះជួបអ្នកឃុំខ្លួនទាំងនោះ ដល់ពន្ធនាគារខេត្តបន្ទាយមានជ័យបន្ទាប់ពីពួកគេ ត្រូវបានផ្ទេរចេញពីប៉ោយប៉ែត ជាកន្លែងដែលពួកគេបានធ្វើការនៅថ្ងៃបុណ្យណូអែល។

ជនជាតិចិន ៨ នាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ នៅក្នុងការចុះបង្ក្រាបចំនួនពីរ ដូចគ្នានោះ ប៉ុន្តែត្រូវបានដោះលែង ដោយសារអាជ្ញាធរនិយាយថា ពួកគេ គ្រាន់តែបម្រើការជាចុងភៅ សម្រាប់ប្រតិបត្តិរបស់ក្រុមនោះ។

សេចក្តីថ្លែងការណ៍របស់ស្ថានទូតម៉ាឡេស៊ី បានថ្លែងថា «ក្រុមហ៊ុនក្លែងក្លាយមួយ ដែលបើកដោយជនជាតិចិន បានជ្រើសរើសជនជាតិម៉ាឡេស៊ី ៤៧ នាក់នោះ»៕