ភ្នំពេញៈ ​សភា​សហភាព​អឺរ៉ុប​ពី​ម្សិលមិញ​បាន​ធ្វើការ​ថ្កោលទោស​ការចាប់​ខ្លួន​ និង​ការចោទប្រកាន់​អ្នក​នយោបាយ​បក្សប្រឆាំង និង​អ្នក​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​, អ៊ូហ្គង់ដា​ និង​មីយ៉ាន់ម៉ា​។

បើ​តាម​លទ្ធផល​ប្រជុំ​របស់​សមាជិក​សភា​សហភាព​អឺរ៉ុប​បាន​ឲ្យ​ដឹង​កាលពី​យប់មិញ​ថា កម្ពុជា​ត្រូវ​តែ​ទម្លាក់​រាល់​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អ្នកនយោបាយ​បក្សប្រឆាំង​លោក កឹម សុខា​។ ជាមួយ​គ្នា​នេះ​ដែរ​សមាជិក​សភា​សហភាព​អឺរ៉ុប​ក៏​បាន​​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ធ្វើការ​ទម្លាក់​​បទចោទ​ប្រកាន់​ទៅ​លើ​លោក​​ សម រង្ស៊ី​ផង​ដែរ​។

ទោះ​ជា​យ៉ាង​ណា​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ថា​បើ​ទោះបី​ជា​សភា​សហភាព​អឺរ៉ុប​ធ្វើការ​សម្រេច​បែប​ណា​ក៏ដោយ ក៏​វា​មិន​គ្របដណ្តប់​មក​លើ​អធិបតេយ្យភាព​របស់​កម្ពុជា​នោះ​ដែរ​។

លោកស្រី Federica Mogherini តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប សម្រាប់​កិច្ចការ​ការបរទេស​ដែល​ជា​បុគ្គល​ចុងក្រោយ​គេ​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​សភា​អឺរ៉ុប​កាលពី​ម្សិលមិញ​លោកស្រី​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្លាស់ប្តូរ​និន្នាការ​ និង​ចាប់ផ្តើម​ការសន្ទនា​ជាមួយ​អ្នក​នយោបាយ​បក្សប្រឆាំង​ឡើង​វិញ​។

លោកស្រី​ថ្លែង​ថា​៖ «​កាលពី​ឆ្នាំ​ទៅ​វា​បាន​បោះជំហាន​ថយ​ក្រោយ​យ៉ាង​ខ្លាំង សម្រាប់​ប្រជាធិបតេយ្យ​ដ៏ផុយស្រួយ​របស់​កម្ពុជា​ដែល​មាន​គណបក្ស​គ្រប់គ្រង​តែ​មួយ​មាន​និន្នាការ​ផ្តាច់ការ​និយម​ដែល​ចាក់ឫស​កាន់តែ​ជ្រៅ​នៅក្នុង​ប្រទេស​ហើយ​កន្លែង​សម្រាប់​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​មិន​ត្រឹម​តែ​ថយចុះ​ប៉ុណ្ណោះ​ទេ​គឺ​ត្រូវ​បាន​បិទ​តែ​ម្តង​»​។

លោកស្រី​បន្ថែម​ថា​៖ «​ការបោះឆ្នោត​សកល​កាលពី​ខែ​កក្កដា​ក្រោយ​ការរំលាយ​គណបក្ស​ប្រឆាំង​ដ៏ធំ គឺ​គណបក្ស​កាន់​អំណាច​បាន​ឈ្នះ​អាសនៈ​សភា​ទាំងអស់​។ ការបោះឆ្នោត​នោះ​បាន​កើតឡើង​នៅក្នុង​បរិយាកាស​តឹងតែង​បំផុត​គឺ​វា​មិន​តំណាង​ឱ្យ​ឆន្ទៈ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទេ​»​។

លោកស្រី​លើក​ឡើង​ថា​៖ «​ដូច្នេះ​ហើយ​ស្ថានការណ៍​នោះ​គឺ​មិន​មាន​លក្ខណៈ​ប្រសើរ​ទេ ហើយ​ឥឡូវ​នេះ​យើង​កំពុង​គិត​អំពី​លទ្ធភាព​នៃ​ការចាត់​វិធានការ​បន្ថែម​ដូច​ដែល​លោក​អ្នក​ដឹង​ស្រាប់​ហើយ​ថា វា​នឹង​តម្រូវ​ឱ្យ​មាន​ក្រុមប្រឹក្សា​មួយ​ដើម្បី​ធ្វើការ​សម្រេចចិត្ត​រួម​គ្នា​លើ​បញ្ហា​នេះ​»​។

លោកស្រី Mogherini បន្ត​ថា​សហភាព​អឺរ៉ុប​បាន​គាំទ្រ​ដល់​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​បញ្ចប់​សង្គ្រាម​មក​ម្ល៉េះ ហើយ​ពេល​នេះ​សហភាព​អឺរ៉ុប​នៅ​តែ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​បង្កើត​ការងារ និង​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។

លោកស្រី​ថ្លែង​ថា​៖ «​យើង​ចង់​ឱ្យ​ភាព​ជា​ដៃគូ​នេះ​នៅ​បន្ត​ដើម្បី​បន្ត​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ ប៉ុន្តែ​វា​ច្បាស់​ណាស់​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ផ្លាស់ប្តូរ​និន្នាការ​បច្ចុប្បន្ន​នេះ​ចេញ បើ​មិន​ដូច្នេះ​ទេ វា​នឹង​មិន​អាច​ទៅ​រួច​ឡើយ​»​។

លោកស្រី Mogherini ស្វាគមន៍​ចំពោះ​ការដោះលែង​លោក​ កឹម សុខា ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ជា​អ្វី​ដែល​លោកស្រី​បាន​លើក​ឡើង​ថា​ជា​ជំហាន​វិជ្ជមាន​ទី ១ ទោះបី​នៅ​មាន​លក្ខខណ្ឌ​ដាក់​កំហិត​មួយ​ចំនួន​ក្តី​។

លោកស្រី​បញ្ជាក់​ថា​៖ «​ឥឡូវ​នេះ​យើង​រំពឹង​ថា​នឹង​មាន​ការ​ទម្លាក់​ចោល​រាល់​ការចោទប្រកាន់​ទាំងអស់ និង​ដក​ចេញ​នូវ​ការដាក់​កំហិត​ទាំងអស់​លើ​រូបគាត់​ដែរ ហើយ​យើង​ចង់​ឲ្យ​នាយករដ្ឋមន្ត្រី និង​មេដឹកនាំ​គណបក្ស​ប្រឆាំង​ទាំងអស់ ចាប់ផ្តើម​ធ្វើការ​ចរចា​ឆ្ពោះ​ទៅ​មុខ​»​។

លោកស្រី​បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​រាល់​ការចោទប្រកាន់​ដែល​នៅ​សល់​ទាំងអស់​ជា​អ្វី​ដែល​លោកស្រី​ហៅ​ថា​ «​ជា​រឿង​នយោបាយ​» ប្រឆាំង​នឹង​សកម្មជន​ទាំងនោះ និង​ដក​បម្រាម​លើ​សកម្មភាព​នយោបាយ​របស់​សមាជិក​គណបក្ស​ប្រឆាំង​ជាន់​ខ្ពស់​ទាំង ១១៨ រូប​។

លោកស្រី​ក៏​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​អាសនៈ​ក្រុមប្រឹក្សាឃុំ សង្កាត់​ដល់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឡើង​វិញ​ដែល​បាន​ជាប់ឆ្នោត​កាលពី​ខែ​មិថុនា​ឆ្នាំ​មុន​ដែល​មុខ​តំណែង​ទាំង​នោះ​ត្រូវបាន​បែងចែក​ទៅ​ឲ្យ​គណបក្ស​ដទៃ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​។

លោកស្រី​ថ្លែង​​ថា​៖ «​យើង​ក៏​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ ឲ្យ​ធានា​ដល់​អ្នក​នយោបាយ​ដែល​និរទេស​ខ្លួន សកម្មជន​សង្គម​ស៊ីវិល​ និង​អ្នកការពារ​សិទិ្ធមនុស្ស​ទាំងអស់​ឲ្យ​វិល​ត្រឡប់​វិញ​ដោយ​សុវត្ថិភាព​ដែល​ពួកគេ​បាន​រត់​ភៀសខ្លួន​ចេញ​ពី​ប្រទេស ដើម្បី​គេច​ចេញ​ពី​ការចាប់​ខ្លួន​»​។

លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ក៏​បាន​ដឹកនាំ​មនុស្ស​​មួយ​ក្រុម​ទៅ​ចូលរួម​កិច្ចប្រជុំ​របស់​សភា​សហភាព​អឺរ៉ុប​នេះ​ផង​ដែរ​។

ទោះ​យ៉ាង​ណា​លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​ថ្លែង​ថា បើ​ទោះបី​ជា​សភា​សហភាព​អឺរ៉ុប​សម្រេច​បែប​ណា​ក៏ដោយ​គឺ​មិន​ប៉ះពាល់​ដល់​កម្ពុជា​ទេ​។

លោក​ថ្លែង​ថា​៖ «​សេចក្តី​សម្រេច​គឺជា​សិទ្ធិ​របស់​ពួកគេ​ដែល​នៅ​ក្រៅ​កម្ពុជា​។ វា​មិន​គ្របដណ្តប់​ទៅ​លើ​ឯករាជភាព និង​អធិបតេយ្យភាព​របស់​កម្ពុជា​ទេ​ព្រោះ​តុលាការ​កំពូល​បាន​រំលាយ​អតីត​បក្សប្រឆាំង មិន​មាន​អ្វី​អាច​ត្រឡប់​ក្រោយ​វិញ​ទេ​។ បើ​មិន​ដូច្នោះ​ទេ​តើ​យើង​អាច​ទុក​តុលាការ​កំពូល​របស់​កម្ពុជា​នៅ​កន្លែង​ណា​?»​។

លោក​ថា​៖ «​បរិបទ​កម្ពុជា​គឺ​នៅ​កម្ពុជា​។ សភា​អឺរ៉ុប​មិន​អាច​គ្រប់គ្រង​កម្ពុជា សភា​កម្ពុជា និង​តុលាការ​»​។

លោក​បន្ត​ថា​សេចក្តី​សម្រេច​របស់​សហភាព​អឺរ៉ុប​ធ្វើ​ឡើង​ដោយ​អ្នក​នយោបាយ​។ «​វា​ចម្រុះ វា​មាន​លក្ខណៈ​សេដ្ឋកិច្ច វា​ចម្រុះ​ជាមួយ​នយោបាយ ដើម្បី​ដាក់​សម្ពាធ​មក​លើ​កម្ពុជា​។ តើ​ឯណា​ទៅ​ជា​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ​? ពួកគេ​ជា​សមាជិក​សភា ប៉ុន្តែ​ពួកគេ​មិន​យល់​ច្បាប់​នេះ ពួកគេ​គ្រាន់​តែ​ប្រើ​អំណាច ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​ប្រទេស​តូច និង​ទន់ខ្សោយ​»​។

ប៉ុន្តែ​លោក ព្រាប កុល នាយកប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ថ្លែង​ថា ប្រសិន​បើ​ចំណុច​ទាំងអស់​ត្រូវ​បាន​អនុម័ត វា​នឹង​មាន​ផលប៉ះពាល់​។

លោក​បន្ត​ថា​៖ «​ភាសា​ដែល​ប្រើ​នៅក្នុង​សំណើ​ដំណោះស្រាយ​គឺ​ខ្លាំង​ណាស់​ជាមួយ​នឹង​លក្ខខណ្ឌ និង​ការទាមទារ​រឹងមាំ​។ ប្រសិន​បើ​ចំណុច​ទាំងអស់​នោះ​ត្រូវ​បាន​អនុម័ត​នៅក្នុង​ទម្រង់​បច្ចុប្បន្ន វា​ច្បាស់​ណាស់​នឹង​មាន​បច្ច័យ​ទៅលើ​ទំនាក់​ទំនង​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប​នៅ​ក្នុង​ទាំង​វិស័យ​ពាណិជ្ជកម្ម​ជំនួយ​ហិរញ្ញវត្ថុ និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​»​។

លោក​ថ្លែង​ថា​ទោះ​យ៉ាង​ណា​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ឱកាស​ឆ្លើយតប​ទៅ​នឹង​ការទាមទារ​ទាំងនោះ​ដើម្បី​ចៀស​ពី​ផលប៉ះពាល់​អវិជ្ជមាន​នៅ​ក្នុង​រយៈពេល​មធ្យម និង​រយៈពេល​វែង​៕ NS/PS