ភ្នំពេញៈ តំណាងរាស្ត្រ​បម្រុង​ចំនួន​ ៣៨ ​រូប​បាន​ចូល​ស្បថ​កាន់​តំណែង បន្ទាប់ពី​រដ្ឋសភា​ដែល​មាន​ ៧៧ ​សំឡេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ទទួល​ស្គាល់ និង​ផ្តល់​សុពលភាព​ជា​តំណាងរាស្ត្រ​ដល់​ពួកគេ ​កាលពី​ម្សិលមិញ​ ដើម្បី​ចូលមក​ជំនួស​តំណាងរាស្ត្រ​ដែល​លាលែង​ទៅ​កាន់​តំណែង​ក្នុង​រដ្ឋាភិបាល ខណៈ​អ្នកវិភាគ​លើក​ឡើង​ថា​នេះ​គឺជា​ការបែងចែក​អំណាច​។

លោក​ ហេង សំរិន ប្រធាន​រដ្ឋសភា​ថ្លែង​ក្នុង​ពិធី​បើក​សម័យប្រជុំ​លើក​ទី​ ១ ពី​ម្សិលមិញ​ថា​យោង​តាម​សេចក្តី​សម្រេច​ចុះ​ថ្ងៃទី​ ១២ ខែ​កញ្ញា ឆ្នាំ​ ២០១៨ របស់ គ.ជ.ប. និង​យោង​លិខិត​ចុះ​ថ្ងៃទី​ ១២ ខែ​កញ្ញា ឆ្នាំ​ ២០១៨ របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​យោង​តាម​ការសម្រេច​របស់​គណៈកម្មាធិការ​អចិន្រៃ្តយ៍​រដ្ឋសភា​ដែល​ប្រជុំ​កាលពី​ថ្ងៃ​ចន្ទ​ទី​ ១៧ ​ខែ​កញ្ញា​ឆ្នាំ​ ២០១៨ រដ្ឋសភា​សូម​ប្រកាស​សុពលភាព​បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​នៃ​នីតិកាល​ទី​ ៦ ​ដែល​មាន​ ៣៨ ​រូប​។

លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​សូម​ប្រកាស​ជា​ឱឡារិក​ថា ឈ្មោះ​បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​បញ្ជូន​មក​ចំនួន​ ៣៨ ​រូប​ត្រូវ​បាន​សម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​នីមួយៗ​នៅ​ថ្ងៃ​ពុធ​ទី​ ១៩ ខែ​កញ្ញា ឆ្នាំ​ ២០១៨​។ សូម​អបអរសាទរ​»​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​មាន​ប្រសាសន៍​ថា ការដាក់​បញ្ចូល​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​ទាំង​ ៣៨ ​រូប​នេះ​មិនមែន​ជា​ឈាម​ថ្មី និង​មិនមែន​អ្នក​ថ្មី​ទេ​សុទ្ធ​តែ​អ្នក​នៅក្នុង​សកម្មភាព​ និង​ចលនា​នយោបាយ​យូរ​មក​ហើយ​។

លោក​ថ្លែង​ថា​៖ «​អ្នក​ ៣៨ ​ចេញ​ទៅ​ជួរ​រាជរដ្ឋាភិបាល​ ឬ​ស្ថាប័ន​ណា​ផ្សេង​ក្រៅពី​រដ្ឋសភា​ដូច្នេះ​អ្នក​នៅ​លេខ​រៀង​បន្តបន្ទាប់​នៅក្នុង​មណ្ឌល​ជាមួយ​គ្នា​ត្រូវ​ឡើង​មក​ជំនួស​ហើយ​វា​ជា​ស្វ័យប្រវត្តិ​មិន​បាន​គិត​ថា ជា​យុវជន ឬ​មិន​យុវជន​ទេ ដូច្នេះ​នេះ​គឺជា​ការអនុវត្ត​ត្រឹមត្រូវ​តាម​នីតិវិធី​ដែល​មាន​ចែង​នៅក្នុង​ច្បាប់​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​»​។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​លោក សន ជ័យ មាន​ប្រសាសន៍​ថា​៖ «[​ការដាក់​បញ្ចូល​អ្នកថ្មី​] ​វា​ជួយ​កុំ​ឲ្យ​មាន​ការងារ​ច្រើន​ដោយសារ​គាត់​ជា​រដ្ឋមន្ត្រី​ផង និង​ ជា​តំណាងរាស្ត្រ​ផង​វា​អាច​ធ្វើឲ្យ​ខ្វះ​ចន្លោះ​ដូច្នេះ​វា​អាច​កាត់​បន្ថយ​នូវ​ទំនាស់​ផលប្រយោជន៍​រវាង​តួនាទី​ជា​នីតិប្បញ្ញតិ្ត និង​នៅ​នីតិប្រតិបត្តិ​...​ចៀស​មិន​រួច​ទេ​ការបែងចែក​លាភសក្ការៈ និង​អំណាច​»​។

តំណាងរាស្ត្រ​ដែល​ជា​ឈាម​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​ ៣៨ ​រូប​ជា​ឥស្សរជន​ដែល​នឹង​ត្រូវ​ទទួល​ស្គាល់​ជា​តំណាងរាស្ត្រ​ថ្មី​រួមមាន ខេត្ត​បាត់ដំបង គឺ​លោក ភូ ពុយ លោក សៀង ស៊ុតថង កំពង់ចាម គឺ​លោក ម៉ា ឈឿន លោក អ៊ី សំអុល លោកស្រី ស្រី គីមឆយ លោកស្រី ខុន ស៊ុនអេង និង​លោកស្រី កុល ធារិន កំពង់ឆ្នាំង មាន លោកស្រី កែ ច័ន្ទមុនី លោក ឌួង សុវ៉ាង កំពង់ស្ពឺ លោក អ៊ូ សំអួន លោក សំ រិទ្ធី លោក ជួន វន កំពង់ធំ លោកស្រី លឹម ផល្លា កណ្តាល​លោក ង៉ោ សុវណ្ណ លោក អ៊ុក ដាមរី លោក សុះ មុះសិន លោក ជឹម សុខខុន លោក ទី សុគន្ធ ក្រចេះ​លោកស្រី ស៊ុន សាភឿន ភ្នំពេញ​លោក សួន រិនឌី លោក ឃុត ចាន់ដារ៉ា លោកស្រី ម៉ក់ វណ្ណស៊ីថា លោកស្រី ម៉ាណ ណាវី ព្រៃវែង លោក ជាម ប៉េអា លោក ទេព សាម៉នជីវ័ន លោក ថោង វរលក្ខណ៍ លោក ខៀវ ភារិទ្ធ ពោធិ៍សាត់ លោក សារី កោសល្យ លោក រ៉ូហ្វី អូស្មាន លោក ខូយ សុខា ព្រះសីហនុ លោក នេន ម៉ាល័យ លោក តាក វណ្ណថា តាកែវ លោក អ៊ុត សុខ កែប លោក ងួន បៀន ឧត្តរមានជ័យ លោក នៅ សំ និង​ខេត្ត​ត្បូងឃ្មុំ លោក​ យិន ប៊ុនណាង និង​លោក សន សារ៉ាណា​។

ឥស្សរជន​ដែល​សុំ​ឈប់​ពី​សមាជិក​សភា​រួមមាន​លោក អង្គ វង្សវឌ្ឍានា លោក សក់ សេដ្ឋា លោក ខៀវ កាញារីទ្ធ លោក ហង់ ជួនណារ៉ុន លោក វេង សាខុន លោក ប៉ាន សូរស័ក្តិ លោក លូ គឹមឈន់ លោក​ អ៊ុក រ៉ាប៊ុន លោក ត្រាំ អ៊ីវតឹក លោក​ ឆាយ ថន លោកស្រី ខេង សំរ៉ាដា លោក រិន វីរៈ លោក ថោង ខុន​...​ដែល​ឥស្សរជន​ទាំងនោះ​ជា​មន្ត្រី​ជើងចាស់​ក្នុង​រដ្ឋាភិបាល​ចាស់​ផង​ដែរ​៕