ភ្នំពេញៈ សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលា​ការរំលាយ និង​សកម្មជន​បក្ស​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បាន​រួម​គ្នា​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ឈ្មោះ​គណបក្ស​ «​ខ្មែរ​ស្រឡាញ់​ជាតិ​» ជា​អ្វី​ដែល​ពួកគេ​អះអាងថា ដើម្បី​បន្ត​គោលជំហរ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ដើម្បី​ចូលរួម​ការបោះឆ្នោត​នាពេល​ខាងមុខ​។

លោក តាន់ ទីន សមាជិក​ម្នាក់​ក្នុង​ចំណោម​ស្ថាបនិក ៨ ​នាក់​​ ថ្លែង​ក្នុង​សន្និសីទ​កាសែត​កាលពី​ម្សិលមិញ​ថា ការបង្កើត​គណបក្ស​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ក្រុម​របស់​លោក​បាន​ចុះ​ជួប​ជាមួយ​ប្រជាពលរដ្ឋ និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អ្នក​ស្នេហា​ជាតិ អ្នកប្រជាធិបតេយ្យ ហើយ​ពួកគេ​សំណូមពរ​ឲ្យ​មាន​ការបង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​។

លោក​ថ្លែងថា​៖ «​ដោយ​យើង​ទាំងអស់​គ្នា​យល់ឃើញ​ថា​ស្ថានភាព​នយោបាយ​នាពេល​បច្ចុប្បន្ន​មាន​ការធ្លាក់ចុះ​នូវ​សំឡេង​ដែលមាន​និន្នាការ​ប្រឆាំង​ជាមួយ​គណបក្ស​កាន់អំណាច និង​ការបែកបាក់​យ៉ាងខ្លាំង​រវាង​អ្នក​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ជា​ហេតុ​ធ្វើឲ្យ​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​សម្រាប់​យើង​ទាំងអស់​គ្នា​»​។

យោងតាម​សេចក្តី​ថ្លែងការណ៍​គណបក្ស​នេះ​បង្កើត​ក្នុង​គោលបំណង​បន្ត​គោលដៅ​ស្មារតី​សង្គ្រោះ​ជាតិ បង្កើត​វប្បធម៌​នយោបាយ​ថ្មី​បង្រួបបង្រួម​អ្នកស្នេហា​ជាតិ និង​អ្នកប្រជាធិបតេយ្យ ផ្សះផ្សា​ជាតិ និង​តស៊ូ​មតិ​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។

លោក ខឺយ ស៊ីនឿន ស្ថាបនិក​ម្នាក់ទៀត​បញ្ជាក់​ថា ក្រុម​ស្ថាបនិក​ទើបតែ​ដាក់​ពាក្យសុំ​បង្កើត​បក្ស​នេះ​នៅ​ក្រសួង​មហាផ្ទៃ​កាលពី​ព្រឹក​ម្សិលមិញ ហើយ​និង​បន្ត​ធ្វើតាម​នីតិវិធី​ដែល​ក្រសួង​តម្រូវ​រួមមាន​ការដាក់​សមាសភាព​ថ្នាក់ដឹកនាំ ការបញ្ជូន​សំឡេង​គាំទ្រ​ចំនួន ៤ ០០០ សំឡេង ជាដើម​។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ​នយោបាយ ថ្លៃង​ថា គណបក្ស​ថ្មី​នេះ​ទំនង​ជាមាន​វាសនា​មិន​ខុសពី​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ផ្សេងទៀត​ទេ​គឺ​មិន​ទំនង​ទទួល​បាន​ការគាំទ្រ​ពី​ពលរដ្ឋ​ទេ​។ «​ខ្ញុំ​គិតថា ពួកគេ​មិន​អាច​កៀរគរ ឬ​មាន​ប្រជាប្រិយភាព​ដែល​ទទួល​បាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​​ទេ ពីព្រោះ​ពេល​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​មាន​បក្ស​ច្រើន​គឺ​មាន ១៩ ​គណបក្ស ក្រៅពី​គណបក្ស​កាន់អំណាច​ តែ​អត់​ឃើញ​មាន​បក្ស​ណា​មាន​អាសនៈ​នៅ​សភា​ទេ​»៕

វីដេអូ៖