បាត់ដំបងៈ សមាជិក​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ខេត្តបាត់ដំបង ២ នាក់ ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ និង​អាទិត្យ និង​បញ្ជូនមក​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​។

អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំង​ ២ មានឈ្មោះ គង់ ប៊ុនហ៊ាង អាយុ ៦៦ ឆ្នាំ និង​ឈ្មោះ ហង្ស សេង អាយុ ៦៩ ឆ្នាំ​។ អ្នក​ទាំង​ ២ រស់នៅ​ឃុំ​កំពង់ព្រះ និង​ឃុំ​អន្លង់វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង និង​ជា​អតីត​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​បក្ស​ប្រចាំ​ខេត្តបាត់ដំបង​។ លោក គង់ ប៊ុនហ៊ាង ត្រូវបាន​ឃាត់ខ្លួន​នៅ​ល្ងាច​ថ្ងៃ​សោរ៍ ចំណែក​លោក ហង្ស សេង ត្រូវបាន​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​។ នេះ​បើ​តាម​លោក ឌឹម សារឿន អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​។

លោក ឌឹម សារឿន និយាយ​ថា លោក​មិន​ច្បាស់​អំពី​មូលហេតុ​នៃ​ការឃាត់ខ្លួន​ទេ ដោយសារ​តែ​អ្នក​ទាំង​ ២ ​មិន​បានធ្វើ​សកម្មភាព​អ្វី​ក្រោយ​គណបក្ស​សង្គ្រោះជាតិ​ត្រូវបាន​រំលាយ ហើយ​អ្នក​ទាំង​ ២ ​មិនមែន​ជា​អ្នក​សកម្ម​លើ​បណ្ដាញ​សង្គម​ទេ​។

លោក លឹម ពុទ្ធីឡា ស្នងការរង​ផែន​ការងារ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​បញ្ជាក់ថា ពិតជា​មាន​ការចាប់ខ្លួន​មនុស្ស​ទាំង​​ ២ ​នាក់​នេះ​មែន ហើយ​បញ្ជូន​មក​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃអាទិត្យ​។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​មិន​អាច​សុំ​ការបញ្ជាក់​បានទេ​កាលពី​ម្សិលមិញ ប៉ុន្តែ​លោក​បាន​ថ្លែងប្រាប់​វិទ្យុ​អាស៊ីសេរី​ថា អ្នក​ទាំង​ ២ ត្រូវបាន​ចាប់​តាម​ដីកា​ពាក់ព័ន្ធ​នឹង​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្ស​។

លោក គុជ គឹមឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា អ្នក​ទាំង​ ២ ត្រូវបាន​បញ្ជូន​មកដល់​តុលាការ​ហើយ ដោយ​លោក​ព្រះរាជអាជ្ញា សេង ហៀង កំពុង​សាកសួរ​។

យោងតាម​រដ្ឋធម្មនុញ្ញ​ជំពូក ២ មាត្រា ៧ បានចែង​យ៉ាងច្បាស់​ថា អង្គ​ព្រះមហាក្សត្រ មិនអាច​នរណា​រំលោភបំពាន​បានឡើយ​។ កាលពី​ឆ្នាំ ២០១៨ មាត្រា​ ៤៣៧ នៃ​ក្រម​ព្រហ្មទណ្ឌ​ត្រូវបាន​ធ្វើ​វិសោធនកម្ម​ដោយ​ចែង​លម្អិត​អំពី​បទ «​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​»​។ យោងតាម​មាត្រា ៤៣៧ (​ស្ទួន​) អ្នក​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ ឆ្នាំទៅ ៥ ឆ្នាំ និង​ពិន័យ​ប្រាក់​ពី​ ២ ​លាន​ទៅ​ ១០ ​លាន​រៀល​៕