ភ្នំពេញៈ សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ចំនួន ៤ រូប​ ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក អង្គវង្ស វឌ្ឍានា ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ បន្ទាប់ពី​ត្រូវបាន​ជ្រើសតាំង​តាមរយៈ​ការបោះឆ្នោត និង​ ៧ ​រូប​ទៀត​ក៏​ត្រូវ​បានជ្រើសរើស​រួច​រាល់​អស់​ហើយ​ផងដែរ​ដោយ​នៅ​រង់ចាំតែ​ព្រះរាជក្រឹត្យ​តែងតាំង​ពី​ព្រះមហាក្សត្រ​ប៉ុណ្ណោះ ដើម្បី​ចូល​បំពេញការងារ​សម្រាប់​អាណត្តិ​ថ្មី នៅ​ពាក់កណ្តាល​ខែ​វិច្ឆិកា​ខាងមុខ​។

សេចក្តី​ប្រកាស​លទ្ធផល​ផ្លូវការ​របស់​ក្រសួង​យុត្តិធម៌​កាលពី​ថ្ងៃ​ចន្ទ​បាន​ឲ្យ​ដឹងថា សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ចំនួន ៤ ​រូប​ ដែល​ត្រូវ​បាន​ជ្រើស​តាំងពី​ការបោះឆ្នោត​នោះ​មាន​លោក ចាយ ច័ន្ទតារាវណ្ណ ជា​សមាជិក​ត្រូវបាន​ជ្រើសតាំង​ដោយ​ចៅក្រម​នៃ​សាលាជម្រះក្តី​ជាន់ខ្ពស់​លោក​ សេង ប៊ុនឃាង ជា​សមាជិក ជ្រើសតាំង​ដោយ​ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ អម​សាលាជម្រះក្តី​ជាន់ខ្ពស់ និង​ព្រះរាជអាជ្ញា​បម្រើ​ការងារ​នៅ​ក្រសួងយុត្តិធម៌​។

ចំណែក​លោក អ៊ីវ បូរិន្ទ ជា​សមាជិក​ត្រូវបាន​ជ្រើសតាំង​ដោយ​ចៅក្រម​ពេញសិទ្ធិ​នៃ​សាលាដំបូង​ទូទាំង​ប្រទេស​ និង​លោក ស្រ៊ា រតនៈ ជា​សមាជិក ត្រូវ​បាន​ជ្រើសតាំង​ដោយ​ព្រះរាជអាជ្ញា​ពេញសិទ្ធិ​នៃ​អយ្យការ​អម​សាលាដំបូង​ទូទាំងប្រទេស​។

លោក អង្គវង្ស វឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​នោះ​ថា សម្រាប់​ការជ្រើសតាំង​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​សូម​ជម្រាប​ជូន​ដល់​ចៅក្រម​ព្រះរាជអាជ្ញា​នៅ​ទូទាំង​ប្រទេស និង​សាធារណជន មេត្តា​ជ្រាប​ថា​បេក្ខជន​ជាប់ឆ្នោត​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ​ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​ការបោះឆ្នោត​ថ្ងៃទី​ ១៩ និង​ថ្ងៃទី​ ២០ ខែ​ តុលា ឆ្នាំ​ ២០១៩​។

លោក សំ ប្រជាមានិត អគ្គលេខាធិការ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ក្រៅពី​សមាសភាព ៤ ​រូបនេះ ​សមាជិក​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ចំនួន​ ៧ រូប​ទៀត​គឺ​ត្រូវបាន​ជ្រើសតាំង​រួចរាល់​អស់ហើយ ដូចជា​សមាសភាព ៣ រូប ​ដែល​មាន​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ប្រធាន​តុលាការ​កំពូល និង អគ្គព្រះរាជអាជ្ញា​អម​តុលាការ​កំពូល​ត្រូវ​បាន​កំណត់​តែងតាំង​ដោយ​ស្វ័យប្រវត្តិ​។

លោក​បន្ត​ថា​ចំណែក ៤ ​រូប​ទៀត ​ត្រូវ​បាន​ជ្រើសតាំង​ដោយ​រដ្ឋសភា ព្រឹទ្ធភាព ក្រុមប្រឹក្សាធម្មនុញ្ញ និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ដោយ​រង់ចាំតែ​ព្រះរាជក្រឹត្យ​តែងតាំង​ពី​ព្រះមហាក្សត្រ ខណៈ​សមាជិក​ទាំង​ ១១ រូបនេះ​ គឺ​មាន​ ២ ​រូប​ ត្រូវ​បាន​ជ្រើសតាំង​ថ្មី​ក្នុង​អាណត្តិ​ថ្មី​នេះ​។

លោក​បញ្ជាក់ថា​៖ «​ឧត្តម​ក្រុមប្រឹក្សា​អង្គចៅក្រម​មាន​អាណត្តិ​ ៥ ​ឆ្នាំ​ដូច្នេះ​ក្នុង​អាណត្តិ​ទី​ ១ របស់​គាត់​តែងតាំង​នៅ​ថ្ងៃទី​ ១៣ ខែ ​វិច្ឆិកា ឆ្នាំ ២០១៤ ដែល​នឹង​ចប់​នៅ​ថ្ងៃទី​ ១៣ ខែ​វិច្ឆិកា​នេះ​។ ដូចនេះ​ត្រូវ​ជ្រើសតាំង​ឲ្យ​ហើយ​ដោយ​ទាំង​ ១១ រូប​ ត្រូវ​តែងតាំង​ជាថ្មី​ពី​ព្រះមហាក្សត្រ​នៅ​ពាក់កណ្តាល​ខែ​ក្រោយ នៅពេល​ដែល​ចប់​អាណត្តិ​សមាជិក​ចាស់​»​។

លោក ស្រ៊ា រតនៈ ជា​សមាជិក​ថ្មី​ដែល​ត្រូវបាន​ជ្រើសតាំង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា លោក​ក៏​មិន​ខុសពី​សមាជិក​ដទៃ​ទៀត​ដែរ គឺ​មាន​ចិត្ត​រីករាយ​ដែល​អង្គ​បោះឆ្នោត​បាន​បោះឆ្នោត​ឲ្យ​ជាប់​ជា​សមាជិក​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។

លោក​បន្តថា​ ចំពោះ​សកម្មភាព​បន្ត​លោក​ប្តេជ្ញា​អនុវត្ត​ការងារ​ឲ្យ​ដូច​ទៅនឹង​អ្វីដែល​បាន​ប្រកាស​នៅ​ចំពោះមុខ​អង្គ​បោះឆ្នោត ដើម្បី​ធ្វើឲ្យ​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត​។

លោក​បញ្ជាក់ថា​៖ «​ភាពសប្បាយ​រីករាយ វា​តែង​មាន​នៅពេល​ដែល​ត្រូវបាន​ជ្រើសតាំង ហើយ​ការតាំងចិត្ត​ធ្វើការ​របស់​សមាជិក​​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​មាន​ដូចៗ​គ្នា​ទាំងអស់​។ មាន​ការប្តេជ្ញា​ចិត្ត​ខ្ពស់ បម្រើ​តាម​តួនាទី​ឲ្យ​ស្របតាម​ច្បាប់​ដែល​ប្រគល់ជូន​»​។

លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​បញ្ហា​សង្គម​ និង​នយោបាយ​បាន​លើកឡើង​ថា ការផ្លាស់ប្តូរ​សមាជិក​ក្នុង​អាណត្តិ​ថ្មី​នេះ​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​គ្រាន់តែ​ជា​ការផ្លាស់ប្តូរ ដើម្បី​ធ្វើ​តាម​នីតិវិធី​របស់​ច្បាប់​តែ​ប៉ុណ្ណោះ​ដោយ​មិន​មាន​សារៈសំខាន់​ដែល​អាច​ធ្វើឲ្យ​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​នេះ​មាន​ភាពល្អ​ប្រសើរ​ជាង​នេះ​នោះទេ​។ លោក​អះអាង​យ៉ាង​ដូច្នេះ ដោយ​សំអាង​ថា សមាជិក​នៃ​ស្ថាប័ន​កំពូល​មួយ​នេះ​គឺ​សុទ្ធសឹង​តែ​មាន​សមាសភាព​មកពី​គណបក្ស​កាន់អំណាច​ហើយ​ត្រូវ​បាន​គ្រប់គ្រង​តាមរយៈ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​។

លោក​បន្តថា​៖ «​ឧត្តម​ក្រុមប្រឹក្សា ទោះ​មាន​សមាសភាព​ថ្មី​ក៏ដោយ​ក៏​មិន​បង្ហាញថា អាច​ធានា​ឯករាជ្យ​របស់​ស្ថាប័ន​តុលាការ​នេះ​បាន​ដែរ ព្រោះ​ថា​យើង​ខ្វះខាត​ធំ​ហ្នឹង ចំពោះ​បញ្ហា​តុលាការ​ឯករាជ្យ​ហ្នឹង​ដែល​អាច​ផ្តល់​នូវ​យុត្តិធម៌​ដល់​ភាគី​ជម្លោះ​នៅក្នុង​តុលាការ​នេះ​»​។

លោក ឡៅ ម៉ុងហៃ បន្ថែម​ថា​ដើម្បី​ឲ្យ​ស្ថាប័ន​នេះ ឯករាជ្យ គឺ​ដរាបណា​ថ្នាក់ដឹកនាំ​យល់ដឹង​នូវ​សារៈប្រយោជន៍​របស់​តុលាការ​ឯករាជ្យ​តាមរយៈ​ការផ្តល់​យុត្តិធម៌​ដល់​ជន​ទាំងឡាយ​ដែល​ទទួល​​រង​ការចោទប្រកាន់ និង​មិនមាន​ការជ្រៀតជ្រែក​ពី​អ្នកនយោបាយ​ជាដើម​។

យោងតាម​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃ​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បាន​ចែងថា ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ត្រូវ​ស្ថិតក្រោម​ព្រះរាជាធិបតីភាព​នៃ​ព្រះមហាក្សត្រ​ក្នុង​បំណង​ជួយ​ព្រះមហាក្សត្រ ដើម្បី​ធានា​ឯករាជ្យ​នៃ​អំណាចតុលាការ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ដែល​មាន​សមាជិក​ចំនួន​ ១១ រូប ​ដែល​ត្រូវ​តែងតាំង និង​ជ្រើសតាំង​មកពី​សមាស​សភាព​ខុសៗ​គ្នា និង​មាន​អាណត្តិ​ ៥ ​ឆ្នាំ​៕