ភ្នំពេញៈ ប្រធាន​គណបក្ស​ខ្មែរក្រោក លោក​ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ជា​សមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ពី​ម្សិលមិញ​បាន​កោះហៅ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មក​សាកសួរ​ជុំវិញ​បញ្ហា​ធ្វើ​ផ្លូវ​រួច​ទើប​បាន​ដាក់លូ ធ្វើ​លូ​រួច ទើប​បាន​ធ្វើ​ផ្លូវ និង​បញ្ហា​ក្រុមហ៊ុន​ដឹកជញ្ជូន​ដែល​ដឹក​លើស​ទម្ងន់​បំផ្លាញ​ផ្លូវ​។

ជំនួប​សួរដេញដោល​នេះ​គណៈប្រតិភូ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ដឹកនាំ​ដោយ​លោក ស៊ុន ចាន់ថុល បាន​ចូលមក​បំភ្លឺ និង​ធ្វើ​បទបង្ហាញ​នានា​ជុំវិញ​វឌ្ឍនភាព និង​សមិទ្ធផល​របស់​ក្រសួង​ក្រោម​ក្របខ័ណ្ឌ​របស់​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​នៅ​ទីស្ដីការ​នាយករដ្ឋមន្ត្រី​ដោយ​មាន​សមាជិក និង​តំណាង​គណបក្ស​ចំនួន​ ១៧ ​គណបក្ស​ចូលរួម​ស្ដាប់​។

លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បាន​ដាក់​ចេញ​នូវ​សំណួរ​ជាច្រើន​ជុំវិញ​បញ្ហា​ធ្វើ​ផ្លូវថ្នល់​ពុំមាន​គុណភាព​អំពើ​កិបកេង​ក្នុង​ការសាងសង់​ផ្លូវថ្នល់​បញ្ហា​ធ្វើ​ផ្លូវ​ខាងមុខ​ខូច​ផ្លូវ​ខាងក្រោយ​។ ការធ្វើ​ផ្លូវ​រួច​បាន​កាយ​ផ្លូវ​ដាក់លូ បញ្ហា​រថយន្ត​ធុន​ធំ​ដឹក​លើស​ទម្ងន់​បំផ្លាញ​ផ្លូវ​បំផ្លាញ​ប្រយោជន៍​សាធារណៈ ដើម្បី​ចំណេញ​តែ​ក្រុមហ៊ុន និង​បញ្ហា​មួយចំនួន​ទៀត​ក្រោម​សមត្ថកិច្ច​នៃ​ការគ្រប់គ្រង​របស់​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​។

បើតាម​មេបក្ស​រូបនេះ​ថា​លោក​បាន​ចោទ​ជា​សំណួរ​ជុំវិញ​បញ្ហា​ក្រុមហ៊ុន​ដឹកជញ្ជូន និង​រថយន្ត​ធុន​ធំ​ដែល​ដឹក​លើស​ទម្ងន់​បំផ្លាញ​ផ្លូវ ដោយសារ​មន្ត្រី​ទទួល​ខុសត្រូវ​នៅ​ប្រចាំ​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត នោះ​ប្រព្រឹត្ត​អំពើពុករលួយ ដែល​ជារឿយៗ​រដ្ឋ​ទទួល​ចំណូល​តិច​ពី​ក្រុមហ៊ុន​។ រីឯ​មន្ត្រី​ឃុបឃិត​គ្នា ដើម្បី​ទទួលផល​ប្រយោជន៍​ពី​បុគ្គល និង​បក្ខពួក​ប៉ុន្ដែ​បាន​បំផ្លាញ​ផលប្រយោជន៍​សាធារណៈ​ទាំងមូល ខណៈ​តម្លៃ​អាជ្ញាបណ្ណ​ដែល​រដ្ឋ​ផ្ដល់​ឲ្យ​បាន​ចំណូល​តែ​ ២០ ​លាន​រៀល​ក្នុង​ ១ ​ឆ្នាំ តែ​រដ្ឋ​ខាតបង់​រាប់រយ​លាន​ដុល្លារ​សម្រាប់​ធ្វើ​ផ្លូវ​ឡើងវិញ​។

លោក​បញ្ជាក់​ថា​៖ «​យើង​បាន​សួរនាំ​គាត់​ច្រើន​សំណួរ​ជុំវិញ​បញ្ហា​ធ្វើ​ផ្លូវថ្នល់​ពុំមាន​គុណភាព​អំពើ​កិបកេង​ក្នុង​ការសាងសង់​ផ្លូវថ្នល់​បញ្ហា​ធ្វើ​ផ្លូវ​ខាងមុខ ខូច​ផ្លូវ​ខាងក្រោយ ការធ្វើ​ផ្លូវ​រួច​បាន​កាយ​ផ្លូវ​ដាក់លូ​។ បញ្ហា​រថយន្ត​ធុន​ធំ​ដឹក​លើស​ទម្ងន់​បំផ្លាញ​ផ្លូវ ប៉ុន្ដែ​លោក​រដ្ឋមន្ត្រី​ក៏​ទទួល​ស្គាល់​ពី​ការខ្វះចន្លោះ​ទាំងនេះ ហើយ​គាត់​សន្យា​ដោះស្រាយ​ឲ្យ​បាន​ឆាប់ និង​ចាត់វិធានការ​មន្ត្រី​ខិលខូច​មួយចំនួន​នោះ​»​។

នៅ​ចំពោះមុខ​សមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ពី​ម្សិលមិញ លោក ស៊ុន ចាន់ថុល ថ្លែង​ថា​បញ្ហា​ធ្វើ​ផ្លូវ​រួច​ទើប​បាន​ដាក់លូ ធ្វើ​លូ​រួច ទើប​បាន​ធ្វើ​ផ្លូវ​កន្លង​មក​នេះ​ដោយសារ​កញ្ចប់​ថវិកា​មាន​កម្រិត​ពោល​គឺ​រដ្ឋ​គ្មាន​ថវិកា​គ្រប់គ្រាន់​ក្នុង​ការធ្វើ​ទាំង​លូ និង​ធ្វើ​ផ្លូវ​ព្រម​គ្នា​ទេ ទើប​ធ្វើ​ផ្លូវ​ជាមុនសិន​។ រហូត​ទទួល​បាន​ថវិកា​បន្ថែម ទើប​ធ្វើ​លូ​តាម​ក្រោយ​ទៀត​។ ប៉ុន្ដែ​សព្វថ្ងៃនេះ ក្រសួង​កំពុង​ដោះស្រាយ និង​មាន​ការវិវឌ្ឍ​ល្អ​ប្រសើរ​ហើយ​។

លោក​ ចាន់ថុល បន្តថា ចំពោះ​ព័ត៌មាន​ដែលថា​មាន​មន្ត្រី​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​ដឹក​លើស​ទម្ងន់​នេះ លោក​បាន​ទទួលស្គាល់​ថា ពិតជា​មាន​មែន​។ ប៉ុន្ដែ​លោក​បាន និង​កំពុង​ធ្វើការ​កែទម្រង់ ក៏ដូចជា​ចាប់​ឲ្យ​អស់​មន្ត្រី​បំពាន​ច្បាប់ ដកតំណែង​អ្នក​ថ្លឹង​រថយន្ត​ដែល​ទទួល​សំណូក​ពី​បទល្មើស​ដោយ​គ្រោង​នឹង​បង្កើត​ជញ្ជីង​ឆ្លាត​វៃ​បន្ថែម ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​ទាន់​ពេលវេលា​។

លោក​រដ្ឋមន្ត្រី​ក៏​បាន​សន្យា​ទទួល​យក​ចំណុច​ខ្វះចន្លោះ​ទាំងនេះ និង​ធានាថា នឹង​ធ្វើការ​កែប្រែ​ឲ្យ​បាន​ឆាប់ៗ​បំផុត​។ ដោយឡែក​ចំពោះ​បញ្ហា​ធ្វើ​ផ្លូវ​ខាងមុខ ខូច​ផ្លូវ​ខាងក្រោយ​នេះ​លោក​បានបង្ហាញ​ពី​កង្វល់ និង​សុំ​ពេល​បន្ថែម ដើម្បី​ដោះស្រាយ​ជា​បន្តបន្ទាប់​។

លោក​ សន ជ័យ នាយកប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ (ANSA) ​ថ្លែង​​ថា ប្រសិន​បើ​រដ្ឋាភិបាល​ចង់​កែលម្អ​គុណភាព​ផ្លូវ និង​កាត់​បន្ថយ​អំពើពុករលួយ​នៅក្នុង​វិស័យ​សាងសង់​ផ្លូវ​នេះ គេ​ត្រូវ​ពិនិត្យ​ទៅលើ​ទិដ្ឋភាព​ច្បាប់​ស្ដីពី​លទ្ធកម្ម​សាធារណៈ នីតិវិធី​លទ្ធកម្ម​សាធារណៈ​នៅក្នុង​គម្រោង​សាងសង់​មាន​ចែង​នៅក្នុង​ច្បាប់​ស្ដីពី​ផ្លូវថ្នល់ ហើយ​ក៏​ជ្រុង​មួយ​ដ៏សំខាន់​នៅក្នុង​ច្បាប់​ស្ដីពី​លទ្ធកម្ម​សាធារណៈ​ដែរ​។ ដូច្នេះ​ដើម្បី​កែទម្រង់​បញ្ហា​នេះ​គេ​ត្រូវ​ពិនិត្យ​ទៅលើ​ច្បាប់ និង​គោលនយោបាយ​ជាមុនសិន​។

លោក​បន្តថា ប្រសិន​បើ​មានច្បាប់​ល្អ និង​ការអនុវត្ត​ល្អ​គឺ​គម្រោង​សាងសង់ និង​គុណភាព​ផ្លូវ​ក៏ល្អ​ប្រសើរ​ដែរ ប៉ុន្ដែ​ជាក់ស្ដែង​ច្បាប់​ស្ដីពី​លទ្ធកម្ម​កម្ពុជា​នាពេល​នេះ គួរតែ​ធ្វើ​វិសោធនកម្ម​ត្រង់​ចំណុច​ខ្លះ ដើម្បី​បើក​ច្រក​ឲ្យ​មាន​ការចូលរួម​ក្នុង​ការតាមដាន​ទៅលើ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ឲ្យ​បានល្អ​។

លោក​ថា​៖ «​យើង​មើលឃើញ​កង្វះខាត​ការចូលរួម​ឃ្លាំមើលលទ្ធកម្ម​សាធារណៈ និង​គម្រោង​សាធារណៈ​ហើយ​យើង​ក៏​តែងតែ​បណ្ដែតបណ្ដោយ​ការខ្វះចន្លោះ​នៃ​ការអនុវត្ត​ច្បាប់​ដែល​ធ្វើឲ្យ​មន្ត្រី​ខិលខូច​មាន​ឱកាស​ក្នុង​ការប្រព្រឹត្ត​អំពើពុករលួយ កិបកេង​គុណភាព​ផ្លូវថ្នល់ និង​យើង​ក៏​តែង​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ដឹក​លើស​ទម្ងន់​ដែល​នាំឲ្យ​ឆាប់​ខូច​ផ្លូវ​។ ដូច្នេះ​ក្រសួង​ត្រូវតែ​បើកឱកាស​ឲ្យ​អ្នកជំនាញ​ឃ្លាំមើល​សកម្មភាព​ការអនុវត្ត​ច្បាប់​របស់​មន្ត្រី និង​ត្រូវធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​លទ្ធកម្ម​សាធារណៈ​»​។

លោក​ ប៉ាល់ ចន្ទតារា អ្នក​នាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្លែង​ថា សមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​បាន​សួរដេញដោល​ច្រើន​សំណួរ​ជុំវិញ​វឌ្ឍនភាព និង​ការអនុវត្ត​ការងារ​របស់​ក្រសួង​សាធារណការ​មួយចំនួន ប៉ុន្ដែ​លោក​ ស៊ុន ចាន់ថុល បាន​ឆ្លើយបំភ្លឺ​ជូន​រួចរាល់​អស់ហើយ​។

លោក​បន្តថា ជុំវិញ​ការចោទសួរ​ពី​បញ្ហា​ធ្វើ​ផ្លូវ​កន្លង​មក​នេះ​គឺ​ដោយសារ​កាលពី​ដំបូង​ឡើយ រដ្ឋាភិបាល​ចង់​បែងចែក​ថវិកា​ពង្រីក​គម្រោង​ធ្វើ​ផ្លូវ​ឲ្យ​​បាន​ច្រើន​គម្រោង រហូត​ដល់​ជនបទ​ដោយ​មិនទាន់​គិតគូរ​ពី​គុណភាព​នៅឡើយ ដោយ​មិនបាន​ដូច​នូវ​អ្វី​ដែល​ហៅថា ស្ដង់ដា​ទេ​។ ប៉ុន្ដែ​ក្នុង​ដំណាក់កាល​នេះ ក្រសួង​ចាប់ផ្ដើម​គិតគូរ​ពី​គុណភាព​ផ្លូវ​គុណភាព​ការងារ​របស់​មន្ត្រី និង​ពង្រឹង​ការអនុវត្ត​ច្បាប់​។

លោក​បាន​បញ្ជាក់ថា​៖ «​ចំពោះ​ការរិះគន់​ថា មាន​មន្ត្រី​ដែល​បម្រើ​ការងារ​នៅតាម​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​បាន​ប្រព្រឹត្ត​ភាពមិន​ប្រក្រតី​នោះ គឺ​ពេលនេះ យើង​បាន​ធ្វើការ​កែទម្រង់​អស់ហើយ​តាមរយៈ​ការផ្លាស់ប្ដូរ​សមាសភាព​ការងារ​។ ប្ដូរ​ពី​កន្លែង​ ១ ​ទៅ​កន្លែង​ ១ ​ទៀត​ដោយ​បាន​រៀបចំ​រចនាសម្ព័ន្ធ​ថ្មី​ហើយ​។ កាលពី​មុន​យើង​ពិតជា​មាន​កន្លែង​ខ្វះចន្លោះ តែ​ឥឡូវ​នេះ​យើង​បាន​រៀបចំ​ល្អ​ហើយ​»៕

វីដេអូ៖