ភ្នំពេញៈ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក ពេជ្រ ស្រស់ បានលើកពីទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ និងខេត្តតាកែវចំនួន ៤ ចំណុចដាក់ទៅលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីឱ្យពិនិត្យ និងដោះស្រាយជាបន្ទាន់ជូនដល់ពលរដ្ឋដែលកំពុងប្រឈម។
លោក ពេជ្រ ស្រស់ ប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃទី ១០ ធ្នូ ថា លោក លឹម គានហោ បានទទួលយកទាំង ៤ ចំណុច ដើម្បីពិនិត្យដោះស្រាយនៅក្នុងកិច្ចប្រជុំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់កាលពីថ្ងៃទី ៩ ខែធ្នូនេះ។
លោកបន្តថា ទុក្ខលំបាករបស់ពលរដ្ឋទាំង ៤ ចំណុចនោះ រួមមាន ពលរដ្ឋរងផលប៉ះពាល់ពីការសាងសង់ទំនប់ទឹក។ ពលរដ្ឋរងការចោទថា បានរស់នៅលើដីអាងទំនប់ទឹក។ ពលរដ្ឋត្អូញត្អែរអំពីបញ្ហាផ្លូវធ្វើដំណើរ និងការប្រើប្រាស់ឈ្មោះរបស់ក្រសួងធនធាន ទឹកដើម្បីដណ្ដើមដីពីពលរដ្ឋ។
លោកបញ្ជាក់ថា៖ «ខ្ញុំបានដាក់ ៤ ករណី និង ៣ សំណួរ ហើយលោក (លឹម គានហោ) បានទទួលយកទាំងអស់ ហើយនិងអនុវត្តតាមជំហានៗ និងការដោះស្រាយជាបន្ទាន់ផងដែរ»។
លោក ស្រស់ ថា ពលរដ្ឋ ៥៨ គ្រួសារ និងអាជ្ញាធរភូមិ-ឃុំនៅឃុំក្រាំងលាវ ស្រុកបាទីខេត្តតាកែវកំពុងទន្ទឹងរង់ចាំការសម្រេចពីអាជ្ញាធរស្រុក ដើម្បីឱ្យក្រុមហ៊ុនឯកជនមួយជួយស្ថាបនាផ្លូវ ១ ខ្សែ និងស្ដារប្រឡាយកំពង់ទឹកស្អុយ ដែលធ្វើឱ្យប៉ះពាល់ការរស់នៅរបស់ពលរដ្ឋក្នុងតំបន់នោះ។
លោកបន្ថែមថា នេះគឺជាភាពមិនប្រក្រតីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រោះពលរដ្ឋលើកឡើងថា ការមិនអនុញ្ញាតឱ្យធ្វើផ្លូវ និងស្ដារប្រឡាយនេះគឺរដ្ឋបាលស្រុកបាទី បានអះអាងថា គឺជាការសម្រេចរបស់ការិយាល័យក្រសួងធនធានទឹកស្រុកបាទី។ ប៉ុន្តែលោក លឹម គានហោ បានបញ្ជាក់ក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ថា ក្រសួងគ្មានការិយាល័យតាមស្រុកឡើយ។
ជាមួយគ្នានេះពលរដ្ឋប្រហែល ៧០ គ្រួសារ ដែលកំពុងបង្កបង្កើនផលលើផ្ទៃដីប្រហែល ៧០ ហិកតានៅភូមិចំនួន ២ ក្នុងឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ កំពុងស្វែងរកដំណោះស្រាយ ដោយសារដីស្រែរបស់ពួកគាត់ទាំងនោះ មិនត្រូវបានអនុញ្ញាតឱ្យចុះបញ្ជីធ្វើប្លង់តាំងពីឆ្នាំ ២០១៦ ព្រោះមន្ត្រីរដ្ឋាភិបាលថ្នាក់ខេត្តបានអះអាងថា ជាដីរដ្ឋដែលជាកន្លែងអាងស្ដុកទឹករបស់ក្រសួងធនធានទឹក។ បើតាមលោក ពេជ្រ ស្រស់ ពលរដ្ឋបានលើកឡើងថា ដីទាំងនោះពួកគាត់គ្រប់គ្រងតាំងពីឆ្នាំ ១៩៧៩ បន្ទាប់ពីដួលរលំរបបប៉ុលពត ហើយមិនដែលធ្លាប់មានការលិចលង់ឡើយ។
ឯទុក្ខលំបាក ២ ករណីទៀត កើតមាននៅខេត្តកំពង់ស្ពឺ។ លោក ពេជ្រ ស្រស់ អះអាងថា ពលរដ្ឋប្រហែល ៣០ គ្រួសារ នៅភូមិអូរកូនត្រុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងអាជ្ញាធរខេត្តលើកឡើងខុសគ្នា ជុំវិញការធ្វើទំនប់ទឹកដែលបានធ្វើឱ្យលិចលង់ដំណាំ និងផ្ទះសំបែងពលរដ្ឋ ខណៈអាជ្ញាធរខេត្តថា ទំនប់ទឹកនោះបន្សល់ទុកតាំងពីសម័យសង្គមរាស្ដ្រនិយម។
ករណីចុងក្រោយលោក ពេជ្រ ស្រស់ បញ្ជាក់ថាមានក្រុមមនុស្សដែលមានងារជាឧកញ៉ាបានយកឈ្មោះក្រសួងធនធានទឹកទៅគាបយកដីពីប្រជាពលរដ្ឋ ៨ គ្រួសារនៅឃុំភក្ដី ស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ និងថែមទាំងប្ដឹងពលរដ្ឋទាំងនោះទៅតុលាការថែមទៀតពីបទកាន់កាប់ដីរដ្ឋ។ លោកបន្តថា ជុំវិញសំណុំរឿងនេះ លោកនឹងចុះទៅស្រាវជ្រាវដើម្បីប្រមូលព័ត៌មានបន្ថែមទៀតនៅថ្ងៃទី ១៣ ខែធ្នូនេះ។
លោកថា៖ «រឿងប្រមូលព័ត៌មានអស់ហើយ ប៉ុន្តែវានៅតែមួយរឿងទេ គឺនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺដែលជារឿងនៅឃុំភក្ដី មានបុគ្គលមួយចំនួនយកឈ្មោះក្រសួងធនធានទឹកទៅកៀបយកដីប្រជាពលរដ្ឋ និងប្ដឹងពលរដ្ឋទៅតុលាការ»។
ជុំវិញរឿងនេះលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបញ្ជាក់ថា ការលើកឡើងរបស់លោក ពេជ្រ ស្រស់ គឺជាការលើកឡើងផ្ដេសផ្ដាស និងជាពាក្យសម្ដីគ្មានការទទួលខុសត្រូវដែលនិយាយបានតែពីចម្ងាយដើម្បីបង្ហាញថា ខ្លួនបានខិតខំគិតពីផលប្រយោជន៍របស់ពលរដ្ឋ។ លោកថា ការធ្វើអ្វីមួយរបស់ខេត្តគឺសុទ្ធតែមានការសិក្សាពីផលប៉ះពាល់ជាមុន។
លោកថ្លែងថា៖ «យើងធ្វើហ្នឹងគឺដើម្បីប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ហ្នុង ប៉ុន្តែប្រជាជនមួយចំនួនតូចដែលគាត់បានទៅទន្ទ្រានកាន់កាប់ដីផ្ទៃអាង ដែលទៅនៅក្នុងពោះអូរ។ តែយើងបានដោះស្រាយជាបណ្ដើរៗហើយ ដើម្បីដោះដូរដីជាមួយពួកគាត់ឱ្យទៅនៅកន្លែងផ្សេងដែលមិនរងការជន់លិច»។
អភិបាលខេត្តបញ្ជាក់ថា លោកមិនដែលបានទទួលព័ត៌មានថា មានអ្នកប្រើប្រាស់អំណាចដើម្បីគាបសង្កត់យកដីប្រជាពលរដ្ឋ ៨ គ្រួសារ នៅក្នុងឃុំភក្ដីឡើយ។
លោក អ៊ូច ភា អភិបាលខេត្តតាកែវ និងលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកមិនអាចសុំការអធិប្បាយបានទេដោយទូរស័ព្ទពុំមានអ្នកទទួល៕