ភ្នំពេញ៖ សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ដែលត្រូវបានចោទថា «ក្បត់ជាតិ» ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពីរថ្ងៃមុន ត្រូវបានចាប់ខ្លួនហើយ នៅម៉ោងប្រមាណជា ៦ ព្រឹកថ្ងៃសៅរ៍នេះ នៅគេហដ្ឋាន របស់តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិម្នាក់។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ភ្នំពេញ ប៉ុស្តិ៍ ភ្លាមៗថា «វាជាការពិត សមត្ថកិច្ចបានធ្វើការចាប់ខ្លួនគាត់រួចហើយ។ ពួកយើងនឹងបញ្ជូនគាត់ ទៅតុលាការ ហើយចំពោះការចោទប្រកាន់ អាស្រ័យលើការសម្រេចរបស់តុលាការ»។
សមត្ថកិច្ចបានធ្វើការឡោមព័ទ្ធផ្ទះរបស់ លោក យន្ត ថារ៉ូ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តបន្ទាយមានជ័យ ស្ថិតនៅផ្ទះលេខ១០៦A ផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ តាំងពីល្ងាចថ្ងៃសុក្រមិ្សលមិញ មុនពេលឈានដល់ការចាប់ខ្លួននៅព្រឹកព្រលឹមនេះ។
លោក ហុង សុខហួរ ត្រូវបានកងកម្លាំងចម្រុះដ៏ច្រើន ចាប់ក្រៀក ស្លាបសេក វ៉ៃខ្នោះ នាំចេញពីគេហដ្ឋាន និងបានចាប់បញ្ជូនចូលក្នុងរថយន្ត SUV។
សមាជិកព្រឹទ្ធសភារូបនេះ បានធ្វើលាក់ខ្លួន ចាប់តាំងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជារឲ្យចាប់ខ្លួនលោកភ្លាមៗ ក្នុងសុន្ទរកថាមួយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ដោយចោទថា លោកបានប្រព្រឹត្តអំពើក្បត់ជាតិដោយសារតែគាត់បានបង្ហោះ សន្ធិសញ្ញា «ក្លែងក្លាយ» លើបណ្តាញសង្គមដែលទាក់ទងនឹងព្រំដែនកម្ពុជា-វៀតណាម។
សូមបញ្ជាក់ថា ខណៈដែលលោក ហុង សុខហួរ នៅមានអភ័យឯកសិទ្ធិ ជាតំណាងរាស្ត្រព្រឹទ្ធសភា មន្ត្រីប៉ូលិសជាន់ខ្ពស់ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីម្សិលមិញថា ដីកាតាមចាប់ខ្លួនត្រូវបានបញ្ជូនទៅគ្រប់ខេត្ត ក្រុងអស់ហើយ គឺប៉ុន្មានម៉ោងបន្ទាប់ពីការបញ្ជាររបស់លោកនាយករដ្ឋមន្ត្រី ហើយថា លោក សុខហួរ នឹងត្រូវបានចាប់ខ្លួនភ្លាមៗ ទោះជាមានអភ័យឯកសិទ្ធិក៏ដោយ ព្រោះជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។
មាត្រា ១០៤ នៃរដ្ឋធម្មនុញ្ញកម្ពុជាថ្លែងថា៖ «សមាជិកព្រឹទ្ធសភាមានអភ័យឯកសិទ្ធិតំណាងរាស្រ្ត។ គ្មានសមាជិកព្រឹទ្ធសភាណាត្រូវបានកាត់ទោស ឃុំខ្លួន ឬចាប់ខ្លួនដោយសារតែមតិយោបល់ដែលសម្តែងចេញក្នុងការអនុវត្តករណីយ កិច្ចរបស់ខ្លួនទេ»។ ករណីលើកលែងគឺបទល្មើសជាក់ស្តែង។ មាត្រា ៨០ ប្រើភាសាដូចគ្នាទាក់ទងនឹងសមាជិករដ្ឋសភា។
ក្នុងស្ថាប័នព្រឹទ្ធសភា សំឡេងរបស់គណបក្សប្រជាជនមានលើសពី ២ ភាគ ៣ គឺមិនលំបាកទេដើម្បីដកអភ័យឯកសិទ្ធិ ផ្តន្ទាទោស ដែលអាចនឹងធ្វើឡើងនាពេលខាងមុខ។ ព្រឹទ្ធសភាអាចកោះប្រជុំសមាជិក ព្រឹទ្ធសភាបាន លុះត្រាតែមានសំណើពីក្រសួងយុត្តិធម៌៕