ភ្នំពេញៈ ថ្នាក់ដឹកនាំ និង​សមាជិក​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ប្រមាណ​ជា​ ១៣០០ ​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅក្នុង​ពិធី​បើក​មហាសន្និបាត​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​កាលពី​ម្សិលមិញ​ដែល​ជា​ការប្រជុំ​ ២ ​ថ្ងៃ​ដើម្បី​សរុប​ការងារ​ឆ្នាំ​ ២០១២-២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ​ ២០១៨-២០២០ និង​ការបោះឆ្នោត​ជ្រើស​តាំង​សមាជិក និង​ការអនុម័ត​លើ​ការកែប្រែ​លក្ខន្តិកៈ​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ផង​ដែរ​។

លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​ជា​អធិបតី​ក្នុង​ការបើក​សន្និបាត​កាលពី​ម្សិលមិញ​បាន​ថ្លែង​ទៅ​កាន់​អង្គប្រជុំ​ថា សមិទ្ធផល​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នាពេល​កន្លង​មក​បាន​ចូលរួម​ក្នុង​សកម្មភាព​សង្គម សេដ្ឋកិច្ច នយោបាយ ដោយ​ធ្វើ​ឡើង​មិន​ប្រកាន់​និន្នាការ​នយោបាយ​។

លោក សាយ ឈុំ ថ្លែង​ថា​៖ «​ខ្ញុំ​បាន​សង្កេត​ឃើញ​ថា ស.ស.យ.ក បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ចលនា​យុវជន ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​ក្នុង​សង្គម សេដ្ឋកិច្ច នយោបាយ ចូលរួម​អនុវត្ត​គោលនយោបាយ​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​តាម​វិស័យ និង​គ្រប់​មូលដ្ឋាន​នៅ​ទូទាំង​ប្រទេស និង​ព្រម​ទាំង​បាន​ចូលរួម ចំណែក​ពិសេស​ក្នុង​ការ​លើកស្ទួយ មោទនភាព​ជាតិ និង​កិត្យានុភាព​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ​។ បាន​ផ្តល់​នូវ​ផលប្រយោជន៍​ដោយ​ផ្ទាល់​ដល់​យុវជន និង​សង្គម​កម្ពុជា​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ និង​ជីវភាព​សង្គម​ហើយ ស.ស.យ.ក គឺជា​វេទិកា​ដ៏ទូលំទូលាយ​សម្រាប់​យុវជន​ទាំងអស់​គ្នា​ចូលរួម​ក្នុង​គោលដៅ​លើក​កម្ពស់​សុខភាព​យុវជន ការសិក្សា និង​ការរក​ការងារ​ធ្វើ​»​។

លោក មាស នី អ្នកវិភាគ និង​ជា​អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​បាន​អះអាង​ថា​ការរើសអើង និង​ប្រកាន់​និន្នាការ​នយោបាយ​នៅ​តែ​មាន​។

លោក​ថ្លែង​ថា​៖ «​នៅពេល​ដែល​យើង​បង្ខំ​គេ​ឲ្យ​ចូលរួម​ជាមួយ​យើង​ហើយ​បញ្ឆេះ​យុវជន​ឲ្យ​ឈ្លោះ​គ្នា​ឲ្យ​ស្អប់​យុវជន​ក្រុម​ដទៃ​ទៀត ហើយ​យើង​ឃើញ​ករណី​ទាំង​នេះ​កើតឡើង​ជា​ញឹកញាប់​នៅ​តាម​មូលដ្ឋាន​»​។

ស.ស.យ.ក មាន​គោលដៅ​ដើម្បី​ប្រមូលផ្តុំ​យុវជន​គ្រប់​ទិសទី​ជា​មហា​កម្លាំង​សាមគ្គី​ក្នុង​ការ​រួមចំណែក​​កសាង​ប្រទេស​កម្ពុជា​៕