ភ្នំពេញៈ តុលាការ​ក្រុង​ភ្នំពេញ​កោះ​ហៅ​អតីតមន្ត្រី​ជាន់​ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ៦ ​រូប​ឲ្យ​ចូល​បំភ្លឺ​នៅ​ក្នុង​តុលាការ​ជា​បន្តបន្ទាប់​នៅ​ចុង​ខែ​ឧសភា ឆ្នាំ​​ ២០១៨ ពាក់ព័ន្ធ​នឹង​ការបង្កើត​ចលនា​សង្គ្រោះជាតិ​ដែល​រដ្ឋាភិបាល​ចាត់ទុក​ថា​ជា​ចលនា​ឧទ្ទាម​ខុស​ច្បាប់​។

លោក សៀង សុខ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ៣០ ខែ​មីនា​បាន​ចេញ​ដីកា​យ៉ាង​ហោចណាស់​ចំនួន​ ៦ ​កោះអញ្ជើញ​អតីតមន្ត្រី​ជាន់​ខ្ពស់​នៃ​អតីត​បក្សប្រឆាំង​ដែល​បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ឲ្យ​ចូល​បំភ្លឺ​ក្នុង​នាម​ជនសង្ស័យ​។ អ្នក​ដែល​ត្រូវ​បាន​កោះហៅ​រួមមាន​លោក សម រង្ស៊ី និង​ភរិយា​របស់​លោក​គឺ​លោកស្រី ជូឡុង សូមូរ៉ា លោក តុ វ៉ាន់ចាន់ លោក អេង ឆៃអ៊ាង លោក នុត រំដួល និង​លោក ហូរ វ៉ាន់​។

ដីកា​ទាំង​ ៦ បាន​សរសេរ​ដូចៗ​គ្នា​ថា​៖ «​ការ​កោះ​ហៅ​នេះ​គឺ​ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​ការបង្កើត​ចលនា​សង្គ្រោះ​ជាតិ ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គម ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ក្នុង​គោលបំណង​ផ្តួលរំលំ​អាជ្ញាធរ​ស្រប​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ការ​មិន​ចូល​មក​បំភ្លឺ​នៅ​តុលាការ​នេះ គឺ​ដោយសារ​តែ​ពួកគាត់​គ្មាន​ភាពក្លាហាន​។

លោក​ថ្លែង​ថា​៖ «​តុលាការ​កោះ​ហៅ​នេះ​ធ្វើ​ឡើង​តាម​នីតិវិធី​កម្ពុជា ប៉ុន្តែ​ខ្ញុំ​មិន​មាន​ជំនឿ​ថា ពួក​ឧទ្ទាម​ក្រៅ​ច្បាប់​អាច​ចូល​មក​ក្នុង​ស្រុក​ដើម្បី​នឹង​ដោះស្រាយ​ជាមួយ​នឹង​តុលាការ​នោះ​ទេ​។ ក្លាហាន​តែ​ពី​ក្រៅ​រក​ដុល្លារ​បាន​តែ​ពី​ក្រៅ ញុះញង់​តែ​ពី​ក្រៅ​តែ​ក្នុង​ស្រុក​អត់​ហ៊ាន​»​។

លោក​ថា​ចលនា​សង្គ្រោះ​បាន​បង្កើត​សកម្មភាព​ដែល​ប៉ះពាល់​ដល់​ប្រយោជន៍​របស់​កម្ពុជា​រួម​មាន​ប្រជាជន​បះបោរ​ប្រឆាំង​នឹង​រដ្ឋអំណាច​ស្រប​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា គាត់​ញុះញង់​ឲ្យ​កងទ័ព​បែរ​កាណុង​មក​រក​រាជរដ្ឋាភិបាល ញុះញង់​ឲ្យ​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​ប្រឆាំង​នឹង​គណបក្ស​ខ្លួនឯង​។

លោក អេង ឆៃអ៊ាង ដែល​ជា​សមាជិក​ចលនា​សង្គ្រោះ​ជាតិ ហើយ​ដែល​ត្រូវ​បាន​កោះហៅ​ដែរ​នោះ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​មិន​មាន​ការ​ភ្ញាក់ផ្អើល​ទេ​ចំពោះ​ការកោះ​ហៅ​នេះ​ដោយ​បាន​ចាត់ទុក​ថា​តុលាការ​ធ្វើ​ឡើង​តាម​ការបញ្ជា​របស់​អ្នក​មាន​អំណាច​។

លោក ឆៃអ៊ាង ថ្លែង​ថា​៖ «​ខ្ញុំ​មិន​ចាប់​អារម្មណ៍ មិន​ភ្ញាក់ផ្អើល​ទេ​ព្រោះ​អ្នកណា​ក៏​ដឹង​ដែរ​ថា តុលាការ​បច្ចុប្បន្ន​ហ្នឹង​គឺជា​តុលាការ​អាយ៉ង​របស់​អ្នក​មាន​អំណាច​តែ​ប៉ុណ្ណឹង​។ ជា​ឧបករណ៍រ​បស់​អ្នក​មាន​អំណាច​សម្រាប់​បង្ក្រាប​ទៅ​លើ​អ្នក​ប្រឆាំង អ្នក​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព​។ តុលាការ​របស់​គេ​ស្រេច​តែ​គេ​ចោទ គេ​ចេះតែ​ថា តែ​វា​ខុស​ពី​គោលដៅ​របស់​យើង ចលនា​គឺ​យើង​តស៊ូ​មតិ​ដោយ​អហិង្សា​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា ទាមទារ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​តែ​ផ្តល់​សុពលភាព​ឲ្យ​មក​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ខាង​មុខ​នេះ​»​។

លោក​បន្ត​ថា​លោក​នឹង​មិន​មក​លលេង​ជាមួយ​តុលាការ​ទេ​៖ «​ខ្ញុំ​មិន​ទៅ​លេង​សើច​ជាមួយ​តុលាការ​ដែល​ជា​ឧបករណ៍​របស់​លោក ហ៊ុន សែន ទេ​។ វា​គ្មាន​តម្លៃ​សម្រាប់​យើង​ទេ​ព្រោះ​យើង​ទៅ​តបត​ជាមួយ​គេ​ក៏​មិន​ឈ្នះ​គេ​ដែរ​។ អ៊ីចឹង​យើង​មិន​បាច់​ចំណាយ​ពេលវេលា​ចូល​ទៅ​លេង​ល្បែង​នយោបាយ​ហ្នឹង​ទេ​»​។

លោកស្រី មូរ សុខហួរ ដែល​ជា​សមាជិក​ចលនា​សង្គ្រោះ​ជាតិ​មួយ​រូប​ដែរ​មិនទាន់​ឃើញ​មាន​ដីកា​កោះ​របស់​លោក សៀង សុខ ​នៅ​ឡើយ​ទេ​។ ទោះ​យ៉ាង​ណា​លោកស្រី​និយាយ​ថា​៖ «​ការចោទប្រកាន់​បែប​នេះ​មិន​មាន​អ្វី​ថ្មី​ទេ ហើយ​គឺ​ក្នុង​បំណង​បង្កើត​ការភ័យខ្លាច​ដល់​អ្នក​គាំទ្រ​ដែល​មាន​បំណង​ចូលរួម​ជាមួយ​ចលនា​នេះ​»​។

ចលនា​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ប្រកាស​បង្កើត​ឡើង​ជា​ផ្លូវការ​កាលពី​ចុង​ខែ​មករា នៅ​សហរដ្ឋ​អាមេរិក​ដោយ​មាន​អតីត​មន្ត្រី​សង្គ្រោះ​ជាតិ​ ៩ ​រូប​ជា​ស្ថាបនិក​។

លោក សម រង្ស៊ី បាន​ប្រកាស​នៅពេល​ប្រកាស​បើក​ចលនា​នេះ​ហៅថា CNRM មាន​សកម្មភាព​ ៥ ​យ៉ាង​រួមមាន ការតស៊ូ​មតិ​នៅ​លើ​ឆាក​អន្តរជាតិ ការងារ​ជាមួយ​លើ​វិស័យ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម​ដោយ​ពន្យល់​អ្នកវិនិយោគ​ថា​របប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាត់បង់​ភាពស្រប​ច្បាប់ បំផុស​ឲ្យ​ពលរដ្ឋ​ងើប​ឡើង​តវ៉ា​ ឬ​ធ្វើ​បាតុកម្ម​ដោយ​សន្តិភាព ​អំពាវនាវ​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​កុំ​បាញ់​ប្រហារ​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ដែល​ធ្វើ​បាតុកម្ម និង​ជំរុញ​ឲ្យ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ចាកចេញ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។

ព្រះរាជអាជ្ញា​លោក សៀង សុខ ដែល​ចេញ​ដីកា​កោះ​នេះ និង​លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​មិន​អាច​ទាក់ទង​សុំ​ការបំភ្លឺ​បាន​ទេ​កាលពី​ម្សិលមិញ​។ តុលាការ​កំពូល​កាលពី​ចុង​ឆ្នាំ​ ២០១៧ ​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​បាន​ហាមឃាត់​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​នេះ​ចំនួន​ ១១៨ ​នាក់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​​ចំនួន​ ៥ ​ឆ្នាំ​។

គណបក្ស​នេះ​ត្រូវ​បាន​ចោទ​ទោស​ក្បត់​ជាតិ​ដោយ​ឃុបឃិត​ជាមួយ​បរទេស​រៀប​គម្រោង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការបោះឆ្នោត​ក្នុង​ឆ្នាំ​ ២០១៣​។

លោក​ កឺម សុខា អតីត​ប្រធាន​គណបក្ស​នេះ​កំពុង​ជាប់ឃុំ​​រង់ចាំ​ការកាត់ទោស​៕

រាយការណ៍​បន្ថែម​ដោយ Andrew Nachemson