ភ្នំពេញៈ ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​ម្សិលមិញ បាន​ប្រកាស​ជា​ផ្លូវការ​នូវ​សមាសភាព​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​​អាណត្តិ​ទី​ ១ ដែលមាន​លោក​​រដ្ឋមន្ត្រី​ជា​ប្រធាន រីឯ​តំណាង​កម្មករនិយោជិត និង​តំណាង​និយោជក​ ២ ​រូប​ជា​អនុប្រធាន​ ខណៈ​កិច្ចប្រជុំ​ពី​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​ ២០២០ ​នឹង​បន្ត​នៅ​ដើម​ខែ​កញ្ញា​ឆ្នាំនេះ​ទាក់ទង​នឹង​ការកំណត់​ពី​តួលេខ​ឲ្យ​បាន​ច្បាស់លាស់​។

កាលពី​ម្សិលមិញ​មាន​មន្ត្រី​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ តំណាង​មកពី​ខាង​កម្មករ​និយោជិត និង​ភាគី​និយោជក​ប្រមាណ​ជាង​ ៥០ ​នាក់​ បាន​ជួប​ពិភាក្សា​គ្នា​ក្នុង​ការ​កំណត់​សមាសភាព ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​អាណត្តិ​ទី ១​។

តាម​សេចក្តី​ថ្លែងការណ៍​រួម​របស់​ក្រសួង​ការងារ ក្រោយ​កិច្ចប្រជុំ​បាន​បញ្ជាក់ថា សមាភាព​នៃ​ក្រុម​ប្រឹក្សាជាតិ​នេះ​មាន​លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​ជា​ប្រធាន និង​បាន​បោះឆ្នោត​ជ្រើសរើស​អនុប្រធាន​ចំនួន​ ២ ​រូប​គឺ​មាន​លោក សោម អូន តំណាង​អង្គការ​វិជ្ជាជីវៈ​របស់​កម្មករនិយោជិត​ដែលមាន​សំឡេង​គាំទ្រ​ ៩ ​លើ​ ១៦ ចំណែក​លោក ណាង សុធី តំណាង​អង្គការ​វិជ្ជាជីវៈ​របស់​និយោជក មាន​សំឡេងគាំទ្រ​ ១៧ លើ​ ១៧​។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​បន្តថា​៖ «​បាន​ធ្វើ​បទ​បង្ហាញ​អំពី​ស្ថិតិ​សំខាន់ៗ​សម្រាប់​ភាគីពាក់ព័ន្ធ​យក​ធ្វើ​ជា​មូលដ្ឋាន​ក្នុងការ​ប្រើប្រាស់​លក្ខណ​វិនិច្ឆ័យ​ទាំង​ ៧ ​ដែល​ជា​ធាតុ​ចូល​ដ៏​សំខាន់​ក្នុង​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​ ២០២០ នឹង​បន្ត​ប្រជុំពិភាក្សា​​នៅ​ថ្ងៃ​ ៣ ​កញ្ញា ឆ្នាំ​ ២០១៩ និង​​ថ្ងៃ​បន្តបន្ទាប់​»​។ ​

លក្ខណវិនិច្ឆ័យ​ទាំង​ ៧ ​ចំណុច​ក្នុង​មាត្រា ៥ នៃ​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​រួមមាន លក្ខណវិនិច្ឆ័យ​បែប​សង្គម​ (​ស្ថានភាព​គ្រួសារ អត្រា​អតិផរណា និង​ការចំណាយ​ក្នុង​ការរស់នៅ​) ​និង​លក្ខណវិនិច្ឆ័យ​បែប​សេដ្ឋកិច្ច​ (​ផលិតភាព ភាព​ប្រកួតប្រជែង​របស់​ប្រទេស ស្ថានភាព​ទីផ្សារ​ការងារ និង​កម្រិត​ចំណេញ​របស់​វិស័យ​) ​ក៏ដូចជា​បន្ទាត់​ភាពក្រីក្រ​សម្រាប់​ធ្វើ​ជា​មូលដ្ឋាន​ក្នុងការ​ពិភាក្សា​ប្រាក់ឈ្នួល​អប្បបរមា​នៅ​កម្ពុជា​។

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​បាន​ថ្លែងថា​នេះ​គឺជា​ការប្រជុំ​ក្រុមប្រឹក្សា​ជាតិ​លើក​ទី​ ១ ក្រោយពី​បង្កើតឡើង​ដោយ​ច្បាប់​ស្តីអំពី​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ពុជា​ដែល​ចាប់ពី​ថ្ងៃនេះ​គឺ​មាន​លក្ខណៈ​ពេញលេញ​ដែល​អាច​ពិភាក្សា​គ្នា និង​ផ្តល់យោបល់​លើ​ការកំណត់​​ប្រាក់​ឈ្នួល​អប្បបរមា​មុន​នឹង​ក្រសួង​សម្រេច​ជា​ចុងក្រោយ​។

យ៉ាងណា​លោក​មិនបាន​បញ្ជាក់​ពី​តួលេខ​នៃ​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុងការ​ចរចា​ទេ​ដោយ​គ្រាន់តែ​អះអាង​លោក​បាន​កំណត់​គោលដៅ​រួចហើយ​គឺ​ចាប់ពី​ពេល​នេះ​រហូត​ដល់​មុន​​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នឹង​សម្រេច​ឲ្យ​បាន​នូវ​តួលេខ​ប្រាក់​ឈ្នួល​​អប្បបរមា​សម្រាប់​ឆ្នាំ​ ២០២០​។ លោក​សង្ឃឹមថា ភាគី​ទាំង​សង​ខាង​នឹង​ប្រកាន់​ជំហរ​ពិភាក្សា​លើ​តុ​ចរចា​រហូត​ទាល់​តែមាន​ដំណោះស្រាយ​រួម​។

លោក​បញ្ជាក់​ថា​៖ «​ការពិត​ទៅ​​ភាគី​នីមួយៗ​គាត់​សុទ្ធតែ​មាន​ទិន្នន័យ​ផ្ទាល់​ដែល​មាន​ការសិក្សា​ដែរ​។ អ៊ីចឹង​នៅ​ខាង​មុខ​នេះ​យើង​នឹង​យក​ទិន្នន័យ​ទាំងអស់​​មក​ជជែក​វែកញែក​ជាមួយ​គ្នា​​ហើយ​ផ្ទៀងផ្ទាត់​មើល​ថា​តើ​វា​មាន​គម្លាត​ខុសគ្នា​យ៉ាង​ម៉េច ? ហើយ​ចុងក្រោយ​បាន​យើង​យក​ទិន្នន័យ​ទាំងអស់​នេះ​បូក ចែក ដក​ទៅ​ដើម្បី​ឲ្យ​វា​ចេញ​ជា​តួលេខ​ថា​តើ​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ឆ្នាំ​ ២០២០ អាច​កំណត់​បាន​ត្រឹម​ប៉ុនណា​?» ។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ​ជា​រៀងរាល់​ឆ្នាំ​ចាប់ពី​ឆ្នាំ​ ២០១៤ ​មក ខណៈ​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​ឆ្នាំ​នេះ​មាន​ចំនួន​ ១៨២ ​ដុល្លារ​ក្នុង​ ១ ​ខែ​។

លោក សោម អូន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​កម្ពុជា​ និង​លោក ណាង សុធី តំណាង​អង្គការ​វិជ្ជាជីវៈ​របស់​និយោជក​ដែល​សុទ្ធតែ​ជា​អនុប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​​អាណត្តិ​ទី​ ១ មិន​អាច​សុំ​ការអត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​។

លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា​បាន​ថ្លែងថា បើទោះ​ជា​មាន​ការលើក​ឡើង​ពី​ការចរចា​ប្រាក់​ឈ្នួល​ពេល​នេះ​ល្អប្រសើរ​ក្ដី ប៉ុន្តែ​លោក​មើលឃើញ​ថា វា​នៅ​មាន​ភាព​យ៉ាប់យឺន​នៅ​ឡើយ ខណៈ​ស្ថានភាព EBA នៅ​មិនទាន់​ច្បាស់លាស់ ហើយ​រដ្ឋាភិបាល​បាន​កាត់បន្ថយ​ចំនួន​ថ្ងៃ​ឈប់​សម្រាក​របស់​កម្មករ​ដល់​ទៅ​ ៦ ​ថ្ងៃ​ធ្វើឲ្យ​បាត់បង់​ប្រយោជន៍​កម្មករ​ជាច្រើន​។

លោក​បាន​បន្ត​ថា​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​ខាង​មុខ​នេះ​គួរ​ដំឡើង​ឲ្យ​ដល់​ ១៥ ​ភាគរយ​ ឬ​ស្មើ​ប្រមាណ​ ២៧ ​ដុល្លារ​សម្រាប់​កម្មករ​ម្នាក់​ដើម្បី​ជា​ការប៉ះប៉ូវ ព្រោះ​ការរកឃើញ​របស់​លោក​តួលេខ​នេះ​ទើប​សម​អាច​ដោះស្រាយ​ជីវភាព​របស់​ពួកគេ​បច្ចុប្បន្ន​បាន​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​មើលឃើញ​ថា ទន្ទឹម​នឹង​ការស្នើសុំ​ដំឡើង​ប្រាក់​ឈ្នួល​ ១៥ ​ភាគរយ​យក​ទៅ​ពិភាក្សា​នេះ​ខ្ញុំ​ក៏​សង្ឃឹមថា ភាគី​ទាំងអស់​នឹង​ពិចារណា​បន្ថែមទៀត​ជុំវិញ​ការពិភាក្សា​នៃ​ការបន្ថែម​ផលប្រយោជន៍​ទាក់ទង​ទៅ​នឹង​បញ្ហា ដូចជា​ការដោះស្រាយ​ការធ្វើ​ដំណើរ​របស់​កម្មករ​ប្រកប​ដោយ​សុវត្ថិភាព​ស្របពេល​ថ្មីៗ​នេះ​បញ្ហា​គ្រោះថ្នាក់​មាន​ការកើតឡើង​ជា​បន្តបន្ទាប់​»៕