The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សមាសភាព​គណៈ​កម្មាធិការ​គ្រប់គ្រង​តំបន់​ឆ្នេរ​ ត្រូវ​បាន​កែ​សម្រួល

សមាសភាព​គណៈ​កម្មាធិការ​គ្រប់គ្រង​តំបន់​ឆ្នេរ​ ត្រូវ​បាន​កែ​សម្រួល

Content image - Phnom Penh Post
អាជ្ញាធរ​​ពាក់​ព័ន្ធ ចុះ​​ត្រួត​ពិនិត្យ​សកម្ម​ភាព​ចាក់​ដី​លុប​ឆ្នេរ​សមុទ្រ​នៅ​ខេត្ត​ព្រះ​សីហនុ​ កាល​ពី​ចុង​ឆ្នាំ​មុន​។ ក្រសួង​ដែន​ដី​

សមាសភាព​គណៈ​កម្មាធិការ​គ្រប់គ្រង​តំបន់​ឆ្នេរ​ ត្រូវ​បាន​កែ​សម្រួល

ភ្នំពេញៈ រាជ​រដ្ឋា​ភិបាល​កម្ពុ​ជា​ បាន​ធ្វើការ​កែ​សម្រួល​សមាសភាព​គណៈ​កម្មាធិ​ការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ប៉ុន្តែ​នៅ​តែ​រក្សា​សមាស​ភាព​ចំនួន​ ២៦ ​រូប​ដដែ​ល​ ខណៈ​ដែល​សង្គម​ស៊ី​វិល​មើល​ឃើញ​ថា បច្ចុប្បន្ន​តំបន់​ឆ្នេរ​​ត្រូវ​បាន​អាជ្ញា​ធរ​យក​ចិត្ត​ទុក​ដាក់​សម្អាត​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន បើ​ទោះ​បី​កន្លង​មក​មានការវាត​យក​ដី​តំបន់​ឆ្នេរ​​ក៏ដោយ។

យោង​តាម​សេច​ក្តី​​សម្រេច​របស់​រដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី ៣០ ខែ​មករា​ ឆ្នាំ ២០១៩ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួល​បាន​កាល​ពីម្សិល​មិញ​បាន​ឱ្យ​ដឹង​ថា លោ​ក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នៅ​តែ​បន្ត​ធ្វើ​ជា​ប្រធាន​កិត្តិ​យស លោ​ក ជា សុផារ៉ា រដ្ឋ​មន្រ្តី​ក្រសួង​រៀប​ចំ​ដែន​ដី នគរូ​បនី​យ​​​កម្ម និង​សំណង់ បន្ត​ធ្វើ​ជា​ប្រធា​ន លោក សាយ សំអាល់ រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន​ បន្ត​ធ្វើ​ជា​អនុ​​ប្រធាន ខណៈ​លោក ថោង ខុន រដ្ឋ​មន្រ្តី​ក្រសួង​ទេស​ចរណ៍ បន្ត​ធ្វើ​ជា​អនុ​ប្រធាន​អចិន្រៃ្តយ៍។

ជា​មួយ​គ្នា​នេះ លោក ហ៊ីង ថូ​រ៉ាក់​ស៊ី រដ្ឋ​លេខា​ធិការ​ទីស្ដី​ការគណៈ​រដ្ឋ​មន្រ្តី លោក ឯល វ៉ាន់​សា​រ៉ាត រដ្ឋ​លេខា​ធិ​ការ​ក្រសួង​ការ​ពារ​ជាតិ លោក ងី តាយី រដ្ឋ​លេខា​ធិការ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ លោក យុទ្ធ ភូថង រដ្ឋ​លេខា​ធិការ​ក្រសួង​កសិកម្ម រុក្ខា​ ប្រមាញ់ និង​នេសាទ លោក ភោគ សុវណ្ណរិទ្ធ រដ្ឋ​លេខា​ធិការ​ក្រសួង​ឧស្សាហ​កម្ម​ និង​សិប្បកម្ម លោក ហូ វិចិត្រ រដ្ឋ​លេខា​​​ធិការ ​ក្រសួង​រ៉ែ​ និង​ថាម​ពល លោក តន់ វ៉ាន់ថារ៉ា រដ្ឋ​លេខាធិការ​ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុ​និយម លោក លឹម ស៊ីដេ​​នី​ន រដ្ឋ​លេខា​ធិការ​ក្រសួង​​សាធា​រណការ​ និង​ដឹក​ជញ្ជូន​ លោក ហ៊ូ តាំងអេង រដ្ឋ​លេខា​ធិការ​ ក្រសួង​ផែន​ការ លោក តែ គុយ​ស៊ាង រដ្ឋ​លេខា​ធិការ​ក្រសួង​សុខា​ភិបាល លោក សុខ ចិន្តា​សោភា អគ្គ​លេខា​ធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក នេត សាវឿន អគ្គ​ស្នង​ការ​នគរបាល​ជាតិ លោក សៅ សុខា មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស លោក យន្ត មីន អភិ​បាល​ខេត្ត​ព្រះ​សីហនុ លោ​ក កែន សត្ថា អភិ​បាល​ខេត្ត​កែប លោក ឃុន បូរិន្ទ តំណាង​គណៈ​​កម្មាធិការ​ជាតិ​សន្ដិ​សុខ​លម្ហ​សមុទ្រ លោក វ៉ាន់ មុនីនាថ តំណាង​អគ្គ​នាយក​ដ្ឋាន​បច្ចេកទេស ​នៃ​ក្រសួង​បរិស្ថាន លោក ឆាយ ឫទ្ធិសែន អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​រៀប​ចំ​ដែន​ដី​ និង​នគរូ​បនីយ​កម្ម និងលោក ប៉ែន សុផល អគ្គ​លេខា​ធិការ​នៃ​អគ្គ​លេខា​ធិការ​ដ្ឋាន គ.អ.​ឆ​.​ក. ត្រូវ​បាន​រដ្ឋាភិ​បាល​សម្រេច​បន្ត​ទុក​ធ្វើ​ជា​សមាជិក​ដដែល។

ក្រៅ​ពី​នេះ​មាន​ដូច​ជា លោក ជាវ តាយ អភិ​បាល​ខេត្ត​កំពត លោកស្រី មិថុនា ភូថង អភិ​បាល​ខេត្ត​កោះកុង និង​លោក ទេព ធន តំណាង​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដី​ធ្លី និង​លោ​ក សក់ សេដ្ឋា រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ ត្រូវ​រដ្ឋា​ភិបាល​បញ្ចូល​ជា​សមាជិក​ថ្មី​របស់​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​ និង​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​កម្ពុជា ដើម្បី​ជំនួស​កន្លែង​លោកព្រំ សុ​ខា រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ក្រសួ​ង​​មុខ​ងារ​សាធារណៈ លោ​ក ចាន់ ចេស្ដា អតីត​អភិ​បាល​ខេត្ត​កំព​ត លោក ប៊ុន លើត អតីត​អភិ​បា​ល​ខេត្ត​កោះកុង និង​លោក សុទ្ធ ធី អតីត​តំណាង​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី។

លោក សេង ឡូត មន្រ្តី​នាំ​ពា​ក្យ​ក្រសួង​ដែន​ដី នគរូ​បនីយ​កម្ម​និង​សំណង់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​​ម្សិល​មិញ​ថា ការកែ​សម្រួល​នេះគឺ​ធ្វើ​ឡើង​ដោ​យ​សារ​សមាស​ភាព​មួយ​ចំនួន​ ត្រូវ​​​បាន​ផ្លាស់​ប្ដូរ​មុខ​តំណែង​ ឬ​ទៅ​កាន់​មុខ​ងារ​នៅ​ក្រសួង​ផ្សេ​ង ដូច្នេះ​អន្តរ​ក្រសួង​ ត្រូវ​តែ​ផ្ដល់​សមាស​ភាព​ថ្មី​មក​ជំនួ​សដែល​នេះ​​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ហើ​​យ​តែង​អនុវត្ត​ឡើង​គ្រប់​គណៈកម្មាធិការ​ទាំង​អស់។

លោក​ថា​៖​ «ដូច​ជា​រដ្ឋ​លេខា​ធិការ​ក្រសួង​ខ្លះ​គាត់​ដូរ​ទៅ​ធ្វើ​នៅ​ក្រសួង​ផ្សេង ឬ​ក៏​គាត់​ទៅ​ទទួល​មុខ​តំណែង​អី​ផ្សេង អ៊ីចឹង​អ្នក​ហ្នឹង​លែង​មាន​ឈ្មោះ​នៅ​ហ្នឹង ​(តួ​នា​ទី​​ចាស់​) ត្រូវ​សុំ​សមាស​ភាព​ថ្មី​ពី​ក្រសួង​ទាំង​នោះ​មក​ជំនួស និយា​យ​ទៅ​ការងារ​ហ្នឹង​គឺ​ជា​ការងារ​ធម្មតា»។

រដ្ឋា​ភិបាល​ បាន​សម្រេច​បង្កើត​គណៈ​កម្មា​ធិការ​ជាតិ​ គ្រប់​គ្រង​ និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ​២០១២ ដើម្បី​បំពេញ​ការ​ងារ ដូច​ជា​រៀប​ចំ​គោល​នយោ​បាយ ផែន​ការ​យុទ្ធ​សាស្រ្ដ ផែន​ការ​មេ ផែន​ការ​សកម្មភាព កម្ម​វិធី​និង​គម្រោង​ផ្សេង​ៗ ដែល​ទាក់​ទង​នឹង​ការគ្រប់​គ្រង​ និង​អភិវឌ្ឍ​ន៍​តំបន់​ឆ្នេរ​សមុទ្រ​។ រៀប​ចំ​បទដ្ឋាន ​គតិ​យុត្ត​ និង​គោល​ការណ៍​ចាំ​បាច់​នា​នាដើម្បី​ធានា​​ឲ្យបា​ន​​នូវ​ការ​គ្រប់គ្រង ការ​អភិ​រក្ស និង​ការ​អភិវឌ្ឍ​ នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ ប្រកប​ដោយ​តម្លាភាព សម​ធម៌ និង​និរន្តរ​ភាព​បរិស្ថាន។ ពិនិត្យ បង្ការ និង​ចាត់​វិធាន​ការ​ចាំ​បាច់ដើម្បី​ទប់​ស្កាត់​រាល់​សកម្មភាព​ទាំង​ឡាយ​ដែល​ប៉ះពាល់​បរិស្ថាន ​និង​ធន​ធាន​ធម្មជាតិ​ នៅ​តាម​ឆ្នេរ​។ ចូល​រួម​ពិនិត្យ​និង​ផ្ដល់​មតិ​ ជូន​ស្ថាប័ន​សមត្ថ​កិច្ច ចំពោះ​សំណើ​សុំ​វិនិយោគ​ ដែល​ពាក់​ព័ន្ធ​លើ​ឆ្នេរ​សមុទ្រ ដី​ចំណី​ឆ្នេរ​សមុទ្រ តំបន់​រណប កោះ ដៃ​សមុទ្រ ស្ទឹង ព្រែក ផ្លូវ​ទឹក​ដែល​ត​ភ្ជាប់​ទៅនឹង​សមុទ្រ និង​ផ្ទៃ​ទឹក​ជាប់​សមុទ្រ និង​ការ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ក្នុង​ការ​គ្រប់​គ្រង​ និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​ជាដើម។

លោក សុខ សុខុម ប្រធាន​អង្គ​ការ​ស្រាវ​ជ្រាវ​ជាតិ​កម្ពុជា​សង្កេត​ឃើញ​ថា បើ​ទោះ​ជា​មាន​ការ​បង្កើត​គណៈ​កម្ម​ការ​ដើម្បី​គ្រប់​គ្រង​តំបន់​ឆ្នេរ​តាំង​ពី​​ឆ្នាំ ២០១២​ ក្ដី ប៉ុន្តែ​គណៈ​កម្ម​ការ​នេះ​ ទើប​យក​ចិត្ត​ទុក​ដាក់​ ទៅ​លើ​ការ​ងារ​របស់​ខ្លួន ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នា​នា​ នៅ​តាម​ឆ្នេរ​ពី​ឆ្នាំ​ ២០១៨ និង​ឆ្នាំ​ ២០១៩ ​នេះ​ប៉ុណ្ណោះដូច​ជា​ការ​​ធ្វើ​អាង​ចម្រោះ​ទឹក​កខ្វក់​ហូរ​ចូល​សមុទ្រ និង​ការ​ប្រើ​ប្រាស់​រថយន្ត​សម្រាប់​ប្រមូល​សំរាម​នៅ​តាម​ឆ្នេ​រ​ជា​ដើម។

លោក សុខុម បន្តថា គណៈកម្ម​កា​រ​នេះ​​ក៏​គួរ​តែ​ពន្លឿន​ការ​ទប់​ស្កា​ត់​សកម្ម​ភាព​ទន្ទ្រាន​កា​ន់​​​​​កាប់​ដី​តំបន់​ឆ្នេរ ដែល​លោក​បានអះអាង​ថា មាន​តំបន់​ឆ្នេរ​ជា​ច្រើន​កន្លែ​ងត្រូវ​បាត់​បង់ដែ​ល​​ជា​ហេតុ​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​ចំនួ​ន​​ភ្ញៀវ​ទេស​ចរ​ជាតិ​ និង​អន្តរ​ជាតិ​មួយ​ចំនួន។

លោកថា៖ «កន្លង​មក​ហ្នឹង ការ​បាត់​បង់​ដី​ឆ្នេរ ឬ​ការរំលោភ​យក​​ដី​ឆ្នេរ​យ៉ាង​ម៉េច​ក៏​ដោយ ក៏​មិន​ដែល​ឃើញ​មាន​វិធាន​ការ​អី​តាម​ច្បាប់​ឱ្យ​បាន​តឹង​រឹុង​ដែរ​។ ឥឡូវ​នេះ​គាត់​ដុត​ដៃ​ដុត​ជើង ​ផ្នែក​បរិស្ថាន​គឺ​កាក​សំណល់​រឹង​រាវ​ហ្នឹង ទាំង​ផ្នែក​ទឹក​កខ្វក់​ទាំង​ការ​សម្អាត​បរិស្ថាន​នៅ​តាម​ឆ្នេរ​ខ្សាច់​ជា​ដើម គាត់​យក​ចិត្ត​ទុក​ដាក់​ធ្វើ​​ហើយ»៕

អត្ថបទគួរចាប់អារម្មណ៍