ភ្នំពេញៈ សវនាការ លើបណ្តឹងរំលាយគណបក្សសង្គ្រោះជាតិ នឹងមានសមាសភាពចៅក្រមកាត់ក្តីចំនួន ៩រូប និងព្រះរាជអាជ្ញាមួយរូប ក្នុងការសម្រេចជោគវាសនារបស់គណបក្សប្រឆាំងមួយនេះ។
បើយោងតាមអ្នកនាំពាក្យតុលាការកំពូល លោក នៅ មុនីជោត ប្រាប់ភ្នំពេញប៉ុស្តិ៍ឲ្យដឹងថា ចៅក្រមទាំង ៩ រូប រួមមាន លោក ឌិត មន្ទី ប្រធានតុលាការកំពូល និងសមាជិក ៨ រូប ផ្សេងទៀត ដូចជាលោក ជីវ កេង លោកឃឹម ប៉ុណ្ណ លោក យូរ ឧត្តរា លោក គង់ ស្រ៊ីម លោក គង់ តារាឆាត លោក សេង នាង លោកស្រី សែម សក្កិកូឡា និងលោកស្រី ចាំង ស៊ីណាត។ ចំណែកអគ្គព្រះរាជអាជ្ញាគឺលោកស្រី ជា លាង។
លោក ឌិត មន្ទី គឺជាសមាជិកនៅក្នុងគណៈកម្មាធិការកំពូលបំផុតរបស់គណបក្សប្រជាជន។ រីឯលោក ឃឹម ប៉ុណ្ណ ជាសមាជិកគណកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនផងដែរ។
ជាមួយគ្នានេះដែរ ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ ចំនួន ៤ រូប នៅរសៀលថ្ងៃនេះ បានដាក់ភស្តុតាងបន្ថែមលើសំណុំរឿងសុំរំលាយគណបក្សសង្គ្រោះជាតិ ដែលនឹងឈានទៅដល់ការហាមឃាត់ថ្នាក់ដឹកនាំគណបក្សប្រឆាំងមកពីគណៈកម្មការនាយក និងគណៈកម្មការអចិន្ត្រៃយ៍ចំនួន ១១៨ នាក់មិនឲ្យធ្វើនយោបាយរយៈពេល ៥ ឆ្នាំផងដែរ។
ក្រសួងមហាផ្ទៃ បានប្រកាសថា ការតវ៉ាណាមួយគាំទ្រគណបក្សប្រឆាំងនឹងត្រូវហាមឃាត់ ដោយមានវិធានការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំងក្លាយ បើទោះបីគេដឹងថារដ្ឋធម្មនុញ្ញកម្ពុជាធានាអំពីសិទ្ធិក្នុងការធ្វើបាតុកម្មដោយសន្តិវិធីក៏ដោយ៕
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍